ស្ងាត់ៗគ្រឿងយន្ត SPHEREx និង PUNCH របស់ NASA ជិតត្រូវ SpaceX បញ្ជូនទៅទីអវកាស (វីដេអូ)
(បរទេស)៖ បេសកកម្មថ្មីៗ ២ ទៀតហើយនឹងត្រូវជិះរ៉ុក្កែតក្រុមហ៊ុន SpaceX ទៅកាន់ទីអវកាស នោះគឺ SPHEREx និង PUNCH ដែលសុទ្ធសឹងជាគ្រឿងយន្តអវកាស ស្ថិតក្នុងគោលដៅធំៗ សម្រាប់បេសកកម្មស្រាវជ្រាវទីអវកាស និងចក្រវាល ដែលអង្គការ NASA បានជ្រើសរើសយកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ជាពេលត្រូវបាញ់បង្ហោះ។
ទោះបីជាត្រូវជិះរ៉ុក្កែត Falcon 9 ចេញពីមូលដ្ឋាន Vandenberg Space Force Base ក្នុងរដ្ឋកាលីហ្វ័រញ៉ារួមគ្នាក្នុងពេលឆាប់ៗនេះមែន តែបេសកកម្ម NASA ទាំងពីរនេះ មិនមានគោលដៅសិក្សាដូចគ្នាទេ។ ចង់ដឹងថា បេសកកម្ម SPHEREx និង PUNCH មានតួនាទីអ្វីខ្លះនោះ ចូលតាមដានពីរចំណុចធំៗខាងក្រោម៖
១៖ បេសកកម្មតេឡេស្កូបអវកាស SPHEREx ឬប្អូនប្រុសរបស់ James Webb
ស្វ៊ែររិច (SPHEREx) ឬយើងហៅឈ្មោះពេញថា Spectro-Photometer for the History of the Universe, Epoch of Reionization and Ices Explorer ដែលមានន័យដល់ការសិក្សាស្រាវជ្រាវ អំពីប្រវត្តិនៃការកកើតចក្រវាល។ យល់ន័យនេះភ្លាម គ្រប់គ្នានឹងនឹកគិតដល់តេឡេស្កូបអវកាស James Webb ភ្លែត ព្រោះតេឡេស្កូបអវកាសនេះ ក៏កំពុងសិក្សាអំពីប្រវត្តិសាស្ត្រ នៃការកកើតចក្រវាលដែរ ហេតុដូច្នេះហើយទើប SPHEREx ត្រូវបានផ្តល់នាមជាប្អូនប្រុសរបស់ Webb។

ទោះមាននាមជាប្អូនប្រុសមែន តែ SPHEREx នឹងមានសមត្ថភាពខ្លាំងជាង នៅក្នុងការសិក្សាអំពីចក្រវាល។ យើងនិយាយថាខ្លាំងនេះ គឺចង់សម្តៅទៅលើការសិក្សាអំពីចក្រវាល យ៉ាងទូលំទូលាយជាង James Webb ព្រោះ SPHEREx មានតួនាទីក្នុងការគូសវាសផែនទីចក្រវាល ក្នុងប្រវែងរលក (wavelengths) ច្រើនដល់ទៅរាប់រយ ដោយមិនមែនមើលតែជ្រុងតូចមួយដូច James Webb នោះឡើយ។
តេឡេស្កូបអវកាស SPHEREx នឹងបង្កើតផែនទីជាលក្ខណៈមុំទូលាយ (wide-angle) នៃផ្ទៃមេឃផែនដីពេលរាត្រីទាំងអស់តែម្តង ហើយផែនទីនោះនឹងប្រកបដោយរូបភាពបែបស៊ីជម្រៅ ដែលក្រុមតារាវិទូអាច Zoom មើល និងសិក្សាត្រង់ជ្រុងណាក៏ដោយនៃផ្ទៃមេឃដែលពួកគេចង់បាន។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រ NASA សមត្ថភាពនៃផែនទីថ្មីដែលនឹងត្រូវបង្កើតដោយ SPHEREx នោះគឺនឹងមានភាពអស្ចារ្យត្រង់កម្រិតភាពច្បាស់របស់វាតែម្តង។ ឧទាហរណ៍ ប្រសិនបើអ្នកមានកាមេរ៉ាដែលអាចថតព្រៃឈើលើផ្ទៃដីដ៏ធំធេងមួយ ហើយអ្នកអាច Zoom រកមើលដើមឈើមួយណាក៏បានដែលអាចពេញចិត្ត ប្រកបដោយភាពលម្អិត ហើយអ្នកថែមទាំងអាច Zoom ពងសត្វចាបក្នុងសំបុកនៅលើដើមឈើនោះ ដោយលម្អិតថែមមួយកម្រិតទៀត… នេះហើយជាភាពអស្ចារ្យរបស់ SPHEREx។
SPHEREx ដែលមានតម្លៃ ៤៨៨លានដុល្លារ នឹងប្រើប្រាស់ការសង្កេតជាលក្ខណៈ ពន្លឺអុបទិច (Optical Light) ដែលភ្នែកមនុស្សមើលឃើញផង និងពន្លឺក្រហមអាំងហ្វ្រាជិត (near-infrared light) ដែលភ្នែកមនុស្សមិនអាចមើលឃើញផង តាមរយៈឧបករណ៍ចាប់យកពន្លឺទាំងនោះ ហើយនឹងបង្កើតផែនទីចំនួន ១០២សន្លឹក ក្នុងកម្រិត wavelengths ខុសៗគ្នាចំនួន ១០២ នៅក្នុងរយៈពេលរៀងរាល់ ៦ខែម្តង។

គួរបញ្ជាក់ថា តេឡេស្កូបអវកាស SPHEREx មានទម្ងន់សរុប ១៧៨គីឡូក្រាមដោយវានឹងត្រូវបញ្ជូនឲ្យទៅគោចរនៅក្នុងគន្លង Sun-synchronous Polar Orbit (SSO) ដោយគន្លងមួយនេះមានរយៈកម្ពស់ខ្ទង់ ៧០០km ពីផ្ទៃផែនដី តែគោចរដោយទទួលយកពន្លឺព្រះអាទិត្យជាប្រចាំ (កាត់ប៉ូលខាងជើង និងត្បូងផែនដីជាប្រចាំ)។ គន្លងគោចរបែបនេះនឹងងាយឲ្យវាសង្កេតផ្ទៃមេឃបានគ្រប់ជ្រុង ដោយមិនមានការបិទបាំងនោះឡើយ។
២៖ បេសកកម្មនៃបណ្តាញផ្កាយរណប PUNCH
ឈ្មោះពេញរបស់ ផាញ់ (PUNCH) គឺ Polarimeter to Unify the Corona and Heliosphere ឬឧបករណ៍សម្រាប់សិក្សាអំពីស្រទាប់ខូរ៉ូណា និងហេលីអូស្វ៊ែរនៃព្រះអាទិត្យ។ ការសិក្សាអំពីស្រទាប់បរិយាកាសព្រះអាទិត្យ និងវិមាត្រចំនួន ៣ នៃព្រះអាទិត្យ តាមរយៈ PUNCH ដែលមានផ្កាយរណបសរុបចំនួន ៤ ធ្វើការងាររួមគ្នា នឹងធ្វើឲ្យ NASA សិក្សាកាន់តែច្បាស់ជាងមុនអំពីព្យុះព្រះអាទិត្យ (Solar Storm) និងបរិស្ថាននៃលំហអវកាស (Space Weather) ដែលសុទ្ធសឹងជាប្រធានបទក្តៅ ពាក់ព័ន្ធនឹងសន្តិសុខផ្នែកលើវិស័យទូរគមនាគមន៍សកល។

ផ្កាយរណបបំពាក់កាមេរ៉ាទាំង ៤គ្រឿងរបស់ PUNCH ក្នុងមួយគ្រឿងៗមានទម្ងន់ ៤០គីឡូក្រាម ដោយពួកវានឹងធ្វើការសង្កេតដោយផ្ទាល់ និងបណ្តាក់ៗគ្នាទៅលើសកម្មភាពព្រះអាទិត្យ ខណៈកំពុងស្ថិតនៅក្នុងគន្លងគោចរ ដែលមានរយៈកម្ពស់ខ្ទង់ ៥៧០គីឡូម៉ែត្រពីផ្ទៃផែនដី។ បើតាមអង្គការ NASA ធ្លាប់បានបញ្ជាក់ថា តម្លៃក្នុងការអភិវឌ្ឍ PUNCH ឡើង ដោយគិតទាំងការបាញ់បង្ហោះផងដែរ គឺប្រមាណ ១៦៥លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា បេសកកម្មទាំង ២ របស់ NASA ខាងលើនេះ នឹងជិះរ៉ុកែ្កត Falcon 9 របស់ SpaceX ចាកចេញពីផ្ទៃផែនដីនៅវេលាម៉ោង ៩៖១៥នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៨ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ត្រូវនឹងព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥)
