ឱកាសបុកគ្នាធ្លាក់ចុះ! នេះជាលទ្ធផលសិក្សាថ្មីចំពោះអនាគតកាឡាក់ស៊ី Milky Way និង Andromeda (មានវីដេអូ)

199

(បរទេស)៖ តើប៉ុន្មានឆ្នាំហើយដែលអ្នកទាំងអស់គ្នារួមទាំងខ្ញុំនឹកគិតជាប់ជានិច្ចថា កាឡាកស៊ី Milky Way របស់យើង និងអ្នកជិតខាងរបស់យើងបំផុតនោះគឺ Andromeda ដែលមានគម្លាត ២.៥លានឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ពីគ្នានឹងបុកគ្នានោះ? ឥលូវនេះលទ្ធផលសិក្សាថ្មីមួយបានចេញមកហើយ ដោយក្រុមអ្នកវិទ្យាសាស្ត្រខ្លះបានសង្កេតឃើញថ្មីបែបនេះវិញថា កាឡាក់ស៊ីទាំង នេះនឹងមិនអាចបុកគ្នា ឬបើនិយាយឲ្យចំគឺរួមបញ្ចូលគ្នា (merging) នោះទេ…។

(សូមចុចទស្សនាក្នុងយូធូប Cambo Space Edu)

រម្លឹករឿងចាស់បន្តិច… ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្នេហាវិស័យតារាសាស្ត្រ មិនដែលរំលងប្រធានបទអំពីកាឡាក់ស៊ី Andromeda ម្តងណាឡើយ ជាពិសេសនៅពេលដែលមានការគណនាថា Milky Way និង Andromeda នឹងរួមបញ្ចូលគ្នានៅរយៈពេល ៤.៥ – ៥ពាន់លានឆ្នាំខាងមុខទៀតនោះ។ រាប់ទសវត្សរ៍មកហើយ ដែលយើងជឿជាក់អំពីរឿងនេះ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ លទ្ធផលសិក្សាថ្មីបានបង្ហាញថា ឱកាសដែល Milky Way និង Andromeda អាចបុកគ្នាហើយក្លាយជាកាឡាក់ស៊ី Milkimeda Milkomeda នោះគឺមានភាគរយតែ 50/50 ប៉ុណ្ណោះ…។

តារាវិទូមួយរូបឈ្មោះ Til Sawala មកពីសាកលវិទ្យាល័យ Helsinki ប្រទេសហ្វាំងឡង់ បានប្រាប់សារព័ត៌មាន SPACE ថា «ចំពោះការរកឃើញរបស់យើងគឺ លទ្ធផលព្យាករណ៍ពីមុនដែលថា កាឡាក់ស៊ី Milky Way និង Andromeda នឹងរួមបញ្ចូលគ្នានៅរយៈពេល ៤.៥ពាន់លានឆ្នាំទៀតនោះ គឺពិតជាមានភាពប្រាកដប្រជាតិចតួចបំផុត…។ យើងបានរកឃើញបែបនេះវិញថា ឱកាសដែលកាឡាក់ស៊ីទាំងពីរនឹងប៉ះគ្នានោះគឺតែ ៥០% ប៉ុណ្ណោះ និងនៅរយៈពេលយ៉ាងហោចណាស់ ១០ពាន់លានឆ្នាំទៀត… សរុបដោយខ្លីមក ភាពដែលអាចទៅរួចនៃកាឡាក់ស៊ីទាំង ២ នឹងបុកគ្នានោះបានធ្លាក់ចុះពីកម្រិត ក្បែរច្បាស់លាស់បំផុត (ក្បែរ 100%) ទៅជាការបង្វិលកាក់ (50/50) វិញ…»។

ឱកាសបុកគ្នាធ្លាក់ចុះ! នេះជាលទ្ធផលសិក្សាថ្មីចំពោះអនាគតកាឡាក់ស៊ី Milky Way និង Andromeda (មានវីដេអូ)
យោងតាមការសិក្សាថ្មី អនាគតបែបនេះនៃកាឡាក់ស៊ីទាំង ២ ទំនងជាមិនអាចកើតឡើងនោះទេ (Image Credit: NASA)
  • តើគេអាចគណនាចេញលទ្ធផលដូចខាងលើនេះបានយ៉ាងដូចម្តេច?

ជាការពិតណាស់ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ទិន្នន័យជាច្រើន ដែលត្រូវបានសង្កេតដោយតេឡេស្កូបអវកាស Hubble និង Gaia របស់អង្គការ NASA និង ESA ដើម្បីគណនាទៅលើម៉ាស និងទំនោររបស់កាឡាក់ស៊ីរណបនៃ Milky Way ព្រមទាំងកាឡាក់ស៊ីមិនពេញលក្ខណៈ (dwarf galaxies) មួយចំនួនទៀតនៅជុំវិញ Milky Way និង Andromeda ផងដែរ ព្រោះឥទ្ធិពលនៃទំនាញរវាងរចនាសម្ព័ន្ធអវកាសទាំងអស់នេះ តែងបង្កផលប៉ះពាល់លើគ្នាទៅវិញទៅមកជាប្រចាំ។

ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Helsinki បានសង្កត់ធ្ងន់ថា លទ្ធផលសិក្សាថ្មី (ក្នុងឆ្នាំ២០២៥) នេះគឺខុសប្លែកពីលទ្ធផលសិក្សាកាលពីរាប់ទសវត្សរ៍មុន ព្រោះពួកគេមានទិន្នន័យច្រើនជាងមុន ហើយថែមទាំងប្រសើរជាងមុនឆ្ងាយណាស់ ឬបើនិយាយជារួម ទិន្នន័យដែលត្រូវបានយកមកសិក្សា និងចេញលទ្ធផលដូចខាងលើនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ព្រោះសូម្បីតែឥទ្ធិពលនៃកាឡាក់ស៊ីរណប LMC (Large Magellanic Cloud) របស់ Milky Way (ចម្ងាយ ១៦០,០០០ឆ្នាំពន្លឺពីគ្នា) និងឥទ្ធិពលនៃកាឡាក់ស៊ីមិនពេញលក្ខណៈមួយឈ្មោះ Triangulum (M33 ឬ NGC 598) ដែលមានចម្ងាយ ២.៧៣លានឆ្នាំពន្លឺពី Milky Way ក៏ត្រូវបានយកបញ្ចូលក្នុងការព្យាករណ៍ថ្មីនេះផងដែរ។

សរុបសេចក្តីមក យើងអាចជឿជាក់លើការសិក្សាថ្មីក្នុងឆ្នាំ២០២៥ដែលថា ឱកាសដែល Milky Way និង Andromeda អាចរួមបញ្ចូលគ្នានោះគឺត្រឹម 50/50 ប៉ុណ្ណោះ ហើយវាអាចកើតឡើងនៅរយៈពេល ១០ពាន់លានឆ្នាំទៀត… មិនមែន ៤.៥ពាន់លានឆ្នាំទៀតនោះទេ…។ ឱកាស 50/50 មានន័យថា ឱកាសដែលអាចកាឡាក់ស៊ីទាំង រួមបញ្ចូលគ្នា និងមិនរួមបញ្ចូលគ្នា (ត្រឹមឆ្លងកាត់កៀកគ្នា) នោះគឺស្មើគ្នា។ លទ្ធផលនេះគឺឆ្លងកាត់ការគណនាតាមកម្មវិធីកុំព្យូទ័រ (simulations) សរុបដល់ទៅ ១០០,០០០លើកឯណោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥)

480×240 Banner