បណ្តុំរូបភាពពិសេសៗនៃបេសកកម្ម Artemis II ទៅកាន់ព្រះចន្ទ

19

(បរទេស)៖ ដូចដែលត្រូវបានសន្យា… រូបភាពពិសេសៗនឹងមានជាបន្តបន្ទាប់ ហើយទីបំផុតនៅថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៦នេះ NASA ពិតជាធ្វើតាមសន្យាមែន ដោយរូបភាពពិសេសៗត្រូវបានបញ្ចេញជាបន្តបន្ទាប់… សរុបទៅ អវកាសយានិកលើយាន Orion នោះ ថតហើយបញ្ជូនមកផែនដីបណ្តាក់ៗគ្នា ហើយ NASA ជាអ្នកបង្ហោះចូល Social Media ឲ្យពិភពលោកបានឃើញ…។

រាប់ចាប់ពីរូបថតផែនដីដំបូង ដែលគេថតជាលក្ខណៈ night mode និងមានភាពល្បីល្បាញមួយសន្លឹកនេះ… រហូតដល់រូបថត selfie របស់អវកាសយានិកជាមួយនឹងភពផែនដី ពេលទើបចាកចេញពីផែនដីថ្មីៗ និងឈានដល់រូបភាព selfie របស់ Orion នៅទីអវកាសទៀត… តើប្រិយមិត្តសួរខ្លួនឯងបន្តិចមើលថា អស្ចារ្យទេ? រំភើបទេ? ចង់ឃើញនឹងភ្នែកស្តែងៗ ដូចពួកគេដែរឬទេ? នេះ… រូបមួយសន្លឹកនេះ គឺលោកស្រី Christina Koch ថត selfie ហើយក្នុងនាមជាស្ត្រីដំបូងពីផែនដីទៅកាន់ព្រះចន្ទ ដែលកំពុងស្ថិតនៅលើយាន Orion នោះលោកស្រីបានថ្លែងមកកាន់មនុស្សម្នាលើផែនដីថា «អ្នកទាំងអស់គ្នាមើលទៅអស្ចារ្យណាស់»

ចាំរូបនេះបានទេ… រូបនេះល្បីខ្លាំងទូទាំងពិភពលោក ព្រោះតែភាពច្បាស់ប្លែកភ្នែកមិនធ្លាប់មានរបស់វា… ជាការពិតណាស់ រូបនេះមិនមែនថតនៅពេលថ្ងៃរបស់ផែនដីទេ តែគឺផ្នែកពេលយប់ដោយអវកាសយានិក Reid Wiseman (ត្រូវជាមេបញ្ជាការនៃបេសកកម្ម)​ ដោយប្រើប្រើប្រាស់កាមេរ៉ា Nikon D5 ដែលលោកបានយកទៅជាមួយនូវ Lens ពិសេសៗមួយចំនួន… ចង់ Zoom ក៏បាន, ថតបែបទូទាយ ឬថតបែបធម្មតាក៏បានទៅតាមកាលៈទេសៈ។

បន្តមកទៀតនេះ គឺជាការត្រៀមគោចរទៅកៀកព្រះចន្ទ ក្រោយពីការចាកចេញពីភពផែនដីបាន ៥ថ្ងៃ៥ថ្ងៃលើយានដ៏តូចចង្អៀតគឺមានន័យថា ទើបសម្រេចបានពាក់កណ្តាលផ្លូវប៉ុណ្ណោះ ហើយពួកគេត្រូវបំពេញកិច្ចការងារសំខាន់ៗសម្រាប់មនុស្សលោក នោះគឺការត្រៀមបោះជំហានដើម្បីបង្កើតមូលដ្ឋានមនុស្សជាអចិន្ត្រៃយ៍លើព្រះចន្ទ… ទិដ្ឋភាពទាំងនេះ នឹងដក់ជាប់ក្នុងចិត្តគ្រប់គ្នា… វាលើកដំបូងហើយដែលមនុស្សពីផែនដី មើលឃើញ Orientale basin ដែលជាក្រហូងបីស្រទាប់ មានមុខកាត់ជាង ១,០០០km… វាពិតជាធំធេងណាស់… ធំជាងស្រុកខ្មែរយើងទៅទៀត…។

ចូលមកដល់ការគោចរកាត់ពីក្រោយព្រះចន្ទ (far side) និងចំពេលដែលពន្លឺព្រះអាទិត្យមិនចាំងចំ… ពេលនេះយើងអាចហៅវាថា dark side បានព្រោះតែវាងងឹតមែន… តែមិនមែនមានន័យថា យើងថតមិនឃើញអ្វីសោះនោះទេ… នេះហើយជារូបភាពថតជាលក្ខណៈសម្រិតសម្រាំងយកពន្លឺ (long exposure)… យើងហៅបាតុភូតនេះថា សូរ្យគ្រាស (Solar Eclipse) លើយាន Orion និងអវកាសយានិកទាំង៤រូប… អស្ចារ្យណាស់មែនទេ? ពិតណាស់! ភ្នែកយើងប្រាកដជាមើលមិនឃើញបែបនេះពេកទេ តែកាមេរ៉ាសម្រាប់កាមេរ៉ាវិញអាចថតបាន… នេះមិនសូវខុសពីអ្នកជំនាញខាងថតរូបលើផែនដី ដែលនៅតែអាចថតឃើញផ្ទៃព្រះចន្ទ ទោះបីជាអំលុងពេលសូរ្យគ្រាស ឬចន្ទ្រគ្រាសនោះឡើយ…។

បណ្តុំរូបភាពពិសេសៗនៃបេសកកម្ម Artemis II ទៅកាន់ព្រះចន្ទ
(Image Credit: NASA / Artemis Mission)

បងប្អូនខ្លះប្រាកដជាឆ្ងល់ហើយ… ផ្កាយអ្វីនឹងភ្លឺ ហើយធំខ្លាំងម្ល៉េះ… យើងខ្ញុំសូមប្រាប់ថា «វាមិនមែនផ្កាយ… តែគឺភពសុក្រ (Venus)» ដែលជាប្អូនស្រីបង្កើតរបស់ផែនដី ហើយពេលល្ងាចៗក្នុងខែមីនា និងមេសា ឆ្នាំ២០២៦ នេះ យើងក៏មើលឃើញភពសុក្រដែរនៅលើជើងមេឃទិសខាងលិចក្រោយថ្ងៃលិច… វាភ្លឺណាស់… ទោះមេឃនៅភ្លឺក៏អាចឃើញវត្តមានវាបានដែរ… តែនៅទីអវកាសវិញ គឺកាន់តែភ្លឺ និងធំតែម្តង…។ ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យសិន… មិនខុសពីនៅលើផែនដីទេ បើចង់ទស្សនាសូរ្យគ្រាស និងថតរូបល្អៗនោះ ការការពារភ្នែកគឺជារឿងមិនអាចខ្វះបាន…។ នេះមិនត្រឹមតែជាការទស្សនាផ្ទាល់ៗ និងជាប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មានប៉ុណ្ណោះទេ តែអវកាសយានិកទាំង ៤រូប ក៏បានថតរូបពិសេសៗផ្ញើមកផែនដីភ្លាមៗដែរ… ភាពបត់បែនដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាសម័យនេះ គឺខុសពីកន្លះសតវត្សរ៍មុន ១៨០ដឺក្រេតែម្តង។

អូខេ! ចូលមកដល់ទិដ្ឋភាពពិសេសបំផុតចុងក្រោយ នោះគឺរូបនេះ… ចាប់តាំងពីមុនគោចរកាត់ក្រោយព្រះចន្ទ និងក្រោយការគោចរកាត់រួច គឺយើងទទួលបានរូបភាព និងវីដេអូទាំងនេះ… ពិសេសណាស់មែនទេ? ដំបូងស្មានថា A.I. ទេតើ តែតាមការពិតគឺជារូបមែនទែន… និយាយរួមឲ្យតែមានកាមេរ៉ាល្អ និងជំនាញច្បាស់លាស់ក្នុងថត នោះយើងអាចថតចេញបែបនេះហើយ (តែសម្រាប់តែអវកាសយានិក ដែលជិះទៅក្រោយព្រះចន្ទប៉ុណ្ណោះ…ហេហេ)។ ពិតណាស់! អ្នកដែលធ្លាប់បានតាមដានអំពីបេសកម្ម Apollo ប្រាកដជាធ្លាប់ឃើញទិដ្ឋភាពស្រដៀងគ្នានេះ។ មិនខុសទេ! រូបភាព១សន្លឹកថ្មីនេះ ធ្វើឲ្យយើងនឹងឃើញដល់រូបថត១សន្លឹកចាស់របស់បេសកកម្ម Apollo 8 ដែលត្រូវបានថតដោយអវកាសយានិក Bill AndersApollo 8 បានគោចរកៀកព្រះចន្ទដូចគ្នា តែមិនបានចុះចតទេកាលពី ៥៨ឆ្នាំមុន…។

Oh! ដូចជាភ្លេចមួយសន្លឹកទៀត! មួយសន្លឹកនេះក៏ពិសេសខ្លាំងដែរ និងជាការឆ្លើយតបចំពោះចម្ងល់របស់មនុស្សជាច្រើនលើផែនដី។ ១សន្លឹកនេះត្រូវបានថតចេញពីយាន Orion នោះឯង ហើយវាគឺជាទិដ្ឋភាពកាឡាក់ស៊ី Milky Way របស់យើង។ ពិតណាស់! យើងអាចមើលឃើញផ្កាយក្នុងកាឡាក់ស៊ីផ្ទាល់ភ្នែកបាន ពេលនៅទីអវកាស ប៉ុន្តែយើងត្រូវបានប្រាកដច្បាស់ថា មិនមានពន្លឺរំខានភ្នែកយើងឡើយ…។ ឧទាហរណ៍ ក្រុមអវកាសយានិកលើយាន Orion ត្រូវបិទភ្លើងក្នុងយានសិន ហើយសម្លឹងទៅកាន់ទីអវកាសដែលមិនមែនជាទិសរបស់ព្រះអាទិត្យ ឬផែនដី នោះទើបគ្មានពន្លឺរំខានភ្នែករបស់ពួកគេ។

អវកាសយានិកលើ Orion លោក Reid Wiseman បានអះអាងថា ផ្កាយដែលយើងមើលឃើញពេលនៅក្នុងលំហអវកាស គឺខុសពីការមើលឃើញពេលនៅលើផែនដី ដោយពួកវាមានលក្ខណៈភ្លឺស្អាត មិនមែនចេញបែបព្រិចៗឬបែកស្មាញ (Twinkle) ដូចលើមេឃផែនដីនោះឡើយ ព្រោះពន្លឺផ្កាយទាំងនោះមករកភ្នែកយើងផ្ទាល់ មិនឆ្លងកាត់បរិយាកាសផែនដីនាំឲ្យខូចទម្រង់ឡើយ៕

រៀបរៀងដោយ៖ ឥន្ទ វត្ថា (Cambo Space)
(Credit: NASA / Artemis Mission)

480×240 Banner