លោក Musk ចង់បោះពួយទៅរកភពអង្គារតែម្តង ដោយរំលងព្រះចន្ទព្រោះរំខាន…
(បរទេស)៖ មហិច្ឆតាក្នុងការទៅដាក់អាណានិគមលើភពព្រះអង្គារ ពីដំបូងឡើយត្រូវបាន អង្គការ NASA នៃសហរដ្ឋអាមេរិកលើកឡើងដដែលជាដដែលថា នឹងសម្រេចទៅឲ្យបាន តែគោលដៅនៃការបញ្ជូនមនុស្សដំបូងទៅភពអង្គារនោះ បែរជាត្រូវបានពន្យារពេលពីទសវត្សរ៍ ២០២០ ទៅ ២០៣០ និងរហូតដល់ចុងក្រោយគឺទសវត្សរ៍ ២០៤០។ ហេតុអ្វីក៏ទៅជាបែបនេះ? បញ្ហាស្នូល គឺទៅលើបច្ចេកវិទ្យាក្នុងការបញ្ជូនមនុស្សទៅទីនោះ ឲ្យនៅសល់ដង្ហើមដើម្បីត្រលប់មកវិញ ដែលនឹងជាភាពលំបាកវេទនាជាទីបំផុត ឬស្ទើរតែមិនហ៊ានគិតសម្រាប់កម្រិតនៃបច្ចេកវិទ្យាបច្ចុប្បន្ន។
ប៉ុន្តែ, សម្រាប់ SpaceX ដែលជាក្រុមហ៊ុនឯកជនវិញ ការបន្តភាពប្តេជ្ញាជានិច្ចថានឹង បញ្ជូនមនុស្សទៅកាន់ភពអង្គារ ហាក់កំពុងបង្ហាញឲ្យមនុស្សលើផែនដីឃើញថា នោះមិនមែនជារឿងដែលពិបាកទៅរួចពេកនោះទេ ហើយយ៉ាងហោចណាស់ក៏លោក Elon Musk ផ្ទាល់មិនដែលបង្ហាញភាពស្ទាក់ស្ទើរដូច NASA នោះដែរ។ មនុស្សភាគច្រើនទទួលស្គាល់ចំណុចនេះ ព្រោះ SpaceX ជាក្រុមហ៊ុនឯកជន ហើយការឆ្ពោះទៅរកភពអង្គារ គឺជាសិទ្ធិ និងមហិច្ឆតាក្រុមហ៊ុននេះផ្ទាល់ ដោយមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលឡើយ ខណៈការចូលរួមជាមួយ Artemis របស់ NASA គឺត្រឹមជាកិច្ចព្រមព្រៀងផ្តល់សេវាប៉ុណ្ណោះ។
ជាក់ស្តែងនៅដើមឆ្នាំ២០២៥នេះតែម្តង ស្ថាបនិក SpaceX លោក Elon Musk បានថ្លែងជាលើកដំបូងថា លោកនឹងបោះពួយឆ្ពោះទៅរកភពអង្គារតែម្តង ដោយមិនចាំបាច់ទៅកាន់ឋានព្រះចន្ទនោះឡើយ។ លោក Musk បានថ្លែងក្នុងឱកាសបាញ់បង្ហោះរ៉ុក្កែតដំបូងរបស់ SpaceX ដើម្បីស្វាគមន៍ឆ្នាំ២០២៥ កាលពីថ្ងៃទី៣ ខែមករាថា «យើងនឹងឆ្ពោះតម្រង់ទៅរកភពអង្គារតែម្តង»។ លោកថែមទាំងបានអះអាងថាទៀតថា ការរំលងចោលព្រះចន្ទនោះព្រោះតែនេះជា «ភាពរំខានមួយ»។
គួរបញ្ជាក់ថា ពាក្យសម្តីទាំងឡាយរបស់លោក Elon Musk តែងតែទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់សារព័ត៌មានធំៗទូទាំងពិភពលោក ដោយសារតែការតាមដានដំណើរវិវឌ្ឍន៍ នៃរ៉ុក្កែតខ្នាតយក្ស និងនាវាអវកាស Starship របស់ SpaceX ដែលក្នុងបច្ចុប្បន្នកាលនេះ គឺជាក្តីសង្ឃឹមជាក់ស្តែងតែមួយគត់របស់ពិភពលោក ក្នុងការដឹកជញ្ជូនទំនិញ និងមនុស្សទៅកាន់ភពព្រះអង្គារនៅថ្ងៃអនាគត។ ចុះតើអនាគតនោះនឹងកើតឡើងនៅពេលណា?
យោងតាមការប្តេជ្ញាចិត្តចុងក្រោយរបស់លោក Musk ការបញ្ជូន Starship ដំបូង និងគ្មានមនុស្សជិះទៅកាន់ភពអង្គារ អាចនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៦ ដោយ Starship នឹងត្រូវបញ្ជាឲ្យចុះចតលើភពអង្គារ ហើយវានឹងក្លាយជាតេស្តដ៏ធំធេង ដែលមនុស្សលើផែនដីនឹងបានឃើញផ្ទាល់ភ្នែកនូវការតេស្តប្រព័ន្ធចុះចតយានលើភពក្រហមនោះ។ ប្រសិនបើដំណើរការនោះប្រព្រឹត្តទៅដោយរលូន នោះការបញ្ជូន Starship មានផ្ទុកមនុស្ស នឹងអាចកើតឡើងនៅឆ្នាំ២០២៨។ លោក Elon Musk ក៏ចង់បង្កើតបណ្តាញ Internet លើភពអង្គារ ដិយមានឈ្មោះថា Marslink ផងដែរ។
តើការអភិវឌ្ឍ Starship អាចផ្តល់ក្តីសង្ឃឹមកម្រិតណាហើយ? បើនិយាយទៅដល់ «ការទុកចិត្ត និងក្តីសង្ឃឹម» គឺហាក់មិនទាន់មានឲ្យពេញលេញនោះឡើយ (សម្រាប់ទស្សនៈ Cambo Space ផ្ទាល់) ព្រោះការបន្តធ្វើតេស្តមានន័យថា ផលិតផលនោះមិនទាន់ក្លាយជាផលិតផលសម្រេចទេ។ ថ្វីត្បិតកាលធ្វើតេស្តលើកទី ៥ នូវការហោះរបស់ Starship និងរ៉ុក្កែត Super Heavy Booster កាលពីឆ្នាំ២០២៤ បានធ្វើឲ្យគ្រប់គ្នារំភើបក្រៃលែង ព្រោះតែរ៉ុក្កែតក៏បានចុះចតលើជើងទម្រវិញជាលើកដំបូង ហើយ Starship ក៏ចុះទៅក្នុងមហាសមុទ្រតាមការកំណត់ តែសូមគ្រប់គ្នារង់ចាំមើលតេស្តថ្មីៗទៀតនៅឆ្នាំ២០២៥នេះសិន ជាពិសេសគឺការបញ្ជូន Starship សាកល្បងទៅចុះចតលើព្រះចន្ទជាលើកដំបូង នៅក្នុងកម្មវិធី Artemis របស់ NASA៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភប៖ Business Today (ថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២៥)