រូបភាព Andromeda «លម្អិតបំផុត» ថតដោយ Hubble | រូបរាងពិតនៃ Milky Way ដោយ Gaia ជាការបិទទំព័រ (វីដេអូ)

1,426

(បរទេស)៖ ប្រិយមិត្តមិនតិចនាក់នោះឡើយ បានសួរមកកាន់ Cambo Space អំពីថាតើយើងអាចដឹងរូបរាង (ថតរូប) របស់កាឡាក់ស៊ី Milky Way ដោយវិធីណាទៅ បើយើងត្រឹមប្រើតេឡេស្កូបលើដី ឬនៅទីអវកាសនោះ? ការឆ្ងល់នេះពិតជាសមហេតុផល តែអ្វីដែលបងប្អូនត្រូវការគឺនៅតែជា «ចម្លើយ» ជាក់លាក់, មែនឬអត់? ដូច្នេះអត្ថបទ (វីដេអូ) ថ្មីមួយនេះ គឺត្រូវចំចំណុចសំខាន់ដែលប្រិយមិត្តចង់បានហើយ។

(Video From YouTube: Cambo Space Edu)

នៅក្នុងអត្ថបទថ្មីនេះ យើងមានចំណុចសំខាន់ៗ ដើម្បីឲ្យប្រិយមិត្តយល់ដឹងនោះគឺពាក់ព័ន្ធនឹង រូបភាពលម្អិតដំបូងរបស់កាឡាក់ស៊ី Andromeda, តេឡេស្កូបអវកាស Gaia បង្កើតបានរូបរាងថ្មី (អាចជារូបរាងពិតប្រាកដបំផុត) នៃកាឡាក់ស៊ី Milky Way និងការបកស្រាយចម្ងល់ អំពីការបង្កើតរូបភាពរបស់ Milky Way នោះឯង។

១៖ ទិដ្ឋភាពលម្អិតដំបូងបំផុតរបស់ Andromeda

មើលត្រឹមតែរូបភាព១សន្លឹកនេះ លោកអ្នកអាចគិតថាត្រឹមជារូបភាពសាមញ្ញៗប៉ុណ្ណោះ តែរូបភាពដើមរបស់វា គឺត្រូវបានរក្សាទុកក្នុងអង្គផ្ទុកទិន្នន័យដ៏ធំរបស់ NASA ខណៈការចុះផ្សាយតាមវែបសាយ និងសារព័ត៌មានានា គឺត្រឹមជារូបភាពឲ្យយើងឃើញធម្មតាៗប៉ុណ្ណោះ (យើងមិនអាចយករូបភាពទាំងដុលរបស់ Andromeda នោះមកបង្ហោះតាមបណ្តាញសង្គមឡើយ ព្រោះសមត្ថភាពនៃការបង្ហាញមានដែនកំណត់)

ប្រសិនបើលោកអ្នកមិនទាន់យល់អំពីបញ្ហានេះ យើងអាចលើឧទាហរណ៍ងាយយល់មួយបាន នោះគឺប្រសិនបើលោកអ្នកថតរូបភាពវាលខ្សាច់មួយមួយប្លង់ ហើយអាច Zoom ទៅរកមើលគ្រាប់ខ្សាច់មួយៗ ដែលយើងចាប់អារម្មណ៍ នោះហើយជាទិដ្ឋភាពលម្អិតរបស់ Andromeda ស្ថិតនៅចម្ងាយ ២.៥លានឆ្នាំពន្លឺពីយើង នៅក្នុងរូបភាពផ្គុំថ្មីផ្តិតដោយ Hubble នេះ។ គ្រាប់ខ្សាច់នីមួយៗនោះ គឺចង់សម្តៅទៅលើការប្រៀបធៀបផ្កាយនីមួយៗ ក្នុងកាឡាក់ស៊ីជិតខាងបំផុតរបស់ Milky Way នោះឯង។

រូបភាព Andromeda «លម្អិតបំផុត» ថតដោយ Hubble | រូបរាងពិតនៃ Milky Way ដោយ Gaia ជាការបិទទំព័រ (វីដេអូ)
ប្រសិនបើ Andromeda អាចបញ្ចេញពន្លឺខ្លាំងជាងជាក់ស្តែង នោះវានឹងលេចរូបរាងបែបនេះ (ឧទាហរណ៍) ហើយនឹងក្លាយជាពន្លឺដែលមនុស្សលើផែនដីអាចឃើញនឹងភ្នែកមកពី ២.៥លានឆ្នាំមុន (Image Credit: Tom Buckley-Houston)

មូលហេតុដែលរូបភាព Andromeda មួយសន្លឹកនេះរាងដាច់ៗ ព្រោះនេះមិនមែនរូបតែ១សន្លឹកទេ តែកើតចេញពីការផ្គុំរូបភាពជាង ៦០០សន្លឹកចូលគ្នា ខណៈកាឡាក់ស៊ីនោះមានអង្កត់ផ្ចិតប្រវែងជាង ១៤០,០០០ឆ្នាំពន្លឺ ធំជាង Milky Way យើងដែលមានអង្កត់ផ្ចិតជាង ១០៥,៧០០ឆ្នាំពន្លឺ។ បេសកកម្មនៃតេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA មួយនេះ បានចាប់ផ្តើមតាំងតែពីឆ្នាំ២០១៥ មកម្ល៉េះ ហើយទើបសម្រេចចេញជាផ្លែផ្កានៅដើមឆ្នាំ២០២៥នេះប៉ុណ្ណោះ។

អ្វីដែលសំខាន់គឺវាបានបង្ហាញច្បាស់តែត្រឹមមួយកំណាត់ផ្នែកខាងជើង (បើមើលពីលើរូបភាព) នៃ Andromeda នោះប៉ុណ្ណោះ ដែលស្មើនឹង ២០០លានដួងនៃផ្កាយ ស្ថិតក្នុងរូបភាពរួម១សន្លឹកទំហំ ១.៥ពាន់លានមេហ្គាភីសែល…។ លោកអ្នកធ្លាប់គិតថា រូបភាព១សន្លឹកទំហំ ២០០មេហ្គាភីសែលលើស្មាតហ្វូន Samsung S24 Ultra គឺច្បាស់អាចឲ្យយើង Zoom មើលគ្រប់កន្លុកកន្លៀត… តែនេះគឺ ១.៥ពាន់លានមេហ្គាភីសែល… យើងពិតជាពិបាកនឹងស្រមៃដល់ភាពធំធេង និងលម្អិតនេះណាស់…។

ទិដ្ឋភាពលម្អិតដំបូងរបស់ Andromeda (សូមចូលទៅកាន់វែបសាយ ESA ឬ NASA ទើបមានរូបភាពគុណភាពខ្ពស់នេះ)

២៖ តេឡេស្កូបអវកាស Gaia បង្កើតបានរូបរាងថ្មី នៃកាឡាក់ស៊ី Milky Way

នៅទីបំផុតតេឡេស្កូបអវកាស Gaia របស់ ESA បានបង្កើតរូបរាងពីលើ, ពីចំហៀង និងពីលើផ្ទៃដីទៅ យ៉ាងជាក់លាក់ជាលើកដំបូង នៃកាឡាក់ស៊ី Milky Way របស់យើង បន្ទាប់ពីការស្កេនអស់ជាច្រើនឆ្នាំ ចាប់តាំងពីប្រតិបត្តិការចាប់ផ្តើមជាផ្លូវការនៅឆ្នាំ២០១៣។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក៏ជាពេលដែល ESA បានប្រកាសថា បេសកកម្មស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់ Gaia ត្រូវបានបិទបញ្ចប់ផងដែរ បន្ទាប់ពីបានដំណើរការអស់ ១១ឆ្នាំ

រូបរាងពីចំហៀង Milky Way បង្កើតឡើងដោយយោងលើទិន្នន័យរបស់ Gaia (Image Credit: ESA)

នៅក្នុងការបិទបញ្ចប់បេសកកម្មស្កេនផ្ទៃមេឃ (Sky-Scanning) នេះ Gaia បានសម្រេចការស្កេនរហ័សរហូតដល់ទៅជាង ៣ទ្រីលានដង ទៅលើផ្កាយ និងវត្ថុអវកាសនានាក្នុងកាឡាក់ស៊ី Milky Way សរុបចំនួន ២ពាន់លាន ហើយដែលទាំងអស់នេះ ស្ថិតនៅក្នុងន័យបង្កើតចេញឲ្យបាននូវ «ទស្សនីយភាពថ្មីនៃកាឡាក់ស៊ី» ឬជា «ផែនទីជាក់លាក់លើកដំបូងរបស់ Milky Way»

រូបរាងចំពីលើ Milky Way បង្កើតឡើងដោយយោងលើទិន្នន័យរបស់ Gaia (Image Credit: ESA)

យ៉ាងណាក៏ដោយ ក្រុមការងារ ESA ក៏បានទទួលស្គាល់ផងដែរថា រូបរាងរបស់ Milky Way បច្ចុប្បន្ន គឺនៅតែកំពុងស្ថិតនៅក្នុងការប៉ាន់ស្មាននៅឡើយ (តំបន់ខ្លះត្រូវប្រើកម្មវិធីកុំព្យូទ័រមកជួយប៉ាន់ស្មានរូបរាង) ព្រោះតែទិន្នន័យមិនទាន់គ្រប់ជ្រុងជ្រោយ។ ក្រុមការងារ ESA បានលើកឡើងថា ទិន្នន័យបន្សល់ទុកពី Gaia នឹងត្រូវទទួលការបន្តពិនិត្យ និងសិក្សាបន្តិចម្តងៗរហូតដល់ចុងទសវត្សរ៍ ២០២០ នេះ។

តេឡេស្កូបអវកាស Gaia ដែលមាន Milky Way នៅ Background (Image Credit: ESA)

៣៖ តើគេអាចបង្កើតរូបរាងរបស់ Milky Way ដូចម្តេច?

ដូចការបញ្ជាក់ខាងលើនេះដែរ រូបរាងរបស់ Milky Way ដែលឃើញតាមរយៈរូបភាព ជាច្រើនជំនាន់មកនេះ គឺកើតចេញពីការសន្និដ្ឋាន ប៉ុន្តែការសន្និដ្ឋានទាំងនោះ បានយោងទៅលើទិន្នន័យច្រើនអនេក ដែលប្រមូលបានពីទីតាំងនៃផ្កាយសំខាន់ៗ, កំហាប់ (ចំនួន) ផ្កាយក្នុងតំបន់សំខាន់ៗ (cluster) ដែលជាគ្រោងឆ្អឹងបង្កើតជាតួ Milky Way, តំបន់ចំណុចកណ្តាលកាឡាក់ស៊ី, តំបន់ពពកធូលីឧស្ម័ន (Nebula) គោលៗ និងការគណនាផ្កាយជាគោលៗ ដែលស្ថិតនៅតំបន់ជាយៗ Milky Way ដើម្បីដឹងអំពីទំហំជាក់លាក់ (អង្កត់ផ្ចិត ឬ diameter) របស់កាឡាក់ស៊ី និងទ្រង់ទ្រាយ (shape) ដែលអាចទៅរួចបំផុត។

រូបរាងចំពីលើ Milky Way បង្កើតឡើងដោយយោងលើទិន្នន័យរបស់ Gaia (Image Credit: ESA)

កាលពីបុរាណមកទល់នឹងបច្ចុប្បន្ន មនុស្សបានប្រើប្រាស់ឧបករណ៍ដូចជា តេឡេស្កូប, កាមេរ៉ាថតរូបភាពផ្ទាល់ៗ, ឧបករណ៍សង្កេតផ្នែករលកវិទ្យុ និងឧបករណ៍សង្កេតវិសាលគមពណ៌ និងពន្លឺ ដែលផលិតនៅពេលរូបធាតុនានាមានអន្តរកម្មជាមួយ ឬបញ្ចេញវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច។ ទាំងអស់នេះសុទ្ធសឹងតែមានការអភិវឌ្ឍន៍សមត្ថភាពពីមួយជំនាន់ ទៅមួយជំនាន់ទៀត រហូតដល់ការបង្កើត Gaia ចុងក្រោយនេះ។ ដូច្នេះរូបរាងជាក់លាក់ដែលអាចទៅរួចរបស់ Milky Way ក៏ត្រូវបានបង្កើតគុណភាព (update) ពីមួយជំនាន់ទៅមួយជំនាន់ដូចគ្នា។

ជាការពិតណាស់ បេសកកម្មដូចបានរៀបរាប់ខាងលើនេះ យើងអាចធ្វើបានបើទោះបីជាយើងស្ថិតនៅលើផែនដី ឬទីអវកាសជុំវិញផែនដី «ដោយមិនចាំបាច់បញ្ជូនកាមេរ៉ាទៅឆ្ងាយពី Milky Way ហើយថត ហើយបញ្ជូនរូបភាពនោះមកកាន់ផែនដីវិញនោះដែរ…»។ អធ្យាស្រ័យចំពោះប្រយោគនេះផង ព្រោះមនុស្សលោកបច្ចុប្បន្ន គ្មានលទ្ធភាពធ្វើបែបនេះបានឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ ESA/NASA (ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥)

480×240 Banner