កាលពី «១០០ឆ្នាំមុន» មនុស្សលោកបានដឹង «ការពិតដ៏ធំមួយ» អំពីកាឡាក់ស៊ី! អរគុណ Edwin Hubble (យល់ដឹង)

338

(បរទេស)៖ គ្រាន់តែឮឈ្មោះថា អ៊ែដវីន ហឹបបល (Edwin Hubble) គឺប្រាកដណាស់ធ្វើឲ្យលោកអ្នកនឹកគិតដល់ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ភ្លាមតែម្តង។ ជាការពិត, តេឡេស្កូបអវកាសនេះ ត្រូវបានដាក់ឈ្មោះដើម្បីរម្លឹកដល់លោក Edwin Hubble នោះឯង ព្រោះលោកបានកសាងស្នាដៃជាច្រើននៅក្នុងវិស័យតារាសាស្ត្រ និងវិទ្យាសាស្ត្រ ជាពិសេសគឺពាក់ព័ន្ធនឹងរបកគំហើញនៃ «កាឡាក់ស៊ីនានា (Galaxies)»

(Video From YouTube: Cambo Space Edu)

ប្រសិនបើយើងអាចត្រលប់ទៅ ១០១ឆ្នាំមុន នោះយើងប្រាកដជាយល់ឃើញមិនខុសពីមនុស្សសម័យនោះឡើយ នោះគឺកាឡាក់ស៊ីមានតែ Milky Way យើងមួយប៉ុណ្ណោះ។ ប៉ុន្តែ, ប្រសិនបើយើងរំកិលត្រឹម១ឆ្នាំទៀត ដោយត្រលប់ទៅកាលពី ១០០ឆ្នាំមុនវិញនោះទេ ការយល់ដឹងពីកាឡាក់ស៊ីបានក្រឡាប់ផ្លាស់ប្តូរ ១៨០ដឺក្រេតែម្តង។ ហេតុអ្វីទៅ? ព្រោះរំលងតែមួយយប់ប៉ុណ្ណោះ គឺឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ១៩២៥ យើងបានដឹងជាផ្លូវការថា Milky Way មិនមែនមានតែឯង។

យើងត្រូវអរគុណដល់លោក Edwin Hubble (បណ្ឌិត Edwin Powell Hubble) ព្រោះនៅថ្ងៃនោះ សេចក្តីប្រកាសមួយបានឲ្យដឹងថា «មានកាឡាក់ស៊ីដទៃច្រើនណាស់ក្រៅពី Milky Way របស់យើង» ហើយទិដ្ឋភាពនៃពពកធូលី និងឧស្ម័នខ្លះក្នុងលំហអវកាស ដែលក្រុមតារាវិទូសម័យនោះ ធ្លាប់បានចាត់ទុកថាជា «នីប៊ុយឡា (Nebula) មានរាងគូទខ្យង» នោះ តាមការពិតទៅគឺសុទ្ធសឹងជា «កាឡាក់ស៊ីដទៃ» ដែលស្ថិតនៅរួមគ្នាក្នុងចក្រវាល (Universe) ជាមួយកាឡាក់ស៊ី Milky Way របស់យើងដែរ។

កាលពី «១០០ឆ្នាំមុន» មនុស្សលោកបានដឹង «ការពិតដ៏ធំមួយ» អំពីកាឡាក់ស៊ី! អរគុណ Edwin Hubble (យល់ដឹង)

ការបោះជំហានដ៏ធំធេងនេះហើយ ទើបក្រោយមកមនុស្សលោកបង្កើតចម្ងល់ និងសិក្សាកាន់តែស៊ីជម្រៅទៅរកការពិតនៃការកកើតចក្រវាលមកទល់នឹងបច្ចុប្បន្ន។ ជាការពិតណាស់ កាលពីជាង ៣០ឆ្នាំមុន មនុស្សបានបង្កើតតេឡេស្កូបអវកាស Hubble រួចបញ្ជូនទៅទីអវកាស ដែល Hubble នោះបានជួយយើង ៣ទសវត្សរ៍ មកហើយក្នុងការយល់ដឹងអំពីភព តារា នីប៊ុយឡា និងជាពិសេសគឺកាឡាក់ស៊ី។

ប៉ុន្តែ, ប្រសិនបើយើងងាកទៅសម័យលោក Edwin Hubble វិញ អ្វីដែលលោកមានគឺ ត្រឹមតេឡេស្កូបលើដី ដែលមិនមានសមត្ថភាពអាចប្រៀបផ្ទឹមនឹងតេឡេស្កូបនានាបច្ចុប្បន្នឡើយ។ ហេតុដូច្នេះហើយ ទើបក្រុមតារាវិទូមួយចំនួនបានចូលរួម ជាមួយលោក Edwin Hubble ក្នុងការត្រួសត្រាយផ្លូវទៅរក «របកគំហើញដ៏អស្ចារ្យរបស់មនុស្សជាតិ» ដែលត្រូវបានប្រកាសក្នុងកិច្ចប្រជុំលើកទី ៣៣ នៃស្ថាប័នសង្គមតារាសាស្ត្រអាមេរិក (American Astronomical Society ឬ AAS) កាលពី ១០០ឆ្នាំមុន

សម្រាប់បុគ្គលដ៏សំខាន់២រូប ដែលបានប្រកៀកស្មាយ៉ាងសកម្មជាមួយលោក Hubble ក្នុងបេសកកម្មស្វែងយល់ការពិតនេះ គឺលោកស្រី ហិនរីតថា ស្វាន ឡេវីត (Henrietta Swan Leavitt) និងលោក ហាឡូ សាភ្លី (Harlow Shapley)។ ក្នុងចំណោមអ្នកទាំងពីររូបនេះ លោក Harlow Shapley ធ្លាប់ជាអ្នកដែលប្រកាន់ជំហរថា «មានតែកាឡាក់ស៊ី Milky Way មួយប៉ុណ្ណោះ» ដោយគ្មានអ្វីផ្សេងពីនេះទៀតឡើយ តែក្រោយពីការចូលរួមជាមួយ Edwin Hubble ទស្សនៈគ្រប់បែបយ៉ាងបានផ្លាស់ប្តូរទាំងស្រុង។

អ្នកវិទ្យាសាស្ត្រអាមេរិកលោក Harlow Shapley ធ្លាប់បានគណនាកាលពីមុនរបកគំហើញរបស់ Hubble នោះថា កាឡាក់ស៊ី Milky Way មានអង្កត់ផ្ចិត ៣០០,០០០ឆ្នាំពន្លឺ ខណៈប្រព័ន្ធព្រះអាទិត្យយើងនេះ មានគម្លាតដល់ទៅ ៥០,០០០ឆ្នាំពន្លឺពីចំណុចកណ្តាល នៃកាឡាក់ស៊ីនេះ។ ប៉ុន្តែ, សម្រាប់សតវត្សរ៍ទី២១នេះ អង្កត់ផ្ចិត Milky Way ត្រូវបានគណនាថា មានប្រវែង ១០៥,៧០០ឆ្នាំពន្លឺ ខណៈគម្លាតរវាងប្រព័ន្ធព្រះអាទិត្យពីចំណុចកណ្តាលកាឡាក់ស៊ី គឺប្រមាណជិត ២៧,០០០ឆ្នាំពន្លឺ។ ការតស៊ូមតិជុំវិញរឿងនេះ ពិតជាក្តៅគគុកខ្លាំងណាស់ ក្នុងសង្គមតារាសាស្ត្រសហរដ្ឋអាមេរិក កាលអំលុងទសវត្សរ៍ ១៩២០ នោះ។

ងាកមកកាន់បេសកកម្មដំបូងៗរបស់លោកលោក Edwin Hubble វិញ, លោកបានចូលរួមជាមួយ ក្រុមការងារនៃមន្ទីរសង្កេតតារា Mount Wilson ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ១៩១៩ ដោយប្រើប្រាស់តេឡេស្កូប Hooker ដែលជាតេឡេស្កូបធំបំផុតហើយលើលោក (ទំហំ១០០អ៊ីញ) ក្នុងជំនាន់នោះ ហើយក៏ជាពេលដែលលោកបានពើបប្រទះ «ពន្លឺដំបូង» ផងដែរ។ តេឡេស្កូបនេះជាកាដូបានមកពីការបរិច្ឆាកប្រាក់ ៤៥,០០០ដុល្លារអាមេរិក (មានតម្លៃស្មើនឹងជាង ៧៧៥,០០០ដុល្លារក្នុងពេលបច្ចុប្បន្ន) របស់សប្បុរសជនមួយរូបឈ្មោះ John Hooker

តេឡេស្កូប Hooker នោះហើយបានជួយឲ្យ Edwin Hubble និងដៃគូបង្កើតរបកគំហើញអំពី «កាឡាក់ស៊ី Milky Way មិនមែនមានតែឯង» នេះ ដែលជាការបំបែកភាពភាន់ច្រលំថា «កាឡាក់ស៊ីដទៃគឺជានីប៊ុយឡា»។ លោក Edwin Hubble បានផ្តិតរូបភាពពិសេសជាលើកដំបូងនៃកាឡាក់ស៊ី Andromeda (Messier 31) ដែលជាអ្នកជិតខាងកៀកបំផុតរបស់ Milky Way និងមានចម្ងាយ ២.៥លានឆ្នាំពន្លឺពីយើង (កាលណោះត្រូវបានគណនាថាចម្ងាយត្រឹមតែ ៩៣០,០០០ឆ្នាំពន្លឺពី Milky Way ប៉ុណ្ណោះ) ហើយដែលធ្លាប់ត្រូវបានគេច្រលំថាជា ពពកធូលី-ឧស្ម័ន (នីប៊ុយឡា / Nebula) រាងគូទខ្យងនោះ។

ក្រោយពីសម្រេចបានស្នាដៃនៃរូបភាពថ្មី ពីតេឡេស្កូបដ៏អស្ចារ្យនោះ លោក Edwin Hubble បានសរសេរសំបុត្រមួយផ្ញើទៅកាន់លោក Shapley ដោយរៀបរាប់ពីរបកគំហើញនេះ។ គ្រាន់តែបានយល់ដឹងសេចក្តីសំបុត្រនោះភ្លាម លោក Shapley ក៏លាន់មាត់ថា «នេះគឺជាសំបុត្រដែលបំផ្លាញចក្រវាលរបស់ខ្ញុំហើយ…»។ ក្រោយមកទៀត នៅខែវិច្ឆិកា ឆ្នាំ១៩២៤ លោក Hubble បានទម្លាយព័ត៌មាននេះទៅឲ្យកាសែត New York Times ហើយក៏ទទួលបានការផ្ទុះចំណាប់អារម្មណ៍ រហូតដល់ជំរុញឲ្យមានការបកស្រាយមួយក្នុង AAS នៅខែមករា ឆ្នាំ១៩២៥ តាមរយៈតារាវិទូ ហិនរី នួរីស រូស្សែល (Henry Norris Russell)។ តែមិនថ្វីទេ, ទោះនរណាបកស្រាយជំនួសក៏មិនសំខាន់ ព្រោះគ្រប់គ្នាកាលណោះបានដឹងរួចហើយថា វាគឺជារបកគំហើញដឹកនាំដោយលោក Edwin Hubble

លោក Edwin Hubble (រូបភាពពីបរទេស)

គួរបញ្ជាក់ថា លោក Edwin Hubble គឺជាតារាវិទូជនជាតិអាមេរិក ដែលបានកើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៨៨៩ នៅទីក្រុង Marshfield រដ្ឋ Missouri សហរដ្ឋអាមេរិក។ លោកបានទទួលមរណភាពនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៥៣ ក្នុងជន្មាយុ ៦៣ឆ្នាំ នៅទីក្រុង San Marino រដ្ឋកាលីហ្វ័រញ៉ា។ របកគំហើញដ៏លេចធ្លោរបស់លោក ដែលក្រុមតារាវិទូមកដល់បច្ចុប្បន្នចងចាំមិនភ្លេច នោះគឺការរកឃើញ «កាឡាក់ស៊ីដទៃ» និងការបង្កើតគោលដៅសិក្សាស្វែងយល់អំពី «លំហអវកាសដែលអាចសង្កេតទៅដល់» នោះឯង៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥)

480×240 Banner