បកស្រាយចម្ងល់ទាំង «៥» អំពីបេសកកម្ម Artemis II ទៅកាន់ព្រះចន្ទ (យល់ដឹង)

67

(បរទេស)៖ កាលពីវេលាម៉ោង ៦៖៣៥នាទីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៥៖២៤នាទីព្រឹកព្រហាមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) អវកាសយានិកសរុប ៤រូប បានចាកចេញពីផែនដី តាមរយៈយានអវកាស Orion បន្តុបលើរ៉ុក្កែត Space Launch System (SLS) របស់ NASA ផ្ទាល់ ដោយស្ថិតនៅក្នុងគោលដៅទៅរកឋានព្រះចន្ទ។

ក្នុងចំណោមអវកាសនិកទាំង ៤រូបនោះ មាន៣រូបមកពីអង្គការ NASA ដូចជា លោក Reid Williams (មេបញ្ជាការ), លោក Victor Glover (ពីឡុត) និងលោកស្រី Christina Koch (អ្នកជំនាញនៃបេសកកម្ម) ខណៈមួយរូបទៀតគឺអវកាសយានិក Jeremy Hansen ដែលជាអ្នកជំនាញទូទៅ មកពីអង្គការអវកាសកាណាដា (CSA)។ ខាងក្រោមនេះជាការបកស្រាយចម្ងល់ទាំង៥ដែលនៅតែមានអំពី Artemis II

១៖ តើបេសកកម្ម Artemis II ជាអ្វី?

បេសកកម្ម Artemis II ជាការបន្តដំណើរពីបេសកកម្ម Artemis I ដែលបានសម្រេចជោគជ័យ កាលពីចុងឆ្នាំ២០២២ តាមរយៈការបញ្ជូនយាន Orion ទទេ ឲ្យទៅគោចរជុំវិញព្រះចន្ទ ហើយត្រឡប់មកកាន់ផែនដីវិញ។ Artemis II មានរយៈពេលសរុប ១០ថ្ងៃ ដោយគិតពីថ្ងៃទី១ ខែមេសា ដល់ទី១០ ខែមេសា ឆ្នាំ២០២៦ ខណៈថ្ងៃទី៦-៧ ខែមេសា ជាពេលដែលអវកាសយានិកទាំង៤រូបលើយាន Orion គោចរជុំវិញព្រះចន្ទ និងទស្សនាកៀកបំផុត ៦,៤០០km ពីផ្ទៃព្រះចន្ទប៉ុណ្ណោះ។

២៖ តើអវកាសយានិកទាំង៤រូបរស់នៅដូចម្តេចក្នុងយាន?

ការស្នាក់នៅក្នុងយានអវកាសរាងស៊ីឡាំង ដែលមានមុខកាត់ ៥ម៉ែត្រ និងកម្ពស់ ៨ម៉ែត្រ អាចថាតូចសម្រាប់អវកាសយានិកសរុបដល់ទៅ ៤រូប ប៉ុន្តែអ្វីៗត្រូវបានរៀបចំឡើង ដោយយកចិត្តទុកដាក់ជាទីបំផុត។ កន្លែងគេងដែលមានខ្សែក្រវាត់ចងជាប់ (ព្រោះគ្មានទំនាញ) និងបង្គន់សម្រាប់បន្ទោបង់ (ប៊ឺតយកកាកសំណល់ និងវេចខ្ចប់យ៉ាងល្អ)…។

អាហារដែលពួកគេបរិភោគ គឺសុទ្ធតែសឹងអាហារសម្ងួត ដែលត្រូវបានវេចខ្ចប់ទុកជាស្រេច សម្រាប់រយៈពេលធ្វើដំណើរ ១០ថ្ងៃ ហើយមិនមានទូរទឹកកកស្តុកនោះទេ ដោយសុទ្ធសឹងជាអាហារដែលងាយបរិភោគ (មិនរញេរញ៉ៃច្រើន) និងសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់។

៣៖ តើប្រព័ន្ធសុវត្ថិភាពសម្រាប់អវកាសយានិកទាំង៤រូបមានកម្រិតណា?

គិតចាប់ពីប្រព័ន្ធរ៉ុក្កែត​ Space Launch System (SLS) ដែលជាអ្នករុញយានអវកាស Orion ឡើងទៅទីអវកាសនោះ មានប្រព័ន្ធសុវត្ថិជាច្រើនដំណាក់កាលត្រូវបានកំណត់ដូចជា៖

  • ប្រព័ន្ធបញ្ចៀសមហន្តរាយ (Launch Abort System ឬ LAS)៖ ជាផ្នែកដែលមានរូបរាងស្រួច និងស្ថិតនៅពីលើកំពូលរ៉ុក្កែតតែម្តង ជាមួយនិងប្រវែង ១៣.៤ម៉ែត្រ។ ពេលមានបញ្ហាអាសន្នផ្នែករ៉ុក្កែត វាមានតួនាទីពាំនាំយាន Orion ដែលផ្ទុកអវកាសយានិកនោះ ចេញឲ្យឆ្ងាយពីរ៉ុក្កែតធំ ដើម្បីទៅរកកន្លែងចុះចតដោយសុវត្ថិភាព។
  • ឈុតសម្លៀកបំពាក់សុវត្ថិភាព (Orion Crew Survival System ឬ OCSS)៖ ជាសម្លៀកបំពាក់ដែលមាននូវបរិក្ខាការពារអាយុជីវិតដូចជា ប្រព័ន្ធធ្វើឲ្យត្រជាក់ និងទប់ទល់សម្ពាធ ព្រមទាំងខ្យល់អុកស៊ីហ្សែនសម្រាប់ដកដង្ហើមរយៈពេល ៦ថ្ងៃ នៅក្នុងករណីជួបគ្រោះអាសន្នណាមួយក្រៅយាន។
  • ខែលទប់កម្តៅ (Thermal Protection System ឬ Heat Shield)៖ ជាឧបករណ៍ប្រៀបបីដូចជាអាវក្រោះ ការពារសុវត្ថិភាពយាន Orion ទាំងមូល ពេលចុះចតបុកបរិយាកាផែនដី នៅក្នុងល្បឿនជិត ៤០,០០០km ក្នុងមួយម៉ោង ដែលធ្វើឲ្យកម្តៅកើនដល់ជា ២,៧០០អង្សាសេ។
  • ប្រព័ន្ធការពារជីវិតអវកាសយានិកបន្ថែម៖ ជាកៅអីអង្គុយដ៏សំខាន់មានឈ្មោះ Crew Impact Attenuation System ឬ CIAS ដែលជួយបន្ថយបន្ទុកដល់រាងកាយអវកាសយានិក ពេលចុះចតវិញយ៉ាងកំហុកមកក្នុងបរិស្ថានផែនដី។ មួយទៀតគឺ Environmental Control and Life Support System ឬ ECLSS ជាបន្ទប់ (cabin) ជាប់យាន Orion ដែលអនុញ្ញាតឲ្យអវកាសយានិក រក្សាបាននូវបរិស្ថានរស់នៅសមរម្យប្រចាំថ្ងៃដូចជា សម្ពាធ, ខ្យល់ដង្ហើម និងសីតុណ្ហភាព បើទោះបីជាបន្ទប់យានមានភាពតូចចង្អៀតក្តី។
  • ប្រព័ន្ធគេចចេញពីគ្រោះថ្នាក់ (Emergency Egress and Free Return Trajectory)៖ ប្រព័ន្ធផ្តាច់ខ្លួនចេញបន្ទាន់នៃយាន Orion នៅពេលដែលរ៉ុក្កែតមានបញ្ហា ពេលកំពុងស្ថិតនៅលើទីលានបាញ់បង្ហោះ។

៤៖ ហេតុអ្វីនាំគ្នាថាជាប្រវត្តិសាស្ត្រថ្មីសម្រាប់ Artemis II នេះ?

លោកអ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកហៅបេសកកម្ម Artemis II នេះថាជាប្រវត្តិសាស្ត្រថ្មី បើមនុស្សធ្លាប់បានជាន់ឋានព្រះចន្ទរួចហើយនោះ? តាមពិតទៅ ការផ្តល់តម្លៃជាក់លាក់ គឺអាស្រ័យលើមនុស្សអ្នកដាក់ឲ្យប៉ុណ្ណោះ តែយើងក៏មានខួរក្បាលអាចធ្វើការវិភាគអំពីការពិតនេះដែរ។

បេសកកម្មជាន់ឋានព្រះចន្ទដោយ NASA លើកចុងក្រោយគឺ Apollo 17 កាលពីឆ្នាំ១៩៧២ ដូច្នេះការទៅព្រះចន្ទនៅក្នុងឆ្នាំ២០២៦នេះ ទោះបីជាមិនបានចុះចត តែក៏ជាជំហានថ្មី ដែលមនុស្សលោកមិនធ្លាប់បានធ្វើក្នុងរយៈពេល ៥២ឆ្នាំមកនេះដែរ។ មួយទៀត ក្នុងចំណោមអវកាសយានិក ៤រូបនោះ ក៏មានស្ត្រីមួយរូបដែរ ដែលក្លាយជាមនុស្សស្រីដំបូង នៅគោចរជុំវិញព្រះចន្ទ, ជនបរទេសដំបូងក្រៅពីសហរដ្ឋអាមេរិក (មកពីទីអវកាសកាណាដា) បានក្លាយជាជនជាតិកាណាដាដំបូង ទៅគោចរជុំវិញព្រះចន្ទ និងមួយរូបទៀត គឺជនជាតិស្បែកខ្មៅដំបូង ដែលទៅគោចរជុំវិញព្រះចន្ទផងដែរ។

៥៖ តើពេលណាទើបមនុស្សចុះចតលើព្រះចន្ទឡើងវិញមែនទែន?

អវកាសយានិកទាំង ៤រូប នឹងធ្វើការគោចរជុំវិញព្រះចន្ទនៅថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៦ តែមិនចុះចតលើព្រះចន្ទទេ សម្រាប់បេសកកម្ម Artemis II ហើយពួកគេនឹងចុះចតលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី១០-១១ ខែមេសា ឆ្នាំ២០២៦។ បេសកកម្មដែលនឹងចុះចតយាន និងមនុស្សលើប៉ូលខាងត្បូងព្រះចន្ទនោះគឺ Artemis IV ដែលអាចនឹងកើតឡើងនៅអំលុងឆ្នាំ២០២៨៕

(Image Source: SBS via NASA)
(Image Source: SBS via NASA)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦)

480×240 Banner