ចិនបញ្ចេញរូបថត «3I/ATLAS» ដែលខ្លួនថតបាននៅភពអង្គារ រីឯ NASA រងការចោទថា លាក់រូប… (វីដេអូ)

264

(បរទេស)៖ បេសកកម្ម Tianwen-1 របស់រដ្ឋបាលអវកាសជាតិចិន (CNSA) ដែលនៅមានផ្កាយរណបមួយគ្រឿង កំពុងគោចរជុំវិញភពអង្គារ (Mars) នោះ ទើបតែបានបញ្ចេញរូបភាពដែលត្រូវបានថតចំពោះ ផ្កាយដុះកន្ទុយអាយុ ៧ពាន់លានឆ្នាំ មកពីក្រៅប្រព័ន្ធព្រះអាទិត្យ (Interstellar Comet) ឈ្មោះ 3I/ATLAS ខណៈដែលពេលវាកំពុងស្ថិតក្នុងការដំណើរមករកចំណុចដែលកៀកនឹងភពផែនដីបំផុតនោះ។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space)

រូបថត និងវីដេអូខ្លីរបស់ Tianwen-1 នោះក៏មិនសូវខុសពីរូប និងវីដេអូរបស់ផ្កាយរណប TGO នៃអង្គការអវកាសអឺរ៉ុប (ESA) បានថតដែរ ដោយវាមានលក្ខណៈព្រាលៗ និងឲ្យយើងចំណុចពណ៌សមួយកំពុងចល័ត នោះគឺ 3I/ATLAS នោះប៉ុណ្ណោះ។ ពិតណាស់ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ គឺជាពេលដែល 3I/ATLAS ចល័តទៅដល់ចំណុចកៀក Mars បំផុតគឺ ៣០លានkm ហើយនៅក្នុងគម្លាតនេះ បើទោះបីជាមានកាមេរ៉ាល្អ ឬខ្លាំងពូកែកម្រិតណា ក៏មិនងាយនឹងថតវាបានច្បាស់ឡើយ ព្រោះ 3I/ATLAS មិនមែនជាភព ឬព្រះចន្ទ ដែលមានទំហំធំៗនោះឡើយ។

ចិនបញ្ចេញរូបថត «3I/ATLAS» ដែលខ្លួនថតបាននៅភពអង្គារ រីឯ NASA រងការចោទថា លាក់រូប… (វីដេអូ)
បេសកកម្ម Tianwen-1 របស់ចិន (Credit: CNSA)

មិនខុសពី NASA និង ESA នោះទេ ដោយរដ្ឋបាលអវកាសចិនមិនបាននិយាយអ្វីច្រើនឡើយពី 3I/ATLAS ដោយគេបានចាត់ទុកវាត្រឹមជា «ដុំថ្មអវកាសមកពីប្រព័ន្ធផ្កាយដទៃ» ដែលមនុស្សលោកបានសង្កេតឃើញជាលើកទី ប៉ុណ្ណោះ ដោយលើកទី១គឺ Oumuamua កាលពីឆ្នាំ២០១៧ និងលើកទី២ Borisov កាលពីឆ្នាំ២០១៩។ យ៉ាងណាក៏ អ្នកវិទ្យាសាស្ត្រល្បីឈ្មោះនៅ Harvard មួយរូប និងអ្នកនិយមគាំទ្ររឿងរ៉ាវអំពី alien បាននិងកំពុងផុសផុលខ្លាំងណាស់។

ផ្កាយកន្ទុយ 3I/ATLAS (Credit: CNSA)

សម្រាប់ពេលវេលាដែល 3I/ATLAS នឹងមកដល់ចំណុចកៀកផែនដីបំផុតនោះគឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ តែនៅក្នុងគម្លាតរហូតដល់ទៅ ២៦៩លានkm ​ឯណោះ ដែលប្រការនេះគ្មានអ្វីដែលត្រូវឲ្យយើងរំភើប ព្រួយបារម្ភ ឬងាយសង្កេតវាដោយប្រើតេឡេស្កូបពីផែនដីនោះឡើយ។ 3I/ATLAS ក៏នឹងទៅកៀកភពព្រហស្បតិ៍ (Jupiter) ផងដែរ ក្នុងគម្លាតជាង ៥៣លានkm នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ហើយក្រោយពីនោះ វានឹងចាកចេញទៅជារៀងរហូត ដោយមិនមានថ្ងៃត្រលប់មកវិញទេ។

តែ… ពេលនេះអ្នកវិទ្យាសាស្ត្រមួយរូបនៃសាកលវិទ្យា Harvard សហរដ្ឋអាមេរិក គឺលោក Avi Loeb នៅតែបន្តអះអាងថា 3I/ATLAS អាចជាយានអវកាសរបស់ alien ដែលកំពុងគោចរសម្តៅមករកភពផែនដី ដោយលោកចង់មានន័យថា មនុស្សលោកកំពុងប្រឈមមុខនឹង alien ដែលអាចមកឈ្លានពានយើងហើយ…។ ពិតណាស់ យើងមិនអាចប្រកែកបានទេថា រឿងអ្វីៗក៏អាចកើតឡើងបានដែរ ជាពិសេសនៅពេលបច្ចេកវិទ្យាគ្រប់យ៉ាងលើផែនដី និងនៅទីអវកាស មិនទាន់អាចកំណត់បានអំពីប្រភព និងរូបភាពជាក់លាក់របស់ 3I/ATLAS នោះ… តែយ៉ាងណា ភស្តុតាងជាក់លាក់នៅតែត្រូវការជាចាំបាច់ មុននឹងធ្វើការសន្និដ្ឋានទៅលើអ្វីមួយ។

3I/ATLAS ឆ្លុះមើលដោយតេឡេស្កូបលើដី នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ (រូបភាពពីបរទេស)

បន្ថែមពីនេះ លោក Avi Loeb និងអ្នកគាំទ្ររបស់លោកនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើនទៀតក៏បានចោទអង្គការ NASA ថា កំពុងលាក់រូបដែលត្រូវបានថតដោយ កាមេរ៉ាគុណភាពខ្ពស់ (HiRISE) ជាប់យាន MRO ដែលកំពុងស្ថិតនៅភពអង្គារ ដោយលោកអះអាងថា NASA មានរូបភាពគុណភាពខ្ពស់ ដែលត្រូវបានថតនៅពេល 3I/ATLAS មកកៀកភពអង្គារបំផុតកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ តែម្តង… តែលោកថា NASA មិនព្រមបញ្ចេញរូបថតទាំងនោះទេ…។

ការទាមទារចំពោះ NASA ខាងលើនេះ ក៏ទទួលបានការគាំទ្រពីសមាជិកសភាអាមេរិកមួយរូបដែរ នោះគឺអ្នកនាង Anna Paulina Luna មកពីគណបក្សសាធារណរដ្ឋ ដោយអ្នកនាងបានផ្ញើលិខិតជាផ្លូវការមួយ ដើម្បីទាមទារឲ្យ NASA បញ្ចេញរូបថតដែលយាននៅភពអង្គារថតបានទៅលើ 3I/ATLAS។ ដោយឡែក នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះដែរ ប្រធានស្តីទីអង្គការ NASA លោក Sean Duffy បានអះអាងចំពោះរឿង 3I/ATLAS បែបនេះថា «គ្មាន alien អ្វីនោះទេ… ហើយក៏គ្មានការគំរាមកំហែង ដល់ជីវិតលើផែនដីដែរ…»។

គួរបញ្ជាក់ថា មូលហេតុដែលលោក Avi Loeb បំផុសគំនិតថា 3I/ATLAS ដែលអាចមានអង្កត់ផ្ចិតជាង ១០km ជាយានអវកាសរបស់ alien ចូលមកកាន់ប្រព័ន្ធព្រះអាទិត្យនោះ ក៏ព្រោះវាបានចូលមកក្នុងប្រព័ន្ធយើង ដោយភាពមិនប្រក្រតី, ការបង្កើនល្បឿនដោយឯកឯង និងការគ្មានកន្ទុយវែងដូចផ្កាយដុះកន្ទុយនានាជាដើម ដែលចំណុចគួរឲ្យសង្ស័យទាំងអស់នេះត្រូវបានលោកអះអាងថា 3I/ATLAS កំពុងតែមានអ្នកបញ្ជា…។

គន្លងគោចរនៃ 3I/ATLAS (Credit: NASA)

យ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានថ្មីៗចុងក្រោយនាដើមខែវិច្ឆិកានេះអំពី 3I/ATLAS នោះមានដូចជា ផ្កាយដុះកន្ទុយនេះសុខៗស្រាប់តែបង្កើនល្បឿនដោយខ្លួនឯង (ជាង ២០០,០០០km/ម៉ោងក្រោយពេលទៅកៀកព្រះអាទិត្យកាលពីចុងខែតុលា), វាអាចផ្លាស់ប្តូរពណ៌ជាលើកទី៣ ក្រោយឆ្លងកាត់កៀកព្រះអាទិត្យក្នុងគម្លាត ២១០លានkm រួច និងព័ត៌មានមួយចំនួនតូចទៀត សុទ្ធតែមិនច្បាស់លាស់ ហើយចេញពីប្រភពមិនផ្លូវការទាំងអស់…។ មួយវិញទៀត ដូចយើងដឹងហើយថា អង្គការ NASA បានបិទទ្វារតាំងតែពីដើមខែតុលា ឆ្នាំ២០២៥មកម្ល៉េះ ដោយសារតែថវិកាប្រចាំឆ្នាំមិនទាន់ត្រូវបានអនុម័តដោយសភា… ដូច្នេះការចោទអង្គការ NASA ថាស្ងាត់ នោះមិនសមហេតុផលទេ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science / Fox News / SPACE (ថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥)

480×240 Banner