សូម្បី NASA ក៏មិនទាន់មានចម្លើយចំពោះ ពណ៌លើមេឃភពអង្គារនេះដែរ… (មានវីដេអូ)

143

(បរទេស)៖ មើលមួយភ្លែតអ្នកអាចច្រឡំថា ជាទិដ្ឋភាពនៅកន្លែងណាមួយលើផែនដីដូចជា វាលខ្សាច់សាហារ៉ា ឬជ្រលង Grand Canyon នៅសហរដ្ឋអាមេរិកជាដើម តែនេះមិនដូចអ្វីដែលអ្នកកំពុងគិតទេ។ រូបមួយសន្លឹកថ្មីនេះ គឺជាទិដ្ឋភាពពិតៗនៃផ្ទៃមេឃភពព្រះអង្គារ (Mars) ដែលត្រូវបានថតដោយយានអង្គការ NASA ដែលកំពុងបំពេញបេសកកម្មនៅឡើយ លើភពក្រហមនោះ។ ហេតុអ្វីបានវាជាស្រដៀងផ្ទៃមេឃផែនដីម្ល៉េះ?

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

មុននឹងយល់ដឹងចម្លើយចំពោះសំនួរនេះ ចូរយើងតាមរកអ្នកដែលបានថតរូបនេះសិន…។ រូបមួយសន្លឹកនេះត្រូវបានថតដោយ យានស្រាវជ្រាវភពអង្គារ Perseverance របស់អង្គការ NASA ដែលកំពុងស្ថិតក្នុងរណ្តៅ Jezero ក្រោយពីបានចុះទៅដល់ទីនោះកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ហេតុអ្វីផ្ទៃមេឃភពអង្គារក្នុងរូបភាពនេះមានរហូតដល់ទៅ ២ពណ៌?

(Image Source: NASA/JPL-Caltech)

ប្រសិនត្រឹមមើលនឹងភ្នែក (រូបភាព) ហើយយើងគិតថាវាមានពណ៌ស្រដៀងផ្ទៃមេឃផែនដីនោះ គឺមិនត្រឹមត្រូវឡើយ ព្រោះរូបភាពដែលបង្ហាញពី «ព្រះអាទិត្យរះលើភពអង្គារ» មួយសន្លឹកនេះមានពណ៌ផ្ទុយពីអ្វីដែលតែងកើតឡើងលើផែនដី។ ជាក់ស្តែង តំបន់ផ្ទៃមេឃជុំវិញវត្តមានព្រះអាទិត្យមានពណ៌រាងខៀវ ផ្ទុយពីផែនដីតែងមានពណ៌រាងក្រហម ខណៈតំបន់ផ្ទៃមេឃឃ្លាតពីចំណុចព្រះអាទិត្យបន្តិចនោះមានពណ៌រាងផ្កាឈូកស្រាលៗ ខុសពីផែនដីមានពណ៌ខៀវស្រាល…។

ចំពោះកត្តាដែលជម្រុញឲ្យមានភាពខុសគ្នានៃពណ៌នេះគឺរាងស្មុគស្មាញបន្តិច…។ យើងសូមលើកឡើងដំបូងពីកត្តាបរិយាកាសរបស់ភពព្រះអង្គារ ដែលមានភាពស្តើង (មិនបានស្មើ១% នៃកម្រាស់បរិយាកាសផែនដី) និងសម្បូរទៅដោយធូលីក្រហមៗនោះ តែងស្រូបយកពន្លឺពីពន្លឺព្រះអាទិត្យ និងបង្កើតចំណាំងទៅកាន់បរិយាកាសខុសពីនៅលើផែនដី ហើយទម្រង់នៃពពក​របស់​ភព​អង្គារ​ក៏​មើល​ទៅ​ខុស​គ្នា​ពីលើផែនដីយើងដែរ…។

សម្រាប់បណ្តុំពពកដែលស្ថិតនៅខាងស្តាំនៃរូបភាព គឺជាប្រភេទដូចពពកស្បៃ (ស្តើងៗ ឬពពក cirrus) ជាជាងពពកដុំៗធំៗដូចលើផែនដី ហើយពពក cirrus លើភពអង្គារនោះ កកើតឡើងពីទឹកកកគ្រីស្តាល់ (water ice crystals) មិនខុសពីនៅលើផែនដីឡើយ។ យ៉ាងណាក៏ដោយ តំបន់ផ្ទៃមេឃលើពពកនោះបែរជាមានពណ៌រាងខៀវស្រាល ដែលបាតុភូតបែបនេះសូម្បីអង្គការ NASA ក៏មិនទាន់រកឃើញចម្លើយឲ្យបានច្បាស់លាស់នោះដែរ តែសម្រាប់ផែនដីផ្ទៃមេឃពណ៌ខៀវតែម្តងតែងឲ្យយើងឃើញច្បាស់នាពេលថ្ងៃត្រង់ដែលមានមេឃស្រឡះល្អ ហើយវាកកើតឡើងព្រោះតែពន្លឺព្រះអាទិត្យ ធ្វើអន្តរកម្មជាមួយម៉ូលេគុលនៃឧស្ម័ននានាក្នុងស្រទាប់បរិយាកាសផែនដីនោះឯង។

សូម្បី NASA ក៏មិនទាន់មានចម្លើយចំពោះ ពណ៌លើមេឃភពអង្គារនេះដែរ… (មានវីដេអូ)
(Image Source: NASA/JPL-Caltech)

គួរបញ្ជាក់ថា ការសិក្សាឈ្វេងយល់អំពីស្រទាប់បរិយាកាសភពអង្គារ និងដំណើរវិវត្តន៍របស់វា តាំងពីអតីតកាលមកទល់នឹងបច្ចុប្បន្ន ពិតជាមានសារៈសំខាន់ណាស់សម្រាប់ NASA ក៏ដូចជាក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ព្រោះវានឹងជួយឲ្យយើងយល់ដឹងអំពីវិធីសាស្ត្រក្នុងការការពារបរិយាកាសភពផែនដី មិនឲ្យជួបក្តីវិនាសលឿនដូចនៅភពអង្គារ ហើយវាក៏នឹងជួយឲ្យបេសកកម្មមនុស្សលើភពអង្គារយល់ដឹងជាមុនថា ខ្លួនត្រូវប្រព្រឹត្តបែបណាពេលស្ថិតក្នុងបេសកកម្មនៅលើភពក្រហមនោះ…៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥)

480×240 Banner