Oops! តេឡេស្កូបអវកាស James Webb ទើបថតបាន «ទីទុយ.ចក្រវាល» ដ៏ចម្លែក… តើនោះជាអ្វី? (មានវីដេអូ)
(បរទេស)៖ ការបង្ហាញត្រឹមជ្រុងមួយនៃរចនាសម្ព័ន្ធអវកាស ដូចនៅក្នុងរូបភាពនេះបានធ្វើឲ្យ តេឡេស្កូបអវកាស James Webb ផ្តិតយកទិដ្ឋភាពចេញមកស្រដៀងនឹង មុខសត្វមួយប្រភេទលើផែនដីនោះគឺ «ទីទុយ» ហើយស្ថិតនៅចម្ងាយដល់ទៅរាប់ពាន់លានឆ្នាំពន្លឺពីផែនដីឯណោះ។ តើមុខទីទុយនោះជាអ្វីឲ្យប្រាកដ? ក្រុមអ្នកវិទ្យាសាស្ត្រដែលបានប្រើប្រាស់ទិន្នន័យពី James Webb ទើបតែបានផ្តល់ចម្លើយសម្រាប់គ្រប់គ្នា…។
មិនបាច់ឆ្ងល់ច្រើនទេ នោះគឺជាទិដ្ឋភាពនៃកាឡាក់ស៊ីនៅក្នុងចក្រវាល (universe) តែក៏មិនមែនជាកាឡាក់ស៊ីធម្មតាៗនោះដែរ ដោយនោះជាកាឡាក់ស៊ីចំនួន ២ ដែលកំពុងរួមបញ្ចូលគ្នា (merging) មានរហស្សនាមរួមមួយថា «ទីទុយចក្រវាល (Cosmic Owl)» ប៉ុន្តែក៏មានភាពកម្របំផុតមួយនៅក្នុងនោះដែរ…។ ទិដ្ឋភាពនេះកំពុងក្លាយជារបស់ពិសោធន៍ថ្មីសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីតាមដានមើលបម្រែបម្រួលរបស់វា និងជាពិសេសគឺការឈ្វេងយល់អំពីពេលវេលាដំបូង នៃការចាប់ផ្តើមរួមបញ្ចូលគ្នារបស់កាឡាក់ស៊ីទាំង២នោះ តាមរយៈការវិភាគទម្រង់រូបរាង និងកម្រិតនៃពន្លឺដែលពួកវាជះមករកយើង។

តាមពិតទៅផ្តិតរូបភាពថ្មីរបស់ James Webb នេះ គឺបានបន្តវេនពីកម្មវិធីសិក្សារបស់ និស្សិតថ្នាក់បណ្ឌិតមួយរូបឈ្មោះ Mingyu Li មកពីសាកលវិទ្យាល័យ Tsinghua ប្រទេសចិន ដែលបានធ្វើការសិក្សាលើកាឡាក់ស៊ីកំពុងរួមបញ្ចូលគ្នាខាងលើនេះ ប៉ុន្តែកាលណោះគេពុំឃើញមានទិដ្ឋភាពដូចជា «មុខទីទុយ» បែបនេះឡើយ…។ ឈានមកដល់ការថតរូបភាពរបស់ James Webb ដែលត្រូវបានសម្រេចចេញតាំងតែពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ និងបញ្ជូនទៅកាន់អង្គស្តុកទិន្នន័យវិទ្យាសាស្ត្រសកល ArXiv (មិនទាន់ចេញផ្សាយផ្លូវការទេ) គ្រប់គ្នាអាចមើលឃើញទិដ្ឋភាពថ្មីផុសឡើង នោះគឺកាឡាក់ស៊ីមុខដូចទីទុយ។
មូលហេតុដែលអាចលេចចេញនូវទិដ្ឋភាពបែបនេះ ក៏ព្រោះតែ James Webb ជាតេឡេស្កូបចាប់យក ពន្លឺក្រហមអាំងហ្វ្រា (Infrared Light) នៅក្នុងទីអវកាស ដែលភ្នែកមនុស្ស និងតេឡេស្កូបធម្មតាមិនអាចចាប់បាននោះឡើយ ដូច្នេះទើបសមាសធាតុជាច្រើនដែលលាក់ខ្លួនអាចរំលេចចេញមកបាន ពេលស្ថិតនៅក្នុងឧបករណ៍ចម្រាញ់យកពន្លឺក្រហមអាំងហ្វ្រារបស់ Webb នោះ។ ដោយសារស្នូលនៃកាឡាក់ស៊ីតែងមានពន្លឺ និងកម្តៅខ្លាំងនោះទើបស្នូលនៃកាឡាក់ស៊ី២នោះ ក្លាយជាភ្នែកទាំងគូរបស់ Cosmic Owl តែម្តង។

យោងតាមទិន្នន័យពី James Webb និងបណ្តាញតេឡេស្កូប ALMA នៅប្រទេសឈីលី កាឡាក់ស៊ីភ្នែកទីទុយទាំង ២ នេះដែលកំពុងតែរួមបញ្ជូល ស្ថិតនៅចម្ងាយខ្ទង់ ១១ពាន់លានឆ្នាំពន្លឺពីយើងក៏ពិតមែន តែការរួមបញ្ចូលគ្នា ឬបើនិយាយឲ្យចំទិដ្ឋភាពជាក់ស្តែងតែម្តងគឺការ បុកគ្នា (collision) នោះ ទើបតែបានចាប់ផ្តើមឡើងកាលពី ៣៨លានឆ្នាំមុននេះប៉ុណ្ណោះ ហើយវានឹងបង្ហាញមុខទីទុយដូច្នេះទៀតមកកាន់យើងរហូតដល់រាប់លានឆ្នាំទៅមុខ, នេះបើយោងទៅលើការត្រួតពិនិត្យគម្លាត, កម្រិតនៃការជះចេញនូវពន្លឺត្រង់ចំណុចដែលកំពុងត្របាញ់បញ្ចូលគ្នារវាងជាយកាឡាក់ស៊ីទាំង២ និងចលនានៃភាគល្អិត ព្រមទាំងកម្តៅនៅត្រង់តំបន់ព្រំដែនកំពុងចលាចលនោះ។

គួរបញ្ជាក់ថា កាឡាក់ស៊ីទាំង២ខាងលើនេះ មានប្រវែងអង្កត់ផ្ចិតប្រហែលគ្នានោះគឺខ្ទង់ ២៦,០០០ឆ្នាំពន្លឺ។ ទិន្នន័យសិក្សាពីនិស្សិត Mingyu Li ដោយបូកបន្ថែមទិន្នន័យពី តេឡេស្កូប VLA (Very Large Array) នៅរដ្ឋ New Mexico សហរដ្ឋអាមេរិកផងដែរ អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រគណនាបន្ថែមទៀតថា កំសួលនៃភាគលម្អិតប្រកបដោយថាមពល (jet) ដែលជះចេញពីប្រហោងខ្មៅ (Black Hole) មួយនៃកាឡាក់ស៊ីមួយក្នុងចង្កោម Owl Galaxy នោះ កំពុងជះឥទ្ធិពលទៅលើបណ្តុំពពកធូលី និងម៉ូលេគុលនៃឧស្ម័ន ដែលកាន់តែធ្វើឲ្យការកកើតផ្កាយ និងចេញចេញនូវរលកវិទ្យុ (radio) និងកម្លាំងរលកកន្ត្រាក់ (shock wave) កាន់តែពុះពោរឡើង។ ហេតុដូច្នេះហើយទើប Cosmic Owl គឺជារបស់ពិសោធន៍ពិតៗ ដើម្បីឲ្យមនុស្សលើផែនដីសង្កេតមើលស្តែងៗនឹងភ្នែក នូវបម្រែបម្រួលរបស់វាតជំនាន់ទៅមុខទៀត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science (ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥)
