កំណត់ត្រាថ្មីនៃយាន Voyager-1 របស់ NASA ស្វាគមន៍ឆ្នាំ២០២៥! (វីដេអូ)

334

(បរទេស)៖ សម្រាប់ប្រិយមិត្តដែលបានសាកសួរអំពីស្ថានភាពនៃយាន Voyager ទាំងពីរគ្រឿង ពេលនេះដំណឹងពិសេសមួយបានមកដល់ហើយ ដែលជាការស្វាគមន៍ឆ្នាំ២០២៥ នេះតែម្តង។ ដំណឹងល្អនោះ គឺយាន Voyager-1 ទើបតែបានលោតចូលតួលេខថ្មីនោះគឺ «២៥ពាន់លានគីឡូម៉ែត្រ» នៃរយៈចម្ងាយរវាងភពផែនដី ហើយក៏នៅតែមាននាមជាយានអវកាស ផលិតឡើងដោយមនុស្ស ដែលស្ថិតនៅចម្ងាយឆ្ងាយបំផុតពីផែនដី ហើយនៅតែអាចរក្សាទំនាក់ទំនងគ្នាបានផងដែរ។

(Video From YouTube: Cambo Space Edu)

យោងតាមវែបសាយអង្គការ NASA កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គឺជាពេលដែលយាន Voyager-1 បានលោតចូលរយៈចម្ងាយ ២៥,០០០,០០០,០០០ គីឡូម៉ែត្រពីផែនដី ឬស្មើនឹងស្មើនឹង ១៦៧.២ AU (AU ជាអក្សរកាត់មកពីពាក្យ Astronomical Unit ដោយយកចម្ងាយជាមធ្យមរវាងផែនដី និងព្រះអាទិត្យធ្វើជារង្វាស់ឯកតានោះគឺ ១AU = ១៥០លានគីឡូម៉ែត្រ)។ សម្រាប់ល្បឿននៃការគោចររបស់ Voyager-1 នៅក្នុងតំបន់អន្តរលំហអវកាស (Interstellar Space) គឺ ១៧គីឡូម៉ែត្រក្នុង១វិនាទី។

បេសកកម្មយាន Voyager ទាំង២របស់ NASA (Image Credit: NASA)

ងាកទៅកាន់យាន Voyager-2 វិញ គិតត្រឹមពេលដូចគ្នានេះ គឺកំពុងស្ថិតនៅចម្ងាយ ២០.៩ពាន់លានគីឡូម៉ែត្រពីភពផែនដី ឬស្មើនឹង ១៦៦.១ AU។ យាន Voyager-2 កំពុងគោចរក្នុងតំបន់អន្តរលំហអវកាសដូចគ្នា នៅក្នុងល្បឿន ១៥គីឡូម៉ែត្រក្នុង១នាទី។ មូលហេតុដែលយាន Voyager-1 មានសន្ទុះលឿនជាង Voyager-2 គួរឲ្យកត់សម្គាល់នោះ គឺព្រោះតែការរចនាយានទាំង ២ នេះដំបូងស្ថិតក្នុងគោលដៅខុសគ្នា។

តើខុសគ្នាដូចម្តេចខ្លះ? សម្រាប់ Voyager-1 គឺក្រុមអ្នកវិទ្យាសាស្ត្រ NASA មានគោលដៅធំពិសេស១ នោះគឺការបញ្ជូនវាឲ្យឆ្លងចូលតំបន់អន្តរលំហអវកាសតែម្តង ដោយមានជំនួយយ៉ាងធំពីការប្រើកម្លាំង Gravity របស់ភពដែលមានអានុភាពដូចជា ភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) ដើម្បីរុញច្រានល្បឿនទៅមុខ ខណៈចម្ងាយផ្លូវធ្វើដំណើររបស់ Voyager-1 ក្នុងប្រព័ន្ធព្រះអាទិត្យក៏ខ្លីដែរ នោះគឺវាគោចរកាត់តែភពចំនួនដូចខាងលើនេះប៉ុណ្ណោះ។

បេសកកម្មយាន Voyager ទាំង២របស់ NASA (Image Credit: NASA)

សម្រាប់យាន Voyager-2 វិញ គោលដៅធ្វើដំណើរក្នុងប្រព័ន្ធព្រះអាទិត្យមានច្រើនជាង Voyager-1 នោះគឺវាត្រូវគោចរកាត់ភពព្រហស្បតិ៍, សៅរ៍, អ៊ុយរ៉ានុស និងណិបទូន (Voyager-2 ជាយានអវកាសតែមួយគត់របស់មនុស្ស ដែលបានបំពេញទស្សនកិច្ចភពអ៊ុយរ៉ានុស និងណិបទូន)។ ការធ្វើដំណើរកាត់ភពច្រើន និងរងការបត់បែនជាមួយកម្លាំងទំនាញ ឬរុញច្រានច្រើននេះហើយ ទើបធ្វើឲ្យ Voyager-2 ចល័តយឺតជាង Voyager-1 ខណៈទិសដៅនៃបេសកកម្មវិទ្យាសាស្ត្រខុសគ្នា ក៏ជាកត្តារួមផ្សំមួយដែរ។

កំណត់ត្រាថ្មីនៃយាន Voyager-1 របស់ NASA ស្វាគមន៍ឆ្នាំ២០២៥! (វីដេអូ)
បេសកកម្មយាន Voyager ទាំង២របស់ NASA (Image Credit: NASA)

គួរបញ្ជាក់ថា យាន Voyager-1 បានចាកចេញពីផែនដី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧៧ និងបានទៅដល់ភពភព្រហស្បតិ៍នៅឆ្នាំ១៩៧៩ និងភពសៅរ៍នៅឆ្នាំ១៩៨០ រួចបន្ទាប់មកក៏ឆ្ពោះទៅឆ្លងកាត់ច្រកទ្វាររវាងប្រព័ន្ធព្រះអាទិត្យ និងតំបន់អន្តរលំហអវកាសបានសម្រេចនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២។ ដោយឡែក យាន Voyager-2 វិញបានចាកចេញពីផែនដី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៧ និងបានទៅដល់ភពភព្រហស្បតិ៍នៅឆ្នាំ១៩៧៩ និងភពសៅរ៍នៅឆ្នាំ១៩៨១ រួមបន្ទាប់មកក៏ឆ្លងចូលតំបន់អន្តរលំហអវកាសបានសម្រេច នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥)

480×240 Banner