ជាក់ស្តែង! ការប្រកួតប្រជែងរវាង «ចិន និងអាមេរិក» ទៅឋានព្រះចន្ទ លេចចេញកន្ទុយ!
(បរទេស)៖ កាលពីសប្តាហ៍មុនគឺប្រទេសចិន រីឯក្នុងសប្តាហ៍នេះគឺសហរដ្ឋអាមេរិកវិញ ពាក់ព័ន្ធនឹងមហិច្ឆតាក្នុងការបញ្ជូនមនុស្ស ទៅជាន់ដីឋានព្រះចន្ទដើម្បីដាក់អាណានិគម ហើយបើគិតពីកម្រិតធនធាន និងបច្ចេកវិទ្យាអវកាសនោះ ប្រាកដជាគ្មានប្រទេសណាផ្សេងក្រៅពីមហាយក្សសេដ្ឋកិច្ចទាំង២នេះឡើយ ដែលអាចបោះជំហានទៅប្រជែងគ្នាលើព្រះចន្ទកើត។
ពិតណាស់! ពីដើមឡើយមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលបានដុតកំដៅខ្លួនឯងជានិច្ច ដើម្បីបង្ខំឲ្យវិស័យអវកាសរបស់ខ្លួន បោះជំហានទៅរកព្រះចន្ទឲ្យបានលឿនមុនចិន តែពេលនេះទោះបីជាចិនមិនរម្លឹកពីការប្រជែងជាមួយសហរដ្ឋអាមេរិក ក៏ទង្វើជាក់ស្តែងដំបូងនេះបានបង្ហាញចេញមកហើយ អំពីមហិច្ឆតាដូចគ្នា និងការរៀបចំគ្រោងឆ្អឹង នៃបេសកកម្មយ៉ាងច្បាស់លាស់ដូចគ្នាទៅកាន់ប៉ូលខាងត្បូងព្រះចន្ទ ហើយយើងគ្រប់គ្នាជិតឃើញការប្រជែងគ្នានេះកើតឡើងផ្ទាល់ភ្នែកហើយ។
១៖ ប្រទេសចិនប្រកាសពីមហិច្ឆតាធំធេងសម្រាប់ឆ្នាំ២០៣០
នៅមុនមួយថ្ងៃនៃការបញ្ជូនអវកាសយានិកចិនចំនួន ៣រូប នៃបេសកកម្ម Shenzhou-23 ទៅកាន់ស្ថានីយអវកាសចិន Tiangong តាមរយៈរ៉ុក្កែតខ្នាតធំរបស់ចិននោះគឺ Long March 2F ចេញពីមូលដ្ឋាន Jiuquan នៃភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នោះ លោក Zhang Jingbo អ្នកនាំពាក្យនៃទីភ្នាក់ងារដឹកនាំអវកាសយានិកចិនទៅទីអវកាស (CMSA) បានប្រកាសថា ចិនកំពុងតែបង្កើតកម្មវិធីសហការមួយមានឈ្មោះថា កម្មវិធីស្រាវជ្រាវឋានព្រះចន្ទ (Lunar Exploration Program) ដែលជាការរួមបញ្ចូលទាំងសកម្មភាពនៃការស្រាវជ្រាវដោយបេសកកម្ម យានឆាងអឺ (Chang’e) ទៅនឹងកម្មវិធីស្រាវជ្រាវដោយមនុស្សផ្ទាល់លើព្រះចន្ទតែម្តង។
នៅឯមូលដ្ឋានបាញ់បង្ហោះផ្កាយរណប-យាន Jiuquan លោក Zhang Jingbo បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីជំនាញបច្ចេកវិទ្យា និងបទពិសោធន៍ជាក់ស្តែង ដែលយើងប្រមូលបានអស់ជាច្រើនទសវត្សរ៍មកហើយ តាមរយៈការបញ្ជូនមនុស្សទៅទីអវកាស និងកម្មវិធីយានរុករកឋានព្រះចន្ទ Chang’e របស់យើង, កម្មវិធីត្រៀមបញ្ជូនមនុស្សទៅឋានព្រះចន្ទដែលមានស្រាប់ និងកិច្ចខិតខំប្រឹងប្រែងតាមរយៈយានរ៉ូបូត នឹងត្រូវដាក់ឲ្យសហការគ្នាទៅលើបេសកកម្មជារួម ក្នុងនោះមានទាំងទៅលើធនធាន និងក្រុមការងារ»។ លោក Zhang Jingbo បានសង្កត់ធ្ងន់បែបនេះថា «យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចគោលដៅនៃការចុះចតរបស់ចិន លើកដំបូងនៅលើឋានព្រះចន្ទនៅឆ្នាំ២០៣០»។
សម្រាប់អ្វីដែលប្រទេសចិនកំពុងធ្វើពេលនេះគឺ ការធ្វើតេស្តប្រព័ន្ធរ៉ុក្កែតដឹកជញ្ជូនថ្មីឈ្មោះ Long March-10 នៅក្នុងគន្លងគោចរកម្រិតទាប និងប្រព័ន្ធយានដឹកអវកាសយានិកឈ្មោះ Mengzhou (នាវាក្នុងក្តីស្រមៃ) ក៏ដូចជើងទម្រយាន (lander) សម្រាប់ចុះចតលើព្រះចន្ទឈ្មោះ Lanyue (ក្រសោបព្រះចន្ទ) នោះឯង។ លោក Zhang បានលើកឡើងថា ការធ្វើតេស្តដែលបាននិងកំពុងប្រព្រឹត្តទៅនេះ នឹងមានគោលដៅបង្កើតប្រព័ន្ធដឹកជញ្ជូន ដែលអាចប្រើប្រាស់ឡើងវិញ (reusable) សម្រាប់អវកាសយានិកទៅកាន់ឋានព្រះចន្ទនៅថ្ងៃអនាគត ហើយចិនក៏នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិដែលមានស្រាប់របស់ខ្លួនផងដែរ។
ជុំវិញការបញ្ជូនអវកាសយានិកជាបន្តបន្ទាប់ ទៅកាន់ស្ថានីយអវកាស Tiangong របស់ខ្លួននោះ លោក Zhang Jingbo បានអះអាងថា បេសកកម្មនានាទៅកាន់ស្ថានីយអវកាសចិន មានគោលបំណងដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ឈានទៅបំពេញបេសកកម្មចុះចត អវកាសយានិកដំបូងរបស់ប្រទេសចិនលើព្រះចន្ទនៅឆ្នាំ២០៣០។ លោក Zhang បានសង្កត់ធ្ងន់បន្ថែមបែបនេះ៖ «ស្ថានីយអវកាសរបស់យើង បាននិងកំពុងធ្វើប្រតិបត្តិការ យ៉ាងមានស្ថិរភាពនៅក្នុងគន្លងគោចរ អស់រយៈពេលជិត៤ឆ្នាំហើយមកទល់ឥឡូវនេះ ហើយវាបានសាកល្បង និងសម្រេចជោគជ័យនូវបច្ចេកវិទ្យាគន្លឹះៗ ដែលយើងត្រូវការសម្រាប់ការចុះចតមនុស្សនៅលើព្រះចន្ទ…»។
គួរបញ្ជាក់ថា អ្វីដែលប្រទេសចិនកំពុងត្រៀមនៅពេលនេះ គឺការបញ្ជូនយានថ្មីឈ្មោះ ឆាងអឺទី៧ (Chang’e-7) ទៅកាន់តំបន់ប៉ូលខាងត្បូងព្រះចន្ទ នៅអំលុងខែសីហា ឆ្នាំ២០២៦ ខណៈកាលពីខែមេសា កន្លងទៅថ្មីៗនេះ Chang’e-7 ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានបាញ់បង្ហោះ Wenchang រួចហើយ ដើម្បីដាក់បន្តុបលើរ៉ុក្កែត។ បេសកកម្មឆាងអឺទី៧នេះ នឹងមានទាំងការគោចរជុំវិញព្រះចន្ទ, ចុះចត, ដាក់ពង្រាយរ៉ូបូតចល័ត (rover) និងឧបករណ៍ស្រាវជ្រាវរកធនធានសំខាន់ៗនៅតំបន់ប៉ូលខាងត្បូងព្រះចន្ទ ជាពិសេសវត្តមាន «ទឹក» នោះតែម្តង។
២៖ អង្គការ NASA អះអាងពីទំហំនៃមូលដ្ឋានលើប៉ូលព្រះចន្ទ
ឈានចូលសប្តាហ៍ថ្មីនេះ គឺកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ប្រធានអង្គការ NASA លោក Jared Issacman និងក្រុមការងាររបស់លោកបានប្រកាសអំពីទំហំចាប់ផ្តើម នៃមូលដ្ឋានមនុស្សដំបូងលើ តំបន់ប៉ូលខាងត្បូងព្រះចន្ទ ព្រមទាំងអ្វីដែលត្រូវចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២៦នេះ មុននឹងការចេញបេសកកម្ម Artemis III និង Artemis IV នៅឆ្នាំក្រោយៗ។ NASA បានបែងចែក គម្រោងកសាងមូលដ្ឋានជា៣ដំណាក់សំខាន់ៗ ដោយយើងអាចធ្វើការឈ្វេងយល់ជាបឋមដូចទៅ៖
- ដំណាក់កាលទី១ (Phase One)៖ សិក្សា, តេស្ត និងកសាង (២០២៦-២០២៩)
ចាប់ពីឆ្នាំ២០២៦នេះតទៅ អង្គការ NASA នឹងចាប់ផ្តើមជាមួយនឹងបេសកកម្មរ៉ូបូត ជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស ដើម្បីតាមដានព័ត៌មានគ្រប់យ៉ាងនៅតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទ, សាកល្បងបច្ចេកវិទ្យានានា និងរៀបចំសម្រាប់ប្រតិបត្តិការលើដីព្រះចន្ទផ្ទាល់។ អ្វីដែលមានក្នុង Phase One នេះ គឺការចាប់ផ្តើមកសាងមូលដ្ឋានចាប់ពីកម្រិតតូច Moon Base I រហូតដល់ Moon Base III។
នៅក្នុងពេលនោះដែរ NASA នឹងបញ្ជូនដ្រូនដែលមានឈ្មោះថា MoonFall Drones ដើម្បីឲ្យបំពេញប្រតិបត្តិលើប៉ូលខាងត្បូងព្រះចន្ទ រួមទាំងយានជំនិះ Lunar Terrain Vehicle, ឧបករណ៍ផលិតថាមពលអគ្គិសនីពីថាមពលនុយក្លេអ៊ែរ (Radioisotope Heating Unite), ផ្កាយរណបសង្កេត និងធ្វើទំនាក់ទំនង និងរ៉ូបូតចល័ត (VIPER) ជាដើម។
- ដំណាក់កាលទី២ (Phase Two)៖ មូលដ្ឋានមនុស្សដំបូង (២០២៩-២០៣២)
ចាប់ពីឆ្នាំ២០២៩តទៅ អង្គការ NASA នឹងផ្លាស់ប្តូរទៅការដំឡើង ហេដ្ឋារចនាសម្ព័ន្ធពាក់កណ្តាលអចិន្ត្រៃយ៍ ហើយចាប់ផ្តើមការស្នាក់នៅ និងបំពេញប្រតិបត្តិការចម្បងៗដំបូង។ ពេលមនុស្សទៅដល់ទីនោះហើយ ការធ្វើប្រតិបត្តិការ Rover, ការរៀបចំសណ្តាប់ធ្នាប់មូលដ្ឋានស្នាក់នៅ និងធ្វើការងារ, ការចាត់ចែងផលិតថាមពលនុយក្លេអ៊ែរ និងថាមពលពីព្រះអាទិត្យ (Solar Power) ព្រមទាំងប្រព័ន្ធទូរគមនាគមន៍លើដីព្រះចន្ទផ្ទាល់ នឹងត្រូវការមនុស្សត្រួតពិនិត្យជាប្រចាំ។
- ដំណាក់កាលទី៣ (Phase Three)៖ ធ្វើឲ្យវត្តមានមនុស្សលើព្រះចន្ទមានចីរភាព (២០៣២តទៅ)
ដំណាក់កាលនេះនឹងពង្រីកប្រតិបត្តិការ ដើម្បីសម្រេចឲ្យបាននូវវត្តមានមនុស្សប្រកបដោយចីរភាព ជាមួយនឹងការប្តូរវេនអវកាសយានិកជាប្រចាំ និងសកម្មភាពលើផ្ទៃព្រះចន្ទជាបន្តបន្ទាប់។ នេះជាពេលដែលការរស់នៅ និងធ្វើការនៅលើឋានព្រះចន្ទក្លាយជាការពិតជាក់ស្តែងតែម្តង។
គោលដៅសំខាន់នៃប្រតិបត្តិការនេះគឺ ការមូលដ្ឋានស្នាក់នៅ និងធ្វើការស្របតាមស្តង់ដារ, ការទាញយកធនធានព្រះចន្ទមកប្រើនៅនឹងកន្លែង, ការបញ្ជូនទំនិញដោយមិនចាំបាច់មានមនុស្ស និងការរៀបចំផែនការ, គ្រប់គ្រងធនធាន ព្រមទាំងប្រតិបត្តិការគ្រប់យ៉ាង ជាលក្ខណៈទីក្រុងមនុស្សមួយនៅលើព្រះចន្ទតែម្តង។
គួរបញ្ជាក់ថា ការប្រកួតប្រជែងទាំងឡាយក៏ត្រូវបានគិតគូរយ៉ាងហ្មត់ចង់ផងដែរ ក្នុងនោះគឺបរិស្ថានរបស់ព្រះចន្ទ ដែលមានលក្ខណៈខុសពីផែនដីទាំងស្រុង ហេតុដូច្នេះទើបតម្រូវឲ្យគ្រឿងយន្តសំខាន់ៗ ចេញប្រតិបត្តិការមុនមនុស្សនៅក្នុង Phase One៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា) (ទំនាក់ទំនងទិញអត្ថបទ៖ 070 666 553)
ប្រភព៖ NASA / SPACE (ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦)
