NASA កំពុងផលិត «ដ្រូន-នុយក្លេអ៊ែរ» ឲ្យទាន់ឆ្នាំ២០២៨!

2

(បរទេស)៖ មិនមានដែលអ្វីត្រូវព្រួយបារម្ភទៀតនោះឡើយ ចំពោះរឿងថវិកាសម្រាប់ផលិតដ្រូនមួយគ្រឿងនេះ ព្រោះអង្គការ NASA បានទទួលមួយកញ្ចប់រួចទៅហើយ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ខណៈការបញ្ជូនវាទៅកាន់គោលដៅនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៨។ យ៉ាងណាក៏ដោយ ពេលវេលានៅសល់តែ ២ឆ្នាំទៀតប៉ុណ្ណោះ…។ តែគួរឲ្យស្តាយដែលបេសកកម្ម Mars Sample Return មិនអាចជួបជោគវាសនាល្អដូចគ្នានេះ…។

យើងកុំរំលឹករឿងមិនសមបំណងនៅភពអង្គារនោះទៀតអី… ដោយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកបច្ចេកទេសនៃមន្ទីរពិសោធន៍យាន APL របស់សាកលវិទ្យាល័យ Johns Hopkins (JH-APL) សហរដ្ឋអាមេរិក ដែលទទួលបន្ទុកលើការអភិវឌ្ឍន៍ និងផលិតដ្រូនដែលមានឈ្មោះថា Dragonfly នេះបានអះអាងថា ពួកគេកំពុងតែដុតដៃដុតជើងក្នុងការផលិតដ្រូននេះឡើងហើយ ដោយគ្រឿងយន្តដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងនេះ នឹងត្រូវបញ្ជូនចេញពីផែនដីទៅកាន់ព្រះចន្ទ ទីតាន (Titan) នៃភពសៅរ៍ (Saturn) ទៅតាមកាលបរិច្ឆេទចុងក្រោយដែលត្រូវបានកំណត់។

  • ប្រវត្តិសាស្ត្រ និងក្តីរំភើបថ្មីរបស់មនុស្សលោក

Dragonfly នឹងក្លាយជាយាន (ដ្រូន) ដំបូងបំផុតផលិតដោយមនុស្សលោក ដែលត្រូវបញ្ជូនទៅហោះហើរលើទីឋានដទៃក្រៅពីភពផែនដី ដែលមានបឹង និងសមុទ្រដែរ ព្រមទាំងបរិយាកាសក្រាស់ជាងផែនដី ៥០%។ វាជារឿងថ្មីមួយទៀតសម្រាប់មនុស្សលោក បន្ទាប់ពីការបញ្ជូនដ្រូនមួយគ្រឿងដំបូង (NASA ហៅថាកូនឧទ្ធម្ភាគចក្រ) ឈ្មោះ Ingenuity ទៅកាន់ភពអង្គារ (Mars) កាលពីឆ្នាំ២០២១ តែភពអង្គារមិនមានបឹង និងសមុទ្រនៃអង្គធាតុរាងដូចព្រះចន្ទ Titan នោះទេ ហើយបរិយាកាសភពអង្គារវិញ ក៏ស្តើងខ្លាំំងផងដែរ (ស្មើមិនដល់១%នៃបរិយាកាសផែនដីឡើយ)។

ក្រៅពីការសាងប្រវត្តិសាស្ត្រថ្មីខាងលើនេះ Dragonfly ក៏នឹងក្លាយជាដ្រូនដំបូងរបស់មនុស្សលោក ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងត្រូវបញ្ជូនបញ្ជូនទៅទីឋានដ៏ដទៃផងដែរ។ វាជាការបោះមួយជំហានធំមួយទៀត បន្ទាប់ពីការបញ្ជូនយានកង់ឈ្មោះ Curiosity ដើរដោយថាមពលនុយក្លេអ៊ែរ (RTG) ទៅកាន់ភពអង្គារកាលពីឆ្នាំ២០១២

រូបពិតនៃដ្រូន Ingenuity លើភពអង្គារ ថតដោយកាមេរ៉ាយាន Perseverance (Credit: NASA)
  • ថាមពលនុយក្លេអ៊ែរលើដ្រូន Dragonfly

ផ្ទុយពី Ingenuity ដែលមានទំហំប៉ុនប្រអប់ដាក់ក្រដាសជូតមាត់ និងដើរដោយថាមពលព្រះអាទិត្យ យាន Dragonfly ឯណេះវិញ មានទំហំប៉ុនកូនរថយន្តមួយគ្រឿងឯណោះ ហើយដើរដោយថាមពល នុយក្លេអ៊ែរ ដោយដ្រូននេះមានកម្ពស់ ១.៧៥ម៉ែត្រ, បណ្តោយ ៣.៨៥ម៉ែត្រ និងទទឹង ៣.៨៥ម៉ែត្រ ជាមួយនិងទម្ងន់អតិបរមា ៨៧៥kg

Dragonfly មានស្លាបកង្ហារភ្លោះចំនួន ៤គូ ប្រៀបបីដូចឡានហោះនៅលើផែនដីដែរ ដោយដំណើរការនៃម៉ូទ័រកង្ហារ និងប្រតិបត្តិការគ្រឿងបរិក្ខាវិទ្យាសាស្ត្រជារួមរបស់វា នឹងដើរដោយម៉ាស៊ីនផលិតថាមពលអគ្គិសនី ចេញពីម៉ាស៊ីនដុតកម្តៅដោយនុយក្លេអ៊ែរ មួយមានឈ្មោះថា Multi-Mission Radioisotope Thermoelectric Generator (MMRTG)។ ម៉ាស៊ីននេះដុតកម្តៅដោយសមាសធាតុ ភ្លុយតូញ៉ូម ២៣៨ (Plutonium-238)។ ដំណើរការរបស់ MMRTG ក៏ដូចនឹងម៉ាស៊ីននុយក្លេអ៊ែរនៅលើយាន Curiosity និង Perseverance ដែរ។

ដំណើរការផលិត Dragonfly នៅមន្ទីរ AH-APL (Image Source: SPACE)
  • តម្លៃអភិវឌ្ឍន៍របស់ Dragonfly និងការបំពេញបេសកកម្ម

យោងតាមទិន្នន័យពីអង្គការ NASA ការផលិត និងគ្រប់បេសកកម្ម Dragonfly ទាំងមូលតែម្តង មានតម្លៃសរុប ៣.៣៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយវានឹងបំពេញបេសកកម្ម រយៈពេលជាង ៣ឆ្នាំ (នៃពេលវេលាលើផែនដី) នៅលើព្រះចន្ទ Titan របស់ភពសៅរ៍។ Dragonfly នឹងចាកចេញពីផែនដីតាមរយៈគ្រាប់រ៉ុក្កែត Falcon Heavy របស់ក្រុមហ៊ុន SpaceX នៅអំលុងខែកក្កដា ឆ្នាំ២០២៨ ហើយអាចនឹងទៅដល់ Titan នៅអំលុងខែធ្នូ ឆ្នាំ២០៣៤ (ស្មើនឹងដំណើរជាង៦ឆ្នាំកាត់ទីអវកាស)។

សម្រាប់បេសកកម្មចម្បងរបស់ Dragonfly គឺការសិក្សាលម្អិតអំពីបុគ្គលិកលក្ខណៈនៃព្រះចន្ទ Titan តាមដែលអាចធ្វើទៅបាន តាមរយៈការហោះហើរចន្លោះបរិយាកាស និងផ្ទៃព្រះចន្ទ, ការសិក្សាអំពីសំណាកផ្សេងៗ, ការសង្កេតទីតាំងផ្សេងៗគ្នា ដើម្បីឈ្វេងយល់ពី សមាសធាតុគីមីសរីរាង្គ និងលទ្ធភាពដែលទីនោះអាចស្វាគមន៍ជីវិតជាដើម។ Dragonfly នឹងមិនហោះលើបឹង ឬសមុទ្រណាមួយរបស់ Titan នោះទេ ដោយសារខ្លាចប៉ះនឹងរន្ទះ ខ្យល់ និងសារធាតុរាវ ដែលអាចនឹងនាំឲ្យដ្រូននេះជួបបញ្ហាបច្ចេកទេស។

Dragonfly នឹងប្រើស្លាបកង្ហារទាំង ៨សន្លឹករបស់វា ដើម្បីហោះហើរក្នុងចម្ងាយរាប់សិបគីឡូម៉ែត្រ ដើម្បីថតរូបភាពពីលើអាកាស បន្ទាប់មកក៏ចុះទៅតំបន់គួរឲ្យចាប់អារម្មណ៍ ដើម្បីខួងយកសំណាកមកវិភាគ ព្រមទាំងសិក្សាឈ្វេងយល់អំពីសមាសធាតុផ្សំក្នុងបរិយាកាស និងផ្ទៃរបស់ Titan ដើម្បីស្វែងរកដានផ្នែកជីវសាស្ត្រជាដើម។

NASA កំពុងផលិត «ដ្រូន-នុយក្លេអ៊ែរ» ឲ្យទាន់ឆ្នាំ២០២៨!
រូបតំណាង Dragonfly របស់អង្គការ NASA (Credit: NASA / JH-APL)

គួរបញ្ជាក់ថា Dragonfly នឹងមិនមែនជាគ្រឿងរបស់មនុស្សលោកដំបូង ទៅចុះចតលើផ្ទៃព្រះចន្ទ Titan នោះឡើយ ដោយគ្រឿងយន្តដំបូងគេ ដែលបានចុះចតលើ Titan មានឈ្មោះថា Huygens របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដែលបានចុះទៅដល់ទីនោះកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៥ តែវាអាចរស់បានតែជាង ៧០នាទីលើផ្ទៃ Titan ប៉ុណ្ណោះ។ Huygens ត្រូវបានបេសកកម្មយានអវកាស Cassini របស់អង្គការ NASA ពាំនាំចេញពីផែនដី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៧ និងបានទៅដល់ប្រព័ន្ធភពសៅរ៍ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៤

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE via NASA (ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦)

480×240 Banner