ភពសៅរ៍ទើបថែមសមាជិកចំនួន «១២៨ព្រះចន្ទ» ទៀតនៅក្នុងឆ្នាំ២០២៥នេះ!
(បរទេស)៖ ហេតុអ្វីត្រឹមតែជាដុំថ្មតូចៗសោះ ក៏ត្រូវបានចាត់ទុកថាព្រះចន្ទដែរ? ចម្លើយនឹងត្រូវបញ្ជាក់នៅខាងចុងអត្ថបទនេះ ប៉ុន្តែពេលនេះចូរគ្រប់គ្នាងាកមកតាមដានព័ត៌មានថ្មីនេះវិញ ពាក់ព័ន្ធនឹងការរកឃើញព្រះចន្ទ (Moon) ថ្មីៗបន្ថែមទៀតរហូតដល់ទៅ ១២៨ព្រះចន្ទ នៅជុំវិញភពឧស្ម័នយក្ស (Gas Giant) លំដាប់លេខ២ប្រចាំប្រព័ន្ធព្រះអាទិត្យយើង នោះគឺភពសៅរ៍ (Saturn)។
លទ្ធផលស្រាវជ្រាវដែលត្រូវបានប្រកាសចេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ គឺទទួលបានមកពីក្រុមអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌល Minor Planet Center (MPC) ដោយប្រើប្រាស់តេឡេស្កូប Canada France Hawaii Telescope (CFHT) ស្ថិតនៅជាមួយមជ្ឈមណ្ឌលសង្កេតតារា Mauna Kea Observatory នៃរដ្ឋ Hawaii សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌល MPC នេះមានតួនាទីក្នុងការសង្កេតរកវត្ថុអវកាសតូចៗដូចជា ព្រះចន្ទ (Moon), ភពបម្រុង ឬភពតឿ (Dwarf Planet) និងវត្ថុអវកាសនៅចុងៗប្រព័ន្ធព្រះអាទិត្យ (TNOs) ជាដើម។

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ការរកឃើញបន្ថែម ១២៨ព្រះចន្ទខាងលើនេះ នាំឲ្យភពសៅរ៍កើនចំនួនព្រះចន្ទសរុបដល់ទៅ ២៧៤ ដែលជាចំនួនច្រើនជាងព្រះចន្ទភព្រហស្បតិ៍ ដល់ទៅជិត ៣ដង។ ភពព្រហស្បតិ៍ (Jupiter) ដែលជាបងធំផុតលេខនោះ មានព្រះចន្ទសរុបចំនួនតែ ៩៥ ប៉ុណ្ណោះ តែនៅថ្ងៃអនាគតក៏មិនមែនប្រាកដថា នៅតែចំនួនប៉ុណ្ណេះដដែលនោះដែរ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាទុកមុនថា Jupiter ទំនងជាគ្មានថ្ងៃតាមទាន់ Saturn លើចំនួនព្រះចន្ទនេះទេ។
យោងតាមមជ្ឈមណ្ឌល MPC ព្រះចន្ទថ្មីៗទាំង ១២៨ នោះគឺជាមានទំហំមុខកាត់ចន្លោះពី ២km – ៤km តែប៉ុណ្ណោះ។ ទំហំកម្រិតនេះ ប្រសិនបើមិនទទួលរងឥទ្ធិពលទំនាញ ហើយក្លាយជាព្រះចន្ទរបស់ភពណាមួយទេ នោះពួកវានឹងត្រូវចាត់ចូលក្នុងជំពូកអាចម៍ផ្កាយ (Asteroids) ហើយ។ ជាការពិតណាស់ យាន Cassini ដែលបានទៅដល់ភពសៅរ៍នៅឆ្នាំ២០០៤ និងបញ្ចប់បេសកកម្មនៅឆ្នាំ២០១៧ ក៏បានរកឃើញព្រះចន្ទថ្មីៗមួយចំនួនដែរ អំលុងការបំពេញបេសកកម្មនោះទីនោះ តែក្រោយបញ្ចប់បេសកកម្មមក ក្រុមអ្នកវិទ្យាសាស្ត្របានពឹងលើតេឡេស្កូបពីផែនដីទាំងស្រុង ដើម្បីសង្កេតប្រព័ន្ធភពសៅរ៍បន្ត។

សម្រាប់ព្រះចន្ទថ្មីៗដែលទើបត្រូវបានរកឃើញនេះ គឺត្រូវបានចាត់ទុកជា២ក្រុមនោះគឺ Prograde Moons (ពណ៌ខៀវ) និង Retrograde Moons (ពណ៌ក្រហម) ដូចក្នុងរូបភាព។ Prograde Moons គឺចង់សម្តៅទៅដល់ព្រះចន្ទនានា ដែលគោចរស្របនឹងទិសរង្វិលខ្ញាល់របស់ភពសៅរ៍ ខណៈ Retrograde Moons វិញគឺបញ្ច្រាសពី Prograde Moons។
ចូរមកកាន់ចម្លើយចំពោះសំនួរពីខាងដើមអត្ថបទវិញ នោះគឺនិយមន័យរបស់ព្រះចន្ទ។ យើងហៅដុំថ្មអវកាសទំហំត្រឹមរាប់គីឡូម៉ែត្រនោះថាជា «ព្រះចន្ទ (Moon)» ទៅបាន ព្រោះតែការសង្កេតបានរកឃើញថា ពួកវាជាវត្ថុអវកាសដែលអាចធ្វើការចងភ្ជាប់ទំនាញ (gravitational bound) ជាមួយនឹងភពសៅរ៍ និងមានគន្លងគោចរជុំវិញភពនោះយ៉ាងទៀងទាត់ដោយមិនរបូតចេញទៅណាផ្សេង។

សរុបសេចក្តីមក ទោះបីជាអតីតកាលរបស់ព្រះចន្ទទាំងនោះ អាចជាអាចម៍ផ្កាយដែលត្រូវបានទំនាញភពសៅរ៍ឃាត់ទុក ឬក៏ជាបំណែកនៃព្រះចន្ទផ្សេងៗបុកគ្នាក្តីក៏លែងសំខាន់ ព្រោះនៅពេលពួកវាមានគន្លងគោចរត្រឹមត្រូវ ហើយផ្សាភ្ជាប់ទំនាញជាមួយភពសៅរ៍ដោយមិនរបូតទៅណានោះ យើងអាចចាត់ទុកពួកវាជាព្រះចន្ទហើយ។ បែបបថនេះ គឺប្រើប្រាស់សម្រាប់ផ្តល់ឋានៈដល់ព្រះចន្ទនៅគ្រប់ភពទាំងអស់ទាំងនៅក្នុងប្រព័ន្ធយើង និងភពដទៃៗទៀតនៅក្នុងចក្រវាល៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Universe Today (ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥)
