តើយាន Orion ផ្ទុកអវកាសយានិកទាំង៤រូបនៃ Artemis II ចុះចតវិញដូចម្តេច? (យល់ដឹង)
(បរទេស)៖ នៅក្នុងអត្ថបទនេះ យើងសូមនិយាយតែពីដំណើរចុះមកវិញ នៃយាន Orion និងអវកាសយានិកទាំង ៤រូប មកកាន់ភពផែនដីវិញបានហើយ ព្រោះប្រិយមិត្តខ្លះនៅមិនទាន់បានយល់ដឹង អំពីដំណើរដ៏ក្តៅគគុកនេះនៅឡើយ។ យើងប្រើពាក្យថា «ក្តៅគគុក» នេះព្រោះថា យាន Orion ដែលផ្ទុកអវកាសយានិក ត្រូវធ្វើការទម្លាក់ខ្លួនបុកបរិយាកាសផែនដីនោះឯង…។
អ្វីៗបានប្រព្រឹត្តទៅដោយរលូន ពេលដែលយើងឃើញយាន Orion ផ្ទុកអវកាសយានិកទាំង ៤រូប ចុះចតលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកដោយជោគជ័យ កាលពីវេលាម៉ោង ៧៖០៧នាទីព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦នេះ (ម៉ោងនៅប្រទេសកម្ពុជា) ត្រូវនឹងម៉ោង ៥៖០៧ល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា, សហរដ្ឋអាមេរិក)។
ខាងក្រោមនេះជាចំណុចសំខាន់ៗអំពីដំណើរការនៃការចុះចតយាន Orion មកកាន់ផែនដីវិញ ដែលប្រិយមិត្តចង់ដឹង៖
១៖ ការផ្តាច់ខ្លួនចេញនៃ Service Module ពី Orion
គ្រាន់តែចូលមកដល់គន្លងគោចរជុំវិញផែនដីភ្លាម ដំណើរការចុះចតក៏ប្រព្រឹត្តទៅភ្លាមៗដែរ ហើយអ្វីដែលត្រូវធ្វើមុខគេ គឺការផ្តាច់ខ្លួនរវាងយាន Orion និងបន្ទប់សេវា (Service Module)។ Service Module ជាគ្រឿងបង្គុំដ៏សំខាន់សម្រាប់ទ្រទ្រង់ផ្នែកថាមពលឲ្យបេសកកម្ម Artemis II ឬយាន Orion ទៅកាន់ព្រះចន្ទ ដោយវាត្រូវបានផលិតឡើងដោយ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA។
នៅក្នុងបន្ទប់ Service Module ដែលមានទំហំ ៤ម៉ែត្រ X ៤ម៉ែត្រ នោះមានបំពាក់ និងផ្ទុកឧបករណ៍សំខាន់ៗជាច្រើនដូចជា ម៉ាស៊ីនរ៉ុក្កែត និងប្រព័ន្ធកាច់ចង្កូតយាន, ធុងស្តុកឥន្ធនៈ, ប្រព័ន្ធសូឡាស្រូបថាមពលព្រះអាទិត្យ, ធុងទឹក និងធុងផ្ទុកអុកស៊ីហ្សែន និងអាសូតជាដើម…។ ហើយសម្រាប់ Service Module ដែលមានទម្ងន់សរុប ១៣តោននេះ ក្រោយផ្តាច់ខ្លួនរួច គឺត្រូវទម្លាក់កម្ទេចចោលទៅក្នុងបរិយាកាសផែនដី និងមហាសមុទ្រ។
- ការទម្លាក់ខ្លួននៃ Orion ចូលបរិយាកាសផែនដី
ការផ្តាច់ខ្លួនចេញពី Service Module បានកើតឡើងនៅវេលាម៉ោង ៥៖៣៣នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ខណៈម៉ោង ៥៖៥៣នាទី Orion ចាប់ផ្តើមទម្លាក់ខ្លួនបុកទង្គិចនឹងបរិយាកាសផែនដី នៅក្នុងល្បឿនរហូតដល់ទៅជាង ៣៨,៦០០គីឡូម៉ែត្រ/ម៉ោង ពីរយៈកម្ពស់ជាង ១២០km ពីផ្ទៃដី ហើយអំលុងការបុកទង្គិចយ៉ាងខ្លាំងនោះ ធ្វើឲ្យកម្តៅដែល Heat Shield ទទួលរងកើនដល់ជិត ៣,០០០អង្សាសេ ខណៈទំនាក់ទំនងរវាងយាន Orion និងទីបញ្ជាការ NASA ក៏ត្រូវបានកាត់ផ្តាច់អស់ ៦នាទីដែរ។
ការទម្លាក់ខ្លួននោះមានរយៈជាង ១ម៉ោង ដោយនៅម៉ោង ៧៖០៣នាទីព្រឹកថ្ងៃដដែល (ម៉ោងនៅកម្ពុជា) ឆ័ត្រយោងជាបន្តបន្ទាប់បានចាប់ផ្តើមរលាស់ចេញពី Orion ដើម្បីបន្ថយល្បឿនយានទម្ងន់ជិត ១០តោននេះ ឲ្យដល់កម្រិតយឺតល្មមមួយ មុនទម្លាក់ខ្លួនទៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរទីក្រុង San Diego រដ្ឋកាលហ្វ័រញ៉ា ភាគនិរតីសហរដ្ឋអាមេរិក (ពេលនោះត្រូវនឹងម៉ោង ៥៖០៧នាទីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, ម៉ោងក្នុងតំបន់)។
- ការរំដោះស្រាយអវកាសយានិក និងស្រង់យកយាន Orion
នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS John P. Murtha (LPD 26) ដែលមានផែលើទឹកសម្រាប់សណ្តោងយកយាន Orion មកចូលចត និងស្រង់យក ហើយក៏ជាប្រភេទនាវាដែលអាចឲ្យឧទ្ធម្ភាគចក្រយោធា MH-60S Sea Hawk ចុះចតផងដែរនោះ គឺជាក្រុមសង្គ្រោះដែលធ្លាប់បំពេញកិច្ចការងារនេះ តាំងតែពីបេសកកម្ម Artemis I នាចុងឆ្នាំ២០២២ មកម្ល៉េះ។
ឧទ្ធម្ភាគចក្រ MH-60S Sea Hawk មានបេសកកម្មទៅជួយបើកសន្ទះយាន Orion ជាមួយនិងទូកពោងខ្យល់ដើម្បីស្រង់យកអវកាសយានិកចេញម្តងមួយៗ ក្រោយពីពិនិត្យសុខភាពពួកគេជាបឋមរួចថាមិនមានបញ្ហា ហើយក៏ដឹកពួកគេជាបន្តបន្ទាប់មកកាន់នាវា USS John P. Murtha មុននឹងបន្តដឹកទៅកាន់មជ្ឈមមណ្ឌល Johnson Space Center របស់ NASA ស្ថិតនៅទីក្រុង Houston រដ្ឋតិចសាស់។
បន្ទាប់មកទើបនាវា USS John P. Murtha រំកិលទៅស្រង់យកយាន Orion ដើម្បីដឹកមកកាន់ដីមូលដ្ឋានទ័ពជើងទឹកទីក្រុង San Diego មុននឹងបញ្ជូនបន្តទៅមជ្ឈមណ្ឌល Kennedy Space Center ក្នុងរដ្ឋ Florida ដើម្បីធ្វើការត្រួតពិនិត្យទូទៅ។ សរុបមកនៅក្រោយការចុះចតយាន Orion លើផ្ទៃសមុទ្រប៉ាស៊ីហ្វិក កាលពីវេលាម៉ោង ៧៖០៧ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ពួកគេត្រូវរង់ចាំរហូតដល់ទៅ ២ម៉ោង ទើបក្រុមការងារអាចរំដោះពួកគេចេញពីក្នុងយានបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦)
