ក្នុងកម្ទេចអាចម៍ផ្កាយ Bennu មានផ្ទុកសមាសធាតុពិសេសៗ… (ពាក់ព័ន្ធនឹងជីវិត) (វីដេអូ)

297

(បរទេស)៖ លោកអ្នកប្រហែលជាមិនទាន់ភ្លេចនោះទេ ចំពោះបេសកកម្មនាំយក កម្ទេចអាចម៍ផ្កាយ ប៊ែននូ (Bennu) ត្រលប់មកភពផែនដីវិញដោយជោគជ័យកាលពីជាង១ឆ្នាំមុន ហើយនៅដើមឆ្នាំ២០២៥នេះ លទ្ធផលវិភាគវែកញែកបានចេញមកហើយ ដោយក្នុងនោះសមាសធាតុពិសេសៗពាក់ព័ន្ធនឹងជីវិត ត្រូវបានរកឃើញនៅក្នុងសំណាក ឬគំរូតាង (sample) នោះហើយ។ ពេលនេះក្រុមអ្នកវិទ្យាសាស្ត្រកំពុងរីករាយ និងភ្ញាក់ផ្អើលខ្លាំង, នេះបើតាមការចេញផ្សាយដោយកាសែត Nature Astronomy ដែលត្រូវបានដកស្រង់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

(Video From YouTube: Cambo Space Edu)

សំណាកដែលមានផ្ទុក «សមាសធាតុទ្រទ្រង់ជីវិត (building blocks of life, មិនមែនជាជីវិតតែម្តងនោះទេ)» ត្រូវបានរកឃើញក្នុងកម្ទេចរបស់ Bennu, ជាអាចម៍ផ្កាយមានមុខកាត់ខ្ទង់ ៥០០ម៉ែត្រ ដែលបេសកកម្មយាន OSIRIS-REx របស់អង្គការ NASA បានជីក និងវេចខ្ចប់កាលពីឆ្នាំ២០២០ ហើយដឹកនាំត្រលប់មកកាន់ផែនដីវិញ និងទម្លាក់មកលើវាលខ្សាច់មួយនៃរដ្ឋ យូតាហ៍ (Utah) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នោះ។

អាចម៍ផ្កាយ Bennu (Credit: NASA)

Bennu ដែលតែងតែគោចរកាត់ចន្លោះរវាងផែនដី និងភពអង្គារនោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា បានបែកចេញពីវត្ថុអវកាសធំមួយ កាលពីប្រមាណ ៧០០លានឆ្នាំ ឬក៏អាច ២ពាន់លានឆ្នាំកន្លងមកហើយ។ វត្ថុអវកាសដ៏ធំនោះ អាចធ្លាប់បានស្ថិតនៅហួសគន្លងគោចរភពសៅរ៍ (Saturn) បច្ចុប្បន្ននេះទៅទៀត ដែលកាលណោះជាពេលប្រព័ន្ធព្រះអាទិត្យយើងទើបស្ថិតនៅវ័យជំទង់។ ការសន្និដ្ឋានបែបនេះ គឺយោងទៅលើការត្រួតពិនិត្យគន្លងគោចរ និងទម្រង់ផ្នែកខាងក្រៅរបស់អាចម៍ផ្កាយ ដែលមានមុខកាត់ខ្ទង់ ៥០០ម៉ែត្រមួយនោះ។

ក្នុងកម្ទេចអាចម៍ផ្កាយ Bennu មានផ្ទុកសមាសធាតុពិសេសៗ… (ពាក់ព័ន្ធនឹងជីវិត) (វីដេអូ)
បេសកកម្ម OSIRIS-REx (Credit: NASA)

មូលហេតុដែលក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិងកំពុងព្យាយាមធ្វើការសិក្សាលើផែនដី ភពដទៃ អាចម៍ផ្កាយ និងផ្កាយដុះកន្ទុយជាដើមនោះ ព្រោះពួកគេចង់ឈ្វេងយល់អំពី ស្ថានភាពដើមដំបូងបំផុតនៃការកកើតប្រព័ន្ធអាទិត្យ។ ជុំវិញរឿងនេះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Jason Dworkin មកពីមជ្ឈមណ្ឌល Goddard នៃអង្គការ NASA បានធ្វើការប្រៀបធៀបមួយឲ្យងាយយល់ថា «ឧទាហរណ៍យើងចង់ដឹងថា អាហារអ្វីខ្លះដែលក្រុមគ្រួសារក្នុងផ្ទះមួយ បានទទួលទាននៅថ្ងៃបុណ្យ Thanksgiving ដោយគ្រាន់តែត្រួតពិនិត្យកាកសំណល់អាហារក្នុងកន្លែងលាងចាន… ហើយពេលនោះយើងក៏បានរកឃើញ កម្ទេចការ៉ុតតិចតួច… យើងក៏បាននឹកគិតដល់ចំណុចមួយភ្លាមថា ការ៉ុតដែលត្រូវបានយកមកធ្វើជាអាហារនោះ ប្រាកដជាមានប្រភពពីកន្លែងណាមួយមិនខាន…»។

ប្រអប់ស្តុកតំណាកអាចម៍ផ្កាយ Bennu (Credit: NASA/Goddard)

វាមិនខុសពីអ្វីៗដែលមានលើផែនដីនេះឡើយ… ទាំងសមាសធាតុគីមី, ទឹក, រ៉ែ និងសូម្បីតែជីវិត គឺសុទ្ធសឹងតែស្ថិតក្នុងការស្រាវជ្រាវរកប្រភពដើមទាំងអស់ (យើងមិនទាន់ប្រាកដថា គ្រប់យ៉ាងដូចដែលងឃើញនេះបានកកើតឡើងលើផែនដីនេះតែម្តងឡើយ)។ ការសិក្សាចំពោះភពអង្គារ និងអាចម៍ផ្កាយ Bennu ពេលនេះបានផ្តល់តំរុយឲ្យយើងកាន់តែច្បាស់លាស់ហើយ នោះគឺសមាសធាតុអូកានិច ឬសមាសធាតុមួយចំនួនទៀតជាពិសេសទឹក ដែលជាមូលដ្ឋានសម្រាប់ឲ្យជីវិតប្រើប្រាស់ដើម្បីទ្រទ្រង់ការរីកលូតលាស់ទៅបាននោះ មានស្ទើរគ្រប់ទីកន្លែងក្នុងប្រព័ន្ធព្រះអាទិត្យ ដោយសូម្បីតែអាចម៍ផ្កាយ និងផ្កាយដុះកន្ទុយ។

សម្រាប់សមាសធាតុគីមីសំខាន់ៗ ដែលត្រូវបានរកឃើញក្នុងសំណាករបស់ Bennu ដោយក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA នោះមានដូចជា៖ អាស៊ីតនុយក្លេអ៊ិច (nucleic acids) ចំនួន ដែលអង្គទ្រទ្រង់ការបង្កើត DNA និង RNA ព្រមទាំងអាស៊ីតអាមីណូ (amino acids) ចំនួន ១៤ ក្នុងចំណោម ២០ ដែលកោសិកាវាត្រូវប្រើប្រាស់ទៅបង្កើតជាប្រូតេអ៊ីន (proteins) និងអាស៊ីតអាមីណូចំនួន ១៩ផ្សេងទៀត ដែលកម្រត្រូវបានប្រើប្រាស់ដោយភាវរស់ណាស់។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានឃើញរ៉ែអំបិលមួយចំនួន ដែលតែងកកើតឡើងនៅពេលទឹកប្រៃហួតអស់ ដូចនៅលើផែនដីយើងនេះផងដែរ។

(Credit: NASA/Goddard)

គួរបញ្ជាក់ថា បេសកកម្ម OSIRIS-REx របស់ NASA បានដឹកនាំសំណាកអាចម៍ផ្កាយ Bennu ចំនួន ២៥០ក្រាម (លើសផែនការដើមដែលចង់យកត្រឹមតែ ៦០ក្រាម) ដោយជោគជ័យ។ គោលដៅចម្បងរបស់ NASA និងអង្គការអវកាសដទៃទៀត គឺការស្រាវជ្រាវរកប្រភពដើមនៃជីវិតនៅលើភពផែនដី។ សម្រាប់ការបែងចែក sample ទៅកាន់ដៃគូអន្តរជាតិ NASA បានរក្សាទុកខ្លួនឯង ៧០% ដើម្បីធ្វើការពិសោធន៍រយៈពេល ២ឆ្នាំ ខណៈ ២៥% ត្រូវបានបែងចែកទៅកាន់អ្នកវិទ្យាសាស្ត្រជាង ២០០នាក់ មកពីស្ថាប័នសរុបចំនួន ៣៥ របស់អន្តរជាតិ, ៤% ប្រគល់ឲ្យអង្គការអវកាសកាណាដា (CSA) និង ០.៥%ទៀត ប្រគល់ឲ្យអង្គការអវកាសជប៉ុន (JAXA)

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA/Goddard (ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥)

480×240 Banner