តើនរណាជាអ្នកបំផុសថាប្រព័ន្ធផ្កាយ Zeta Reticuli មាន «អេលៀន» ធ្លាប់មកដល់ផែនដី? (មានវីដេអូ)
(បរទេស)៖ ហ្សេតា រ៉េទីឃ្យូឡាយ (Zeta Reticuli) គឺជាប្រព័ន្ធផ្កាយភ្លោះ (binary star system) មួយគូ ដែលប្រិយមិត្តខ្លះទំនងជាមិនដែលបានស្គាល់ ឬឮឈ្មោះរបស់វានោះឡើយ… ហើយសូម្បីតែ Cambo Space ក៏មិនដែលចេញព័ត៌មានអ្វីអំពីប្រព័ន្ធផ្កាយមួយនេះដែរ។ ប៉ុន្តែកាលពីពាក់កណ្តាលឆ្នាំ២០២៥ សារព័ត៌មានមួយចំនួនបានចេញផ្សាយអំពីរឿងរ៉ាវពាក់ព័ន្ធនឹងការសង្ស័យ (ពាក្យចចាមអារ៉ាម) ដែលថា Zeta Reticuli ជាជម្រករបស់ជីវិតឆ្លាតវៃ (alien)។ តើនេះជាការពិតមែនឬទេ? ហើយថាតើនរណាជាអ្នកអះអាងរឿងនេះឡើងដំបូង?
- លក្ខណៈសម្បត្តិនៃផ្កាយ ហ្សេតា រ៉េទីឃ្យូឡាយ (Zeta Reticuli)
មុននឹងបកស្រាយចំពោះសំនួរខាងលើនេះ ចូរយើងគ្រប់គ្នាស្វែងយល់អំពីលក្ខណៈសម្បត្តិរបស់ Zeta Reticuli ជាមុនសិន។ ពួកវាជាផ្កាយពណ៌លឿងមួយគូដោយមួយមានឈ្មោះ Zeta Reticuli A និងមួយទៀតឈ្មោះ Zeta Reticuli B (យើងអាចហៅថា Zeta 1 និង Zeta 2 ក៏បាន) ហើយទាំង២នេះមានចម្ងាយជាមធ្យម ៣៩ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។ Zeta Reticuli A និង Zeta Reticuli B មានគម្លាត ០.០៦ឆ្នាំពន្លឺពីគ្នា ឬស្មើនឹងចម្ងាយរវាងព្រះអាទិត្យ និងភពភ្លុយតុងគុណនឹង ១០០។
Zeta Reticuli A និង B សុទ្ធតែមានម៉ាស និងទំហំតូចជាងព្រះអាទិត្យយើងបន្តិចៗដូចគ្នា។ និយាយជារួមផ្កាយទាំង ២ នេះស្ថិតនៅក្នុងជំពូក Yellow Dwarf ដូចគ្នា ដោយ Zeta Reticuli A មានម៉ាសស្មើនឹង ៩៥% នៃម៉ាសព្រះអាទិត្យយើង និង Zeta Reticuli B ស្មើនឹង ៩១% នៃម៉ាសព្រះអាទិត្យយើង ហើយក្នុងចំណោម ២ នេះទៀតសោត Zeta Reticuli B មានលក្ខណៈស្រដៀងព្រះអាទិត្យយើងខ្លាំង ព្រោះវាស្ថិតក្នុងជំពូក G2V (main-sequence star) ដូចព្រះអាទិត្យ។
ប្រព័ន្ធ Zeta Reticuli នេះស្ថិតនៅម្តុំតារានិករ Reticulum ប្រសិនបើយើងមើលទៅលើផ្ទៃមេឃភពផែនដី ហើយបណ្តាប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងត្បូងផែនដីដូចជា អូស្ត្រាលី នូវែលសេឡង់ ឈីលី អាហ្វ្រិកខាងត្បូង និងអាហ្សង់ទីនជាដើម សុទ្ធតែអាចឃើញប្រព័ន្ធផ្កាយភ្លោះនេះ ដោយភ្នែកទទេបានប្រសិនបើអ្នកមានភ្នែកល្អ និងមេឃស្រឡះល្អ (តែពួកវាមិនភ្លឺខ្លាំងដល់ថ្នាក់គួរឲ្យចាប់អារម្មណ៍ដូចជាផ្កាយ Sirius ឬ Betelgeuse នោះឡើយ។ តែសម្រាប់បណ្តាប្រទេសនៅអឌ្ឍគោលខាងជើងដូចជាកម្ពុជាយើងជាដើម គឺមិនអាចសង្កេតឃើញផ្កាយ Zeta Reticuli ដោយផ្ទាល់នឹងភ្នែក ឬដោយតេឡេស្កូបបានឡើយ។

- ភព Exoplanet ក្នុងប្រព័ន្ធ Zeta Reticuli
គិតចាប់តាំងពីការរកឃើញភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) មួយដំបូងនៅឆ្នាំ១៩៩៥ រហូតមកដល់ឆ្នាំ២០២៥នេះ Exoplanet សរុបជាង ៦,០០០ភពហើយ ត្រូវបានរកឃើញ ប៉ុន្តែមិនមានភព Exoplanet ណាមួយត្រូវបានរកឃើញនៅក្នុងប្រព័ន្ធផ្កាយភ្លោះ Zeta Reticuli នោះឡើយ។ ទោះជាបែបនេះក្តី វានឹងមិនចម្លែកនោះទេប្រសិនបើថ្ងៃអនាគត ក្រុមតារាវិទូអាចរកឃើញភព Exoplanet នៅក្នុងប្រព័ន្ធផ្កាយនោះ។
កន្លងមកក៏មានតេឡេស្កូបលើដី និងតេឡេស្កូបអវកាសមួយចំនួនផងដែរដូចជា Spitzer របស់ NASA នៅឆ្នាំ២០០៧ និង Herschel របស់ ESA ជាដើមនៅឆ្នាំ២០១០ បានឆ្លុះមើលប្រព័ន្ធផ្កាយ Zeta Reticuli នោះ ប៉ុន្តែមិនបានឃើញស្រមោលភព Exoplanet សូម្បីតែមួយនោះឡើយ…។ យ៉ាងណាក៏ដោយ James Webb ត្រូវបានគេរំពឹងថា នឹងត្រូវប្រើប្រាស់ដើម្បីសង្កេតផ្កាយ Zeta Reticuli នាពេលអនាគត ដើម្បីយល់ដឹងអាថ៌កំបាំងដែលគេសង្ស័យនៅទីនោះ…។
- ប្រព័ន្ធផ្កាយ Zeta Reticuli និងការអះអាងរបស់ Barney និង Betty Hill
តាមពិតទៅគំនិតអំពីប្រព័ន្ធផ្កាយ Zeta Reticuli មាន alien នោះ គឺមិនមែនទើបតែផុសឡើងថ្មីៗនេះឡើយ ដោយតាមការពិតទៅគឺវាបានលេចឡើងតាំងពីទសវត្សរ៍ ១៩៦០ មកម្ល៉េះតាមរយៈប្តីប្រពន្ធជនជាតិអាមេរិកមួយគូឈ្មោះ Barney និង Betty Hill ដោយបុរសនិងស្ត្រីទាំង ២រូបនេះបានអះអាងថា ពួកគេត្រូវបាន alien ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៦១ នៅតំបន់ជនបទដាច់ស្រយាលមួយ (White Mountains) នៃរដ្ឋ New Hampshire ភាគឦសានសហរដ្ឋអាមេរិក។
រឿងរ៉ាវនៃការចាប់ខ្លួនប្តីជាបុរសជាតិស្បែកខ្មៅ និងប្រពន្ធជាជនជាតិស្បែកសដោយថាសហោះ (UFO) របស់ពួក alien នោះពិតជាមានភាពល្បីល្បាញខ្លាំងណាស់នៅអំលុងទសវត្សរ៍ ១៩៦០ និង ១៩៧០ ព្រោះមានការសរសេរជាសៀវភៅ, កម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តផងដែរ នៅសហរដ្ឋអាមេរិក។ បទពិសោធន៍ដែលអ្នកទាំងពីរបានជួបនោះត្រូវបានអះអាងថា ជាការចាប់ខ្លួនដោយពួក alien មានរូបរាងស្រដៀងមនុស្សចូលទៅកាន់ UFO ហើយអ្នកទាំង២ត្រូវបាន alien ទាំងនោះយកទៅធ្វើការពិសោធន៍ផ្នែកវេជ្ជសាស្ត្រថែមទៀត។

ប្តីប្រពន្ធទាំងពីរនេះបានអះអាងទៀតថា ពួក alien ស្បែកប្រផេះទាំងនោះទំនងជាមានប្រភពមកពីប្រព័ន្ធផ្កាយ Zeta Reticuli ហើយបទពិសោធន៍នៃការចាប់ពួកគេនោះ គឺជាព្រឹត្តិការណ៍គួរឲ្យរន្ធត់មិនអាចបំភ្លេចបាន សម្រាប់ជីវិតរបស់អ្នកទាំង២។ យ៉ាងណាក៏ដោយ ការអះអាងរបស់អ្នកទាំងពីរអំពី alien នោះ គឺមានទាំងមហាជនដែលជឿ និងមិនជឿ តែអ្នកទាំងពីរតែងតែអះអាងជានិច្ចថា អ្វីដែលពួកគេបានលើកឡើងគឺជាការពិត។ លោក Barney Hill បានបាត់បង់ជីវិត ដោយសារជំងឺដាច់សសៃឈាមខួរក្បាលនៅឆ្នាំ១៩៦៩ ខណៈលោកស្រី Betty បានបាត់បង់ជីវិតនៅឆ្នាំ២០០៤។
ទោះបីជាមានមតិរិះគន់ជារឿយៗថា អ្វីដែលស្វាមីលោកស្រី និងលោកស្រីបានលើកឡើងអំពី alien គឺជារឿងប្រឌិតនោះក៏ដោយ ក៏រហូតដល់ដង្ហើមចុងក្រោយក៏លោកស្រី Betty នៅតែអះអាងថា វាជាការពិតដដែល។ យើងមិនមានអ្វីត្រូវមកបញ្ជាក់នោះទេចំពោះរឿងនេះ ព្រោះអ្វីដែលត្រូវបានអះអាងទាំងអស់នេះអាចជាការពិត ឬមួយក៏មិនពិតនោះ មានតែប្តីប្រពន្ធទាំងពីររូបនេះទេទើបជាអ្នកដឹងការពិត ប៉ុន្តែពួកគេបានលាចាកលោកនេះអស់ហើយ…។
- តើប្រព័ន្ធផ្កា Zeta Reticuli អាចមាន alien ដែរឬយ៉ាងណា?
សរុបសេចក្តីមក វាហាក់ដូចជាការគាស់កកាយរឿងដដែលៗ ដែលបានកើតមានឡើងរាប់សិបឆ្នាំមកហើយ ឲ្យមានភាពល្បីល្បាញឡើងវិញប៉ុណ្ណោះ ពាក់ព័ន្ធនឹង alien មកពីប្រព័ន្ធផ្កាយ Zeta Reticuli ហើយវាមិនមែនជាលើកទីមួយនោះឡើយ… ករណីនេះមិនសូវខុសពីអ្វីដែលត្រូវបានអះអាងអំពីតំបន់ត្រីកោណមរណៈ Bermuda នោះឡើយ។ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រផ្លូវការ ការបញ្ជាក់ថា ប្រព័ន្ធមួយអាចមាន alien ឬអត់នោះ គឺដំណាក់កាលទី១ ពួកគេត្រូវរកវត្តមានភពដែលស្ថិតក្នុង Habitable Zone សិន រួចទើបឈានទៅដំណាក់កាលទី២ ដែលត្រូវប្រើតេឡេស្កូបសង្កេត ដើម្បីយល់ដឹងអំពីសមាសធាតុផ្សំសំខាន់ៗក្នុងបិរយាកាសភពនោះថា អាចមានពាក់ព័ន្ធនឹងជីវិតឬមួយអត់… ហើយប្រសិនបើមានពាក់ព័ន្ធ នោះការសង្កេតរកសញ្ញា alien ចេញពីភពនោះ នឹងក្លាយជាបេសកកម្មត្រូវបំពេញសម្រាប់ដំណាក់កាលទី៣…។

តែសម្រាប់ការត្រឹមដឹងឮមនុស្ស ២ ឬ ៣នាក់ ចេញមុខអះអាងថា ពួកគេបានឃើញ និងមានទំនាក់ទំនងជាមួយ alien តែម្តងនោះ តើយើងគ្រប់គ្នាគួរជឿដែរឬយ៉ាងណា? សូមពិចារណាត្រង់ចំណុចនេះឲ្យមែនទែន…។ វាក៏អាចទៅរួចដែរថា ប្រព័ន្ធផ្កាយ Zeta Reticuli នោះពិតជាមានភព Exoplanet ដែលមាន alien កំពុងរស់នៅមែន ហើយពួកគេបានមើលឃើញភពផែនដីជាយូរមកហើយ និងបានបញ្ជូនយានសម្ងាត់មកធ្វើទស្សនកិច្ចភពយើង និងចុះចតនៅសហរដ្ឋអាមេរិកកាលពីជាងកន្លះសតវត្សរ៍មុននោះ…។ រឿងរ៉ាវរបស់ Barney និង Betty Hill ក៏ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើយោធាអាមេរិកដែលបានចាប់បាន UFO ដើម្បីចម្លងបច្ចេកវិទ្យា និងចាប់ខ្លួនពួក alien ទាំងនោះយកទៅសួរចម្លើយ និងពិសោធន៍រាងកាយផងដែរ ប៉ុន្តែការចោទប្រកាន់ទាំងអស់នេះ ត្រូវបានយោធាអាមេរិកច្រានចោលទាំងស្រុង និងអះអាងថាជារឿងប្រឌិតប៉ុណ្ណោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ CNN / BBC / Stellar Catalog (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥)
