សង្ស័យមាន «ភពមួយទៀត» នៅចុងប្រព័ន្ធព្រះអាទិត្យយើង (Planet Y?) (មានវីដេអូ)

356

(បរទេស)៖ យើងមានបេក្ខភាពភពមួយនៅក្នុងដៃរួចទៅហើយ នោះគឺ Planet 9 ឬអាចហៅឈ្មោះមួយទៀតថា Planet X។ តែសម្រាប់ពេលនេះ បេក្ខភាពថ្មីមួយទៀតត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថាអាចមានផងដែរ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ…។ ដូច្នេះសូម្បីបំភ្លេច Planet X សិន ហើយងាយមកចាប់អារម្មណ៍បេក្ខភាពថ្មីនេះវិញ ដោយវាមានឈ្មោះថា Planet Y។ តើអ្នកចង់បានសមាជិកថ្មីថែមមួយទៀតទេ?

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

សម្រាប់ការសន្និដ្ឋានអំពីវត្តមានរបស់ Planet Y គឺមិនសូវខុសពី Planet X ប៉ុន្មាននោះទេ ដោយវាកើតចេញពីការប្រទះឃើញចលនាខុសប្រក្រតីរបស់វត្ថុអវកាសតូចៗមួយចំនួន ដែលស្ថិតនៅហួសពីគន្លងគោចរនៃភពណិបទូន (យើងហៅវត្ថុអវកាសទាំងនោះថា TNOs) និងស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយទឹកកក Kuiper Belt នាចុងប្រព័ន្ធព្រះអាទិត្យយើង។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ប្រាកដជាមានវត្ថុធំណាមួយ ដែលបញ្ចេញឥទ្ធិពលនៃ gravity របស់ខ្លួន ដែលកំពុងធ្វើឲ្យ TNOs ទាំងនោះប្រែប្រួលគន្លងគោចរ ហើយពួកគេសង្ស័យថាវានោះគឺជា ភពវ៉ាយ ឬភពអ៊ីក្រិច (Planet Y) នោះឯង។

ប្រព័ន្ធព្រះអាទិត្យ (ទំហំពិត និងពណ៌ពិត) (Image Credit: NASA/ESO)

ជុំវិញសំនួរថា៖ តើភព Y នោះធំកម្រិតណាទៅ? ក្រុមអ្នកវិទ្យាសាស្ត្រអាចផ្តល់ចម្លើយបណ្តោះអាសន្នសិនបាន នោះគឺវាអាចតូចជាងភពផែនដី តែធំជាងភពពុធ (Mercury) ហើយវាកំពុងគោចរនៅជាយប្រព័ន្ធព្រះអាទិត្យយើងនេះ។ លទ្ធផលសិក្សាបែបជា ការដាក់មន្ទិលសង្ស័យដើម្បីស្វែងរកចម្លើយនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Princeton រដ្ឋ New Jersey សហរដ្ឋអាមេរិក និងត្រូវបានបញ្ជូនរួចហើយទៅកាន់ស្ថាប័ន The Royal Astronomical Society ដើម្បីត្រួតពិនិត្យ។

នៅក្នុងលទ្ធផលសិក្សាថ្មីនេះដែរ បណ្ឌិតផ្នែកវិទ្យាសាស្ត្រមួយរូបឈ្មោះ Amir Siraj ដែលដឹកនាំការស្រាវជ្រាវប្រធានបទខាងលើ មកពីសាកលវិទ្យាល័យ Princeton បានលើកឡើងថា «ឯកសាររបស់យើងពេលនេះ មិនមែនបញ្ជាក់អំពីការរកឃើញភពនោះទេ តែវាជាការរកឃើញនូវចំណោទមួយ ដែលភពទំនងជាចម្លើយរបស់វា…»។ ជាបឋមភព Y ត្រូវបានគេគណនាថា អាចស្ថិតនៅរង្វង់នៃគន្លងគោចរដែលមានចម្ងាយចន្លោះពី ១០០-២០០AU ពីព្រះអាទិត្យ (១AU = ១៥០លានkm) ខណៈភព X វិញគឺរហូតដល់ទៅ ៣០០AU ទៅលើសពី ៥០០AU ពីព្រះអាទិត្យឯណោះ។ ដូច្នេះវាមានន័យថា Planet Y ស្ថិតនៅជិតព្រះអាទិត្យជាង Planet X

Planet 9 ឬ X នៅក្នុងការសន្និដ្ឋាន (រូបភាពពីបរទេស)

ដោយសារតែតំបន់ចុងប្រព័ន្ធព្រះអាទិត្យមានភាពងងឹតខ្លាំង ព្រោះតែការស្ថិតនៅឆ្ងាយពីព្រះអាទិត្យនោះ ការដាក់មន្ទិលសង្ស័យអំពីវត្តមានភពនៅទីនោះ គឺជាភាពប្រកួតប្រជែងបំផុតមួយ សម្រាប់តេឡេស្កូបនានាក្នុងវែករក… ជាក់ស្តែងសូម្បី Planet 9 ដែលយើងសង្ស័យជាយូរមកហើយនោះ ក៏យើងមិនទាន់រកឃើញស្រមោលវាផង។ ប៉ុន្តែឧបសគ្គទាំងអស់នេះ យើងអាចលោតរំលងបានហើយ ព្រោះក្រុមអ្នកវិទ្យាសាស្ត្រពេលនេះមានតេឡេស្កូបដ៏មានអានុភាពថ្មីនោះគឺ Vera C. Rubin Observatory ដែលបាននិងកំពុងបំពេញប្រតិបត្តិការស្គេនផ្ទៃមេឃ ដែលមានរយៈពេល ១០ឆ្នាំ បន្ទាប់ពីការបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

បណ្ឌិត Siraj បានសង្កត់ធ្ងន់លើប្រតិបត្តិការនៃ Vera C. Rubin Observatory បែបនេះថា «ខ្ញុំគិតថាអំលុងពេល ២-៣ឆ្នាំទៀត យើងនឹងឃើញចម្លើយច្បាស់លាស់…។ ប្រសិនបើភព Y ស្ថិតនៅក្នុងរង្វង់នៃការមើលឃើញរបស់តេឡេស្កូបនេះ នោះតេឡេស្កូបនេះនឹងអាចរកឃើញភពនោះដោយផ្ទាល់តែម្តង…»។ ពិតណាស់ ប្រសិនបើភព Y ត្រូវបានរកឃើញមែន នោះឈ្មោះរបស់វានឹងត្រូវដាក់ទៅតាមតេឡេស្កូប ឬមនុស្សដំបូងដែលបានប្រទះឃើញវាជាក់ជាមិនខាន នៅក្រោយការសិក្សាអំពីបុគ្គលិកលក្ខណៈជាភពពេញលក្ខណៈរបស់វា ត្រូវបានធ្វើឡើងចប់សព្វគ្រប់។

កាមេរ៉ាយក្ស LSST បំពាក់ក្នុងមន្ទីរសង្កេតតារា Vera C. Rubin Observatory (Image Credit: Vera C. Rubin Observatory)

គួរបញ្ជាក់ថា ទោះបីជាមានការអះអាងអំពី Planet X និង Planet Y តែក៏មិនមែនមានន័យថា ភពទាំងអស់នេះត្រូវតែមានវត្តមានតែម្តងនោះដែរ…។ យើងនៅចងចាំរឿងមួយថា នៅក្រោយការរកឃើញភពណិបទូន (Neptune) កាលពីឆ្នាំ១៨៤៦នោះ ក្រុមតារាវិទូបានដាក់ការសង្ស័យអំពីវត្តមានភពបន្ថែមទៀត ដែលក្រោយមកនៅដើមសតវត្សរ៍ទី ២០ ត្រូវបានគេហៅថា Planet X ព្រោះតែការសង្កេតឃើញចលនាមិនប្រក្រតី ក្នុងគន្លងគោចររបស់ភពណិបទូន និងអ៊ុយរ៉ានុស (Uranus)។

សង្ស័យមាន «ភពមួយទៀត» នៅចុងប្រព័ន្ធព្រះអាទិត្យយើង (Planet Y?) (មានវីដេអូ)
រូបតំណាងនៃភព Y (Image Source: New Scientist)

ក្រោយមកនៅឆ្នាំ១៩៣០ គេបានរកឃើញភព ភ្លូថូ ឬ ភ្លុយតុង (Pluto) និងត្រូវចាត់ចាត់ទុកជាភពទី៩ ដែលអ្នកខ្លះថែមទាំងចាត់ទុកវាជា Planet X ដែលគេតាមរកយូរមកហើយនោះទៀតផង។ ប៉ុន្តែនាប៉ុន្មានទសវត្សរ៍ក្រោយមកទៀត Pluto ត្រូវបានគេសិក្សា និងរកឃើញថា មានទំហំតូចណាស់ (តូចជាងព្រះចន្ទផែនដីយើងទៅទៀត) និងមានកម្លាំងទំនាញខ្សោយពេក ដែលធ្វើឲ្យវាមិនមានឥទ្ធិពលអ្វីធ្វើឲ្យវត្ថុអវកាសនានានៅក្នុងគន្លងគោចរក្បែរវានោះទេ… ដូច្នេះគេបានទម្លាក់វាចេញពីឋានៈភពផ្លូវការ (ភពទី៩) មកនៅត្រឹមភពតឿ ឬភពមិនពេញលក្ខណៈ (dwarf planet) វិញនៅឆ្នាំ២០០៦ ហើយប្រព័ន្ធយើងពេលនេះ មានភពតែចំនួន ៨ ប៉ុណ្ណោះ ដែលជាភពផ្លូវការ…។

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ CNN via The Astronomical Society (ថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥)

480×240 Banner