ដូចជាបាត់ TESS? ភពពិសេស២ (TOI-700d និង GJ-357d) រកឃើញដោយ TESS អាចកំពុងលាក់ជីវិត… (វីដេអូ)

143

(បរទេស)៖ ចាប់តាំងពីបេសកកម្មតេឡេស្កូបអវកាស James Webb បើកដំណើរការជាផ្លូវការកាលពីខែកក្កដា ឆ្នាំ២០២២ មកទល់នឹងពាក់កណ្តាលឆ្នាំ២០២៥នេះ មនុស្សស្ទើរគ្រប់គ្នាហាក់ចាប់អារម្មណ៍ទាំងស្រុងទៅលើ ស្នាដៃរបស់ Webb ដែលមានតម្លៃជិត ១០ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ។ ប៉ុន្តែ… ប្រិយមិត្តខ្លះបានឆ្ងល់ និងសាកសួរមកកាន់ Cambo Space ថា ដូចជាបាត់តេឡេស្កូបអវកាស TESS…។

(សូមចុចទស្សនាក្នុងយូធូប Cambo Space Edu)

ជាការពិតណាស់! មួយរយៈនេះពិតជាមិនមានព័ត៌មានពិសេសៗអ្វី ពាក់ព័ន្ធនឹងតេឡេស្កូបអវកាស TESS នោះឡើយ ប៉ុន្តែវាមិនមែនមានន័យថា បេសកកម្មរបស់ TESS ត្រូវបានបញ្ចប់នោះឡើយ។ យោងតាមអង្គការ NASA ដែលជាអ្នកគ្រប់គ្រង TESS តេឡេស្កូបអវកាសនេះបានជួបប្រទះបញ្ហាបច្ចេកទេសខ្លះ ដែលបានតម្រូវឲ្យក្រុមអ្នកបច្ចេកទេសដាក់វាទៅក្នុងមុខងារការពារសុវត្ថិភាព (Safe Mode) ប៉ុន្មានដងផងដែរ កាលពីខែមេសា ឆ្នាំ២០២៤ តែក្រោយពីនោះ TESS នៅតែបន្តដំណើរការជាធម្មតា នៅក្នុងគន្លងគោចរកម្រិតខ្ពស់ជុំវិញភពផែនដី (high Earth orbit ឬ HEO)

  • រម្លឹកឡើងវិញខ្លះៗពីបេសកកម្មស្នូលរបស់ TESS

បេសកកម្មនៃតេឡេស្កូបអវកាស TESS (Transiting Exoplanet Survey Satellite) ត្រូវបានដឹកនាំ និងអភិវឌ្ឍឡើងដោយអង្គការ NASA ជាមួយនឹងទំហំទឹកប្រាក់ ៣៣៧លានដុល្លារអាមេរិក ក្នុងនោះការផលិត និងគ្រប់គ្រងបេសកកម្មស្នូល (primary mission គិតចាប់ពីខែមេសា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២០) មានតម្លៃសរុប ២០០លានដុល្លារ និងការបាញ់បង្ហោះកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ មានតម្លៃ ៨៧លានដុល្លារ

សម្រាប់បេសកកម្មស្នូលរបស់ TESS គឺជាការស្វែងរកភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanets) ដែលមានទំហំប្រហាក់ប្រហែលនឹងផែនដី តាមរយៈវិធីសាស្ត្រ Transit។ វិធីសាស្ត្រមួយនេះ គឺមិនខុសពីអ្វីដែលតេឡេស្កូបអវកាស Kepler បានធ្វើនោះទេ ហើយ TESS តែងតែចំណាយពេលយ៉ាងហោចណាស់ ១ ទៅ ១០ម៉ោង ដើម្បីសម្ងំសង្កេតមើលជុំវិញផ្កាយជាគោលដៅណាមួយ រហូតដល់រកឃើញវត្តមានភព Exoplanet គោចរកាត់ពន្លឺផ្កាយនោះ។ កម្រិតស្រមោលនៃភពជះមកកាន់កាណុងរបស់ TESS អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រវិភាគដឹងពីទំហំ (size), ម៉ាស (Mass) និងប្រភេទ (បរិយាកាស, ផ្ទៃ និងស្រទាប់ភព) បានតាមរយៈការវិភាគជាមួយនឹងប្រភេទនៃផ្កាយ ព្រមទាំងគម្លាតរវាងភពនោះនឹងផ្កាយមេវា។

ដូចជាបាត់ TESS? ភពពិសេស២ (TOI-700d និង GJ-357d) រកឃើញដោយ TESS អាចកំពុងលាក់ជីវិត… (វីដេអូ)
បេសកកម្មតេឡេស្កូបអវកាស TESS (Credit: NASA)

នៅក្នុងរយៈពេល ២ឆ្នាំនៃបេសកកម្មស្នូលនេះ តេឡេស្កូបអវកាស TESS បានរកឃើញ Exoplanets ផ្លូវការសរុប ៦៦ភព និងបេក្ខភាពដែលតម្រូវឲ្យមានការសង្កេតបន្តដើម្បីបញ្ជាក់ភាពផ្លូវការ (candidates) ប្រមាណជិត ២,១០០ភពទៀត។ សម្រាប់ភពពិសេសបំផុតដែល TESS បានរកឃើញ និងគណនាថា កំពុងស្ថិតក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (habitable zone) នោះគឺភព TOI 700 d ដែលមានចម្ងាយជាង ១០០ឆ្នាំពន្លឺពីផែនដី។

ភព TOI-700 d ស្ថិតក្នុង Habitable Zone (Credit: NASA/TESS’s Team)

យើងសូមរម្លឹកតែភព TOI-700 d បានហើយ ដោយមុនការរកឃើញរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលពាក់ព័ន្ធនឹងភព K2-18b ដោយ James Webb នោះ ភព TOI-700 d នេះទៅវិញទេដែលស្ថិតក្នុងការសង្ស័យខ្លាំងបំផុត ពាក់ព័ន្ធការអាចមានជីវិត (alien) រស់នៅ។ TOI-700 d មានទំហំធំជាងផែនដីយើង ២០% និងទទួលបានថាមពលពន្លឺពីផ្កាយមេរបស់វាប្រមាណ ៨៦% បើធៀបនឹងកម្រិតថាមពលដែលផែនដីទទួលបានមកពីព្រះអាទិត្យ។

ភព TOI-700 d ស្ថិតក្នុង Habitable Zone (Credit: NASA/TESS’s Team)

ស្ថានភាពក្នុងការសន្និដ្ឋានបែបនេះ គឺអាចឲ្យយើងគណនាបានថា បរិយាកាសរបស់ TOI-700 d មានការស្វាគមន៍ជីវិតក្នុងកម្រិតខ្ពស់ជាងភពផ្សេងៗទៀតដែល TESS បានរកឃើញ។ ការគណនាអំពី Habitable Zone របស់ TOI-700 d គឺយោងទៅលើការគណនាអំពីប្រភេទផ្កាយមេរបស់វានោះគឺ TOI-700 ដែលស្ថិតនៅក្នុងជំពូកតារាក្រហមទំហំតូច (Red Dwarf) ហើយផ្កាយនេះតែងមានម៉ាសស្រាល និងពន្លឺស្រទន់ជាងព្រះអាទិត្យយើង។

  • បេសកកម្មពង្រីក ឬពន្យារបន្ថែមរបស់ TESS

ក្រោយបេសកកម្មស្នូលបញ្ចប់ទៅក្នុងខែកក្កដា ឆ្នាំ២០២០ អង្គការ NASA បានសម្រេចបន្តពង្រីក ឬពន្យារបេសកកម្ម (extend) បន្ថែមឲ្យ TESS ដោយលើកទី១រហូតដល់ខែកញ្ញា ឆ្នាំ២០២២ និងលើកទី២ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងការពន្យារបន្ថែម២លើក ដែលលើកទី២នឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុននេះ ចំនួន Exoplanets ដែល TESS បានបញ្ជាក់វត្តមានជាផ្លូវការបានកើនឡើងដល់ខ្ទង់ ៦០០ភព និងចំនួនបេក្ខភាពវិញកើនដល់ជាង ៧,០០០ភព

នាអំលុងនៃការពន្យារបេសកកម្មបន្ថែមនេះដែរ TESS បានរកឃើញភពពិសេសមួយទៀតនោះគឺ GJ 357 d ដែលមានចម្ងាយ ៣១ឆ្នាំពន្លឺពីផែនដី និងគោចរក្នុងគន្លង Habitable Zone ជុំវិញផ្កាយមេរបស់វា។ ភពនេះអាចមានទំហំធំលើសផែនដីយើង ២.៤ដង និងម៉ាសធ្ងន់ជាងផែនដី ៦.១ដង ខណៈតារារបស់វាវិញនោះគឺ GJ 357 ជាប្រភេទតារា Red Dwarf មិនខុសពីផ្កាយ TOI-700 នោះឡើយ។

យោងតាមការគណនាជាបឋម ភព GJ 357 d ទទួលបានថាមពលពន្លឺ និងកម្តៅពីផ្កាយមេរបស់វា ស្មើនឹងភពអង្គារទទួលបានពីព្រះអាទិត្យ។ ស្ថានភាពបែបនេះ គឺអាចឲ្យវាមានបរិយាកាសក្រាស់, រក្សាទឹកលើផ្ទៃសំបក និងអាចមានជីវិតផងដែរ។ យ៉ាងណាក៏ដោយ ទាំង GJ 357 d និង TOI-700 d នោះមិនទាន់ទទួលបានការសង្កេតបន្ថែមពីតេឡេស្កូបដែលជំនាញខាងវិភាគធាតុផ្សំក្នុងបរិយាកាសដូចជា James Webb នោះឡើយ។

ភព GJ 357 d ស្ថិតនៅក្នុង Habitable Zone (Credit: NASA/TESS’s Team)

គួរបញ្ជាក់ថា នៅក្រោយការបញ្ចប់បេសកកម្មពន្យារបន្ថែមលើកទី ក្នុងខែកញ្ញា ឆ្នាំ២០២៥ នោះអង្គការ NASA អាចនឹងបន្តពន្យារបន្ថែមជាលើកទី ទៀតឲ្យក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស TESS ដើម្បីឲ្យវាបន្តការស្រាវជ្រាវរក Exoplanets ទៅមុខ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់នៅឡើយទេចំពោះរឿងនេះ ព្រោះបច្ចុប្បន្នអង្គការ NASA កំពុងរងភាពរង្គោះរង្គើរយ៉ាងខ្លាំង ដោយសារតែគម្រោងផ្តាច់ជំនួយប្រចាំឆ្នាំយ៉ាងច្រើនជាប្រវត្តិសាស្ត្រ ពីសំណាក់រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព​​​៖ NASA (ថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥)

480×240 Banner