ទីបំផុត​អង្គការ NASA ប្រកាស​ហើយ «Kepler 90 មាន​ភព​ទី ៨ គោចរ​ជុំវិញ» ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ព្រះអាទិត្យ​ធ្លាក់​តំណែង..

198

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ទីបំផុត​បានប្រកាស​ឲ្យ​ដឹងថា វី​ធី​សាស្ត្រ​ប្រមាញ់​ភព​ដ៏​ថ្មី​សន្លាង​មួយ បាន​ជួយ​ឲ្យ​ខ្លួន​រកឃើញ​ភព​ទី ៨ របស់​តារា​ដ៏​សែនឆ្ងាយ​មួយ​ដួង ដែល​វា​បាន​សំងំ​លាក់ខ្លួន​ពី​កែវ​យឺត​អវកាស។ ប្រការ​ហេតុនេះ ប្រព័ន្ធ​យើង​លែង​ជា​ប្រព័ន្ធ​ផ្កាយ​ដ៏​ធំជាងគេ​បង្អស់ ក្នុងចំណោម​ប្រព័ន្ធ​ផ្កាយ ដែល​ពួកយើង​បានដឹង​នោះ​ទៀតហើយ។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី សារព័ត៌មាន The Verge នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

របកគំហើញ​ថ្មី​នេះ អាច​កើតមានឡើង​បាន គឺ​ដោយសារតែ​ការជួយជ្រោមជ្រែង​ផ្នែក Artificial Intelligence (AI) ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google ដែល​បាន​រកឃើញ​ភព​មួយ​នេះ តាមរយៈ​ការ​ស្គែ​ន​មើល​សញ្ញាខ្សោយៗ ដែល​ត្រូវបាន​មើលរំលង​កាលពី​លើក​មុន នៅក្នុង​ទិន្នន័យ ដែល​ថត​យកបាន​ដោយ​កែវ​យឺត​អវកាស Kepler Space Telescope។

ភព​ទើប​រកឃើញ​ខាងលើ ស្ថិតនៅក្នុង​ប្រព័ន្ធ​ផ្កាយ​មាន​ឈ្មោះថា Kepler-90 ជាតា​រា​មួយ​ដួង​នៅ​ចម្ងាយ​ប្រមាណ ២,៥០០ឆ្នាំ ពន្លឺ​ពី​ភពផែនដី ដែល​ត្រូវបាន​រកឃើញ​ជា​លើកដំបូង កាលពី​ឆ្នាំ២០១៤ និង​ត្រូវគេ​គិតថា មាន​ផ្ទុក​ភព​ត្រឹម ០៧ភព ប៉ុណ្ណោះ។

កែវ​យឺត​អវកាស Kepler បាននិងកំពុង​តាម​ប្រមាញ់​មើល​លំហ​អាកាស ដើម្បី​ស្វែងរក​ភព​អេ​លៀន នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ (Exoplanet ឬ Extraterrestrial Planet) ចាប់​តាំងតែ​ពី​ការបាញ់​បង្ហោះ​របស់​វា កាលពី​ឆ្នាំ២០០៩។ ដើម្បី​ត្រួតពិនិត្យ​ទៅលើ​ទិន្នន័យ​ទាំងអស់ ដែល Kepler ប្រមូល​យកបាន​តាំងពី​ពេលនោះ ក្រុម​អ្នកវិទ្យាសាស្ត្រជារឿយៗ តែង​មើល​ទៅលើ​សញ្ញា​ដែលខ្លាំងៗមុន។ តាម​វិធីសាស្ត្រ​កាលនោះ NASA បាន​បញ្ជាក់ថា Exoplanet ប្រមាណ ២,៥២៥ភព ត្រូវបាន​រកឃើញ។

ប៉ុន្តែ​ខណៈ​នាពេលនេះ យើង​បានដឹងថា ផ្កាយ Kepler-90 មាន​ចំនួន​ភព​គោចរ​ជុំវិញ​វា​ដូចនឹង​ព្រះអាទិត្យ​របស់​យើង​ដែរ​ក៏ដោយ ប្រព័ន្ធ​តារា​មួយ​ដួង​នេះ គឺ​ពុំមែន​ជា​បេក្ខភាព​ភព​ដ៏​ល្អ សម្រាប់​ការស្វែងរក​ជីវិត​ក្រៅ​ភព ឬ​អេ​លៀន ឬមួយ​ក៏​ទម្រង់​ជីវិត​ដែល​យើង​ធ្លាប់​បានដឹង​នោះឡើយ ជាពិសេស​បើ​ធៀប​ទៅនឹង​បណ្តា​ភព​ទាំង ០៧ ដែល​នៅ​ជុំវិញ​ផ្កាយ TRAPPIST-1។

គួរ​ជម្រាប​ថា របកគំហើញ​នៃ​ភព Kepler-90i បាន​កើតមានឡើង ក្រោយពី​អង្គការ NASA បាន​ឲ្យ Google បង្វឹក​ម៉ាស៊ីន​របស់ខ្លួន ឲ្យ​សិក្សា​ពី​ក្បួន​ដោះស្រាយ Algorithm ទៅលើ​សញ្ញា​ប្រមាណ ១៥,០០០សញ្ញា ពី​បេក្ខភាព​ភព​នៅក្នុង​បណ្តុំ​ទិន្នន័យ​របស់ Kepler។ ក្រោយមក​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ ឲ្យ​ធ្វើការ​ទៅលើ​ទិន្នន័យ​ពី​តារា​ចំនួន ៦៧០ដួង ដែល​ត្រូវបាន​គេ​ដឹងថា មាន​ភព​ច្រើន​រួចស្រេច​ទៅហើយ ដោយ​ពួកគេ​គិតថា ផ្កាយ​ទាំងនោះ ទំនងជា​កន្លែង​មាន​ភព​លាក់ខ្លួន​ច្រើនជាងគេ។ ខណៈ​ពេលនេះ​ក្នុងចំណោម​នោះ ភព​មិនមែន​តែមួយ​ឡើយ គឺ០២ ត្រូវបាន​រកឃើញ​បន្ថែម ដោយ​ក្រៅពី Kepler-90i ភព​មួយ​ផ្សេងទៀត ឈ្មោះថា Kepler-80g ត្រូវបាន​គេ​រកឃើញ នៅក្នុង​ប្រព័ន្ធ​ផ្កាយ Kepler-80 ដែលមាន​ភព​ទាំងអស់​ចំនួន ០៦។

ដោយ​ទទួលបាន​ជោគជ័យ​ជា​ជំ​ហ៊ាន​ដំបូង​បែបនេះ ក្រុម​អ្នកស្រាវជ្រាវ​នឹង​ប្រើប្រាស់​វិធីសាស្ត្រ​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី​នេះ ដើម្បី​ធ្វើការ​ស្វែងរក​ភព​បន្ថែមទៀត តាមរយៈ​ការប្រើ​ទិន្នន័យ​របស់ Kepler ដែល​ប្រមូលបាន​កាលពី​លើក​មុន ពី​ផ្កាយ​ចំនួន ១៥០,០០០ដួង៕

480×240 Banner