លោក ដូ​ណា​ល់ ត្រាំ អះអាងថា «អាមេរិក​នឹង​ចាក់គ្រឹះ​លើ​ឋាន​ព្រះ​ច័ន្ទ» ដោយ​មិន​គ្រាន់តែ​បន្សល់​ដានជើង និង​ដោត​ទង់ជាតិ​ដូច​មុន​ឡើយ…!

189

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​សារាចរ ស្តីពី​គោលនយោបាយ​អវកាស​លើក​ទី០១ នៃ​រដ្ឋបាល​របស់លោក ដែល​ធ្វើការ​បង្គាប់​ជា​ផ្លូវការ ឲ្យ​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បញ្ជូន​អវកាសយានិក ទៅកាន់​ឋាន​ព្រះ​ច័ន្ទ​ជាថ្មី​ម្តងទៀត ក៏ដូចជា​ទៅកាន់​ភព​អង្គារ (Mars) ផងដែរ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ព្រឹក​អង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែង​ក្នុង​ពិធី​មួយ​នៅឯ​សេត​វិមាន ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា «សារាចរ​ដែល​ខ្ញុំ​ចុះហត្ថលេខា​នា​ថ្ងៃនេះ នឹងធ្វើ​ឲ្យ​កម្មវិធី​អវកាស​អាមេរិក ផ្តោត​ការយកចិត្តទុកដាក់​សំខាន់​ជាថ្មី ទៅលើ​ការស្រាវជ្រាវ​រុករក និង​របកគំហើញ​រប​ស់មនុស្ស។ ជាមួយគ្នានេះ វា​គឺជា​ការបោះ​ជំហាន​ដ៏​សំខាន់​មួយ ក្នុងការ​បញ្ជូន​អវកាសយានិក​អាមេរិក ទៅកាន់​ព្រះ​ច័ន្ទ​ជាថ្មី​ម្តងទៀត និង​ជា​លើកដំបូង​គិត​ចាប់​តាំងតែ​ពី​ឆ្នាំ១៩៧២ ដើម្បី​ប្រតិបត្តិ​ការរុករក និង​ប្រើប្រាស់​រយៈពេល​យូរ»។

លោក ត្រាំ បាន​បន្តថា «លើក​នេះ យើង​នឹងមិន​ត្រឹមតែ​បោះ​ទង់ជាតិ​របស់​យើង និង​បន្សល់ទុក​ដានជើង​នៅ​ទី​នោះទេ តែ​ពួកយើង​នឹង​បង្កើត​សសរ​គ្រឹះ​មួយ សម្រាប់​បេសកកម្ម​មួយនា​ពេលអនាគត សម្រាប់​ការបញ្ជូន​មនុស្ស​ទៅកាន់​ភព​ព្រះ​អង្គារ ឬមួយ​ក៏​ថ្ងៃ​ណាមួយ​ទៅកាន់​ភព​ជាច្រើន​ផ្សេងទៀត ដែល​នៅ​ស្ថិតនៅ​ឆ្ងាយ​ជាង​នេះ»។

គួរ​ជម្រាប​ថា សារាចរ​ណែនាំ​ស្តីពី​គោលនយោបាយ​អវកាសរ​បស់​រដ្ឋបាល លោក ដូ​ណា​ល់ ត្រាំ ខាងលើនេះ គឺ​ផ្អែកទៅលើ​ការផ្តល់​យោបល់​ពី​សំណាក់​ក្រុមប្រឹក្សា​អវកាស​ជាតិ ដែល​លោក ត្រាំ បានចេញ​បញ្ជា​ដោយផ្ទាល់ ឲ្យ​ធ្វើ​ការបើក​ដំណើរការ​ឡើងវិញ កាលពី​ខែមិថុនា​កន្លងទៅ៕

480×240 Banner