ភពពិសេសៗចំនួន «៥» គួរឲ្យចាប់អារម្មណ៍បំផុតប្រចាំឆ្នាំ២០២៥!​

2

(បរទេស)៖ ការសិក្សាស្វែងរកភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) អាចថាជារឿងគួរឲ្យធុញផង ធម្មតាផង និងរំភើបផង។ ភាពធម្មតា ឬគួរឲ្យធុញនោះ គឺចង់សម្តៅទៅលើការរកឃើញដដែលៗ និងគ្មានអ្វីពិសេស ខណៈភាពរំភើប និងគួរឲ្យចាប់អារម្មណ៍វិញនោះ គឺទៅលើភព Exoplanets ខ្លះដែលគេសង្ស័យថា អាចទ្រទ្រង់ជីវិត និងមានភាពចម្លែកដែលយើងស្ទើរមិនជឿថា អាចកើតមានឡើងទៅរួច…។

សម្រាប់ឆ្នាំ២០២៥នេះ ភព Exoplanets ថ្មីៗត្រូវបានរកឃើញចូលដល់ខ្ទង់ពាន់ឯណោះ ដោយបូកបន្ថែមជាមួយទិន្ន័យចាស់ទៀត គឺកើតឡើងដល់ទៅជាង ៦,០៦០ភព ហើយ (គិតត្រឹមខែធ្នូ ឆ្នាំ២០២៥) ប៉ុន្តែយើងសូមធ្វើការដកស្រង់ភពគួរឲ្យចាប់អារម្មណ៍ក្នុងចំនួនតែ ប៉ុណ្ណោះ ទាំងភពថ្មីៗ និងភពចាស់ៗ ដែលភាពពិសេសបំផុតរបស់ពួកវាត្រូវបានរកឃើញនៅក្នុងឆ្នាំ២០២៥នេះតែម្តង ហើយយើងសូមរៀបរាប់ចាប់ពីលេខ ទៅមុនដូចតទៅ៖

៥៖ ភព Proxima d ត្រូវបានបញ្ជាក់វត្តមាន

តាមរយៈឧបករណ៍សង្កេតរកពន្លឺក្រហមអាំងហ្វ្រានៃភព The Near-Infrared Planet Searcher (NIRPS) ស្ថិតនៅមន្ទីរសង្កេតតារា La Silla Observatory នៃប្រទេសឈីលី បានបញ្ចេញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនៃការសង្កេតដំបូងរបស់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២៥ ដោយក្នុងនោះគេមិនត្រឹមតែបញ្ជាក់វត្តមានឡើងវិញរបស់ភព Proxima b ដែលស្ថិតនៅក្នុងតំបន់ Habitable Zone (អំណោយផលដល់ការកកើតជីវិត) ប៉ុណ្ណោះទេ តែក៏មានភពមួយទៀតផងដែរ ដែលត្រូវបានរកឃើញនោះគឺ Proxima d នៅជុំវិញផ្កាយ Proxima Centauri

Proxima Centauri ជាផ្កាយស្ថិតនៅកៀកផែនដីជាងគេបំផុតប្រមាណតែ ៤.២ឆ្នាំពន្លឺប៉ុណ្ណោះ ដែលកន្លងមកនេះភពចំនួន ២ រួចមកហើយត្រូវបានរកឃើញជាផ្លូវការនោះគឺ Proxima b និង Proxima c។ សម្រាប់ភព Proxima d ខាងលើនេះវិញជាភពថ្មី ដែលត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ ប៉ុន្តែវាមិនមែនស្ថិតនៅលេខរៀងទី នោះទេ តែវាស្ថិតនៅលេខរៀងទី ទៅវិញ (កៀកផ្កាយជាងគេ)។ រឿងនេះងាយយល់ប៉ុណ្ណោះ ប្រសិនបើភព Proxima d នេះត្រូវបានរកឃើញមុនគេ នោះពិតជាមានឈ្មោះថា Proxima b មិនខាន… តែចៃដន្យវាត្រូវបានរកឃើញក្រោយគេ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្កាយ Proxima Centauri ស្ថិតនៅទីតាំងមួយដែលពិបាកឲ្យ តេឡេស្កូបពីផែនដីសង្កេតរកភព Exoplanet ជុំវិញផ្កាយនោះណាស់ ឬសូម្បីតែវិភាគចំពោះបរិយាកាស ឬមួយក៏តំបន់ Habitable Zone ជុំវិញផ្កាយនោះ។ ហេតុដូច្នេះហើយទើបឧបករណ៍ NIRPS ត្រូវបានអភិវឌ្ឍឡើង ដើម្បីសង្កេតរកមើលពន្លឺក្រហមអាំងហ្វ្រាដ៏ស្រាលរបស់ភពទាំងនោះវិញ ហើយនៅទីបំផុតគេអាចសិក្សាតំបន់ Habitable Zone របស់ភព Proxima b បាន និងថែមទាំងបានបញ្ជាក់វត្តមានជាផ្លូវការ នៃភពថ្មីមួយទៀតនោះគឺ Proxima d ខាងលើនេះ​ឯង។

ភព Proxima d (Image Source: NASA)

៤៖ ភពដែលកំពុងរំលាយខ្លួនឯងជុំវិញផ្កាយ…

BD+05 4868 Ab ត្រូវបានរកឃើញនៅក្នុងឆ្នាំ២០២៥នេះ ក្នុងប្រព័ន្ធផ្កាយភ្លោះមួយគូ ស្ថិតនៅចម្ងាយ ១៤០ឆ្នាំពន្លឺពីភពផែនដី។ ភពនេះស្ថិតនៅកៀកផ្កាយមួយក្នុងចំណោមពីរ នោះគឺ BD+05 4868 A នៅក្នុងគម្លាតកៀកជាង ២០ដង បើធៀបនឹងគម្លាតរវាងភពពុធ (Mercury) និងព្រះអាទិត្យអាទិត្យរបស់យើង (Mercury មានគម្លាតជាមធ្យម ៥៨លានkm ពីព្រះអាទិត្យ) ហេតុដូច្នេះហើយទើប Exoplanet ដែលត្រូវបានរកឃើញដោយតេឡេស្កូបអវកាស TESS មួយនេះបញ្ចេញអកាៈចម្លែក និងគួរឲ្យព្រឺព្រួច…។

ទិន្នន័យពីតេឡេស្កូបនៃអង្គការ NASA នោះបានបង្ហាញថា ការគោចររបស់ BD+05 4868 Ab ដែលកៀកផ្កាយមេរបស់វាពេក បាននិងកំពុងធ្វើឲ្យផ្ទៃ Exoplanet មួយនេះរលាយដោយសារតែកម្តៅ ហើយភាគល្អិតនៃការរលាយនោះក៏រំសាយក្លាយជាកន្ទុយរបស់វាដែលមានប្រហែលដល់ទៅ ៩លានkm ឬស្មើនឹងពាក់កណ្តាលនៃប្រវែងនៃរង្វង់គន្លងគោចរភពនេះ។

ក្រុមអ្នកវិទ្យាសាស្ត្របានគណនាទៀតថា BD+05 4868 Ab តែងតែរំលាយខ្លួនវាអស់បរិមាណស្មើនឹងភ្នំ Everest លើផែនដីចំនួនមួយនៅក្នុងដំណើរគោចរជុំវិញផ្កាយវាបាន១ជុំ ដូច្នេះពួកគេបានសន្មតថា ភពនេះនឹងរលាយបាត់ស្រមោលនៅអំលុងពេលចាប់ពី ១-២លានឆ្នាំខាងមុខនេះទៀតប៉ុណ្ណោះ…។

ភព BD+05 4868 Ab (Image Source: SPACE)

៣៖ ភពដែលគ្របដណ្តប់ដោយកម្អែលភ្លើងឥតល្ហែរ

ជាភពដែលត្រូវបានរកឃើញដោយតេឡេស្កូបអវកាស TOI-561b និងត្រូវបានតេឡេស្កូបអវកាស James Webb សង្កេតលម្អិតនៅក្នុងឆ្នាំ២០២៥នេះ។ TOI-561b គោចរគោចរកៀកផ្កាយមេវាខ្លាំង ដែលនាំឲ្យការគោចររបស់ភពនេះជុំវិញផ្កាយមេវាមួយជុំប្រើពេលមិនដល់ ១ថ្ងៃរបស់ផែនដីឡើយ ឬមួយក៏យើងអាចនិយាយបែបនេះវិញថា ១ឆ្នាំលើភពនោះ ស្មើមិនដល់១ថ្ងៃរបស់ផែនដីយើងទេ…។

តែរឿងពេលវេលានេះមិនសំខាន់ឡើយ ព្រោះលើផ្ទៃភពនោះមានកម្តៅដល់ទៅជាង ១,៧០០អង្សាសេ ដែលគ្រប់គ្រាន់អាចរំលាយថ្មបាន។ ហេតុដូច្នេះហើយ ក្រុមអ្នកវិទ្យាសាស្ត្រអាចសន្មតបានថា ផ្ទៃរបស់វាពោពេញដោយកម្អែលភ្លើង ដែលនឹងបន្តរហូតគ្មានស្រាកស្រាន។ ហើយយើងក៏កុំសួរថា តើវាអាចមានជីវិតឬអត់នោះដែរ…។

ភព TOI-561b (Image Source: NASA)

២៖ កំណើតនៃភពដ៏គួរឲ្យចង់តាមដាន

គួរឲ្យស្តាយ… ជីវិតមនុស្សខ្លីជ្រុលពេក ហើយការកើតចាស់ឈឺស្លាប់មានភាពឆាប់រហ័សជ្រុល បើធៀបនឹងការកកើតនៃផ្កាយ និងភពនានាក្នុងកាឡាក់ស៊ីយើងនេះ។ កុំអីមនុស្សលោកនឹងអាចបន្តតាមដានបម្រែបម្រួលនៃទីអវកាស ដោយផ្ទាល់ភ្នែកមិនខាន… យ៉ាងណាក៏ដោយ ពេលវេលា និងលំហមិនមេត្តាដល់យើងឡើយ។

ជាក់ស្តែង នៅចម្ងាយប្រមាណ ៤៣៧ឆ្នាំពន្លឺពីផែនដីយើងនេះ មានទារកភពមួយត្រូវបានតេឡេស្កូប Magellan នៅប្រទេសឈីលី ឆ្លុះមើល ហើយគេបានដឹងថាវាទើបមានអាយុ ៥លានឆ្នាំប៉ុណ្ណោះ… ហើយបើធៀបនឹងផែនដីយើងដែលមានអាយុដល់ទៅ ៤.៦ពាន់លានឆ្នាំនោះ ភពដែលមានឈ្មោះថា WISPIT 2b នោះត្រឹមជាទារកមួយប៉ុណ្ណោះ។

តែយ៉ាងណា នៅពេលមានបរិស្ថានកកើតខុសគ្នា នោះការវិវឌ្ឍន៍នៃភពក៏ខុសគ្នាដែរ… WISPIT 2b ថ្វីត្បិតតែមានវ័យទើប ៥លានឆ្នាំមែន តែម៉ាសរបស់វាវិញគឺស្មើនឹងម៉ាសភពព្រហស្បតិ៍ (Jupiter) របស់យើងគុណនឹង ទៅហើយ ខណៈវាកំពុងបន្តស្ថិតក្នុងបណ្តុំពពកធូលី និងឧស្ម័ន ដែលជាសញ្ញាបង្ហាញថា វាកំពុងបន្តរីកធំធាត់ទៅមុខទៀត។ វាជាលើកដំបូងហើយដែលក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសង្កេតមើលភពក្មេងមួយ ដែលកំពុងប្រមូលផ្តុំរូបរាងស្តែងៗនឹងភ្នែក ដែលនេះជាឱកាសមាសសម្រាប់ការសិក្សាផ្នែកភពសាស្ត្រ…។

ភពពិសេសៗចំនួន «៥» គួរឲ្យចាប់អារម្មណ៍បំផុតប្រចាំឆ្នាំ២០២៥!​
ភព WISPIT 2b ក្នុងការសន្និដ្ឋាន (Image Source: NASA)

១៖ ភព K2-18b បង្កើតការរំភើបជាថ្មី

ភពនេះគឺពិសេសជាងគេប្រចាំឆ្នាំ២០២៥នេះ ថ្វីត្បិតតែវាត្រូវបានរកឃើញ និងវិភាគដំបូងដោយតេឡេស្កូបអវកាស Hubble តាំងតែពីឆ្នាំ២០២០មកថា ជាភពអាចកំពុងគ្របដណ្តប់ដោយទឹក និងមានលទ្ធភាពខ្ពស់ក្នុងការទ្រទ្រង់ជីវិត ព្រោះតែវាស្ថិតនៅតំបន់ Habitable Zone ក៏ដោយ។ តែយ៉ាងណា ភាពភ្ញាក់ផ្អើលខ្លាំងបែរជាកើតឡើងនៅឆ្នាំ២០២៥នេះចំពោះ K2-18b ព្រោះតែទិន្នន័យថ្មីនៃតេឡេស្កូបអវកាស James Webb

កាលពីឆ្នាំ២០២៣ ក្រុមការងារ James Webb បានប្រកាសម្តងរួចមកហើយ ពីការរកឃើញសមាសធាតុ ឌីមេទីលស៊ុលភីដ (Dimethyl sulfide ឬ DMS) នៅក្នុងបរិយាកាសរបស់ K2-18b ដែលជាភពស្ថិតនៅចម្ងាយ ១២៤ឆ្នាំពន្លឺពីផែនដីយើង ហើយសមាសធាតុប្រភេទនេះបើនៅលើភពផែនដីយើងគឺមានតែពពួកប្លង់តុង ឬសារាយក្នុងទឹកសមុទ្រតែប៉ុណ្ណោះ ដែលអាចបញ្ចេញទៅក្នុងបរិយាកាសបាន។

រហូតមកដល់ឆ្នាំ២០២៥នេះ ការភ្ញាក់ផ្អើលកាន់តែមានបន្ថែម តាមរយៈការរកឃើញសមាសធាតុថ្មីមួយទៀតក្នុងបរិយាកាសភព K2-18b ដដែលនោះគឺ ឌីមេទីលឌីស៊ុលភីដ (Dimethyl disulfide ឬ DMDS) ដែលសមាសធាតុប្រភេទនេះបើសិនជានៅលើផែនដីយើង មានតែពពួកសត្វល្អិត សារាយ រុក្ខជាតិក្នុងទឹក បាក់តេរី និងសត្វមួយចំនួនប៉ុណ្ណោះ ដែលអាចផលិត និងបញ្ចេញទៅក្នុងបរិយាកាសបាន…។

ទំហំភព K2-18b ធៀបនឹងភពផែនដី (រូបភាពពីបរទេស)

យ៉ាងណាក៏ដោយ សមាសធាតុ DMS និង DMDS ខាងលើនេះ ក៏អាចត្រូវបានបង្កើតឡើង តាមអ្វីផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងជីវិតផងដែរ ដូចជានៅក្នុងអាចម៍ផ្កាយ និងបណ្តុំពពកធូលីនៃតំបន់អន្តរលំហអវកាសជាដើម…។ ទោះជាបែបនេះក្តី ការស្ថិតនៅក្នុង Habitable Zone របស់ K2-18b នៅជុំវិញផ្កាយ K2-18 របស់វា និងការរកឃើញភស្តុតាងថា វាកំពុងគ្របដណ្តប់ដោយផ្ទៃសមុទ្រទៀតនោះ វាកាន់តែគាំទ្រគំនិតថា ភពនោះអាចមានជីវិត…។ ទោះជាបែបនេះក្តី ការសិក្សាបន្ថែមទៀតនៅតែត្រូវធ្វើបន្ត៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE / NASA (ថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥)

480×240 Banner