តើរូបភាពមួយសន្លឹកលើភពព្រះអង្គារនេះ ជារូបភាពពិតឬ AI? (មានវីដេអូ)
(បរទេស)៖ រូបភាពពិសេសៗ និងចម្លែកៗខ្លះនាពេលបច្ចុប្បន្ន តែងតែបង្កឲ្យមនុស្សមានការភាន់ច្រលំ ជាពិសេសទៅលើភាពពិតប្រាកដនៃរូបភាពទាំងនោះតែម្តង។ ដោយសារតែកម្មវិធីបញ្ញាសិប្បនិមិត្ត ឬ AI កាន់តែរីកចម្រើន នោះការបង្កើតរូបភាពច្នៃប្រឌិតឲ្យស្រដៀងទៅនឹងទិដ្ឋភាពពិតៗនោះ កាន់តែឲ្យភ្នែកមនុស្សធម្មតាពិបាកបែងចែក ហើយទិដ្ឋភាពនៅទីអវកាសជាច្រើន ក៏ហាក់រងការកំពុលកាន់តែខ្លាំងពីសំណាក់រូបភាព AI ទាំងនោះផងដែរ។
ប្រិយមិត្តខ្លះបានចោទសួរថា តើរូបភាពមួយសន្លឹកនេះពិតឬក៏ជា AI? ចម្លើយយ៉ាងខ្លីគឺ «នេះជារូបភាពពិត» ហើយវាជាទិដ្ឋភាពដ៏ពិសេសមួយនៅលើភពអង្គារ (Mars) ដែលផ្កាយរណបជុំវិញនោះបានផ្តិតបានជាច្រើនឆ្នាំមកហើយ ខណៈយានមួយរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប បានហោះកាត់ពីលើតំបន់នោះក្នុងរយៈកម្ពស់ ៤០០km។ តើពណ៌សៗក្នុងរណ្តៅនោះជាអ្វី? តើវាស្ថិតនៅត្រង់ណានៃភពអង្គារ?
នៅក្នុងរូបភាពនេះ គឺជាក្រហូងទឹកកក (water ice crater) ដែលមានឈ្មោះថា កូរ៉ូឡេវ (Korolev Crater)។ ឈ្មោះបែបនេះត្រូវបានដាក់តាម បិតាវិទ្យាសាស្ត្រនៃអតីតសហភាពសូវៀតមួយរូប ហើយទិដ្ឋភាពនេះត្រូវបានថតដោយផ្កាយរណបសង្កេតរកវត្តមានទឹក និងគូសវាសផែនទី 3D នៃភពអង្គារ (Mars) មានឈ្មោះថា Mars Express របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដែលបានទៅដល់ភពក្រហមនេះតាំងតែពីឆ្នាំ២០០៣ មកម្ល៉េះ។

ស្ថិតនៅក្បែរប៉ូលខាងជើងភពអង្គារ, Korolev មានអង្កត់ផ្ចិតជិត ៨២km (បើគិតតែពីតំបន់ដែលមានទឹកកកគឺមានមុខកាត់ ៦០Km ប៉ុណ្ណោះ) ហើយកាតឹបទឹកកកសៗ ដែលលោកអ្នកឃើញពេញក្នុងរណ្តៅនេះ អាចមានកម្រាស់ក្រាស់បំផុតដល់ទៅ ១.៨kmឯណោះ (សម្រាប់តំបន់កណ្តាលរណ្តៅ)។ តាមទិន្នន័យពីផ្កាយរណបអង្កេតភពអង្គារ Mars Express បានឲ្យដឹងថា ទឹកកកទាំងនោះមានវត្តមានក្នុងរណ្តៅ (ឬអាចហៅថាបឹងទឹកកក) នោះជាប្រចាំ និងគ្រប់រដូវកាលលើភពអង្គារតែម្តង។ រូបថតនានាអំពី Korolev នេះបានបង្កការចាប់អារម្មណ៍ខ្លាំងម្តងរួចមកហើយ ក្រោយពីការថតបានកាលពីខែមេសា ឆ្នាំ២០១៨។

តើផ្កាយរណប Mars Express អាចថតរូបភាពច្បាស់ៗបែបនេះតាមវិធីណា? ចម្លើយគឺនៅលើខ្លួន Mars Express មានបំពាក់កាមេរ៉ាពិសេសមួយឈ្មោះ The High Resolution Stereo Camera (HRSC) ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីឲ្យវាអាចផ្តិតរូបភាពផ្ទៃភពអង្គារ បានក្នុងកម្រិតភាពច្បាស់ (resolution) ខ្ពស់ ខណៈដែលវាកំពុងគោចរក្នុងល្បឿនយ៉ាងលឿនជាង ២០km ក្នុងមួយវិនាទីជុំវិញភពក្រហមនោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ ESA/CSA
(Credit: ESA/DLR/FU Berlin)
