ទោះស្ថិតក្នុងឱកាសស្តួចស្តើង តែវានៅតែអាចគំរាមផែនដី នៅទសវត្សរ៍២០៣០… (វីដេអូ)
(បរទេស)៖ នោះគឺជាអាចម៍ផ្កាយថ្មីឈ្មោះ 2024 YR4 ដែលត្រូវបានរកឃើញដំបូងដោយប្រព័ន្ធតេឡេស្កូបសង្កេតផ្ទៃមេឃ និងជូនដំណឹងបន្ទាន់ពីអាចម៍ផ្កាយ «Asteroid Terrestrial-impact Last Alert System (ហៅកាត់ថា ATLAS)» ស្ថិតក្នុងតំបន់ Río Hurtado ប្រទេសឈីលី។ ក្រោយការរកឃើញភ្លាមៗ ក្រុមអ្នកវិទ្យាសាស្ត្រហាក់មិនសូវមានការចាប់អារម្មណ៍អ្វីឡើយ ដោយគិតថាវាត្រឹមជាអាចម៍ផ្កាយសាមញ្ញៗ តែក្រោយការសិក្សាពីគន្លងគោចរវាមួយរយៈ ទើបពួកគេភ្ញាក់ព្រឺតថា វានោះអាចមានឱកាសដែរ ក្នុងការមកបុកភពផែនដីរបស់យើង…។
កុំទាន់អាលព្រួយបារម្ភអី ព្រោះវាមានឱកាសស្តួចស្តើងណាស់ តែក្រុមអ្នកវិទ្យាសាស្ត្រ ក៏មិនទាន់អាចមើលស្រាលវាដូចគ្នា ខណៈទំហំមុខកាត់របស់វាគឺអាចចាប់ពី ៤០ម៉ែត្រ ទៅ ១០០ម៉ែត្រ (ជាមធ្យម ៥៥ម៉ែត្រ) ដែលអាចត្រូវបានចាត់ទុកថា ជាអាចម៍ផ្កាយ (Asteroid) ខ្នាតតូច តែក៏មានអានុភាពខ្លាំងគួរសមដែរ ប្រសិនបើធ្លាក់ចំផ្ទៃដី។ យោងតាមការគណនាចុងក្រោយ ដោយទីភ្នាក់ងារអវកាសអឺរ៉ុប ESA កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ អាចម៍ផ្កាយ 2024 YR4 អាចមានឱកាសប្រមាណតែ ១.២% ប៉ុណ្ណោះក្នុងការបុកភពផែនដី ឬស្មើនឹង ១/៨៣។

ការគណនារបស់ ESA ក៏មិនខុសគ្នានឹង ATLAS និងស្ថាប័នសិក្សាវត្ថុអវកាសកៀកផែនដី Center for Near-Earth Object Studies (CNEOS) ព្រមទាំង NEODyS របស់ NASA នោះដែរ ដោយយើងអាចឃើញការមកដល់ នៃអាចម៍ផ្កាយខាងលើនេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០៣២។ ក្រុមអ្នកវិទ្យាសាស្ត្រថែមទាំងបានគណនាបន្ថែមទៀតថា 2024 YR4 តែងតែគោចរមកកៀកផែនដី ក្នុងរយៈពេល ២ ទៅ ៣ពាន់ឆ្នាំម្តង។ ដូច្នេះនៅក្រោយការមកដល់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០៣២នោះ ប៉ុន្មានពាន់ឆ្នាំទៀតទើបមនុស្សលើផែនដីអាចសង្កេតឃើញវាទៀត។
យោងតាមកម្រិត ១.២% ខាងលើនេះ អាចម៍ផ្កាយ 2024 YR4 ត្រូវបានចាត់បញ្ចូលក្នុងពពួកដុំថ្មអវកាស ដែលមានឱកាសគំរាមផែនដី នៅក្នុងកម្រិតមធ្យម (Level 3) ដែលតម្រូវឲ្យក្រុមអ្នកវិទ្យាសាស្ត្រ និងសាធារណជន បន្តការតាមដានវាយ៉ាងយកចិត្តទុកដាក់។ បើតាម ESA យើងត្រូវបន្តការតាមដានលើ 2024 YR4 រហូតដល់ពេលដែលយើងអាចគណនាវា បានច្បាស់លាស់ម្តងទៀតនៅឆ្នាំ២០២៨ ដើម្បីឲ្យប្រាកដថា វានឹងមិនគំរាមកំហែងផែនដីឡើយ។

គួរបញ្ជាក់តាមការគណនាបឋមថា 2024 YR4 នឹងគោចរមកកៀកផែនដីបំផុតក្នុងគម្លាត ៨០០,០០០km ពីយើង ឬស្មើនឹងគម្លាតឆ្ងាយបំផុតរវាងផែនដី និងព្រះចន្ទគុណនឹង ២។ ស្តាប់ទៅអាចថាឆ្ងាយ តែក្រុមអ្នកវិទ្យាសាស្ត្រកន្លងមកតែងចាត់ទុកថា វត្ថុអវកាសដែលនឹងគោចរមកកៀកផែនដីនៅក្រោមគម្លាត ៧.៥លានគីឡូម៉ែត្រ នោះនឹងត្រូវរាប់បញ្ចូនក្នុងចង្កោមអាចម៍ផ្កាយ ដែលអាចគំរាមកំហែងផែនដី។
តែយ៉ាងណា ការគំរាមកំហែងប្រកបដោយឱកាសខ្ពស់បំផុតពេលនេះ គឺអាចម៍ផ្កាយ Apophis ទៅវិញទេ។ Apophis ដែលមានមុខកាត់ខ្ទង់ ៣៤០ម៉ែត្រ នឹងគោចរមកកៀកផែនដីបំផុតតែ ៣១,៨៦០km ប៉ុណ្ណោះ (កៀកជាងព្រះចន្ទជាង ១០ដង) នៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០២៩។ យើងក៏មិនត្រូវភ្លេចនោះដែរថា អាចម៍ផ្កាយដែលបានវាយប្រហារទីក្រុង Chelyabinsk របស់ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៣ ដែលបានបង្កឲ្យមនុស្សជាង ១,០០០នាក់របួស និងអគារជាច្រើនរងការបំផ្លិចបំផ្លាញ ទាំងដែលវាមិនបានធ្លាក់ចំទីក្រុងនោះផងនោះ គឺមានមុខកាត់មិនដល់ ២០ម៉ែត្រនោះទេ៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ ESA/NASA/ATLAS (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥)
