គួរឲ្យសរសើរ! ក្រុមអ្នកវិទ្យាសាស្ត្រចិន «បង្ហាញការច្នៃប្រឌិតខ្ពស់មួយ នៅគន្លងគោចរផែនដី» ដែលពិតជា…
(សៀងហៃ)៖ ក្រុមអ្នកវិទ្យាសាស្រ្តចិន បានប្រែក្លាយកំណាត់ម៉ាស៊ីនចុងក្រោយ របស់រ៉ុក្កែតមួយគ្រាប់ ដែលត្រូវបានបោះចោលនៅក្នុងលំហអាកាស ក្រោយពីត្រូវបាននាំយកផ្កាយរណបមួយគ្រឿង ទៅកាន់គន្លងអវកាសនោះ ទៅជាឧបករណ៍ឆ្លាតវៃ ដែលមានសារៈប្រយោជន៍មួយ តាមរយៈការបំពាក់បន្ទះឈីបទៅឲ្យវា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។

ក្រុមអ្នកវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ បានបំពាក់បន្ទះឈីបឆ្លាតវៃមួយចំនួន ទៅលើកំណាត់ម៉ាស៊ីនចុងក្រោយ នៃគ្រាប់រ៉ុក្កែត Long March 4C ដែលបាននាំយកផ្កាយរណប Fengyun-3D ទៅកាន់កន្លងអវកាសរបស់ភពផែនដីយើង កាលពីខែវិច្ឆិកា កន្លងទៅនេះ។

ប្រធានក្រុមអ្នកវិទ្យាសាស្រ្តរបស់ សាកលវិទ្យាល័យ Fudan លោក Zheng Lirong បានឲ្យដឹងថា ផ្នែកផ្សេងៗនៃគ្រាប់រ៉ុក្កែត ដែលត្រូវបានគេបោះបង់ចោល ក្នុងអំឡុងពេលបេសកកម្ម បាញ់បង្ហោះឧបករណ៍នានាទៅអវកាស ចូលរួមចំណែកច្រើនគេបង្អស់ ក្នុងសម្រាមដែលរសាត់អណ្តែតក្នុងលំហអាកាស។ តាមរយៈការតំឡើងប្រព័ន្ធបន្ទះឈីប នៅលើកំណាត់រ៉ុក្កែតនេះ អ្នកវិទ្យាសាស្រ្តមួយក្រុមនេះ បានបង្កើតដំណាក់កាលដំបូង នៃបណ្តាញ Internet of Things (បណ្តាញនៃឧបករណ៍អេឡិចត្រូចនិក ដែលអាចភ្ជាប់ការទាក់ទងគ្នាបាន) នៅទីអវកាស។

លោក Zheng Lirong បានបន្តថា ដោយបំពាក់ជាមួយបន្ទះឈីបឆ្លាតវៃទាំងនេះ សម្រាមអវកាស អាចនឹងត្រូវប្រែក្លាយទៅជាការពិសោធន៍ផ្នែកវិទ្យាសាស្រ្តដែលចំណាយទាប និងទៅជាមធ្យោបាយសម្រាប់ធ្វើការទំនាក់ទំនង ដ៏មានប្រយោជន៍។

គួរជម្រាបថា បើតាមលោក Zheng ជាទូទៅគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់បង្ហោះ នឹងទម្លាក់ផ្នែករបស់វាចោលខ្លះ នៅពេលដែលវាអស់កម្លាំងរុញច្រាន ដើម្បីកាត់បន្ថយទម្ងន់ ហើយកំណាត់ចុងក្រោយរបស់គ្រាប់រ៉ុក្កែត ត្រូវបានបញ្ជូនទៅដល់គន្លងអវកាសរួមជាមួយ និងឧបករណ៍ចម្បងដែរ៕

