ហេតុអ្វីធាតុអាកាសនៅអាស៊ីអាគ្នេយ៍ (កម្ពុជា) ត្រជាក់ខ្លាំងខុសពីធម្មតា? (មានវីដេអូ)
(បរទេស)៖ បើតាមសារព័ត៌មានអន្តរជាតិនានា អាកាសធាតុត្រជាក់ខ្លាំងបាននិងកំពុងវាយលុកមិនថាតែនៅប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ តែក៏នៅបណ្តាតំបន់ជាច្រើនទៀតលើលោកផងដែរ ដូចជានៅអាមេរិកខាងជើង, អាស៊ីខាងត្បូង, អាស៊ីបូព៌ា និងជាពិសេសគឺតំបន់អាស៊ីអាគ្នេយ៍យើងជាដើម។ ទោះបីជាពេលនេះយើងកំពុងស្ថិតនៅក្នុងរដូវរងាស្រាប់ តែយើងក៏មិនអាចប្រកែកបានឡើយថា ការត្រជាក់ខ្លាំងខុសពីរដូវរងាធម្មតាបែបនេះ គឺមានជាប់ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុសកល ដែលគ្រប់គ្នាកំពុងព្រួយបារម្ភ។
មួយវិញទៀត ដំណើរនៃវដ្តបាតុភូត អ៊ែនសូ (ENSO) ក៏កំពុងរំកិលផ្លាស់ទិសផងដែរ ដោយមានឱកាសខ្ពស់ថា យើងកំពុងមើលឃើញនូវបាតុភូតរលកកម្តៅ អ៊ែល នីញ៉ូ (El Niño) លេចចេញកន្ទុយហើយ…។ តែយ៉ាងណា ការតាមដាននៅតែកំពុងបន្ត ដើម្បីកំណត់ថាតើបាតុភូត អ៊ែល នីញ៉ូ នេះនឹងលេចចេញនៅក្នុងឆ្នាំ២០២៦នេះដែរឬក៏យ៉ាងណា។
- បាតុភូតចុះត្រជាក់ខ្លាំង ឡា នីញ៉ា (La Niña)
ស្ថាប័នព្យាករណ៍អាកាសធាតុសកលបានក្រើនរម្លឹកបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងខ្លាំងជាងគេ ព្រោះជាតំបន់មានប្រជាជនច្រើន ងាយរងគ្រោះដោយសារគ្រោះធម្មជាតិនានាដែលមានឥទ្ធិពលខ្លាំងជាងធម្មតា ជាពិសេសរលកកម្តៅ ព្យុះកំណាច ភ្លៀងធ្លាក់យ៉ាងគំហុក និងពេលនេះគឺឥទ្ធិពលនៃបាតុភូតចុះត្រជាក់ខ្លាំងខុសប្រក្រតីនោះគឺ ឡា នីញ៉ា (La Niña) ដែលបាននិងកំពុងកើតឡើងចាប់ពីអំលុងខែធ្នូ ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦នេះ។
កាលពីដើមខែមករា ឆ្នាំ២០២៦នេះ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុសហរដ្ឋអាមេរិក (CPC) ក៏បានចេញផ្សាយរបាយការណ៍របស់ខ្លួនផងដែរ អំពីឱកាសនៃការកើតមានបាតុភូត La Niña ដែលមានដល់ទៅ ៧៥% (កើនឡើងលើសការព្យាករណ៍កាលពីឆ្នាំ២០២៥) ហើយឥទ្ធិពលនៃការចុះត្រជាក់ខ្លាំងនេះ នឹងអូសបន្លាយចាប់ពីអំលុងខែមករានេះ ដល់ខែមីនា ឆ្នាំ២០២៦។
ជាក់ស្តែងចាប់ពីចុងខែធ្នូ ឆ្នាំ២០២៥ មកដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២៦នេះ នៅតំបន់អាស៊ីខាងត្បូង និងមួយផ្នែកនៅអាស៊ីអាគ្នេយ៍ដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម និងម៉ាឡេស៊ីជាដើម ពិតជួបធាតុអាកាសត្រជាក់ខ្លាំងខុសពីធម្មតាមែន ឬអាចថា ខ្លាំងជាងរដូវរងាកាលពីឆ្នាំមុននេះបន្តិច។

ពិតណាស់ ក្រៅពីបាតុភូតចុះត្រជាក់ខ្លាំង ដែលជាខ្យល់ត្រជាក់ស្ងួតមានឥទ្ធិពលពី ភាគកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកនោះ តំបន់អាស៊ីអាគ្នេយ៍ជាពិសេសនៅប្រទេសកម្ពុជាយើង ក៏រងឥទ្ធិពលមួយផ្នែកទៀតពីប្រព័ន្ធសម្ពាធទាបកម្រិតខ្ពស់ដ៏ខ្លាំងមួយ មានប្រភពមកពីប្រទេសចិន និងខ្យល់ត្រជាក់បន្ថែមទៀតពីតំបន់ ស៊ីប៊េរី (Siberia) ប្រទេសរុស្ស៊ីដែរ។ បាតុភូត ឡា នីញ៉ា នេះនឹងអូសបន្លាយពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ តែវានឹងថមថយឥទ្ធិពលមកខ្សោយវិញ ដោយមិននៅត្រជាក់ខ្លាំងរហូតនោះទេ ឬមានន័យថា ឡា នីញ៉ា លើកនេះ «ឆាប់ថមថយឥទ្ធិពលវិញ» ដោយមិនត្រជាក់យូរឡើយ។
- ផលវិបាក និងការព្យាករណ៍ពីអនាគត
វែបសាយ Global Climate Care បានចុះផ្សាយថា អាកាសធាតុត្រជាក់ដែលតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងជួបប្រទះពេលនេះ គឺមានកម្រិត ០.៩អង្សាសេ ត្រជាក់ជាងកម្រិតមធ្យម ហើយនេះជាកម្រិតត្រជាក់បំផុតក្នុងរដូវរងា ដែលតំបន់នេះមិនធ្លាប់ជួបប្រទះ ១៥ឆ្នាំមកហើយ។ ក្រុមអ្នកជំនាញក៏បានព្រមានផងដែរថា អាកាសធាតុត្រជាក់បែបនេះ នឹងងាយឲ្យមានការប្រមូលផ្តុំផ្សែងអ័ព្ទពុល, បង្កបញ្ហាផ្នែកសុខភាពដូចជាផ្តាសាយ និងជំងឺឆ្លងផ្លូវដង្ហើមផ្សេងៗទៀត ជាពិសេសចំពោះប្រជាជនចំណូលទាប ដែលធ្វើការងារនៅកន្លែងមានមនុស្សប្រមូលផ្តុំច្រើនជាដើម…។
សម្រាប់ការព្យាករណ៍ទៅឆ្នាំបន្តបន្ទាប់វិញ Global Climate Care បានបញ្ជាក់ថា យើងនឹងជួបប្រទះអាកាសធាតុត្រជាក់ខុសពីធម្មតាដូចខាងលើនេះ យ៉ាងហោចណាស់នៅរដូវរងាឆ្នាំក្រោយ ឬអាចអូសបន្លាយ ៣ឆ្នាំទៀតឯណោះ សម្រាប់ប្រទេសនៅជាប់តំបន់ប៉ាស៊ីហ្វិកខាងលិច កណ្តាល និងខាងកើត ព្រមទាំងមហាសមុទ្រឥណ្ឌា និងតំបន់ស្របខ្សែអេក្វាទ័ពភពផែនដី។

គួរបញ្ជាក់ថា ការព្យាករណ៍អំពីលទ្ធភាពដែល ឥទ្ធិពលអាក្រក់នឹងកើតមានឡើងនេះ គឺជាការជម្រុញឲ្យប្រទេសនានា ត្រៀមខ្លួនដើម្បីទប់ទល់តាមរយៈការណែនាំប្រជាពលរដ្ឋ អំពីវិធីសាស្ត្រការពារខ្លួនចំពោះគ្រោះធម្មជាតិ មិនថាតែការចុះត្រជាក់ប៉ុណ្ណោះទេ តែក៏ចំពោះព្យុះកំណាច, ភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់, រលកកម្តៅ និងគ្រោះរាំងស្ងួតថែមទៀត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Global Climate Care (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦)
