រកឃើញរ៉ែសំខាន់ៗក្នុង «ភ្នំ១៥,០០០» នៃភពព្រះអង្គារ (Mars) ដែលកាន់តែគាំទ្រដល់ទ្រឹស្តីអំពីមហាសមុទ្រ (វីដេអូ)

289

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដោយយោងលើទិន្នន័យពីផ្កាយរណប អង្គការអវកាសអឺរ៉ុប (ESA) និងអង្គការ NASA នៃសហរដ្ឋអាមេរិក ទើបតែបង្ហាញទិន្នន័យវិភាគ លើរូបភាពនៃសណ្ឋានផ្ទៃដី ភពព្រះអង្គារ (Mars) ដោយក្នុងនោះកំពុងបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះយើងឃើញទីទួល និងកូនភ្នំស្ថិតនៅជាដុំៗ សរុបដល់ទៅជាង ១៥,០០០ កំពុងផ្ទុកទៅដោយ «រ៉ែពិសេសៗ» មិនខុសពីនៅលើផែនដីឡើយ ហើយទាំងអស់នេះគឺជាការបន្ថែមការគាំទ្រទៅលើ ទ្រឹស្តីពាក់ព័ន្ធនឹងវត្តមានមហាសមុទ្រកាលពីរាប់ពាន់លានឆ្នាំមុន លើភពក្រហមនោះ។

(Video From YouTube: Cambo Space Edu)

ពិតណាស់ អ្វីដែលលោកអ្នកកំពុងឃើញនេះ គឺជាទីតាំងដែលធ្លាប់មានវត្តមានទឹក នៅអឌ្ឍគោលខាងជើងភពអង្គារ ហើយកូនភ្នំខ្លះអាចមានកម្ពស់ដល់ទៅ ៥០០ម៉ែត្រ ឬលើសពីនេះ ខណៈកូនភ្នំទាំងជាង ១៥,០០០នោះលាតសន្ធឹងលើផ្ទៃដីប្រហាក់ប្រហែលនឹងរដ្ឋ Texas នៃសហរដ្ឋអាមេរិកទៅហើយ។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រ ការកកើតឡើងនូវទិដ្ឋភាពបែបនេះទៅបាន គឺនៅពេលដែលទឹកបានមានវត្តមាន និងហូរកាត់តំបន់នោះ ហើយធ្វើអន្តរកម្មជាមួយថ្ម។

រកឃើញរ៉ែសំខាន់ៗក្នុង «ភ្នំ១៥,០០០» នៃភពព្រះអង្គារ (Mars) ដែលកាន់តែគាំទ្រដល់ទ្រឹស្តីអំពីមហាសមុទ្រ (វីដេអូ)
ទិដ្ឋភាពតំបន់កូនភ្នំដែលពោពេញដោយរ៉ែ (Source: ESA)

ជុំវិញលទ្ធផលសិក្សាថ្មីនេះ លោក Joe McNeil អ្នកវិទ្យាសាស្ត្រមួយរូបមកពី សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិទីក្រុងឡុងដ៍ (NHML) បានគូសបញ្ជាក់នៅអំលុងចុងខែមករា ឆ្នាំ២០២៥ថា «ការស្រាវជ្រាវនេះកំពុងបង្ហាញយើងថា បរិយាកាសភពអង្គារបច្ចុប្បន្ន ពិតជាខុសប្លែកខ្លាំងណាស់ បើធៀបនឹងអតីតកាលដ៏យូរលង់…។ កូនភ្នំទាំងនោះ គឺពោពេញដោយបណ្តុំរ៉ែក្លេយ៍ (clay minerals) ដែលជាសញ្ញាបញ្ជាក់ថា ទីនោះពិតជាធ្លាប់មានទឹកក្នុងបរិមាណច្រើន កាលពីខ្ទង់៤ពាន់លានឆ្នាំមុន…»។

ទិដ្ឋភាពកូនភ្នំខ្លះ ក្នុងចំណោមកូនភ្នំទាំងជាង ១៥,០០០ ដែលពោពេញដោយរ៉ែ (Source: ESA)

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ ភពព្រះអង្គារត្រូវបានចែកចេញជា ២ភូមិភាគសំខាន់ៗ ក្នុងនោះនៅភាគខាងត្បូង គឺសុទ្ធសឹងជាតំបន់ខ្ពង់រាបពីបុរាណ ខណៈនៅភាគខាងជើងវិញ គឺភាគច្រើនជាតំបន់វាលទំនាប ដែលវាត្រូវបានគេជឿជាក់ថា ធ្លាប់ជាទីតាំងសំបូរទឹកយ៉ាងច្រើនមហាសាល។ ជាការពិត ភស្តុតាងឥឡូវនេះមានច្រើនលើសលប់ ដែលអាចបញ្ជាក់យ៉ាងច្បាស់ថា ភពព្រះអង្គារធ្លាប់មានកម្តៅសមរម្យ និងសំណើម (ដូចផែនដីបច្ចុប្បន្ន) ជាមួយនឹងវត្តមាន ទន្លេ បឹង និងសូម្បីតែមហាសមុទ្រនានា ចាប់ពីខ្ទង់ ៤ពាន់លានឆ្នាំ មកដល់ ៣.៨ពាន់លានឆ្នាំមុន

តំបន់មានបណ្តុំកូនភ្នំ និងទួលខាងលើនេះ គឺស្ថិតជាមួយនឹងតំបន់ Oxia Planum នៅអឌ្ឍគោលខាងជើងភពអង្គារ (នៅជាយភាគខាងកើតនៃតំបន់អតីតមហាសមុទ្រ Chryse Planitia)។ វាក៏ជាទីតាំងដែលគ្រឿងយន្ត Rosalind Franklin គ្រោងទៅធ្វើការស្រាវជ្រាវផងដែរ ដោយយាន ESA មួយនេះនឹងចាកចេញពីផែនដីនៅឆ្នាំ២០២៨។ យាន Rosalind Franklin នឹងមានឱកាសឈ្វេងយល់អំពី clay minerals និងជីវិតដែលអាចធ្លាប់កើតមាន នៅតំបន់អតីតសមុទ្រ ទន្លេ និងបឹងទាំងនោះ។

ផែនទីនៃតំបន់ Oxia Planum ដែលមានបណ្តុំកូនភ្នំរ៉ែ (Source: ESA)

គួរបញ្ជាក់ថា clay minerals គឺជាបណ្តុំរ៉ែច្រើនប្រភេទដែលមាននៅក្នុងស្រទាប់ដី ឬថ្ម ដែលធ្លាប់ស្ថិតនៅក្នុងទឹក ហើយភាគច្រើនគឺជាបាតបឹង និងសមុទ្រជាដើម។ បើនិយាយទៅដល់ clay minerals គឺមានរ៉ែជាច្រើនប្រភេទនៅក្នុងនោះដូចជា ស៊ីលីកា (Silica), ភាគល្អិតអាលុយមីញ៉ូមអុកស៊ីត (Alumina), ភាគល្អិតម៉ាញេស្យូមអុកស៊ីត (magnesia), ទឹក (Water) និងសមាសធាតុបន្ទាប់បន្សំមួយចំនួនទៀតដូចជា ដែក (Iron), ម៉ាញេស្យូម (magnesium), ប៉ូតាស្យូម (potassium), អំបិលសូដ្យូម (sodium) និងកាល់ស្យូម (calcium) ជាដើម

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE/ESA (ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥)

480×240 Banner