ស្ងាត់ៗ NASA បញ្ជូនយានភ្លោះទៅភពព្រះអង្គារ! តើជាបេសកកម្មអ្វី? (វីដេអូ)

163

(បរទេស)៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ រ៉ុក្កែតខ្នាតធំដំបូងរបស់ក្រុមហ៊ុន Blue Origin នោះគឺ New Glenn ត្រូវបានពន្យារពេលហោះហើរចេញពីមូលដ្ឋាន Cape Canaveral នៃរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិកហើយ ដោយសារតែបញ្ហាធាតុអាកាស ដោយវាគ្រោងនឹងចាប់ផ្តើមជាថ្មីនៅរយៈពេល ២៤ម៉ោង បន្ទាប់ពីការពន្យារពេល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ពេលនេះ មិនត្រឹមតែទៅលើរ៉ុក្កែត New Glenn ដែលឈានទៅបំពេញបេសកកម្មសំខាន់លើកដំបូងប៉ុណ្ណោះទេ តែក៏ទៅលើអ្វីដែលមាននៅក្នុងរ៉ុក្កែតនោះផងដែរ…។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ដោយសារតែអង្គការ NASA កំពុងស្ថិតក្នុងការបិទទ្វារនៅឡើយ គិតចាប់តាំងពីដើមខែតុលា ឆ្នាំ២០២៥មកនោះ ដូច្នេះដំណើរការគ្រប់យ៉ាងទាំងអស់បូករួមទាំងគេហទំព័រ, ផេកហ្វេសប៊ុក, ឆាណែលយូធូប និងការឆ្លើយឆ្លងជាមួយបណ្តាញសារព័ត៌មាននានា ត្រូវផ្អាកជាបណ្តោះអាសន្ន។ ប៉ុន្តែការបាញ់បង្ហោះយានពេលនេះដោយរ៉ុក្កែត New Glenn គឺជាបេសកកម្មសំខាន់របស់ NASA ទៅកាន់ភពព្រះអង្គារ ដែលបានរៀបចំសម្រាប់បញ្ជូនចេញពីផែនដីរួចជាស្រេច មុន NASA បិទទ្វារទៅទៀត ដូច្នេះវាគ្មានបញ្ហាដល់ការបាញ់បញ្ជូនទេ។ តើនោះជាបេសកកម្មអ្វីដែរ?

រ៉ុក្កែត New Glenn (Image Credit: Blue Origin)

១៖ បេសកកម្មយានភ្លោះ ESCAPADE

បេសកកម្មថ្មីរបស់ NASA ខាងលើនេះមានឈ្មោះថា ESCAPADE (ឈ្មោះពេញគឺ Escape and Plasma Acceleration and Dynamics Explorers) ដែលជាបេសកកម្មសិក្សាអំពីការទប់ទល់របស់ភពអង្គារ ទៅនឹងបរិយាកាសនៃទីអវកាស ឬនិយាយឲ្យចំគឺការទប់ទល់របស់ភពក្រហមនោះចំពោះព្យុះ និងឥទ្ធិពលជាច្រើនទៀតនៃព្រះអាទិត្យ ខណៈដែល Mars មានបរិយាកាសស្តើង និងដែនម៉ាញេទិចខ្សោយខ្លាំង បើធៀបនឹងភពផែនដីយើងនោះ។

បេសកកម្ម ESCAPADE តម្លៃ ៨០លានដុល្លារសហរដ្ឋអាមេរិកនេះ មានផ្កាយរណប ២គ្រឿង ដែលធ្វើការងារជាមួយគ្នា ក្នុងនោះមួយមានឈ្មោះថា Gold និងមួយទៀតឈ្មោះ Blue ក្រោមការអភិវឌ្ឍន៍ដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យា Berkeley រដ្ឋកាលីហ្វ័រញ៉ា។ យានភ្លោះនេះមានទំហំប៉ុនគ្នាគឺ ៦០ x ៧០ x ៩០cm ប៉ុណ្ណោះ ដែលនេះអាចបញ្ជាក់បានថា វាត្រឹមជាផ្កាយរណបខ្នាតតូច ដើម្បីគោចរជុំវិញភពអង្គារ។

បេសកកម្ម ESCAPADE (Image Credit: NASA / UC Berkeley)

សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ទោះបីជាមានយានស្រាវជ្រាវទាំងនៅក្នុងគន្លងគោចរ និងនៅលើដីភពអង្គារអស់កន្លះសតវត្សរ៍មកហើយក៏ពិតមែន តែអាថ៌កំបាំងធំមួយនៅតែ មិនទាន់ត្រូវបានបកស្រាយនោះទេ នោះគឺការបាត់បង់បរិយាកាស ទឹក និងដែនម៉ាញេទិចរបស់ភពក្រហមនោះ។

ដូច្នេះ ESCAPADE នឹងដើរតួនាទីស្នូលតែម្តង នៅក្នុងការស្វែងរកចម្លើយ ព្រមទាំងបង្កើតផែនទី 3D នៃខ្យល់ព្រះអាទិត្យ (Solar Wind) ព្រមទាំងកំសួលនៃភាគល្អិតមានបន្ទុកអគ្គសនី (charged particles) ជះចេញពីព្រះអាទិត្យ ដែលមកផ្សាភ្ជាប់ជាមួយភាគល្អិត នៅក្នុងខ្យល់អាកាសរបស់ភពអង្គារផង ព្រមទាំងពង្រាត់ភាគល្អិតទាំងនោះចេញពីភពអង្គារ ទៅកាន់ទីអវកាសបន្តិចម្តងៗផង…។

២៖ ការចាកចេញពីផែនដី និងទៅដល់ភពអង្គារ

សម្រាប់កូនផ្កាយរណប ESCAPADE ទាំងពីរគ្រឿង ក្រោយចាកចេញពីផែនដីនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ វានឹងទៅដល់គន្លងគោចរជុំវិញភពអង្គារនៅអំលុងខែកញ្ញា ឆ្នាំ២០២៧។ មូលហេតុនៃការយឺតយ៉ាវខ្លាំងនេះ ក៏ព្រោះតែ ESCAPADE នឹងត្រូវគោចរមកកៀកផែនដីវិញសិន នៅអំលុងខែវិច្ឆិកា ឆ្នាំ២០២៦ រួចទើបទើបអាចប្រើប្រាស់កម្លាំង Gravity របស់ផែនដី រុញច្រានខ្លួន​ឯងបន្តទៅរកភពអង្គារបាន។

បេសកកម្ម ESCAPADE នៅភពអង្គារ (Image Credit: NASA / UC Berkeley)

មូលហេតុនៃការបន្ទាន់ក្នុងការបាញ់បញ្ជូន ESCAPADE នោះក៏ព្រោះតែ NASA មិនចង់រង់ចាំទៀតនោះឡើយ ក្រោយបង្អួចនៃការបាញ់បង្ហោះលើកទី១ ត្រូវបានខកខានកាលពីចុងឆ្នាំ២០២៤ ដែលនេះមានន័យថា ២៦ខែបន្ទាប់ពីនោះទើបមានឱកាសម្តងទៀត ។ បង្អួចនៃឱកាសនេះ យើងចង់សម្តៅទៅលើការគោចរមកកៀកគ្នារវាងផែនដី និងភពអង្គារ ដែលអាចកើតឡើងរៀងរាល់ ២៦ ខែម្តង ហើយការបាញ់បង្ហោះក្នុងអំលុងពេលនេះ គឺអាចឲ្យយានគោចរទៅដល់ភពអង្គារ ប្រើពេលតែក្នុងរង្វង់ ៧ខែប៉ុណ្ណោះ។

ស្ងាត់ៗ NASA បញ្ជូនយានភ្លោះទៅភពព្រះអង្គារ! តើជាបេសកកម្មអ្វី? (វីដេអូ)
បេសកកម្ម ESCAPADE នៅភពអង្គារ (Image Credit: NASA / UC Berkeley)

គួរបញ្ជាក់ថា ផ្កាយរណបទាំង ២គ្រឿងគឺ Gold និង Blue នឹងគោចរជុំវិញភពអង្គារ ដោយកៀកបំផុតក្នុងរយៈកម្ពស់ ១៦០km ដូចគ្នា តែសម្រាប់ឆ្ងាយបំផុតវិញគឺ Gold ក្នុងរយៈកម្ពស់ ៧,០០០km និង Blue រហូតដល់ ១០,០០០km។ ការបំពេញបេសកកម្ម ESCAPADE នៅភពអង្គារ នឹងមានរយៈពេល ២ឆ្នាំកន្លះ នៃពេលវេលាលើភពផែនដី៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ CNN / SPACE (ថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥)

480×240 Banner