បេសកកម្មចិនថ្មី «ធានវិន២ (Tianwen-2)» ថតសែលហ្វីជាមួយភពផែនដី (មានវីដេអូ)
(បរទេស)៖ នៅដើមខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលអវកាសជាតិចិន (CNSA) បានបញ្ចេញនូវរូបថត selfie របស់យានអវកាស ធាវិន២ (Tianwen-2) ជាមួយនិងភពផែនដីរបស់យើង ខណៈដែលទើបចាកចេញពីភពផែនដីកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នោះ។
គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ យាន Tianwen-2 ដែលមានទម្ងន់ជាង ២តោន និងកម្ពស់ជិត ៥ម៉ែត្រ បានទៅដល់រយៈចម្ងាយ ៤៣លានkm ពីភពផែនដី និង ៤៥លានkm ពីគោលដៅចម្បងរបស់វា…។ ចម្ងាយនេះគឺជិតស្មើនឹង ១/៣ នៃគម្លាតរវាងភពផែនដី និងព្រះអាទិត្យទៅហើយ ខណៈផែនដី និងព្រះអាទិត្យមានគម្លាតជាមធ្យម ១៥០លានkm ពីគ្នា។ ប៉ុន្តៃឈប់សិន! តើ Tianwen-2 កំពុងបោះពួយទៅរកអ្វីដែរ?
ប្រិយមិត្តប្រាកដជាបានយល់ដឹងច្បាស់លាស់ហើយ អំពីបេសកកម្ម Tianwen-1 ដែលជាការស្រាវជ្រាវភពព្រះអង្គារដោយប្រទេសចិន ចាប់តាំងពីឆ្នាំ២០២១ មកនោះ។ សម្រាប់ Tianwen-2 វិញ ក៏ជាបេសកកម្មអវកាសដូចគ្នា តែមិនមែនសិក្សាចំពោះភពណាមួយនោះទេ ដោយវានឹងទៅសិក្សាអាចម៍ផ្កាយអាថ៌កំបាំង និងផ្កាយដុះកន្ទុយ…។
យោងតាម CNSA យានអវកាស Tianwen-2 គឺជាបេសកកម្មជីកយកសំណាកពីអាចម៍ផ្កាយ ដែលកំពុងធ្វើដំណើរទៅរកអាចម៍ផ្កាយមួយឈ្មោះ កាម៉ូអូឡេវ៉ា (Kamo’oalewa) ហើយអាចម៍ផ្កាយនេះជាប្រភេទដុំថ្មអវកាសរណប (quasi-satellite) ជាមួយផែនដី ដោយវាគោលចរជុំវិញព្រះអាទិត្យស្របនឹងផែនដីដែរ ជាលក្ខណៈរ៉េសូណង់នឹងគ្នា បើទោះបីជារវាងស្ថិតនៅគន្លងគោចរ ដែលមានចម្ងាយរាប់សិបលាន km ពីផែនដីក្តី។

CNSA បានបង្ហើបទៀតថា Tianwen-2 ទើបតែបានធ្វើតេស្តបញ្ជាគ្រឿងម៉ាស៊ីននានា នៅក្នុងខ្លួនរបស់វា និងបញ្ជាក់ថា គ្រប់យ៉ាងដំណើរការយ៉ាងល្អ។ បន្ថែមពីនេះ ការធ្វើតេស្តបញ្ចេញឧបករណ៍ជីកយកសំណាក (sample) ប្រមាណ ១០០ក្រាម ពីអាចម៍ផ្កាយ និងការត្រួតពិនិត្យដំណើរការខ្លួនឯងដោយស្វ័យប្រវត្តិនោះ ក៏ទទួលបានជោគជ័យផងដែរ។ Tianwen-2 នឹងទៅដល់គោលដៅនោះគឺអាចម៍ផ្កាយ Kamo’oalewa នៅខែកក្កដា ឆ្នាំ២០២៦។
Kamo’oalewa ដែលមានប្រវែងអង្កត់ផ្ចិតចន្លោះពី ៤០m – ១០០m នោះ មានគម្លាតពីភពផែនដីរបស់យើងនៅក្នុងចន្លោះពី ១៤.៥លានkm ទៅ ៤០លានkm។ សំណាកដំបូងពី Tianwen-2 នឹងត្រូវដឹកនាំមកទម្លាក់លើភពផែនដីនៅចុងឆ្នាំ២០២៧ ហើយពេលនោះ Tianwen-2 ក៏នឹងបន្តបេសកកម្មតង់ទី២ផងដែរ ទៅកាន់ផ្កាយដុះកន្ទុយ 311P/PANSTARRS ដែលនឹងទៅដល់នៅឆ្នាំ២០៣៥។

គួរបញ្ជាក់ថា មូលហេតុដែលចិនបញ្ជូន Tianwen-2 ទៅជីកយកសំណាកអាចម៍ផ្កាយ Kamo’oalewa នោះព្រោះតែក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថា វាជាបំណែកដែលបែកចេញពីព្រះចន្ទ របស់ភពផែនដីយើងនៅក្នុងព្រឹត្តិការណ៍បុកទង្គិចដ៏ខ្លាំងក្លា កាលពីរាប់ពាន់លានឆ្នាំមុន ហើយវាក៏អាចកំពុងលាក់ «អាថ៌កំបាំង» អំពីការកកើតប្រព័ន្ធព្រះអាទិត្យយើងនេះដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE via CNSA (ថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥)
