តើអ្នកដឹងទេ «ព្យុះបោកបក់លឿនបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ» ស្ថិតនៅភពមួយណា? ដឹងថាមិនមែនផែនដីទេ…
(ភ្នំពេញ)៖ ព្យុះដ៏ខ្លាំងក្លាបំផុតនៅលើភពផែនដីយើង ត្រូវបានក្រុមព្យាករណ៍អន្តរជាតិចាប់បានកាលពីខែមេសា ឆ្នាំ១៩៩៦ ដោយការណោះ ព្យុះស៊ីក្លូនដ៏កំណាចមួយឈ្មោះ Olivia បានវាយប្រហារកោះ Barrow នៃប្រទេសអូស្ត្រាលី ដោយមានល្បឿនរហូតដល់ទៅ ៤០៨គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ពិតជាលឿន និងកម្រកើតមានបំផុតលើភពផែនដី។

ទោះបីជាបែបនេះ យើងសង្កេតឃើញថា ស្ទើរគ្រប់ភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ លើកលែងតែភពពុធ សុទ្ធសឹងតែមានព្យុះកើតឡើងក្នុងបរិយាកាសរៀងៗខ្លួន ដូចជាភពសុក្រ ផែនដី អង្គារ ព្រហស្បតិ៍ សៅរ៍ អ៊ុយរ៉ាណូស និងណិបទូន ប៉ុន្តែសម្រាប់ព្យុះនៅលើភពពីរ គឺជាព្យុះដែលខ្លាំងក្លាជាងនៅភពណាៗទាំងអស់ ដែលលោកអ្នកពិតជាភ្ញាក់ផ្អើលពេលបានដឹង។

សម្រាប់ភពដែលមានព្យុះខ្លាំងក្លាបំផុតលេខ ១ នោះគឺភពណិបទូន។ ថ្វីត្បិតតែនៅឆ្ងាយពីព្រះអាទិត្យជាងគេមែន ប៉ុន្តែព្យុះនៅលើភពនេះ គឺមានល្បឿនលឿនលើសគេទៅវិញ ដោយក្នុងនោះព្យុះលើភពណិបទូនអាចហក់ដល់ល្បឿន ២,៤០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាសន្ទុះខ្យល់បោកបក់ដ៏លឿន ត្រូវបានតារាវិទូកំណត់បាន កាលពីខែឧសភា ឆ្នាំ២០១៣។

ដោយឡែកភពលំដាប់ទីពីរ ដែលមានព្យុះខ្លាំងក្លាដែរនោះ គឺអ៊ុយរ៉ាណូស ស្ថិតនៅគន្លងក្បែរភពណិបទូនដែរ ដោយល្បឿនខ្យល់បោកបក់លើនេះភពខៀវនេះ អាចស្ទុះដល់ ៩០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ខណៈនៅភពព្រហស្បតិ៍ ដែលជាភពយក្សធំបំផុតក្នុងប្រព័ន្ធព្រះអាទិត្យវិញ ល្បឿនខ្យល់លឿនបំផុតនៅលើភពនេះ មានត្រឹមតែជិត ៦០០គីឡូម៉ែត្រប៉ុណ្ណោះ។

លក្ខណៈពិសេសបន្ថែមពីភពណិបទូន៖ ភពនេះមានទំហំធំជាងផែនដី ៣.៩ដង និងមានចម្ងាយ ៤.៥ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។ ភពនេះប្រើពេលជិត ១៦៥ឆ្នាំ របស់ផែនដី ទើបអាចគោចរមួយជុំព្រះអាទិត្យ។ ភពនេះ និងភពអ៊ុយរ៉ាណូស មានលក្ខណៈស្រដៀងគ្នាស្ទើរទាំងស្រុង ទាំងទំហំ បរិយាកាស និងសណ្ឋានទូទៅ ខណៈអាថ៌កំបាំងជាច្រើននៅតែលាក់បាំង ជាពិសេសមូលហេតុដែលភពទាំងពីរនេះមានពណ៌ខៀវ គឺអ្នកវិទ្យាសាស្ត្រ មិនទាន់អាចបកស្រាយនោះទេ៕

