ការធ្វើតេស្ត Starship លើកទី៧ និងបញ្ហា… | ការធ្វើតេស្តរ៉ុក្កែត Blue Origin ថ្មីជាលើកដំបូង! (សរុបព្រឹត្តិការណ៍) (វីដេអូ)
(បរទេស)៖ យើងសូមធ្វើការបូកសរុបព្រឹត្តិការណ៍សំខាន់ៗ ២ ក្នុងពេលតែមួយតែម្តង ពាក់ព័ន្ធនឹងការធ្វើតេស្តរ៉ុក្កែតរបស់ក្រុមហ៊ុនអវកាសឯកជន ២ នៅសហរដ្ឋអាមេរិក នោះគឺការធ្វើតេស្តនាវាអវកាស (Starship) ជាលើកទី ៧ (Starship Orbital Flight Test 7) និងការធ្វើតេស្តរ៉ុក្កែតខ្នាតធំដំបូងរបស់ក្រុមហ៊ុន Blue Origin ដែលសុទ្ធសឹងតែបានកើតនៅក្នុងសប្តាហ៍ទី ៣ នៃខែមករា ឆ្នាំ២០២៥ នេះទាំងអស់។
១៖ ការធ្វើតេស្ត Starship និង Super Heavy Booster ជាលើកទី៧
វាបានកើតមានឡើងកាលពីវេលាម៉ោង ៤៖៣៧នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ (ម៉ោងនៅរដ្ឋតិចសាស់, ភាគខាងត្បូងសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៥៖៣៧នាទីព្រឹកថ្ងៃទី១៧ ខែឆ្នាំដដែល (ម៉ោងនៅទីក្រុងភ្នំពេញ, ប្រទេសកម្ពុជា)។ ដូចលោកអ្នកបានដឹងហើយថា ការធ្វើតេស្តគឺបានប្រព្រឹត្តទៅតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយរ៉ុក្កែតរុញ Starship ឡើងផុតពីដី។

សម្រាប់រ៉ុក្កែតយក្ស Super Heavy Booster៖ រយៈពេល ៧នាទី ក្រោយការឡើងផុតពីដី និងរុញច្រាន Starship ដល់រយៈកម្ពស់ត្រូវផ្តាច់ខ្លួនពីគ្នា (Hot Staging ក្នុងរយៈកម្ពស់ ៦៩Km) វាក៏បានត្រលប់មកចុះចតលើចង្កឹះចាប់ Mechazila វិញ ប្រកបដោយភាពរលូន ស្រដៀងនឹងតេស្តលើកទី ៥ ផងដែរ ខណៈ SpaceX ក្រោយមកបានប្រកាសថា ខ្លួនគ្រោងនឹងប្រើរ៉ុក្កែត Booster លើកទី ៧ នេះ សម្រាប់ប្រើប្រាស់ក្នុងតេស្តលើកក្រោយទៀត ដើម្បីឲ្យស្របទៅនឹងគោលដៅប្រើប្រាស់ឡើងវិញ (reusable)។

ងាកទៅកាន់ Starship 7 វិញ៖ រយៈពេល ៨នាទីកន្លះ ក្រោយការហោះឡើងផុតពីដី ភាពមិនប្រក្រតីក៏បានកើតឡើង ហើយមុខងារបំផ្ទុះខ្លួនឯងដោយស្វ័យប្រវត្តិរបស់វា ក៏បានកើតឡើងផងដែរ នៅពីលើតំបន់ឆ្នេរភាគខាងកើតនៃប្រទេសដីកោះ Bahamas នៅពេលវាធ្លាក់មកវិញដល់រយៈកម្ពស់ប្រមាណ ១២០km ពីផ្ទៃដី ខណៈកម្ទេចកម្ទីបានធ្លាក់បុកបរិយាកាស និងរាលដាលផ្ទៃអាកាសនៃកោះ Turk and Caicos របស់អង់គ្លេស ជាប់នឹងភាគខាងលិចមហាសមុទ្រអាត្លង់ទិច។ (ប្រជាជនលើដែនកោះនោះជាច្រើន បានថតវីដេអូ និងបង្ហោះពេញបណ្តាញសង្គម)។

- តើមូលហេតុអ្វីទើប Starship 7 ជួបប្រទះរឿងបែបនេះ?
តាមពិតទៅ ការធ្វើតេស្តកាលពីថ្ងៃទី១៦ ខែមករានោះ គឺជាលើកដំបូងសម្រាប់ Starship ក្នុងការដឹកទំនិញ (បែបសិប្បនិមិត្ត) និងធ្វើការសាកល្បងអំពីរបៀបក្នុងការដាក់ពង្រាយ ផ្កាយរណបមួយគ្រឿងទៅកាន់គន្លងគោចរជុំវិញផងដែរផងដែរ, ប៉ុន្តែផែនការនេះមិនបានសម្រេចឡើយ ព្រោះតែវាបានជួបបញ្ហាទាំងកណ្តាលទី។
SpaceX មិនទាន់បញ្ចេញទិន្នន័យលម្អិតអំពីតេស្តលើកទី ៧ នេះនៅឡើយទេ តែយោងតាមការអះអាងបឋម នៅប៉ុន្មានម៉ោងក្រោយការធ្វើតេស្តនោះបានឲ្យដឹងថា «មានការលេចធ្លាក់ឥន្ធនៈ (អុកស៊ីហ្សែន) ចេញពីចំណុចមួយដែលស្ថិតពីលើបន្ទប់ស្តុកម៉ាស៊ីន»។ ជុំវិញបញ្ហានេះ អ្នកជំនាញ SpaceX អះអាងថា តេស្តក្រោយៗទៀតនឹងត្រូវទទួលការពិនិត្យបន្ថែម ជាពិសេសទៅលើតំបន់ដែលមានការលេចធ្លាយឥន្ធនៈលើកនេះ។
២៖ ការធ្វើតេស្តរ៉ុក្កែត New Glenn ជាលើកដំបូងរបស់ Blue Origin
រ៉ុក្កែត New Glenn របស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក Blue Origin នៃមហាសេដ្ឋីសហរដ្ឋអាមេរិក Jeff Bezon ត្រូវបានធ្វើតេស្តប្រកបដោយជោគជ័យភាគច្រើន កាលពីវេលាម៉ោង ២៖០០នាទីយប់ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក ត្រូវនឹងម៉ោង ២៖០០នាទីរសៀលថ្ងៃខែឆ្នាំដដែល ម៉ោងនៅប្រទេសកម្ពុជា។

នាយកប្រតិបត្តិ (CEO) របស់ Blue Origin គឺលោក Dave Limp បានបង្ហោះសារលើ X ថា «យើងធ្វើបានហើយ! ដល់គន្លងគោចរហើយ! យប់នេះពិតជាអស្ចារ្យណាស់សម្រាប់ក្រុម Blue យើង!»។ ការបង្ហោះសារនេះ គឺក្រោយពេលដែល upper stage (Glenn Stage 2 ឬ GS2) របស់រ៉ុក្កែតនេះបានឡើងទៅដល់គន្លងគោចរដែលត្រូវបានគ្រោងទុក ដោយមិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ការធ្វើតេស្តរ៉ុក្កែតខ្នាតធំដំបូងបំផុតរបស់ក្រុមហ៊ុន Blue Origin មួយនេះ ត្រូវបានពន្យារពេលប៉ុន្មានឆ្នាំមកហើយ ដោយសារតែបញ្ហាបច្ចេកទេស ដែលបានកើតឡើងមិនចេះចប់មិនចេះហើយ។ ឈ្មោះ New Glenn នេះគឺយកតាមឈ្មោះអវកាសយានិកអាមេរិកដំបូង ដែលបានទៅកាន់ទីអវកាសកាលពីឆ្នាំ១៩៦២។ វាជារ៉ុក្កែតដែលមានកម្ពស់ដល់ទៅ ៩៨ម៉ែត្រ។

ជាការប្រៀបធៀប, រ៉ុក្កែត SpaceX ដែលអាចបម្រើការងារបានជាផ្លូវការធំបំផុតនោះគឺ Falcon Heavy ដែលមានកម្ពស់ ៧០ម៉ែត្រ (ទាបជាង New Glenn ដែលមានកម្ពស់ ៩៨ម៉ែត្រ) តែ Falcon Heavy អាចដឹកទម្ងន់បានរហូតដល់ទៅជិត ៦៤តោនឯណោះ ខណៈ New Glenn គឺនឹងអាចដឹកបានត្រឹម ៤៥តោនប៉ុណ្ណោះ។ យើងមិនទាន់ធ្វើការប្រៀបធៀបជាមួយ Super Heavy Booster នោះទេ ព្រោះវាមិនទាន់ជាផលិតផលសម្រេច។

យើងប្រើពាក្យថា «ជោគជ័យភាគច្រើន» នោះក៏ព្រោះតែ កំណាត់រ៉ុក្កែតរបស់ New Glenn (first-stage booster) មិនបានចុះចតមកវិញតាមការគ្រោងទុកលើនាវាចំណត Jacklyn ដែលបណ្តែតខ្លួនចាំលើផ្ទៃមហាសមុទ្រអាត្លង់ទិកនោះឡើយ, ចុះខុសទីតាំងប្រមាណរាប់រយគីឡូម៉ែត្រ (ចំណុចបរាជ័យ)។
តែយ៉ាងណា New Glenn ជាការបើកទំព័រថ្មីនៃវិស័យរ៉ុក្កែតរបស់ Blue Origin ដោយវាត្រូវបានរចនាឡើងដើម្បីពាំនាំយានអវកាសដឹកទំនិញ និងអាចដឹកអវកាសយានិកផងដែរទៅកាន់ទីអវកាស និងឋានព្រះចន្ទជាដើម៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SpaceX / Blue Origin (ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥)
