ជាលើកដំបូង! James Webb ពិតជាឃើញ «ប្រហោងខ្មៅយក្ស» ខ្ទាតចេញពីកាឡាក់ស៊ីយ៉ាងលឿន! (វីដេអូ)

14

(បរទេស)៖ ប្រិយមិត្តដែលនិយមតាមដានព័ត៌មានពីប្រហោងខ្មៅ (Black Hole) ទំនងជាធ្លាប់បានដឹងឮរួចមកហើយ អំពីការប្រទះឃើញបាតុភូត Black Hole Runaway ឬការចល័តខ្លួនយ៉ាងរហ័សចេញពីកាឡាក់ស៊ីដោយប្រហោងខ្មៅ ដែលជាការសង្ស័យរបស់តេឡេស្កូបអវកាស Hubble កាលពីឆ្នាំ២០២៣ ប៉ុន្តែកាលណោះនៅមានការប្រទាញប្រទង់គ្នារវាងថាតើវាជាការពិត ឬត្រឹមជាភាពភាន់ច្រឡំ…។

ឈានចូលមកដល់លទ្ធផលសង្កេត ដោយតេឡេស្កូបអវកាស James Webb កាលពីចុងឆ្នាំ២០២៥ និងត្រូវបានដកស្រង់នៅដើមខែមករា ឆ្នាំ២០២៦នេះ ក្រុមតារាវិទូអន្តរជាតិបានសន្មតថា ជាការពិតអំពីប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) មួយនោះ ហើយវាមិនត្រឹមតែជាលើកទីមួយនៃការប្រទះឃើញបាតុភូតប្រភេទនេះប៉ុណ្ណោះទេ តែក៏ជាលើកដំបូងផងដែរសម្រាប់ពួកគេក្នុងការគណនាដឹងថា Supermassive Black Hole នោះកំពុងចល័តក្នុងល្បឿនយ៉ាងលឿន ហើយរំសាយកន្ទុយយ៉ាងវែងអន្លាយ (វែងជាងអង្កត់ផ្ចិត Milky Way ទៅទៀត)

Runaway Black Hole (RBH-1) សង្កេតដោយ James Webb (Credit: NASA/ESA/CSA)

យោងតាមអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Pieter van Dokkum មកពីសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក ដែលជាអ្នកដឹកនាំក្រុមការងារសិក្សាលើទិន្នន័យបានមកពី James Webb ខាងលើ បានប្រាប់សារព័ត៌មាន SPACE ថា «វាធ្វើឲ្យយើងវង្វេងស្មារតី! កម្លាំងដែលត្រូវបានប្រើប្រាស់ដើម្បីអូសទាញ Black Hole យក្សចេញកាឡាក់ស៊ីរបស់វាបែបនោះ ពិតជាខ្លាំងមហាសាលណាស់។ តែយ៉ាងណា កន្លងមកបាតុភូតប្រភេទនេះ ក៏ត្រូវបានគេព្យាករថា អាចនឹងមានផងដែរ… (ពេលនេះគេបានឃើញជាក់ស្តែង)»។

ទិន្នន័យពី James Webb បានបញ្ជាក់ថា កន្ទុយដែលកើតចេញពីចល័តយ៉ាងលឿននៃ Supermassive Black Hole ដែលកំពុង runaway នោះគឺប្រមាណជាង ២០០,០០០ឆ្នាំពន្លឺ ឬស្មើនឹងប្រវែងអង្កត់ផ្ចិត Milky Way របស់យើងគុណនឹងឯណោះ។ បន្ថែមពីនេះ ការចល័តចេញពីកាឡាក់ស៊ីរបស់វា គឺនៅក្នុងល្បឿនរហូតដល់ទៅ ៣,០០០ដង នៃល្បឿនសំឡេង (ជិត ១,០០០km/វិនាទី) ដែលល្បឿនកម្រិតនេះ គឺគ្មាននរណាម្នាក់អាចនឹកស្មានដល់ទាល់តែសោះ ព្រោះយានអវកាសលឿនបំផុតរបស់មនុស្សលោកគឺ Voyager-1 អាចចល័តបានលឿនបំផុតតែ ១៧km/១វិនាទីប៉ុណ្ណោះ…។

Runaway Black Hole (RBH-1) សង្កេតដោយ Hubble (Credit: NASA/ESA)

បកស្រាយឡើងហត់មួយសន្ទុះហើយ មិនទាន់ប្រាប់ឈ្មោះ… ដូច្នេះចូរមកស្គាល់ឈ្មោះរបស់ Supermassive Black Hole ខាងលើនេះ វិញ ដោយវាត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា RBH-1 (តំណាងឲ្យ Runaway Black Hole ទី១ ដែលត្រូវបានរកឃើញ)។ បើតាមការគូសបញ្ជាក់ថាពីក្រុមអ្នកវិទ្យាសាស្ត្រ Yale កន្ទុយរបស់ RBH-1 នោះគឺសុទ្ធសឹងតែផ្កាយកំពុងកកើតថ្មីៗស្ថិតនៅចម្ងាយ ៧.៥ពាន់លានឆ្នាំពន្លឺពីផែនដី… Ok! បែបនេះគឺមានន័យថា វាជាអតីតកាល ៧.៥ពាន់លានឆ្នាំមុន ដែលប្រព័ន្ធព្រះអាទិត្យ ឬសូម្បីតែភពផែនដីមិនទាន់ចាប់កំណើតផង…។

ក៏មានចម្ងល់ថា ហេតុអ្វីបានជាគេដឹងថា RBH-1 កំពុងរត់ចេញពីកាឡាក់ស៊ីវា? ចម្លើយគឺ ជាក់ស្តែងណាស់ការសង្កេតដោយ Hubble ជាពន្លឺនៃចម្ងល់ដំបូង តែសម្រាប់ការសង្កេតដោយ James Webb វិញគឺផ្តល់ចម្លើយជាក់ស្តែងស្របនឹងចម្ងល់របស់ Hubble។ ក្រុមការងារ James Webb បានប្រើប្រាប់ឧបករណ៍វិភាគពន្លឺក្រហមអាំងហ្វ្រាជិត (NIRSpec Integrated Field Unit) ដែលផ្តោតទៅលើទីតាំងតូចចង្អៀតណាមួយនៃទីអវកាស ដើម្បីសម្រិតសម្រាំងយកពន្លឺក្រហមអាំងហ្វ្រាដ៏ស្រាល… ក្នុងន័យនេះយើងចង់សម្តៅទៅលើ កាឡាក់ស៊ី ២ ដែលបង្កើតចេញជារចនាសម្ព័ន្ធដូចមុខទីទុយនោះឯង គឺ Cosmic Owl (ជាប្រភពដើមរបស់ RBH-1)។

ជាលើកដំបូង! James Webb ពិតជាឃើញ «ប្រហោងខ្មៅយក្ស» ខ្ទាតចេញពីកាឡាក់ស៊ីយ៉ាងលឿន! (វីដេអូ)
ទិដ្ឋភាពនៃ Runaway Black Hole (RBH-1) បង្កើតឡើងក្រោយពីទទួលបានទិន្ន័យពី Hubble ឆ្នាំ២០២៣ (Credit: NASA/ESA)

សម្រាប់មូលហេតុនៃការខ្ទាតរបស់ប្រហោងខ្មៅ RBH-1 ដែលមានម៉ាសស្មើនឹងម៉ាសព្រះអាទិត្យយើង ១០-២០លានដង ចេញពីកាឡាក់ស៊ីដើមរបស់វានោះ ត្រូវបានក្រុមតារាវិទូសន្និដ្ឋានថា អាចបណ្តាលមកពីកម្លាំងជះត្រលប់ក្រោយនៃទំនាញ (Gravitational Recoil) ដែលកើតចេញពីការរួមបញ្ចូលគ្នានៃ Supermassive Black Hole មួយផ្សេងទៀត។ បាតុភូតនេះអាចកើតឡើងទៅបាន ក៏ព្រោះតែអំលុង ៧.៥ពាន់លានឆ្នាំមុននោះ ក៏ត្រូវបានចាត់ទុកថា ជាពេលដែលចក្រវាលកំពុងស្ថិតក្នុងភាពពុះកញ្ជ្រោលដែរ ដោយសារតែការកកើតកាឡាក់ស៊ី, ប្រហោងខ្មៅ និងផ្កាយជាដើម ខណៈដែលបច្ចុប្បន្នចក្រវាលមានវ័យ ១៣.៨ពាន់លានឆ្នាំហើយ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦)

480×240 Banner