មិនអាចថាផែនដីឯកោទេ… រកឃើញភពកើនដល់៤ជុំវិញផ្កាយ Barnard ចម្ងាយតែ៦ឆ្នាំពន្លឺពីយើង
(បរទេស)៖ កាលពីឆ្នាំ២០២៤ ក្រុមតារាវិទូអន្តរជាតិបានប្រកាសជាផ្លូវការ ពីការរកឃើញភពតែ១ប៉ុណ្ណោះជុំវិញប្រព័ន្ធផ្កាយ បាណាដ (Barnard’s Star) ដែលកាលណោះអាចទុកថាជាដំណឹងដ៏រំភើបមួយដែរ ខណៈការសង្ស័យអំពីវត្តមានភពនៅជុំវិញផ្កាយដែលមានចម្ងាយតែ ៦ឆ្នាំពន្លឺពីយើង និងស្ថិតនៅលំដាប់លេខរៀងទី ២ ជាផ្កាយស្ថិតនៅកៀកផែនដីបំផុតនោះ បានកើតមានឡើងរាប់ទសវត្សរ៍មកហើយ គិតចាប់តាំងពីការរកឃើញផ្កាយនេះដំបូងដោយតារាវិទូ Barnard ក្នុងឆ្នាំ១៩១៦។
តើផែនដីពិតជាឯកោឬ? សំនួរគួរតែត្រូវញែកជា២វិញ នោះគឺទៅលើភាពឯកោប្រភេទណា។ តើភាពឯកោនេះចង់សម្តៅលើភព ឬជីវិត? ប្រសិនបើនិយាយពីជីវិត គឺយើងពិតជាឯកោមែនហើយ ព្រោះយើងមិនទាន់រកឃើញទីឋានដទៃ ក្រៅពីភពផែនដីនេះ ដែលមានជីវិតនោះឡើយ។ តែបើនិយាយពីភពនៅប្រព័ន្ធផ្កាយដទៃៗកៀកយើងវិញ គឺត្រូវបានរកឃើញជាបន្តបន្ទាប់រួចទៅហើយ ដូចជាភព Proxima b នៅជុំវិញផ្កាយកៀកយើងបំផុតគឺ Proxima Centauri និងនៅក្នុងឆ្នាំ២០២៥នេះតែម្តង គឺភពរហូតដល់ទៅ ៤ ហើយត្រូវបានបញ្ជាក់ថាមានវត្តមានជុំវិញផ្កាយ Barnard’s Star។
- តើផ្កាយ Barnard’s Star មានលក្ខណៈដូចម្តេច?
Barnard’s Star ស្ថិតនៅក្នុងជំពូក M dwarf និងមានម៉ាសស្មើនឹង ១៦% ប៉ុណ្ណោះ នៃម៉ាសព្រះអាទីត្យ។ និយាយដល់ពពួក M dwarf នេះគឺជាប្រភេទផ្កាយដែលសំបូរជាងគេ ក្នុងកាឡាក់ស៊ី Milky Way ឬស្មើនឹង ៧០% ក្នុងចំណោមផ្កាយទាំងអស់។ ផ្កាយប្រភេទ M dwarf នេះមានទំហំតូចៗ, ម៉ាសចន្លោះពី ០.០៨ដង ទៅ ០.៤៥ដងនៃម៉ាសព្រះអាទិត្យ, មិនសូវក្តៅ ហើយពន្លឺក៏ស្រទន់ជាងព្រះអាទិត្យយើងដែរ។ ប៉ុន្តែ, ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រភព បានចាត់ទុកតារាប្រភេទ M dwarf នេះ ជាគោលដៅល្អបំផុតសម្រាប់ពួកគេ ក្នុងការរកភពដែលអាចទ្រទ្រង់ជីវិត, ហេតុអ្វី?
…ព្រោះផ្កាយជំពូក M dwarf នេះមានអាយុវែងចាប់ពី ១ ទៅ ១០ទ្រីលានឆ្នាំ ខណៈផ្កាយលំដាប់ G-type ដូចជាព្រះអាទិត្យយើងមានអាយុជាមធ្យម ១០ពាន់លានឆ្នាំប៉ុណ្ណោះ។ ប្រការនេះអាចឲ្យនាំឲ្យភពមានជីវិត នៅជុំវិញផ្កាយប្រភេទនោះរក្សាវត្តមាន និងការអភិវឌ្ឍន៍របស់ពួកគេបានយូរអង្វែងជាងលើផែនដីឆ្ងាយ។ មួយវិញទៀត តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) នៅជុំវិញផ្កាយ M dwarf នោះក៏ស្ថិតនៅកៀកផ្កាយផងដែរ ដែលជាហេតុជំរុញឲ្យភព Exoplanet នៅជុំវិញផ្កាយទាំងនោះ ងាយឲ្យតេឡេស្កូបលើផែនដីសង្កេតឃើញ។

- តើភពទាំង៤ជុំវិញ Barnard’s Star នោះមានលក្ខណៈដូចម្តេច?
អានចំណុចខាងលើនេះរួច គឺហាក់ដូចជាឃើញចំណុចវិជ្ជមានច្រើនណាស់ ចំពោះផ្កាយ Barnard’s Star ដែលស្ថិតនៅកៀកផែនដីខ្លាំងនេះ។ ប៉ុន្តែ, ភពនានាដែលត្រូវបានរកឃើញជុំវិញផ្កាយនេះ គឺសុទ្ធតែមានទំហំតូចជាងភពផែនដី និងគោចរកៀកនឹងផ្កាយមេវាខ្លាំង។ ប្រការនេះមានន័យថា កម្តៅដែលពួកវាទទួលបានក៏ខ្លាំងដែរ ដែលមិនមែនជាបរិស្ថាននៃ Habitable Zone ដែលអាចផ្តល់ឱកាសឲ្យជីវិតកកើតនោះឡើយ។
ចំពោះម៉ាសរបស់ភពទាំង៤ខាងលើនេះគឺទី១៖ ភព Barnard b មានម៉ាសស្មើនឹង ២៦% នៃម៉ាសផែនដី, ទី២៖ ភព Barnard c មានម៉ាសស្មើនឹង ៣០% នៃម៉ាសផែនដី, ទី៣៖ ភព Barnard d មានម៉ាសស្មើនឹង ៣៤% នៃម៉ាសផែនដី និងទី៤៖ ភព Barnard e មានម៉ាសស្មើនឹង ១៩% ប៉ុណ្ណោះនៃម៉ាសផែនដី។ ដើម្បីឲ្យគ្រប់គ្នាងាយយល់ ភពពុធ (Mercury) ដែលស្ថិតនៅកៀកព្រះអាទិត្យជាងគេ (ជាមធ្យម ៥៨លានkm) នោះមានម៉ាសស្មើតែ ៦% ប៉ុណ្ណោះនៃម៉ាសផែនដី ខណៈភពអង្គារ (Mars) គឺស្មើនឹង ១១% នៃម៉ាសផែនដី។
បន្ថែមពីខាងលើនេះទៀត ដោយសារតែផ្កាយ Barnard’s Star ស្រាល និងតូចជាងព្រះអាទិត្យនោះ ដូច្នេះភពរបស់វាក៏គោចរកៀកៗនឹងវាខ្លាំងដែរ។ យោងតាមទិន្នន័យពីតេឡេស្កូប ភពទាំង៤នោះ សុទ្ធតែមានគន្លងគោចរកៀកនឹងផ្កាយ ជាងគន្លងគោចររបស់ភពពុធទៅនឹងព្រះអាទិត្យយើងទៅទៀត ហើយភពទាំង៤នោះប្រើពេលចាប់ពី ១០ថ្ងៃ ទៅ ៤២ថ្ងៃ ដើម្បីគោចជុំវិញផ្កាយមេវា១ជុំ។

គួរបញ្ជាក់ថា ការរកឃើញភពទាំង៤ខាងលើនេះ (៣ភពទើបរកឃើញថ្មីៗ) ត្រូវបានធ្វើឡើងដោយតេឡេស្កូប Gemini Telescope នៅលើកោះ Hawaii សហរដ្ឋអាមេរិក និងតេឡេស្កូប VLT (Very Large Telescope) នៅប្រទេសឈីលី។ យ៉ាងណាក៏ដោយ ការសិក្សាផ្កាយ Barnard’s Star នៅតែកំពុងបន្ត រួមទាំងផ្កាយជិតៗយើងផ្សេងៗទៀតផងដែរ ដូចជា Proxima Centaur និង Alpha Centauri ជាដើម ហើយយើងសង្ឃឹមថា នឹងមានដំណឹងល្អជាងនេះឆាប់ៗ៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ Earth (ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥)
