បើធ្វេសប្រហែសរឿងនេះ «អវកាសយានិក ប្រាកដជាឡប់សតិ» ទាំងមិនទាន់ជិះទៅដល់ភពអង្គារ..
(អាមេរិក)៖ វាមិនមែនជារឿងធម្មតាឡើយសម្រាប់អង្គការ NASA ក៏ដូចជាក្រុមហ៊ុនអវកាសផ្សេងទៀតដូចជា SpaceX ជាដើម ដែលពួកគេចង់នាំមនុស្ស (អវកាសយានិក) ជិះនៅក្នុងយានចម្ងាយរាប់រយលានគីឡូម៉ែត្រ ឆ្ពោះទៅកាន់ភពអង្គារ និងធ្វើការចុះចតយានផ្ទុកមនុស្សនៅលើភពក្រហមនោះ ប្រកបដោយជោគជ័យនោះ។

បញ្ហាធំៗជាច្រើននឹងត្រូវជួបប្រទះ ខណៈដែលអវកាសយានិក ០៤រូប ដំបូងត្រូវបាន គេអះអាងថា នឹងធ្វើដំណើរទៅភពអង្គារនៅឆ្នាំ២០២២ ឬក៏ឆ្នាំ២០៣០ ហើយនឹងទៅធ្វើការស្រាវជ្រាវនៅទីនោះ រួចត្រឡប់មកភពផែនដីវិញដោយសុវត្ថិភាព ប៉ុន្តែជាក់ស្តែងបញ្ហាធំៗជាច្រើន នៅតែកំពុងចោទចំពោះក្រុមអ្នកវិទ្យាសាស្ត្រ។ ខាងក្រោមនេះ គឺជាបញ្ហាធំៗពីរ ដែលត្រូវតែដោះស្រាយឲ្យបាន មុននឹងធ្វើការបញ្ជូនមនុស្សទៅភព អង្គារយ៉ាងពិតប្រាកដ៖

១. បញ្ហាសុខុមាលភាពអវកាសយានិក៖ មនុស្សមិនមែនគ្រឿងយន្តនោះទេ ដូច្នេះការដែលយកភាវៈរស់ ទៅផ្ទុកនៅក្នុងយានតូចមួយ ហើយធ្វើដំណើររហូតដល់ចម្ងាយ ១៤០លានគីឡូម៉ែត្រ ដោយប្រើរយៈពេលជាង ៣០០ ថ្ងៃ (ឬអាច ១ឆ្នាំ) ទៅកាន់ភពអង្គារដ៏ផ្សងព្រេងនោះ វាពិតជារឿងដែលប្រថុយណាស់។ វាមិនដូចក្នុងរឿង Insterstellar 2014 ដែលមនុស្សអាចផ្ទុកនៅក្នុងម៉ាស៊ីន Steam រក្សាតុល្យភាពរាងកាយរាប់ឆ្នាំ ហើយអាចដឹងខ្លួនវិញ តាមកាលកំណត់ងាយៗបាននោះឡើយ។

បញ្ហាធំជាងនេះទៀត គឺមនុស្សត្រូវបានគេអះអាងថា នឹងអាចជួបប្រទះការប៉ះពាល់ខ្លាំង ដល់សតិអារម្មណ៍ ឬក៏អាចនឹងវិកលចរិតផង ពេលមិនទាន់ដល់គោលដៅផង។ ហេតុដូច្នេះ កត្តាចាំបាច់របស់ក្រុមអ្នកវិទ្យាសាស្ត្រពេលនេះ គឺរកវិធីដោះស្រាយ ទាំងទៅលើផ្នែកសតិអារម្មណ៍ និងកាយសម្បទាទាំងមូល។

២. រលកវិទ្យុសកម្ម៖ យើងជាអ្នករស់នៅលើផែនដី ពិតជាសុខសាន្តខ្លាំងណាស់ ព្រោះភពដ៏ប្រពៃថ្លៃថ្លានេះ មានខែលការពាររលកវិទ្យុសកម្ម ឬពន្លឺមរណៈពីព្រះអាទិត្យបានរួចជាស្រេច ប៉ុន្តែមនុស្សមួយចំនួនមិនដឹងថា តើភពអង្គារអភ័ព្វដល់កម្រិតណាទេ។ ភពអង្គារមានដែនម៉ាញេទិចខ្សោយខ្លាំងណាស់ និងបរិយាកាសស្តើងបានតែជិត ១ភាគរយនៃបរិយាកាសផែនដីប៉ុណ្ណោះ។

ហេតុដូច្នេះនៅលើផ្ទៃភពអង្គារ ពោពេញដោយរលកវិទ្យុសកម្មខ្លាំង នៅពេលមានព្យុះព្រះអាទិត្យជះចំ ហើយបើសិនជាសិរីរាង្គកាយមនុស្ស ប៉ះនឹងសារធាតុទាំងនោះ វានឹងបំផ្លាញរាល់ប្រព័ន្ធការពារខ្លួនយើងបន្តិចម្តងៗ ហើយជាចុងក្រោយនោះ អវកាសយានិកនឹងបាត់បង់ជីវិត។ រលកវិទ្យុសកម្មលើភពអង្គារ តម្រូវឲ្យមនុស្ស និងយានអវកាសមានខែលការពារដ៏រឹងមាំ ខណៈដែលពេលនេះ ពួកវាកំពុងស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយ ប្រកបដោយការយកចិត្តទុកដាក់បំផុត។

សរុបសេចក្តីមក ពីរចំនុចធំៗខាងលើនេះ គឺជាបញ្ហាចម្បង ដែលកំពុងរារាំង NASA មិនទាន់អាចនាំមនុស្សទៅភពអង្គារបាន ប៉ុន្តែវាក៏នៅមានបញ្ហាបន្ទាប់បន្សំផ្សេងទៀតផងដែរ ដូចជាការផលិតយាន និងរ៉ុក្កែត ដែលអាចបាញ់បង្ហោះ ហើយស៊ូទ្រាំនឹងស្ថានភាពនៅទីអវកាស និងធ្វើការចុះចតលើភពអង្គារ រួចបាញ់បង្ហោះត្រឡប់មកផែនដីវិញ។ សម្រាប់អ្វីដែលកាន់តែជារឿងចាំបាច់បន្ថែមទៀតនោះ គឺថវិកាទ្រទ្រង់បេសកកម្មហ្នឹងតែម្តង៕

អត្ថបទដោយ៖ Cambo-Space (សម្រង់ចំនុចសំខាន់ៗពីអត្ថបទនានា)
