៣០ឆ្នាំទៀតដើម្បីស្វែងរក «ភពអេលៀន»! តើគេប្រឹងរកអេលៀនដើម្បីអ្វី? (មានវីដេអូ)

1,139

(បរទេស)៖ គិតចាប់ពីឆ្នាំ១៩៩៥ ដែលក្រុមតារាវិទូអន្តរជាតិបានប្រកាសរកឃើញ ភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) ជាលើកដំបូងដែលមានឈ្មោះថា 51 Pegasi b ដែលមានចម្ងាយខ្ទង់ ៥០ឆ្នាំពន្លឺពីភពផែនដីយើងនោះ មកទល់នឹងពេលនេះគឺមានរយៈពេល ៣០ឆ្នាំគត់តែម្តង។ ៣០ឆ្នាំមកនេះ ភព Exoplanet ដែលត្រូវបានរកឃើញជាផ្លូវការមានចំនួនលោតចូលដល់ខ្ទង់ ៦,០០០ភព ប៉ុន្តែបេសកកម្មនេះនៅមិនទាន់បញ្ចប់នោះទេ…។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ទោះជាចំនួននេះហាក់ដូចជាច្រើន ប៉ុន្តែពួកវាមិនបានស្មើ១សសៃសក់របស់ Milky Way នោះឡើយ។ ខណៈកាឡាក់ស៊ី Milky Way ត្រូវបានគេសន្និដ្ឋានថា មានផ្កាយសរុបខ្ទង់ ១០០-២០០ពាន់លានដួងនោះ ផ្កាយទាំងនោះក៏ត្រូវបានក្រុមតារាវិទូសន្និដ្ឋានបន្តទៀតថា អាចមានភពជាមធ្យមចំនួន ១ គោចរជុំវិញពួកវា ដូច្នេះភពក្នុងកាឡាក់ស៊ីយើងនេះ ក៏អាចមានចំនួនចាប់ពី ១០០-២០០ពាន់លានភពដែរ…។

តើអ្នកធ្លាប់គិតថា ៣០ឆ្នាំទៀត យើងនឹងមើលឃើញភព Exoplanet យ៉ាងហោចណាស់មួយដែលមានជីវិតទេ? តើយើងអាចមានសមត្ថភាពដល់សង្កេតឃើញវត្តមានជីវិតឆ្លាតវៃ ដូចជាទីក្រុងដ៏មានពន្លឺចែងចាំងរបស់ពួកគេ ឬក៏ទីក្រុងអវកាសដែលគោចរជុំវិញភពពួកគេដូចមាននៅក្នុងខ្សែភាពយន្ត Hollywood ល្បីៗដែលត្រូវបានផលិតលើផែនដីនេះរួចហើយដែរឬទេ? បើចង់ដឹងចម្លើយទាំងនេះគឺមានតែការបន្តបេសកកម្មសិក្សាស្រាវជ្រាវទៅមុខទៀតប៉ុណ្ណោះ…។

ងាកមកកាន់ Exoplanet ផ្លូវការទាំងជាង ៦,០០០ភព ដែលក្រុមតារាវិទូអន្តរជាតិបានរកឃើញនេះវិញ គឺហាក់ដូចជាមិនសូវផ្តល់ក្តីរំភើបដល់យើងប៉ុន្មានទេ…។ ជុំវិញសមិទ្ធផលនេះ តារាវិទូ Aurora Kesseli មកពីវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋកាលីហ្វ័រញ៉ា (Caltech) ដែលបម្រើការងារឲ្យគោលដៅស្វែងរក Exoplanet របស់អង្គការ NASA នោះបានលើកឡើងថា «យើងបានរកឃើញ Exoplanet សរុបជាង ៦,០០០ភពហើយ ប៉ុន្តែគ្មានភពណាមួយដែលដូចផែនដីយើងទេ…។ ដូច្នេះបើមានអ្នកសួរថា តើហេតុអ្វីយើងនៅតែប្រឹងបន្តស្វែងរក Exoplanets ទៀត បើយើងបានរកឃើញជាង ៦,០០០ភពទៅហើយនោះ? នេះគឺព្រោះតែយើងមិនទាន់រកឃើញភពណាមួយ ដែលដូចផែនដីនៅឡើយ…»។

យ៉ាងណាក៏ដោយ តារាវិទូ Aurora Kesseli បានសង្កត់ធ្ងន់បែបនេះថា បេសកកម្មជាច្រើនកំពុងតែបន្តកន្ទុយគ្នា ដើម្បីបន្តដំណើរពីបេសកកម្មបច្ចុប្បន្ន មិនថាតែអង្គការ NASA មួយនោះទេ ដោយអង្គការអវកាសផ្សេងទៀតដូចជា ESA និង ESO របស់អឺរ៉ុប ក៏ដូចជាក្រុមតារាវិទូឥណ្ឌា និងចិនជាដើម សុទ្ធសឹងតែមានបេសកកម្មរៀងៗខ្លួន ក្នុងការស្វែងរក Exoplanet ជាពិសេសគឺភពដែលមានជីវិត (Alien) រស់នៅ។ អ្វីដែលសំខាន់ តេឡេស្កូបថ្មីៗនៅថ្ងៃអនាគត បានដាក់មុខងាររួចជាស្រេចហើយ នោះគឺការប្រមាញ់ភពដែលមានលក្ខណៈដូចភពផែនដី ឬនិយាយឲ្យខ្លី គឺភពដែលមានជីវិតរស់នៅ។

ខាងក្រោមនេះជាឧទាហរណ៍ត្រួសៗនៃបេសកកម្មអវកាស ដែលនឹងបន្តសម្រាប់រាប់សិបឆ្នាំទៅមុន ឬរហូតដល់ ៣០ឆ្នាំទៀត សឹមអ្នកទាំងអស់នឹងខ្ញុំ ធ្វើការបូកសរុបចំនួន Exoplanets ដែលត្រូវបានរកឃើញនោះជាមួយគ្នាម្តងទៀត៖

១៖ បេសកកម្មតេឡេស្កូបអវកាស PLATO (PLAnetary Transits and Oscillations of stars) របស់ ESA៖ គ្រោងចាប់ផ្តើមបាញ់បង្ហោះនៅខែធ្នូរ ឆ្នាំ២០២៦ ដោយមានគោលដៅស្វែងរកភពថ្ម (rocky planet) ដែលមានទំហំប៉ុនភពផែនដី តាមរយៈការសង្កេតដំណើរ transit របស់ភពនោះជុំវិញផ្កាយវា និងភពនោះត្រូវតែស្ថិតក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone)

២៖ បេសកកម្មតេឡេស្កូបអវកាស Nancy Grace Roman Space Telescope របស់អង្គការ NASA៖ គ្រោងចាប់ផ្តើមបាញ់បង្ហោះនៅខែឧសភា ឆ្នាំ២០២៧ ដោយស្ថិតក្នុងគោលដៅស្វែងរក Exoplanet ដែលមានជីវិតរស់នៅ។ បេសកកម្ម Nancy Grace នឹងដើរត្រសងជាមួយ James Webb និង PLATO ដែរ ក្នុងការសិក្សាអំពី Exoplanet ដែលជាបេក្ខភាពល្អបំផុត។

៣៖ បេសកកម្មតេឡេស្កូបអវកាសចិនសម្រាប់បេសកកម្ម Earth 2.0៖ គ្រោងចាប់ផ្តើមនៅឆ្នាំ២០២៨ ដោយបេសកកម្មនៃរដ្ឋបាលអវកាសជាតិចិន (CNSA) មួយនេះ មានគោលដៅចម្បងក្នុងការស្វែងរកភពដែលមានបុគ្គលិកលក្ខណៈដូចផែនដី គោចរជុំវិញផ្កាយស្រដៀងព្រះអាទិត្យយើង។

ខណៈដែលតេឡេស្កូបអវកាស TESS របស់ NASA នៅតែកំពុងបន្តបេសកកម្មនៅឡើយ តារាវិទូ Aurora Kesseli ហ៊ានអះអាងចំពោះមុខសារព័ត៌មាន SPACE.COM ថា នៅពេលបេសកកម្មដូចខាងនេះទាំងអស់បើកដំណើរការ នោះយើងនឹងអាចរកឃើញ Exoplanet កើនដល់ខ្ទង់ ១០០,០០០ភព ខណៈតួលេខ Exoplanet ដែលត្រូវបានរកឃើញសរុប គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះគឺ ៦,០២២ភព។ ការរកឃើញភព Exoplanet កាន់តែច្រើនក៏មានន័យថា ឱកាសដែលយើងអាចប្រទះឃើញ Exoplanet ដែលដូចផែនដីនោះក៏កាន់តែច្រើនដូចគ្នា…។

គួរបញ្ជាក់ថា ទោះបីជាអ្នកវិទ្យាសាស្ត្រខាងលើនេះបានអះអាងថា ក្នុងចំណោមជាង ៦,០២២ភព ដែលត្រូវបានរកឃើញក្នុងពេល ៣០ឆ្នាំមកនេះ មិនមានភពណាមួយដែលដូចផែនដីយើងក្តី ក៏វាមិនមែនមានន័យដូច្នេះទាំងស្រុងដែរ។ ដូចយើងដឹងរួចហើយថា សមត្ថភាពរបស់តេឡេស្កូបនានាបច្ចុប្បន្ននេះ អាចត្រឹមរកឃើញវត្តមានរបស់ភព និងវិភាគដឹងអំពីសមាសធាតុផ្សំនៃបរិយាកាសប៉ុណ្ណោះ តែមិនអាចមើលឃើញជីវិតស្តែងៗនៅទីនោះឡើយ ហើយសូម្បីអនាគតក៏មិនច្បាស់ថាអាចឃើញនោះដែរ…។

៣០ឆ្នាំទៀតដើម្បីស្វែងរក «ភពអេលៀន»! តើគេប្រឹងរកអេលៀនដើម្បីអ្វី? (មានវីដេអូ)
រូបតំណាងភព Exoplanet ដែលមានអរិយធម៌ជឿនលឿនមួយ (Credits: NASA/Jay Freidlander)

ដូច្នេះតើយើងប្រឹងរក ភព Alien ដើម្បីអ្វី? ចម្លើយគឺប្រាកដណាស់ថា អាស្រ័យលើការផ្តល់តម្លៃពីសំណាក់មនុស្សគ្រប់គ្នា តែសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ការបកស្រាយចម្ងល់អំពីជីវិត និងប្រភពដើមនៃជិវិត វាពិតជាធំធេងណាស់…។ តើមានតែផែនដីយើងឬដែលមានជីវិត? ចម្លើយនេះគ្មាននរណាអាចឆ្លើយបាននៅឡើយទេ… ហើយរយៈពេល ៣០ឆ្នាំ ៦០ឆ្នាំ ៩០ឆ្នាំទៅមុខទៀត ប្រសិនបើនៅតែរកចម្លើយនេះមិនឃើញ នោះបេសកកម្មថ្មីៗទៀតក៏នឹងនៅតែបន្តស្វែងរកដូចគ្នា…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥)

480×240 Banner