Oops! លោក Musk ទុកភពអង្គារចោលសិន ហើយងាកមករកព្រះចន្ទវិញ… (មានវីដេអូ)

54

(បរទេស)៖ បណ្តាអ្នកដែលតែងតាមដានសកម្មភាពលោក Elon Musk ភាគច្រើននោះ ប្រាកដជាយល់ដឹងជាប់ជានិច្ចថា បុគ្គលជាកំពូលមហាសេដ្ឋីលើពិភពលោកមួយនេះ មានការងប់ងល់យ៉ាងខ្លាំងទៅនឹងមហិច្ឆតាផ្ទាល់ខ្លួនរបស់លោក ក្នុងការកសាង ទីក្រុងមនុស្សនៅទីឋានដទៃ ក្នុងនោះគឺភពអង្គារ (Mars) ជាចម្បង ដោយលោកថែមទាំងបានបញ្ជាឲ្យត្រៀមបញ្ជូននាវាអវកាស Starship ដំបូង (ផ្ទុកមនុស្សយន្ត) ទៅកាន់ភពក្រហមនោះនៅចុងឆ្នាំ២០២៦នេះថែមទៀតផង…។

(ចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ប៉ុន្តែការថ្លែងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ ព្រោះបុគ្គលដែលធ្លាប់តែមើលស្រាលការកសាងមូលដ្ឋានដំបូងលើព្រះចន្ទថា ជាការខ្ចះខ្ចាយពេលវេលា ឬមិនប្រកបដោយមហិច្ឆតាគ្រប់គ្រាន់នោះ បែរជាងាកមកបង្ហាញផែនការក្នុងការសាងទីក្រុងមនុស្សលើព្រះចន្ទទៅវិញ។ តើហេតុអ្វីបានជាលោក Musk កាច់ចង្អូត SpaceX បកមករកព្រះចន្ទជាចម្បងវិញបែបនេះ?

សម្រាប់មូលហេតុធំៗមានចំនួន ដែលត្រូវបានលោក Elon Musk លើកឡើងតាមរយៈគណនីបណ្តាញសង្គម X ផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអាចមានន័យបែបនេះថា ការងាកមកសម្លឹងមើលព្រះចន្ទជាគោលដៅចម្បង ក្នុងការកសាងទីក្រុងមនុស្ស ក្រៅពីភពផែនដីវិញនោះ គឺយោងទៅលើកត្តាល្បឿន និងក្តីប្រារម្ភអំពីភ័យន្តរាយ។ កត្តាល្បឿនគឺសម្តៅទៅលើការកសាងទីក្រុងលើព្រះចន្ទ ដែលស្ថិតនៅកៀកផែនដី នឹងនាំឲ្យយើងធ្វើដំណើរទៅវិញទៅមកបានលឿន ព្រមទាំងការងាយទាក់ទងគ្នារវាងមនុស្សលើផែនដី និងព្រះចន្ទ ខណៈការទៅភពអង្គារនឹងមានហានិភ័យច្រើន ដូចដែលគ្រប់គ្នាធ្លាប់បានយល់ដឹងរួចមកហើយ ឬយ៉ាងហោចណាស់តាមរយៈខ្សែភាពយន្តដូចជា The Martians (2015) ជាដើម។

ផែនការកសាងទីក្រុងលើព្រះចន្ទដែល SpaceX ធ្លាប់បានគិតគូររួចមកហើយ (Image Credit: SpaceX)

លោក Elon Musk បានសរសេរលើ X យ៉ាងដូច្នេះថា «សម្រាប់អ្នកដែលមិនទាន់បានដឹង, SpaceX បានផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅលើការកសាង ទីក្រុងដែលអាចរីកចម្រើនដោយខ្លួនឯង នៅលើឋានព្រះចន្ទរួចហើយ ព្រោះយើងនឹងអាចសម្រេចវាបាន នៅក្នុងរយៈពេលតិចជាង ១០ឆ្នាំ តែប្រសិនបើទៅភពអង្គារវិញ យើងនឹងចំណាយពេលជាង ២០ឆ្នាំឯណោះ។ បេសកកម្មរបស់ SpaceX នៅតែដដែលនោះគឺពង្រីកស្មារតី និងគោលដៅជីវិតទៅកាន់ផ្កាយនានា…»។

លោក Musk បានសង្កត់ធ្ងន់បន្ថែមឲ្យគ្រប់គ្នាងាយយល់បែបនេះថា៖ «…ការធ្វើដំណើរទៅកាន់ភពអង្គារអាចធ្វើទៅបាន លុះត្រាតែភពទាំង២គោចរមកដល់ចំណុចត្រសងគ្នារៀងរាល់ ២៦ខែម្តង (រយៈពេលធ្វើដំណើរទៅភពអង្គារគឺ៦ខែ)… តែយើងអាចបាញ់បង្ហោះយានទៅកាន់ឋានព្រះចន្ទរៀងរាល់ ១០ថ្ងៃម្តង (រយៈពេលធ្វើដំណើរទៅព្រះចន្ទគឺ២ថ្ងៃ) ដែលនេះមានន័យថា យើងអាចធ្វើការងារលឿនជាងមុន ដើម្បីសម្រេចការកសាងទីក្រុងឋានព្រះចន្ទ ជាងទីក្រុងលើភពអង្គារ…»។

សម្រាប់ការបញ្ជូនមនុស្សដំបូងទៅភពអង្គារ ត្រូវបានលោក Mars កែប្រែជាថ្មីពីអ្វីដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៨នោះ ទៅកាន់ឆ្នាំ២០៣១វិញ (៥-៦ឆ្នាំទៀត) តែលោកក៏បានគូសបញ្ជាក់ផងដែរថា SpaceX ត្រូវពិនិត្យមើលដំណើរវិវឌ្ឍន៍លើព្រះចន្ទសិន ទើបការបោះជំហានទៅភពអង្គារអាចសម្រេចទៅតាមក្រោយបាន។ ប្រការនេះនឹងធ្វើឲ្យ SpaceX បោះជំហានធ្វើដំណើរមិនសូវខុសពីបេសកកម្ម Artemis របស់អង្គការ NASA នោះឡើយ។ យោងតាមការអះអាងនេះ SpaceX អាចនឹងសម្រេចបានទីក្រុងលើព្រះចន្ទនៅឆ្នាំ២០៣៦

Oops! លោក Musk ទុកភពអង្គារចោលសិន ហើយងាកមករកព្រះចន្ទវិញ… (មានវីដេអូ)
លោក Elon Musk (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Musk ដូចខាងលើនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុម SpaceX បានប្រកាសថា ខ្លួនគ្រោងបញ្ជូនផ្កាយរណបឲ្យបាន ១លានគ្រឿង ទៅកាន់គន្លងគោចរជុំវិញភពផែនដី ដើម្បីបង្កើតបណ្តាញផ្កាយរណបស្តុកទិន្នន័យនៅទីអវកាសតែម្តង…។ មួយវិញទៀត SpaceX ទំនងជានឹងមិនបញ្ជូន Starship ជាមួយមនុស្សយន្តទៅកាន់ភពអង្គារ ដើម្បីចុះចតសាកល្បងដូចការគ្រោងទុកនៅចុងឆ្នាំ២០២៦ នេះឡើយ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE via X (Elon Musk) (ថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦)

480×240 Banner