SpaceX ទើបបាញ់បញ្ជូនយានម្តង «២គ្រឿង» ទៅកាន់ព្រះចន្ទ! តើ២គ្រឿងនោះស្ថិតក្នុងបេសកកម្មអ្វីខ្លះ? (វីដេអូ)
(បរទេស)៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន SpaceX នៃសហរដ្ឋអាមេរិក បានបំពេញតួនាទីក្នុងការបាញ់បញ្ជូនគ្រឿងយន្តអវកាសចំនួន ២គ្រឿង ឲ្យទៅចុះចតលើផ្ទៃព្រះចន្ទ តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 តែមួយលើកប៉ុណ្ណោះ ហើយការហោះឡើង និងពន្លែងយានទាំងនោះចេញពីក្បាលគ្រាប់រ៉ុក្កែត ក៏បានសម្រេចជោគជ័យរួចហើយដែរ ក្នុងថ្ងៃដដែលនោះ។
សម្រាប់គ្រឿងយន្តទាំង ២គ្រឿងនោះមានដូចជា យាន Resilience ជាប្រភេទគ្រឿងយន្តចុះចត (Lander) ដែលមានផ្ទុករ៉ូបូតចល័ត ឬ Rover) របស់ក្រុមហ៊ុនអវកាស iSpace និងយាន Blue Ghost ជាប្រភេទគ្រឿងយន្តចុះចតនៅស្ងៀម ឬ Lander) របស់ក្រុមហ៊ុន Firefly Aerospace ។ គ្រឿងយន្តទាំងពីរនេះត្រូវបានបាញ់បញ្ជូនចេញពីមូលដ្ឋាន Launch Complex 39A នៃមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ស្ថិតនៅក្នុងរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។

១៖ បេសកកម្មយាន Resilience របស់ក្រុមហ៊ុនជប៉ុន iSpace
iSpace ជាក្រុមហ៊ុនអវកាសឯកជនមួយរបស់ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ហើយថ្មីៗនេះក៏មានភាពលេចធ្លោផងដែរ នៅក្នុងបេសកកម្មទៅកាន់ឋានព្រះចន្ទ។ តួយ៉ាងយាន Resilience គឺស្ថិតនៅក្នុងគោលដៅសិក្សាឈ្វេងយល់ជាមុន អំពីបច្ចេកវិទ្យាក្នុងការចុះចតយាន (lander) ព្រមទាំងការបញ្ចេញគ្រឿងយន្តចល័ត (rover) ពី lander ទៅលើផ្ទៃព្រះចន្ទ ដោយមិនពាក់ព័ន្ធនឹង NASA នោះទេ។

នៅក្រោយការចុះចត បញ្ជា និងចល័តនៅលើផ្ទៃព្រះចន្ទនោះរួច ក្រុមហ៊ុននេះនឹងធ្វើការសិក្សាស្វែងយល់ទៅលើស្ថានភាពផ្ទៃព្រះចន្ទ និងការឆ្លើយតបរបស់យាន ចំពោះបរិស្ថានដ៏ប្រែប្រួលខ្លាំងខុសឆ្ងាយពីភពផែនដីនោះគឺពេលយប់អាចចុះរហូតដល់ – 253 អង្សារ និងពេលថ្ងៃអាចឡើងដល់ 25 ទៅ 30 អង្សាសេ ខណៈរយៈពេល១យប់លើនោះស្មើនឹង ១៤ថ្ងៃនៃផែនដី និងពេល១ថ្ងៃវិញក៏ស្មើនឹង ១៤ថ្ងៃនៃផែនដីដូចគ្នា។
គួរបញ្ជាក់ថា យាន Resilience ទាំងមូលមានទម្ងន់ ៣៤០kg ខណៈកូនរ៉ូបូតដែលស្ថិតនៅក្នុងខ្លួនវានោះ មានទម្ងន់តែ 5kg ប៉ុណ្ណោះ។ បើតាមព័ត៌មានកាលពីខែមីនា ឆ្នាំ២០២៤ បេសកកម្ម Resilience មានតម្លៃសរុប (ទាំងការផលិតយាន និងជួល SpaceX ឲ្យបាញ់បង្ហោះ) ជាង ៥០លានដុល្លារអាមេរិក និងស្ថិតនៅក្នុងបេសកកម្ម HAKUTO-R Mission 2 របស់ iSpace ផ្ទាល់។

ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក យានជប៉ុនមួយនេះនឹងចុះចតលើតំបន់ Mare Frigoris ដែលមានរហស្សនាមថា «សមុទ្រនៃធាតុត្រជាក់ (Sea of Cold)» ស្ថិតនៅអឌ្ឍគោលខាងជើង ជិតប៉ូលខាងជើងនៃព្រះចន្ទ និងអាចសង្កេតឃើញពីលើផ្ទៃទៅផងដែរ។ នៅអំលុង ៤ខែកន្លះទៀត គិតចាប់តាំងពីការបាញ់បង្ហោះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
២៖ បេសកកម្មយាន Blue Ghost របស់ក្រុមហ៊ុន Firefly Aerospace
Firefly Aerospace ជាក្រុមហ៊ុនអវកាសឯកជនមួយរបស់សហរដ្ឋអាមេរិក ដែលទើបនឹងបង្កើតឡើងកាលពីឆ្នាំ ២០១៧ ប៉ុណ្ណោះ និងមានមូលដ្ឋាននៅរដ្ឋ Texas។ ការបញ្ជូនជាលក្ខណៈ lander (ចតនៅស្ងៀម) ទៅកាន់ព្រះចន្ទនោះ គឺស្ថិតក្នុងកិច្ចព្រមព្រៀងផ្តល់សេវាដល់អង្គការ NASA ដែលមានតម្លៃសរុប ៩៣.៣លានដុល្លារ។

យោងតាមគម្រោង lander ឈ្មោះ Blue Ghost នោះនឹងទៅដល់ព្រះចន្ទមុនយានរបស់ iSpace ដោយនឹងត្រូវចុះចតនៅតំបន់ក្រហូង Mare Crisium ស្ថិតនៅអឌ្ឍគោលខាងជើង និងកៀកតំបន់អេក្វាទ័រព្រះចន្ទ ដែលអាចសង្កេតឃើញពីលើផែនដីទៅផងដែរ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ យាន Blue Ghost មានទម្ងន់សរុប ១,៥០០kg (បូកទាំងឥន្ធនៈ)។

គួរបញ្ជាក់ថា Blue Ghost មានផ្ទុកឧបករណ៍សំខាន់ៗចំនួន ១០មុខ របស់អង្គការ NASA ដោយក្នុងនោះមានដូចជា ឧបករណ៍ខួងស្រទាប់ដីព្រះចន្ទ ដើម្បីរកមើលសមាសធាតុគីមីនានា, ការប្រមូលទុកសំណាកព្រះចន្ទ (sample), កាមេរ៉ាថតរូបជាលក្ខណៈកាំរស្មីអិច (X-ray) និងឧបករណ៍វិភាគកម្ទេចដីរបស់ព្រះចន្ទនៅលើនោះផ្ទាល់។ Blue Ghost ត្រូវបានកំណត់ឲ្យបំពេញការងារលើព្រះចន្ទតែ ១៤ថ្ងៃ (នៃផែនដី) ប៉ុណ្ណោះ ដែលស្មើនឹង ១ថ្ងៃលើព្រះចន្ទនោះឯង៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE/iSpace/Firefly/NASA (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៤)
