កុំភ្លេចទស្សនា! យប់ថ្ងៃទី៥ វិច្ឆិកា ២០២៥ គឺជាព្រឹត្តិការណ៍ «Supermoon» ធំបំផុតប្រចាំឆ្នាំនេះ (សង្ឃឹមថាមេឃស្រឡះល្អ) (មានវីដេអូ)

126

(ភ្នំពេញ)៖ បើនិយាយតែពីព្រឹត្តិការណ៍ Supermoon ព្រះចន្ទយក្សនោះ មនុស្សលោកលើផែនដីអាចទស្សនាបានតែ ទៅ ៤ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ការចាត់ថ្នាក់ជាព្រឹត្តិការណ៍ Supermoon នេះគឺចង់សម្តៅទៅលើឱកាសដែលព្រះចន្ទ រំកិលមកដល់គម្លាតដែលកៀកនឹងផែនដីបំផុត (កៀកគ្នាជាអតិបរមា) ហើយអាចឲ្យយើងមើលឃើញ វត្តមានព្រះចន្ទយ៉ាងធំ និងភ្លឺខ្លាំងជាងធម្មតានៅពេលចន្ទ្រពេញបូណ៌មី។ ប៉ុន្តែឈប់សិន! ហេតុអ្វីក៏ព្រះចន្ទម្តងធំ និងម្តងតូចបែបនោះ? ចម្លើយនឹងមានបញ្ជាក់នៅចំណុចទី២។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

១៖ ចន្ទ្រពេញបូណ៌មី Supermoon ចំថ្ងៃបុណ្យអុំទូករបស់ខ្មែរ

នៅប្រទេសកម្ពុជារបស់យើង នាយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺត្រូវនឹងយប់ចន្ទ្រពេញបូណ៌មីថ្ងៃ ១៥កើត ខែកត្តិក (ថ្ងៃសីល) និងជាយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃពិសេសនៃព្រះរាជពិធីបុណ្យជាតិយើង។ នៅល្ងាចស្អែកនេះ ព្រះចន្ទនឹងចាប់ផ្តើមរះសន្លឹមៗពីជើងមេឃទិសខាងកើតនៅវេលាម៉ោង ៥៖៣០នាទីតទៅ។

កុំភ្លេចទស្សនា! យប់ថ្ងៃទី៥ វិច្ឆិកា ២០២៥ គឺជាព្រឹត្តិការណ៍ «Supermoon» ធំបំផុតប្រចាំឆ្នាំនេះ (សង្ឃឹមថាមេឃស្រឡះល្អ) (មានវីដេអូ)
ចន្ទ្រពេញវង់ (រូបភាពពីបរទេស)

ដោយឡែកសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ និងតារាវិទូអន្តរជាតិវិញ យប់ថ្ងៃទី៥ ខែវិច្ឆិកា ស្អែកនេះគឺជាឱកាសនៃ «ចន្ទ្រពេញបូណ៌មីធំបំផុត (Supermoon) ប្រចាំឆ្នាំ២០២៥» ដោយព្រះចន្ទនឹងមកកៀកភពផែនដីបំផុតក្នុងគម្លាតត្រឹមតែ ៣៥៦,៩៨៨km តែប៉ុណ្ណោះ ខណៈគម្លាតដែលព្រះចន្ទអាចទៅឆ្ងាយបំផុតពីផែនដីនោះគឺរហូតដល់ទៅជាង ៤០៥,០០០km ឯណោះ។

ចន្ទ្រពេញវង់ Beaver Moon (រូបភាពពីបរទេស)

សម្រាប់ជនជាតិដើមនៅទ្វីបអាមេរិក និងជនជាតិអឺរ៉ុបទាំងឡាយកាលពីទើបដាក់អាណានិគមលើទ្វីបអាមេរិកដំបូងៗ ការកើតមានព្រឹត្តិការណ៍ Supermoon ឬចន្ទ្រពេញបូណ៌មីខ្នាតធំ ចំខែវិច្ឆិកាបែបនេះត្រូវបានពួកគេហៅថា Beaver Moon«ចន្ទ្រពេញវង់ Beaver»។ ការហៅបែបនេះ គឺចង់សម្តៅទៅលើអំលុងពេលនៃដើមរដូវរងាដែលពពួកសត្វ ប៊ីវើរ (Beaver) កសាងរូង ឬសំបុករួចរាល់ និងស្តុកទុកចំណីអាហារគ្រប់គ្រាន់ ដើម្បីបន្តជីវិតរស់នៅបែបតស៊ូ នាអំលុងរដូវរងាខ្លាំងដែលជិតនឹងមកដល់។

២​៖ ហេតុអ្វីព្រះចន្ទម្តងមកជិត និងម្តងទៅឆ្ងាយ?

ការគោចរនៃព្រះចន្ទទៅឆ្ងាយបំផុត និងមកជិតបំផុតរវាងភពផែនដីនោះ តែងតែកើតឡើង ព្រោះតែដំណើរគោចររបស់ព្រះចន្ទ ជុំវិញភពផែនដីមិនស្ថិតក្នុងរង្វង់មូលដ៏ល្អឥតខ្ចោះនោះឡើយ។ ហេតុដូច្នេះទើបគម្លាតរវាងភពផែនដី និងព្រះចន្ទតែងតែផ្លាស់់ប្តូរមកជិតបំផុត និងទៅឆ្ងាយបំផុតនៅក្នុងកំលុងពេល ១ខែ។ ពេលព្រះចន្ទគោចរមកកៀកផែនដីបំផុតយើងហៅថា ភែរីជី (Perigee) និងពេលទៅឆ្ងាយបំផុតហៅថា អាផូជី (Apogee)

យ៉ាងណាក៏ដោយ បើទោះបីជាដំណើរ Perigee និង Apogee ដែលបង្កើតឲ្យមានព្រឹត្តិការណ៍ Supermoon (ព្រះចន្ទធំបំផុត) និង Micromoon (ព្រះចន្ទតូចបំផុត) តែងតែកើតមានឡើងជាទៀងទាត់មែន តែគម្លាតក្នុងចំនួន km ជាក់ស្តែងរវាងផែនដី និងព្រះចន្ទនៅក្នុងព្រឹត្តិការណ៍ខាងលើនេះតែងមានចំនួនលើសខ្វះគ្នារហូត ប្រសិនបើយើងធ្វើការវាស់ស្ទង់ប្រវែងពិតប្រាកដឲ្យចេញជាតួលេខនោះ។

ដំណើរ Perigee និង Apogee នៃព្រះចន្ទ (រូបភាពពី NASA)

គួរបញ្ជាក់ថា ពេលព្រះចន្ទគោចរមកកាន់ចំណុចកៀកភពផែនដីបំផុតឬ Perigee គឺមានគម្លាត ៣៥៦,៥០០គីឡូម៉ែត្រ ខណៈគម្លាតរវាងគ្នាជាមធ្យមគឺ ៣៨៤,៤០០ គីឡូម៉ែត្រ និងគម្លាតឆ្ងាយបំផុត ៤០៥,០០០ គីឡូម៉ែត្រ (Apogee)។ បើយើងគិតជាពន្លឺវិញរវាង Perigee និង Apogee គឺព្រះចន្ទមានពន្លឺខុសគ្នាដល់ទៅ ៣០% ​ខណៈទំហំវិញគឺខុសគ្នាដល់ទៅ ១៤%

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Time and Date / NASA (ថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥)

480×240 Banner