ប្លែកភ្នែកចំពោះរូបភាព «ផ្ទៃមេឃភពព្រហស្បតិ៍» ដែលជាការស្រមៃរបស់អ្នកវិទ្យាសាស្ត្រ…
(ភ្នំពេញ)៖ ភពទាំង ០៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ គឺសុទ្ធសឹងតែមានផ្ទៃមេឃរៀងៗខ្លួន លើកលែងតែភពពុធប៉ុណ្ណោះ ព្រោះវាគ្មានបរិយាកាសសូម្បីតែបន្តិចឡើយ។ ងាកមកផែនដីផ្ទៃមេឃស្រឡះរបស់យើងមានពណ៌ខៀវស្រាល, ភពសុក្រមានផ្ទៃមេឃពណ៌លឿងស្រាល ដោយសារពពកខ្មួលខ្មាញ់, ភពអង្គារមានមេឃពណ៌ផ្កាឈូកស្រាល លាយក្រហមតិចៗ, ឯភពព្រហស្បតិ៍វិញ គឺមានលក្ខណៈប្លែកខ្លាំង និងអស្ចារ្យផងដែរ។

ដោយសារតែចលនាកញ្ជ្រោលខ្លាំងនៅលើភពយក្សនេះ យើងអាចមើលឃើញស្រទាប់លើរបស់វា ផ្លាស់ប្តូររូបរាងស្ទើររាល់ថ្ងៃ ប៉ុន្តែភាពពិសេសរបស់វា (បណ្តុំពពក និងព្យុះ) នៅតែរក្សាទម្រង់ដដែល ដើម្បីឲ្យគ្រប់គ្នាស្គាល់ថា វាជាភពព្រហស្បតិ៍-យក្ស។ ចុះបើយើងអាចឈរនៅតំបន់ណាមួយ ក្រោមពពកខ្មួលខ្មាញ់នៃភពយក្សនេះ ហើយងើយឡើងទៅទិសព្រះអាទិត្យរះ តើយើងនឹងឃើញមេឃភពព្រហស្បតិ៍ មានពណ៌អ្វីខ្លះដែរ?

ក្រុមអ្នកវិទ្យាសាស្ត្រអាចសន្និដ្ឋានបានថា ផ្ទៃមេឃរបស់ភពព្រហស្បតិ៍ គឺមានពណ៌ខៀវស្រាល ហើយមានរលកក្រហមៗឆ្នូតៗម្តងម្កាល នៅពេលព្រះអាទិត្យចាំងចំ ឬរះនៅតំបន់មេឃស្រឡះគ្មានពពកក្រហមៗស្រាលៗនោះ។ ដោយសារតែភពព្រហស្បតិ៍ គ្មានផ្ទៃរឹងសម្រាប់ជាន់ដូចផែនដី និងភពមួយចំនួនទៀត ដូច្នេះបើចង់ទស្សនាផ្ទៃស្រឡះនៃភពព្រហស្បតិ៍ យើងអាច (បើមានឱកាស) រកតំបន់ណាមួយដែលមានពពកទាបជាងគេ ហើយសំកាំងនៅទីនោះ រួចងើយឡើងលើមើលផ្ទៃមេឃវាទៅជាការស្រេចហើយ។

សូមបញ្ជាក់ថា ការលើកឡើងខាងលើនេះ គ្រាន់តែជាការវិភាគរបស់អ្នកវិទ្យាសាស្ត្រប៉ុណ្ណោះ ប៉ុន្តែយោងលើទិន្នន័យ និងសណ្ឋានបរិយាកាសពិតនៃភពព្រហស្បតិ៍ ព្រមទាំងធាតុគីមី នៃផ្ទៃស្រទាប់លើរបស់ភពឧស្ម័នយក្សមួយនេះផងដែរ។ ភពព្រហស្បតិ៍គោចរជុំវិញខ្លួនឯងលឿនណាស់ គឺមួយថ្ងៃស្មើតែ ១០ម៉ោងប៉ុណ្ណោះរបស់ភពផែនដី ដូច្នេះទើបពពកវាកញ្ជ្រោលខ្លាំង និងមិនងាយឲ្យយើងស្វែងរកតំបន់ ដែលអាចមានផ្ទៃមេឃស្រឡះនោះឡើយ៕

