Starship នឹងដឹក «មនុស្សយន្ត» ទៅកាន់ភពព្រះអង្គារនៅចុងឆ្នាំក្រោយ បន្ទាប់ពីនោះទើបដល់វេន «មនុស្សពិត»
(បរទេស)៖ មើលទៅគម្រោងដែលត្រូវបានប្រកាសចេញកាលពីឆ្នាំ២០២៤នោះ ទំនងជាមានក្តីសង្ឃឹមកាន់តែខ្ពស់ក្នុងការកើតឡើងពិតប្រាកដហើយ នោះគឺការបញ្ជូននាវអវកាស (Starship) របស់ក្រុមហ៊ុន SpaceX សាកល្បងទៅកាន់ភពអង្គារ (Mars) នៅឆ្នាំ២០២៦ ព្រោះនៅក្នុងខែមីនា ឆ្នាំ២០២៥នេះ ម្ចាស់ SpaceX លោក Elon Musk បានបង្ហើបឲ្យដឹងកាន់តែច្បាស់ វានឹងកើតឡើងនៅ «ចុងឆ្នាំ២០២៦» ហើយអ្វីដែលពិសេសបន្ថែមទៀតក៏ត្រូវបានលោកប្រាប់ fans ឲ្យដឹងផងដែរតាមរយៈ X។
តាមរយៈបណ្តាញសង្គម X (Twitter) លោក Musk បានសរសេរថា «Starship នឹងចាកចេញពីភពផែនដីនៅចុងឆ្នាំ២០២៦ ដើម្បីសម្តៅទៅរកភពព្រះអង្គារ ហើយក៏ដឹកមនុស្សយន្ត Optimus (របស់ក្រុមហ៊ុន Tesla) មួយគ្រឿងទៅជាមួយផងដែរ…»។ នេះជាការបញ្ជាក់លើកទី ២ ខណៈកាលពីលើកទី ១ លោក Musk បានអះអាងត្រឹមថា នឹងបញ្ជូន Starship ទទេទៅសាកល្បងចុះចតលើភពអង្គារនៅឆ្នាំ២០២៦ ប៉ុណ្ណោះ ដោយមិនមានមនុស្សយន្ត Optimus នោះទេ។

ស្ថាបនិក SpaceX ដែលកំពុងវីវក់ក្នុងរឿងនយោបាយ នៅសហរដ្ឋអាមេរិករូបនេះ ក៏បានបង្ហើបបន្ថែមទៀតផងដែរថា «ការដឹកមនុស្សពិតទៅចុះចតលើភពអង្គារ អាចកើតឡើងនៅដើមឆ្នាំ២០២៩ ឬក៏អាចនៅឆ្នាំ២០៣១ ប្រសិនបើការបញ្ជូន Starship សាកល្បងទៅចុះចតនៅទីនោះ ដំណើរការទៅដោយជោគជ័យ»។ ជាការពិតណាស់ ការចង់បញ្ជូនយានទៅមករវាងផែនដី និងភពអង្គារ អាចកើតឡើងតែអំលុង ២៦ខែម្តងប៉ុណ្ណោះ ព្រោះជាពេលភពទាំង ២ រំកិលរកចំណុចកៀកគ្នាម្តងៗ ឬប្រសិនបើខកខានឱកាសល្អម្តង នោះនឹងត្រូវរង់ចាំជាង ២ឆ្នាំ ទើបអាចចាប់ផ្តើមម្តងទៀត។
បើទោះបីជាក្រុមហ៊ុនផលិតរថយន្ត Tesla កំពុងរងការធ្វើពហិកាមិនប្រើប្រាស់ ពីសំណាក់អ្នកមាននិន្នាការនយោបាយ ផ្ទុយយើងនឹងរដ្ឋបាលលោក Donald Trump និងលោក Elon Musk ទាំងនៅសហរដ្ឋអាមេរិក និងបរទេសក្តី ក៏ក្រុមហ៊ុន SpaceX ហាក់មិនទាន់ជួបប្រទះបញ្ហាអ្វីនោះទេ តែគេមើលឃើញថាគម្រោងអនាគតក្នុងការស្រាវជ្រាវទីអវកាសរបស់លោក Musk ជាពិសេសការធ្វើតេស្ត Starship នឹងកាន់តែរលូនជាងមុន ដោយសារមានការជួយជ្រោមជ្រែងពីរដ្ឋបាលអាមេរិកថ្មីយ៉ាងពេញទំហឹង។
គួររម្លឹកថា ការលើកឡើងរបស់លោក Elon Musk ខាងលើនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការធ្វើតេស្ត Starship (Ship 34) និង Super Heavy Booster (Booster 15) ជាលើកទី៨ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានលទ្ធផលស្រដៀងលើកទី៧ នោះគឺ Starship បានផ្ទុះឆេះ និងធ្លាក់កម្ទេចកម្ទីពាសពេញនៅលើអាកាសពីលើដែនកោះ Turks & Caicos រហូតដល់មហាសមុទ្រអាត្លង់ទិច។

សម្រាប់ការចាកចេញពីភពអង្គារ SpaceX ត្រូវមាន Starship មួយដែលបំពាក់ប្រព័ន្ធសម្រាប់ការចាក់បំពេញឥន្ធនៈ និងត្រួតពិនិត្យបច្ចេកទេសផ្សេងៗទៀត ពេលស្ថិតក្នុងគន្លងគោចរផែនដី ហើយនៅពេលប្រាកដថា អ្វីៗត្រូវបានរៀបចំស្រេចបាច់ ១០០% ទើបការចេញដំណើរទៅភពក្រហមនោះចាប់ផ្តើម។ ការធ្វើដំណើរទៅភពអង្គារ នឹងប្រើពេលយូរបំផុត ៦ខែ ទៅ ៧ខែទើបដល់គោលដៅ ហើយការចុះចតលើភពអង្គារ នឹងមិនលំបាកវេទនាដូចនៅលើផែនដីឡើយ ព្រោះបរិយាកាសភពអង្គារស្តើងជាងផែនដីឆ្ងាយ (នឹងមិនសូវមានការបុកទង្គិចជាមួយតួយាន) និងកម្លាំងទំនាញក៏ខ្សោយជាងផែនដីដែរ (ម៉ាស៊ីនយានមិនសូវប្រឹងខ្លាំងពេលចុះចតជិតដល់ដី) នេះបើយើងនិយាយឲ្យងាយយល់៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ India Today/Elon Musk (ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥)
