ជាលើកដំបូងដែលថតបាន «កំពូលភ្នំកម្ពស់១៦kmផុសចេញពីពពក» លើភពព្រះអង្គារ… (មានរូបភាព+វីដេអូ)

245

(បរទេស)៖ យើងតែងឃើញរូបភាព ឬវីដេអូអំពីភពអង្គារ (Mars) ដែលភាគច្រើនត្រូវបានបង្កើតឡើងដោយ កម្មវិធីកុំព្យូទ័រ (animation) ដោយបូកបន្ថែមនឹងទិន្នន័យអំពីសណ្ឋានផ្ទៃដីពិតៗ ដែលបេសកកម្មអវកាសរបស់អង្គការ NASA និង ESA បានផ្តិតយកយ៉ាងលម្អិតជាច្រើនមកហើយ។ ទិដ្ឋភាពលើភពអង្គារទាំងនោះ ពេលខ្លះអាចឲ្យអ្នកទស្សនាយល់ច្រលំថា Mars ជាភពត្រងោលគ្មានបរិយាកាសនោះទេ ឬបណ្តាលមកពីបរិយាកាសស្តើងពេក ដែលពិបាកឲ្យកាមេរ៉ានានាផ្តិតបាន… ប៉ុន្តែការពិតជាក់ស្តែង គឺមិនដូចការគិតរបស់មនុស្សមួយចំនួននោះឡើយ។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

នៅក្នុងរូបភាពដែលលោកអ្នកកំពុងទស្សនានេះ គឺជាកំពូលភ្នំ Arsia របស់ភពព្រះអង្គារដែលមានទំហំធំ និងកម្ពស់ខ្ពស់ជាងគេបំផុតលេខ ប្រចាំលើភពក្រហមនោះ។ អតីតភ្នំភ្លើងមួយនេះមានកម្ពស់ដល់ទៅជាង ១៦km ឯណោះគិតចាប់ពីផ្ទៃរាបរបស់ភពអង្គារ ខណៈភ្នំដែលខ្ពស់បំផុតនៅលើផែនដីគឺ Everest មានកម្ពស់តែ ៨,៨៤៩m ឬជិត ៩km ប៉ុណ្ណោះ។ ប៉ុន្តែពេលនេះយើងមិនមែនមកចាក់កម្ពស់គ្នារឿងភ្នំនោះឡើយ…។

កំពូលភ្នំ Arsia ផុសចេញពីពពកភពអង្គារ (Credit: NASA/Goddard)

នៅក្នុងរូបភាពថ្មីនេះ គឺជាការបង្ហាញឲ្យមនុស្សលើផែនដី មើលឃើញអំពីទេសភាពរបស់ភពអង្គារ ត្រង់តំបន់ភ្នំ Arsia នោះឯង ដោយមានអមដោយពពក និងអ័ព្ទយ៉ាងក្រាស់ព័ទ្ធជុំវិញ នៅពេលព្រឹកព្រហាមលើភពក្រហមនោះ។ តែទោះបីជាពពកក្រាស់យ៉ាងណា ក៏មិនអាចបិទបាំងកំពូលរាងក្រហូងដូចមាត់់ភ្នំភ្លើងរបស់ Arsia នោះបានឡើយ។ រូបភាព១សន្លឹកដ៏អស្ចារ្យនេះ ត្រូវបានផ្តិតយកដោយកាមេរ៉ាលើផ្កាយ Mars Odyssey របស់អង្គការ NASA ដែលបានទៅដល់ភពអង្គារតាំងតែពីខែតុលា ឆ្នាំ២០០១ មកនោះ។

តំបន់ប្រជុំអតីតភ្នំភ្លើងភពអង្គារ (Image Credit: NASA)

យោងតាមក្រុមជំនាញអង្គការ NASA ពពកដែលព័ទ្ធជុំវិញភ្នំ Arsia នោះគឺជាពពកទឹកកក (water ice clouds) ដែលតែងបង្ហាញខ្លួននៅព្រឹកព្រហាមមុនថ្ងៃរះ ហើយនៅក្រោយព្រះអាទិត្យរះខ្ពស់ឡើងៗនោះពួកវានឹងរលាយទៅវិញអស់ ដោយអាចឲ្យយើងឃើញវត្តមានភ្នំ Arsia នោះដូចរូបភាពទូទៅ។ NASA បានសង្កត់ធ្ងន់ទៀតថា នេះជាលើកទីមួយហើយ ដែលយើងអាចថតបានវត្តមានកំពូលភ្នំ Arsia លេចឡើងចេញពីពពក ស្របពេលដែល Mars Odyssey គោចរពីលើផ្ទៃមេឃភពអង្គារដ៏ទាបបែបនោះ។

ជាលើកដំបូងដែលថតបាន «កំពូលភ្នំកម្ពស់១៦kmផុសចេញពីពពក» លើភពព្រះអង្គារ… (មានរូបភាព+វីដេអូ)
កំពូលភ្នំ Arsia ផុសចេញពីពពកភពអង្គារ (Credit: NASA/Goddard)

រូបភាពខាងលើនេះត្រូវបានបញ្ចេញដោយ NASA កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយវាស្ថិតនៅក្នុងបណ្តុំរូបភាពដែលត្រូវបានផ្តិតយក កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំដដែល។ មូលហេតុនៃការថតរូបភាព អមដោយវត្តមានស្រទាប់បរិយាកាសបែបនេះ គឺក្រុមការងារ NASA ចង់សិក្សាបន្ថែមពីបរិយាកាសនៅត្រង់តំបន់ភ្នំ Arsia នោះ។ ក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា អតីតភ្នំភ្លើង Arsia ដែលស្ថិតនៅក្នុងតំបន់ក្រវាត់អតីតភ្នំភ្លើងឈ្មោះ Tharsis (មានអតីតភ្នំភ្លើងចំនួន នៅបណ្តាក់គ្នា និងស្ថិតនៅមិនឆ្ងាយពីភ្នំភ្លើងធំបំផុតប្រចាំប្រព័ន្ធព្រះអាទិត្យគឺ Olympus) តែងតែមានពពកព័ទ្ធជុំវិញច្រើនជាងភ្នំ ២ទៀត ហើយវត្តមាននឹងកាន់តែច្រើននៅអំលុងពេលដែលភពអង្គារស្ថិតនៅចំណុចឆ្ងាយបំផុត (aphelion) ពីព្រះអាទិត្យ។

ជុំវិញរូបភាពថ្មីនេះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Jonathon Hill មកពីមជ្ឈមណ្ឌល Goddard Space Flight Center របស់អង្គការ NASA ដែលប្រតិបត្តិលើប្រព័ន្ធកាមេរ៉ា Thermal Emission Imaging System ឬ THEMIS របស់ផ្កាយរណប Mars Odyssey បានលើកឡើងថា «យើងបានជ្រើសរើសយកតំបន់ភ្នំ Arsia (Arsia Mons) ដើម្បីថតយកឲ្យបាននូវកំពូលភ្នំរំលេចខ្លួនពីលើពពកពេលព្រឹមព្រហាមលើភពអង្គារបែបនេះ ពិតជាមិនបានឲ្យយើងខកបំណងនោះទេ…»។

ផ្កាយរណប Mars Odyssey (Credit: NASA/Goddard)

គួរបញ្ជាក់ថា ការសិក្សារបស់ NASA ដូចខាងលើនេះ គឺផ្តោតទៅលើការតាមដានបម្រែបម្រួល នៃពពករបស់ភពអង្គារទៅតាមពេលវេលា និងរដូវកាល ដែលមានប្រយោជន៍ទៅដល់ការវិភាគអំពីអតីតកាល បច្ចុប្បន្ន និងអនាគត ព្រមទាំងសម្រាប់បេសកកម្មស្រាវជ្រាវថ្មីៗលើភពក្រហមនោះទៅថ្ងៃអនាគត។ ដោយឡែកសម្រាប់យាន Mars Odyssey ក៏បានជាប់នាមរួចហើយថាជាគ្រឿងយន្តដែល NASA បានបញ្ជូនទៅភពដទៃ ហើយនៅតែអាចដំណើរការមកដល់បច្ចុប្បន្ន (២៤ឆ្នាំមកហើយ)។ យោងតាមការបញ្ជាក់កាលពីពេលថ្មីៗនេះ NASA គ្រោងបញ្ចប់បេសកកម្ម Mars Odyssey នៅដំណាច់ឆ្នាំ២០២៥ឆាប់ខាងមុខនេះហើយ តែ NASA មិនទាន់បញ្ជាក់ថា យាននោះនឹងអាចធ្វើអ្វីផ្សេងបន្តទៀតនៅឡើយទេ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA via CBS News (ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥)

480×240 Banner