អត្ថន័យសំខាន់ៗនៃសវនាការស្តាប់ក្នុងសភាអាមេរិក ស្តីពីការប្រទះឃើញ UFOs ឬ UAPs (លើកទី២)
(វ៉ាស៊ីនតោន)៖ ប្រធានបទស្តីពី UFO (វត្ថុហោះហើរដែលមិនត្រូវបានកំណត់អត្តសញ្ញាណ ឬ Unidentified Flying Object) ឬជាពាក្យបច្ចេកទេសសម័យថ្មីហៅថា UAP (បាតុភូតមិនប្រក្រតីដែលគេមិនស្គាល់អត្តសញ្ញាណ ឬ Unidentified Anomalous Phenomena) បានវិលត្រលប់មកដល់រដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិកវិញហើយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) តាមរយៈសវនាការស្តាប់មួយនៅក្នុងសភា។
មុននឹងឈានដល់ការសង្ខេបពីអ្វីខ្លះដែលមាននៅក្នុង សវនាការស្តាប់ស្តីពី UFO ឬ UAP ខាងលើនេះ ចូរគ្រប់គ្នាស្វែងបន្តិចសិនថា ការប្តូរមកប្រើប្រាស់ពាក្យសម្គាល់ជា UAP វិញនេះ គឺដោយសារតែរាប់ទសវត្សរ៍មកនេះ ការប្រើពាក្យសម្គាល់ថា UFO គឺក្តោបបានតែបាតុភូត ដែលបានកកើតឡើងលើដែនអាកាសប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ UAP វិញ គឺនិយាយសម្តៅទៅលើគ្រប់មជ្ឈដ្ឋានទាំងអស់តែម្តង ដែលគេប្រទះឃើញបាតុភូតទាំងអស់នេះដូចជា លើអាកាស, ក្នុងទឹក, នៅទីអវកាស ឬក៏ការចល័តឆ្លងកាត់ពីក្នុងទឹកមកលើអាកាសផងដែរ។
មិនខុសពីការធ្វើសក្ខីកម្មនៅក្នុងសវនាការស្តាប់កាលពីលើកទី១ ដែលបានកើតឡើងកាលពីខែកក្កដា ឆ្នាំ២០២៣នោះឡើយ ដោយលើកទី២នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មន្ត្រីយោធាសហរដ្ឋអាមេរិកមួយចំនួនបានបន្តចេញមុខ ដើម្បីទម្លាយថា យោធាសហរដ្ឋអាមេរិកមានឯកសារពាក់ព័ន្ធជាច្រើន ដែលមិនត្រូវបានបញ្ចេញឲ្យសាធារណជនដឹងឮនោះឡើយ ពាក់ព័ន្ធនឹងការប្រទះឃើញ UFO និងគ្រឿងយន្ត (រាងដូចថាស) ដែលអាចជាបច្ចេកវិទ្យាមកពីពពួកជីវិត ដែលមិនមានមានប្រភពនៅលើផែនដី ឬបើនិយាយឲ្យចំទៅគឺពួកអេលៀន (alien) នឹងឯង។
អ្វីដែលលោកអ្នកគួរយល់ដឹងជាមុនផងដែរនោះ សវនាការស្តាប់ក្នុងឆ្នាំ២០២៤នេះ មានតែការនិយាយអះអាងប៉ុណ្ណោះ ដោយមិនសូវមានរូបភាព ឬវីដេអូអំពីប្រធានបទ UFO ឬ UAP ត្រូវបានបង្ហាញចេញដូចលើកមុនៗឡើយ។ សវនាការលើកនេះត្រូវបានចូលរួមដោយបុគ្គលសំខាន់ៗ៤រូបដូចជា៖ អតីតប្រធានការិយល័យស៊ើបការណ៍សម្ងាត់លោក Luis Elizondo, អតីតមន្ត្រីជាន់ខ្ពស់យោធាជើងទឹកថ្នាក់ឧត្តមនាវី ដែលបានចូលនិវត្តន៍ទៅហើយគឺលោក Timothy Gallaudet, អតីតជំនួយការនៃប្រធានអង្គការ NASA គឺលោក Michael Gold និងលោក Shellenberger ស្ថាបនិកស្ថាប័នផ្តល់ព័ត៌មាន និងឯកសារសាធារណៈមួយ។
វាជាការឆ្លើយតបផ្លូវការមិនធ្លាប់មាន ក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ គិតចាប់តាំងពីការរាយការណ៍ ចុះផ្សាយ និងរហូតដល់ថ្នាក់ចោទប្រកាន់លើ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសម្ព័ន្ធមិត្ត អំពីការលាក់បំពួនការពិតអស់រាប់ទសវត្សរ៍ អំពីការប្រទះឃើញ UFO និងជីវិតអេលៀន។ ការព្យាយាមឆ្លើយតបជាផ្លូវការនេះ បានចាប់ផ្តើមលេចចេញជារូបរាងដំបូងតាំងតែពីឆ្នាំ២០១៧មកម្ល៉េះ ខណៈវីដេអូដែលបង្ហាញអំពីវត្ថុហោះហើរមិនត្រូវបានកំណត់អត្តសញ្ញាណ ទាំងលើដែនអាកាស និងផុសចេញពីក្នុងសមុទ្រ ក៏ត្រូវបានទម្លាយចេញជាបន្តបន្ទាប់ផងដែរ។
សម្រាប់សវនាការស្តាប់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នោះគឺយោងទៅតាមទិន្នន័យដែលត្រូវបានប្រមូលទុក នៅក្នុងការរិយាល័យដោះស្រាយ ភាពមិនប្រក្រតីគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលកាត់ថា AARO (All-Doman Anomaly Resolution Office) របស់មន្ទីរការពារជាតិអាមេរិកបញ្ចកោណ (Pentagon)។ AARO ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២២ ដើម្បីប្រមូលផ្តុំសេចក្តីរាយការណ៍ពាក់ព័ន្ធនឹង UAPs ឬ UFOs ពីសំណាក់មហាជនទូទៅផង និងមន្ត្រីរដ្ឋាភិបាលផង ប៉ុន្តែស្ថាប័ននេះបានទទួលរងការរិះគន់ពីសំណាក់មហាជន និងមន្ត្រីមួយចំនួនអំពីការប្តេជ្ញា និងមធ្យោបាយក្នុងការឈ្វេងយល់អំពីរឿង UAP ទាំងអស់នេះ។
នៅក្នុងអង្គសវនាការស្តាប់នេះ អ្នកសម្របសម្រួលមួយរូបជាសមាជិកសភានៃរដ្ឋ South Carolina មកពីបក្សសាធារណរដ្ឋគឺលោកស្រី Nancy Mace បានលើកឡើងដោយចោទចំៗលើស្ថាប័នរបស់ Pentagon នោះថា «AARO មិនអាច ឬប្រហែលជាមិនចង់បង្ហាញការពិត អំពីសកម្មភាពរបស់រដ្ឋាភិបាល ទាក់ទងនឹង UAPs នោះឡើយ…។ ខ្ញុំមិនយល់ជាខ្លាំងដែល AARO ខ្លួនឯងខ្វះតម្លាភាព ព្រោះសូម្បីតែការប្រើប្រាស់ថវិការបស់ស្ថាប័ន ក៏ត្រូវបានបិទបាំងពីសាធារណជនដែរ។ ចង់សួរថា ប្រសិនបើថា គ្មានអ្វីមួយនោះនៅទីនោះផង ហេតុអ្វីបានជាយើងត្រូវចំណាយប្រាក់លើវា? ហើយចំនួនប៉ុន្មាន? ហេតុអ្វីរឿងនេះជារឿងសម្ងាត់ទៅវិញ?»។
បន្ថែមពីនេះ សមាជិកសភាមួយរូបទៀតនៃរដ្ឋ California មកពីបក្សប្រជាធិបតេយ្យគឺលោក Robert Garcia បានលើកឡើងថា «យើងមានភស្តុតាងដែលបញ្ជាក់អំពីអ្វីៗ ដែលយើងកំពុងធ្វើការស៊ើបអង្កេត ហើយយើងក៏ដឹងផងដែរថា យើងមិនទាន់យល់អំពីរឿងទាំងនោះទេ ហើយប្រការនេះគឺពិតជាចាំបាច់ណាស់ នៅក្នុងការស៊ើបអង្កេតបន្តទៀត។ ខ្ញុំជឿជាក់ថា យើងតែងតែអាចធ្វើឲ្យមានតម្លាភាពជាងមុន។ សម្រាប់រូបខ្ញុំផ្ទាល់ សវនាការលើកនេះ និងលើកមុនៗ គឺគ្រាន់តែដើម្បីស្វែងរកការពិត និងឈានទៅទទួលបានការពិតថា តើ UAPs ទាំងនោះជាអ្វីឲ្យប្រាកដ…»។
បន្តមកទៀតលោក Luis Elizondo ដែលអតីតប្រធានការិយល័យចារកម្មមួយ និងជាអ្នកសកម្មក្នុងរឿង UAPs នេះជាច្រើនឆ្នាំមកហើយផងដែរ បានលើកឡើងថា «ការរក្សាការសម្ងាត់ហួសហេតុពេក បាននាំឱ្យមានការប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹង មន្ត្រីរដ្ឋ បុគ្គលិកយោធា និងសាធារណជនជាដើម… គ្រប់យ៉ាងហាក់ដើម្បីតែលាក់បាំងការពិត ដែលថាយើងមិនមែនមានតែម្នាក់ឯង នៅក្នុងចក្រវាលនេះប៉ុណ្ណោះ។ យើងកំពុងស្ថិតនៅក្នុង ការលាក់បាំង, ការប្រណាំងប្រជែងសព្វាវុធ ហើយការប្រើប្រាស់លុយពន្ធដោយខុសគោលដៅ ពីសំណាក់តំណាងរាស្ត្រដែលយើងបានបោះឆ្នោតឲ្យ…»។
លោក Luis Elizondo បានបង្ហាញការខកចិត្តជាខ្លាំង ព្រោះខ្លួនធ្លាប់បានបម្រើការងារពាក់ព័ន្ធនឹងការវែករកការពិត អំពី UAPs និង UFOs តែបែរជាបានរងការរំខាន មិនឲ្យបំពេញការងារតាមមនសិការលោក…។ នាអំឡុងសវនាការនោះ លោក Elizondo ត្រូវបានសួរថា តើ «បច្ចេកវិទ្យាទំនើប» មួយចំនួន ដែលត្រូវបានគេមើលឃើញថា កំពុងត្រួតពិនិត្យលើ មូលដ្ឋានយោធាដ៏រសើបនានានៅជុំវិញពិភពលោក អាចដំណើរការដោយពួកអេលៀន ឬក្រុមហ៊ុនឯកជន? លោក Elizondo បានឆ្លើយតបថា «ប្រហែលជាទាំងពីរ»។
លោក Elizondo ក៏បានលើកឡើងនូវចំណុចរសើប តែអត់មានអ្វីបញ្ជាក់មួយទៅកាន់សមាជិកសភា Mace ផងដែរ នោះគឺពាក់ព័ន្ធនឹងកម្មវិធីកន្លងមករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការស្តា (គ្រឿងយន្ត) UAPs ដែលបានធ្លាក់ ហើយកែច្នៃម៉ាស៊ីន UAPs ទាំងនោះឡើងវិញជាដើម… ប៉ុន្តែលោកបានបដិសេធថា មិនអាចផ្តល់ភស្តុតាងជាក់លាក់ណាមួយ នៅក្នុងសវនាការស្តាប់ជាសាធារណៈបែបនេះឡើយ។
ក្រោយស្តាប់ការលើកឡើងរបស់លោក Luis Elizondo រួចរាល់ លោក Jared Moskowitz សមាជិកសភានៃបក្សប្រជាធិបតេយ្យមកពីរដ្ឋ Florida បានចោទជាសំនួរទៅកាន់ អតីតមន្ត្រីចារកម្មរូបនេះវិញពាក់ព័ន្ធការលើកឡើងអំពីការធ្លាក់ UAPs ខាងលើថា «ឯកសារបញ្ជាក់ថា អ្នកមិនអាចនិយាយអំពីការប្រមូលយក UAPs ដែលបានធ្លាក់នោះទេ។ ល្អណាស់! អ្នកដឹង… អ្នកមិនអាចនិយាយពីអ្វីដែលត្រូវបានហាមឃាត់ នៅពេលដែលគ្មានអ្វីដែលត្រូវបានហាមឃាត់… តើពិតទេ?»។
សរុបសេចក្តីនៃសវនាការស្តាប់ចំពោះលោក Luis Elizondo ការពិភាក្សាហាក់មានការប្រទាញប្រទង់គ្នាជាខ្លាំង អំពីការហាមឃាត់ដោយរដ្ឋាភិបាល ទៅលើការបញ្ចេញព័ត៌មានសម្ងាត់ (ដែលមិនទាន់ច្បាស់លាស់ ឬច្បាស់លាស់) អំពី UAPs, ការសង្ស័យថា UAPs ទាំងនោះមកពីជីវិតភពផ្សេង (Alien) និងការសង្ស័យថា UAPs ទាំងនោះ អាចជារបស់ប្រទេសខ្លះនៅលើផែនដីយើងនេះ…។ លោក Elizondo បានលើកឡើងបែបចម្អកថា «ប្រសិនបើ UAPs ដែលត្រូវបានប្រទះឃើញ ឬលើកឡើងជាច្រើនឆ្នាំមកនេះ ពិតជាបច្ចេកវិទ្យារបស់ប្រទេសដទៃមែននោះ វានឹងក្លាយជាភាពបរាជ័យដ៏ធំធេងនៃវិស័យចារកម្មរបស់សហរដ្ឋអាមេរិក ដែលខ្លាំងជាង (ការបរាជ័យក្នុងការទប់ស្កាត់) ព្រឹត្តិការណ៍ 9/11 ទៅទៀត…»។
ងាកមកកាន់មន្ត្រីយោធាជើងទឹកចូលនិវត្តន៍ គឺលោក Tim Gallaudet វិញក៏បានផ្តល់សក្ខីកម្ម មិនសូវខុសពីលោក Luis Elizondo ប៉ុន្មានដែរ។ អតីតមន្ត្រីយោធាជាន់ខ្ពស់រូបនេះ បានលើកឡើងអំពីសិទ្ធិរបស់ពលរដ្ឋអាមេរិក ក្នុងការទាមទាររកការពិតចំពោះអ្វីដែលបានកើតឡើង ហើយវាពិតជាចាំបាច់ខ្លាំងណាស់សម្រាប់រដ្ឋាភិបាល ក្នុងការស្វែងរកការពិតជូនដល់ពួកគេ។ លោកបានបន្តទៀតថា វាពាក់ព័ន្ធនឹងសន្តិសុខជាតិ និងសុវត្ថិភាពដែនអាកាសផង ជុំវិញការបង្ហាញខ្លួននៃ UAPs កន្លងមកនេះ ហើយវាពិតជាបញ្ហាដែលរីកធំឡើង។
នៅពេលដែលត្រូវបានសាកសួរដោយសមាជិកសភាលោក Garcia ថា តើ UAPs អាចមានប្រភពមកពីណានោះ លោក Tim Gallaudet បានឆ្លើយតបថា លោកជឿជាក់ថាពួកគេគឺជា «ភស្តុតាងនៃចារកម្មដែលមិនមែនជាស្នាដៃមនុស្ស (ឆ្លាតវៃឬខ្លាំងជាងមនុស្សទៅទៀត)»។
ចូលមកដល់លោក Michael Gold អតីតជំនួយការប្រធានអង្គការ NASA ដែលធ្លាប់បានរួមសហការក្នុងបេសកកម្ម ស្វែងរកការពិតអំពី UFOs ឬ UAPs ជាមួយមន្ទីរបញ្ចកោនអាមេរិកផងដែរនោះ ក៏បានបង្ហាញទស្សនៈមិនសូវខុសគ្នា ពីអតីតមន្ត្រីអាមេរិកខាងលើនេះ នៅក្នុងសវនាការស្តាប់ក្នុងសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នោះដែរ។ តែអ្វីដែលលោក Michael Gold ចង់បានបំផុតនោះគឺ «បញ្ឈប់ពាក្យម៉ាក់ងាយ ឬរិះគន់ទាំងឡាយ ទៅលើប្រតិបត្តិការកន្លងមកនេះ ប្រសិនបើចង់ឲ្យអ្វីៗប្រព្រឹត្តទៅដោយរលូន»។
លោក Gold ក៏ចង់ឲ្យស្ថាប័នពាក់ព័ន្ធនៅក្នុងប្រតិបត្តិការសិក្សាស្វែងយល់ពី UAPs ទាំងអស់ ងាកមកប្រើប្រាស់បញ្ញាសិប្បនិមិត្ត ឬ AI ព្រមទាំងកម្មវិធី machine learning algorithms ជាដើម ដើម្បីជួយសម្រួលដល់ការប្រមូល និងបែងចែកទិន្នន័យដែលទទួលបានអំពី UAPs។ បើនិយាយឲ្យចំលោក Gold ចង់ឲ្យមានការបង្កើតឧបករណ៍វិទ្យាសាស្ត្រពិសេសៗ ដើម្បីតែបម្រើឲ្យការតាមដានលើ UAPs ឬ UFOs មួយមុខតែម្តង។
សរុបសេចក្តីជារួមនៃសវនាការស្តាប់ និងចោទសួរនៅក្នុងសភាអាមេរិកខាងលើនេះ គឺមានការនិយាយ និងស្តាប់ ច្រើនជាងការបង្ហាញភស្តុតាងជាក់ស្តែង។ ប៉ុន្តែអ្វីដែលអ្នកផ្តល់សក្ខីកម្មបានលើកឡើង ដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺពួកគេហាក់មានការជឿជាក់ថា UAPs ដែលត្រូវបានប្រទះឃើញទាំងនោះ អាចមកពីបច្ចេកវិទ្យាដែល «មិនមែនត្រូវបានបង្កើតឡើងដោយមនុស្ស» ហើយក៏ «ខ្លាំងជាងអ្វីដែលមនុស្សលោកមាន» ផងដែរ។ សម្រាប់ភស្តុតាងនានា ដែលមិនអាចត្រូវបានបង្ហាញជាសាធារណៈ ពាក់ព័ន្ធនឹងការប្រទះឃើញ UFOs ឬ UAPs នោះ ក៏ព្រោះតែភាគច្រើនមានជាប់ពាក់ព័ន្ធនឹងសមត្ថភាពយោធាសហរដ្ឋអាមេរិកផ្ទាល់ ដែលជារឿងសម្ងាត់បំផុតរបស់ប្រទេសជាតិ។
គួរបញ្ជាក់ថា នៅក្រោយសវនាការខាងលើនេះ១ថ្ងៃ ខាងការិយាល័យរបស់មន្ទីរបញ្ចកោណអាមេរិក ដែលទទួលបន្ទុកការប្រមូលផ្តុំទិន្នន័យ និងស៊ើបអង្កេតអំពី UAPs ខាងលើនេះបានរាយការណ៍ថា ការប្រទះឃើញ UAPs កន្លងមកនេះ ទំនងជាមិនមែនមានប្រភពមកពីប្រទេសណាមួយនោះឡើយ។ តែយ៉ាងណា ពួកគេក៏មិនបានបញ្ជាក់ច្បាស់ ឬបង្ហាញការសង្ស័យថា អាចមកពីបច្ចេកវិទ្យាមិនមែនមនុស្សបង្កើត ដូចក្រុមអ្នកផ្តល់សក្ខីកម្មបានលើកឡើងនោះដែរ…៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤)