អាចដូចឆ្នាំ១៨៧៧? ឱកាសកើតមានបាតុភូត Super El Niño កើនឡើង!

5

(បរទេស)៖ បាតុភូតរលកកំដៅ អែល នីញ៉ូ (El Niño) កំពុងលេចចេញលឿនជាងការរំពឹងទុក នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយឱកាសក៏កំពុងកើនឡើងផងដែរ សម្រាប់ការក្លាយជាកម្រិតខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រ (យោងហៅថា មហារលកកំដៅ អ៊ែល នីញ៉ូ Super El Niño)។ នេះបើយោងតាមការបញ្ចេញទិន្ន័យថ្មីចុងក្រោយ ដោយផ្នែកព្យាករណ៍អាកាសធាតុនៃរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) សហរដ្ឋអាមេរិក ដោយក្នុងនោះអ្នកជំនាញក៏បានព្រមានផងដែរថា ឱកាសអាចកើតមាន អ៊ែល នីញ៉ូ កម្រិតខ្លាំង ឬខ្លាំងណាស់នោះបានកើនឡើងដល់ជិត ២/៣ (៦៥%) ហើយ។

អែល នីញ៉ូ គឺជាវដ្តអាកាសធាតុធម្មជាតិដែលកើតឡើងនៅពេលដែល មហាសមុទ្រប៉ាស៊ីហ្វិកត្រង់តំបន់ត្រូពិច កើនឡើងកម្តៅគ្រប់គ្រាន់ ដល់កម្រិតដែលបង្កឱ្យមានការផ្លាស់ប្តូរលំនាំនៃចរន្តខ្យល់បក់បោកនៅទូទាំងភពផែនដី ហើយឥទ្ធិពលបែបនេះតែងបង្កឲ្យមានការប្រែប្រួលស្ថានភាពអាកាសធាតុទូទាំងពិភពលោកតែម្តង។

គ្រោះរាំងស្ងួត និងរលកកំដៅអាចរីករាលដាលនៅតាមតំបន់មួយចំនួន ដែលជំរុញឱ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរដូចជា ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួត ខណៈដែលតំបន់ផ្សេងទៀតត្រូវរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងព្យុះកំណាចៗជាដើម។ ឥទ្ធិពលនៃ អែល នីញ៉ូ ក៏នឹងជម្រុញឲ្យទំនោរនៃការកើនឡើងកម្តៅផែនដី ដែលមនុស្សកំពុងបង្កឲ្យអាក្រក់ស្រាប់ទៅហើយនោះ កាន់តែអាក្រក់ខ្លាំងបន្ថែមទៀត…។

ការសង្កេតមើលតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលកំពុងឲ្យតំរុយពី អែល នីញ៉ូ (Credit: NOAA)
  • តើឱកាសកើតមាន Super El Niño កើនឡើងកម្រិតណា?

បើគិតពីស្ថានភាពនៅអំលុងខែឧសភា ឆ្នាំ២០២៦នេះ យើងកំពុងស្ថិតនៅចំណុចចាប់ផ្តើមនៃបាតុភូត អែល នីញ៉ូ រួចទៅហើយ ដោយលទ្ធផលព្យាករណ៍បង្ហាញថា ៨២% ជាឱកាសដែល អែល នីញ៉ូ អាចកើតឡើងចាប់ពីពេលនេះដល់ខែកក្កដា ឆ្នាំ២០២៦ ហើយប្រសិនបើកើតឡើងមែននោះ ឥទ្ធិពលរបស់វានឹងអូសបន្លាយដល់ខែកុម្ភៈ ឆ្នាំ២០២៧, នេះបើយោងតាមលទ្ធផលដែល NOAA ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

យោងតាមលទ្ធផលពីមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ (CPC) នៃស្ថាប័ន NOAA សហរដ្ឋអាមេរិក យើងនឹងអាចដឹងចម្លើយច្បាស់ថា តើវាជាបាតុភូតឡើងកម្តៅ El Niño ឬក៏ចុះត្រជាក់ ឡា នីញ៉ា (La Niña) នៅអំលុងខែមិថុនា ខាងមុខនេះ។ តែយ៉ាងណាសម្រាប់ពេលនេះ ២០% ហើយយើងកំពុងស្ថិតនៅក្នុងបាតុភូត អែល នីញ៉ូ ទោះមិនទាន់ដឹងថា វាមានកម្រិតខ្លាំងក្លាទៅជា Super អែល នីញ៉ូ ឬអត់ក៏ដោយ។

(Image Source: NOAA via CNN)
  • ប្រសិនបើកើតមាន Super El Niño មែន តើនឹងមានរឿងអ្វីកើតឡើង?

ប្រសិនបើបាតុភូតដ៏អាក្រក់នេះកកើតឡើងមែន នោះវានឹងអូសបន្លាយចាប់ពីរដូវក្តៅឆ្នាំ២០២៦នេះ រហូតដល់រដូវរងា ខណៈលទ្ធផលព្យាករណ៍គឺ ៩៦% ដែលបាតុភូត Super El Niño អាចអូសបន្លាយដល់រដូវងា (សម្រាប់តំបន់អាមេរិកខាងជើង)។ បើតាម CPC ឱកាសដែល Super El Niño អាចកើតមានចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧ បានកើនឡើងពីកម្រិត ១/៤ នៃការព្យាករណ៍កាលពីដើមឆ្នាំ២០២៦ មកដល់កម្រិត ១/៣ នៅក្នុងលទ្ធផលសិក្សាចុងក្រោយនេះ។

ចូរយើងមើលការព្យាករណ៍របស់ NOAA តាមរយៈតារាងមួយនេះ ទៅលើឥទ្ធិពលដែល El Niño នឹងបង្កឡើងសម្រាប់តំបន់សំខាន់ៗមួយចំនួនលើផែនដី ក្នុងនោះក៏មានតំបន់អាស៊ីអាគ្នេយ៍យើងផងដែរ ដោយពណ៌ក្រហមតំណាងឲ្យក្តៅខ្លាំង, ពណ៌លឿងតំណាងឲ្យក្តៅល្មម និងស្ងួត (ក្តៅស្ងួត), ពណ៌ត្នោតតំណាងឲ្យរាំងស្ងួត, ពណ៌បៃតងស្រាលតំណាងឲ្យសើម និងពណ៌បៃតងដិតតំណាងឲ្យក្តៅ និងសើម។

តារាងមួយនេះក៏តំណាងឲ្យបាតុភូតដែលមានឥទ្ធិពលទាំងនេះ នៅរដូវរងាសម្រាប់អឌ្ឍគោលខាងជើង ដោយសីតុណ្ហភាព និងអាកាសធាតុតាមតំបន់ទាំងអស់នេះ នឹងប្រែប្រួលខ្លាំងលើសពីកម្រិតមធ្យម។ យើងក៏អាចមើលឃើញផងដែរថា ប្រទេសកម្ពុជាយើងស្ទើរទាំងមូល ស្ថិតនៅក្នុងតំបន់ក្តៅ ហើយស្ងួត (Dry & Warm) តែយ៉ាងណា អំលុងចុងឆ្នាំ និងដើមឆ្នាំ គឺតែងតែជារដូវរងានៅតំបន់របស់យើង ដែលប្រការនេះមិនអាចឲ្យផលប៉ះពាលមានឥទ្ធិពលភ្លាមៗឡើយ… ដោយយើងត្រូវរង់ចាំដល់ផុតពីនោះ (ឈានចូលឆ្នាំ២០២៧ ទើបឥទ្ធិពលខ្លាំងមកដល់ជាក់ស្តែង)។

អាចដូចឆ្នាំ១៨៧៧? ឱកាសកើតមានបាតុភូត Super El Niño កើនឡើង!
នេះជាផលប៉ះពាល់ប្រសិនបើ អែល នីញ៉ូ កកើតឡើងមែន (Credit: NOAA)
  • តើវាអាចខ្លាំងដូចទសវត្សរ៍ ១៨៧០ ដែរឬទេ?

យោងតាមសាស្ត្រាចារ្យ Paul Roundy ផ្នែកវិទ្យាសាស្ត្របរិស្ថាន និងបរិយាកាស មកពីសាកលវិទ្យាល័យ Albany រដ្ឋ ញូយ៉ក សហរដ្ឋអាមេរិក បានលើកឡើងកាលពីដើមខែឧសភា ឆ្នាំ២០២៦នេះថា វាមានឱកាសដែលអាចទៅរួចថា El Niño លើកនេះ នឹងបំណែកកំណត់ត្រានៃ El Niño ដ៏អាក្រក់បំផុតដែលធ្លាប់កើតឡើងកាលពីអំឡុងទសវត្សរ៍ ១៨៧០ ឬដែលក្រោយមកយើងដាក់រហស្សនាមឲ្យវា Super El Niño នោះ។

គួរបញ្ជាក់ថា Super El Niño ដែលបានកើតឡើងកាលឆ្នាំ១៨៧៧ បានបង្កឲ្យមានការអូសបន្លាយរលកកំដៅ និងភាពរាំងស្ងួត ៣ឆ្នាំជាប់ៗគ្នានោះគឺពីឆ្នាំ១៨៧៦ ដល់ឆ្នាំ១៨៧៨។ មហន្តរាយនោះហើយបានជម្រុញឲ្យគ្រោះទុរភិក្សកើតមានឡើងជាសកល និងផ្តាច់ជីវិតមនុស្សជាង ៥០លាននាក់ ឬស្មើនឹង ៣% នៃចំនួនប្រជាជនសរុបលើពិភពលោកកាលណោះ។ តែយ៉ាងណា នៅក្នុងសម័យទំនើបនេះ មនុស្សលោកមានការត្រៀមខ្លួនបានប្រសើរជាងរាប់រយឆ្នាំមុនឆ្ងាយ និងធ្វើការងារជាសកល ក្រោមដំបូលនៃអង្គការអន្តរជាតិជាច្រើន ដើម្បីចែករំលែកការអប់រំផង, ជូនដំណឹងទាន់ពេលវេលាផង និងជួយសង្គ្រោះគ្នាពេលគ្រាអាសន្នផង។

សម្រាប់បាតុភូត El Niño ដែលមនុស្សលោកបានភ្លក្សរសជាតិចុងក្រោយបំផុតនោះ បានអូសបន្លាយពីខែឧសភា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ហើយវាបានធ្វើឲ្យឆ្នាំ២០២៤នោះ ក្លាយជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រភពផែនដីសម័យថ្មីនេះ…។ ដូច្នេះប្រសិនបើ El Niño កើតឡើងក្នុងឆ្នាំ២០២៦នេះ នោះឆ្នាំ២០២៧ ប្រាកដជាក្លាយជា «ឆ្នាំក្តៅបំផុតថ្មី» លើសពីឆ្នាំ២០២៤ ជាក់ជាមិនខាន…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ CNN / Live Science via NOAA (ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៦)

480×240 Banner