រឿងរំភើបដំបូងនៃឆ្នាំ២០២៦! NASA នឹងនាំមនុស្សជិះជុំវិញព្រះចន្ទ (Artemis II) (វីដេអូ)

106

(បរទេស)៖ បេសកកម្មពាក់កណ្តាលរំភើប អាចនឹងកើតឡើងនៅអំលុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦នេះហើយ ដោយអង្គការ NASA នឹងបញ្ជូនក្រុមអវកាសយានិកដំបូងជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានជាងកន្លះសតវត្សរ៍មកនេះ ទៅបំពេញទស្សនកិច្ចជុំវិញព្រះចន្ទ ហើយវាគឺជាបេសកកម្ម Artemis II នោះឯង។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

សេចក្តីប្រកាសរបស់ NASA ដែលត្រូវបានដកស្រង់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា យានអវកាស Orion អាចនឹងត្រូវពាំនាំដោយរ៉ុក្កែត SLS (Space Launch System) អភិវឌ្ឍឡើងដោយ NASA ផ្ទាល់ចេញពីទីលានបាញ់បង្ហោះយាន Launch Pad 39B នៃមជ្ឈមណ្ឌល Kennedy Space Center រដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ទៅកាន់ទីអវកាសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយអវកាសយានិកនៅក្នុងយាន Orion នោះនឹងបន្តដំណើរទៅរកឋានព្រះចន្ទ។

(Image Credit: NASA)

នៅក្នុងសេចក្តីប្រកាសចេញដោយមន្ត្រីកំពូល NASA មួយរូបឈ្មោះ Lori Glaze ដែលទទួលបន្ទុកខាងដឹកនាំ និងអភិវឌ្ឍប្រព័ន្ធស្រាវជ្រាវបេសកកម្មនោះ បានគូសបញ្ជាក់ថា «យើងកំពុងខិតកាន់តែជិត ការចេញបេសកកម្ម Artemis 2 ហើយ ដោយវានឹងកើតឡើងឆាប់ៗនេះប៉ុណ្ណោះ… យើងនៅមានជំហានសំខាន់ៗ ដែលត្រូវបំពេញបន្ថែមទៀត មុននឹងឈានដល់ការបាញ់បង្ហោះយាន ហើយសុវត្ថិភាពនៃអវកាសយានិក នៅតែស្ថិតក្នុងអាទិភាពនៃការគិតគូរខ្ពស់គ្រប់ជំហាន ខណៈដែលយើងកំពុងខិតកាន់តែជិត ការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទជាថ្មី…»។

សម្រាប់ក្រុមអវកាសយានិក ដែលនឹងត្រូវបំពេញបេសកកម្មសម្រាប់ Artemis II នោះមានចំនួន ៤រូបដូចជា អវកាសយានិក Reid Wiseman, អវកាសយានិក Victor Glover និងអវកាសយានិក Christina Koch ដែលទាំង ៣រូបនេះមកពីអង្គការ NASA ផ្ទាល់ ខណៈមួយរូបទៀតគឺអវកាសយានិក Jeremy Hansen មកពីទីភ្នាក់អវកាសកាណាដា (CSA)។ បើគិតទាំងការចាកចេញពីផែនដី, ធ្វើដំណើរដល់ឋានព្រះចន្ទ, គោចរជុំវិញព្រះចន្ទ និងបកត្រឡប់មកចុះចតលើផែនដីវិញនោះ នឹងមានរយៈពេល ១០ថ្ងៃគត់

(Image Credit: NASA)

គួររម្លឹកផងដែរថា បើទោះបីជាបេសកកម្ម Artemis II មិនចុះចតលើផ្ទៃព្រះចន្ទត្រង់កន្លែងណាមួយក្តី តែវាក៏នឹងក្លាយជាលើកដំបូងផងដែរ សម្រាប់មនុស្សជាតិលើផែនដី គិតចាប់តាំងពីខែធ្នូ ឆ្នាំ១៩៧២ ដែល NASA បានចេញបេសកកម្ម Apollo 17 ដោយមានមនុស្សជិះជាលើកចុងក្រោយទៅកាន់ឋានព្រះចន្ទនោះ។

យ៉ាងណាក៏ដោយ ការធ្វើតេស្តនានានឹងត្រូវតែសម្រេចឲ្យបានមុនថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នោះផងដែរ បូករួមទាំងកត្តាអាកាសធាតុ។ បើតាមអង្គការ NASA ក្រុមជំនាញនឹងត្រូវត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពក្នុងការបញ្ចូលឥន្ធនៈជាឧស្ម័នអ៊ីដ្រូហ្សែនរាវ (LH2) ប្រមាណ ២.៦៥លានលីត្រទៅក្នុងរ៉ុក្កែត SLS, ការធ្វើតេស្ត countdown និងការធ្វើតេស្តសុវត្ថិភាពក្នុងការបញ្ចេញឥន្ធនៈពីខ្លួនរ៉ុក្កែតវិញ (ដោយគ្មានអវកាសយានិកក្នុងយាននោះ)។

រឿងរំភើបដំបូងនៃឆ្នាំ២០២៦! NASA នឹងនាំមនុស្សជិះជុំវិញព្រះចន្ទ (Artemis II) (វីដេអូ)
(Image Credit: NASA)

ប្រសិនបើ Artemis II ប្រព្រឹត្តិទៅបានសម្រេចជាស្ថាពរ នោះបេសកកម្មបន្ទាប់គឺ Artemis III នឹងកើតឡើងនៅអំលុងពាក់កណ្តាលឆ្នាំ២០២៧ ឬអាចដល់ឆ្នាំ២០២៨ (អាស្រ័យលើសម្លៀកបំពាក់អវកាសយានិក អភិវឌ្ឍឡើងទាន់ពេលឬអត់) ដោយពេលនោះអង្គការ NASA នឹងធ្វើការចុះចតក្រុមអវកាសយានិកនៅលើទីតាំងមួយនៃប៉ូលខាងត្បូងព្រះចន្ទ ដើម្បីចាប់ផ្តើមបោះមូលដ្ឋានស្នាក់នៅ និងស្រាវជ្រាវជាអចិន្ត្រៃយ៍របស់មនុស្ស នៅលើនោះជាប្រវត្តិសាស្ត្រតែម្តង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦)

480×240 Banner