NASA៖ «កម្រិតទឹកកកចុងរដូវក្តៅ នៅប៉ូលខាងជើង ធ្លាក់ចុះទាបខ្លាំងក្នុងឆ្នាំ២០២៤…»

274

(បរទេស)៖ នៅក្នុងលទ្ធផលសង្កេតចុងក្រោយរបស់អង្គការ NASA នៃសហរដ្ឋអាមេរិក ទៅលើមហាសមុទ្រទឹកកកអាកទិក (Arctic) បានបង្ហាញថា កម្រិតនៃទឹកកកសមុទ្រ (sea ice) នៅចុងរដូវក្តៅលើផ្ទៃសមុទ្រប៉ូលខាងជើងផែនដីនោះ បានធ្លាក់ចុះមកកាន់កម្រិតទាបបំផុតថ្មីមួយ ដែលជិតស្មើនឹងកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រា តាមរយៈទិន្នន័យពីផ្កាយរណបសម្រាប់រយៈពេល ៤៦ឆ្នាំចុងក្រោយនេះទៅហើយ។

(Video From YouTube: Cambo Space Edu)

យោងតាមមជ្ឈមណ្ឌលស្រង់ទិន្នន័យអំពីទឹកកក និងព្រិលជាតិ (NSIDC) របស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ទឹកកកសមុទ្រនៅក្នុងមហាសមុទ្រអាកទិក បានបង្ហាញកម្រិតធ្លាក់ចុះថ្មីមួយទៀត នោះគឺប្រមាណតែ ៤.២៨លានគីឡូម៉ែត្រក្រលាប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ប្រការនេះបាននាំឲ្យឆ្នាំ២០២៤នេះ ក្លាយជាឆ្នាំទី៧ ដែលគេឃើញទឹកកកសមុទ្រនៅប៉ូលខាងជើងផែនដីនោះមានកម្រិតធ្លាក់ចុះ គិតចាប់តាំងពីការធ្វើកំណត់ត្រាដំបូងនៅអំលុងទសវត្សរ៍១៩៧០

NASA៖ «កម្រិតទឹកកកចុងរដូវក្តៅ នៅប៉ូលខាងជើង ធ្លាក់ចុះទាបខ្លាំងក្នុងឆ្នាំ២០២៤…»
កម្រិតទឹកកកចុងរដូវក្តៅនៅអាកទិក គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ (ខ្សែបន្ទាត់ពណ៌លឿងតំណាងឲ្យកម្រិតជាមធ្យម) (Image Credit: NASA’s Scientific Visualization Studio/Trent L. Schindler)

បើសិនបើយើងប្រៀបធៀបឲ្យងាយយល់ ការធ្លាក់ចុះនៃកម្រិតទឹកកកក្នុងរដូវក្តៅមកនៅត្រឹមតែ ៤.២៨លានគីឡូម៉ែត្រក្រលាខាងលើនេះ គឺជាកម្រិតទាបជាងគេបំផុតក្នុងចំណោមកម្រិតទាបបំផុតទាំងអស់ ដែលជាប់ក្នុងកំណត់ត្រានា ៧ឆ្នាំចុងក្រោយនេះ។ ប្រាកដណាស់ រដូវក្តៅដែលកាន់តែក្តៅពីមួយឆ្នាំទៅមួយឆ្នាំ និងការកកើតទឹកកកឡើងវិញនៅរដូវរងាដែលមានកម្រិតកាន់តែទាប គឺជាបញ្ហាដែលប្រទាក់ក្រលាគ្នា។ យ៉ាងណាក៏ដោយ កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រានោះ គឺកាលពីឆ្នាំ២០១២ ដែលកាលនោះទឹកកកចុងរដូវក្តៅនៅអាកទិកនៅសល់ត្រឹម ៣.៣៩លានគីឡូម៉ែត្រក្រលាប៉ុណ្ណោះ។

ទោះជាបែបនេះក្តី ក៏ក្រុមអ្នកវិទ្យាសាស្ត្រនៅតែកំពុងបង្ហាញក្តីព្រួយបារម្ភថា បរិមាណនៃទឹកកកសមុទ្រកំពុងតែបន្តថយចុះ ហើយទឹកកកកកើតថ្មីៗក៏កាន់តែឆាប់រលាយទៅវិញដែរ។ សព្វថ្ងៃនេះ កម្រាស់នៃទឹកកកភាគច្រើនលើផ្ទៃមហាសមុទ្រអាកទិក គឺកាន់តែស្តើងទៅៗ ហើយទឹកកកទើបកកើតថ្មីៗ (ក្មេងៗ) គឺងាយនឹងរលាយណាស់ដោយគ្រាន់តែរងកម្តៅតែប៉ុន្មានខែប៉ុណ្ណោះ ផ្ទុយគ្នានឹងទឹកកកចាស់ៗដែលមានកម្រាស់ក្រាស់។

(Image Credit: Martin Jakobsson, Stockholm University)

គួរបញ្ជាក់តាមមន្ទីរពិសោធន៍ JPL របស់អង្គការឲ្យដឹងថា លទ្ធផលសង្កេតកន្លងមកនេះបានបង្ហាញឲ្យយើងឃើញថា កម្រាស់នៃទឹកកកសមុទ្រនៅមហាសមុទ្រអាកទិកនាចុងរដូវក្តៅ បានធ្លាក់ចុះមកត្រឹមតែ ៤.២ហ្វីត ឬ ១.២៨ម៉ែត្រប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២៤នេះ ហើយបើធៀបនឹងរដូវដូចគ្នាកាលពីឆ្នាំដែលមានកម្រាស់ដល់ ៨.៨ហ្វីត២.៦៨ម៉ែត្រនោះ គឺមានកម្រិតខុសគ្នាដល់ទៅជាង ២ដងឯណោះ៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA (ថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤)

480×240 Banner