ហេតុអ្វីបានជាមនុស្ស «ព្យាយាមស្រាវជ្រាវអវកាស និងរុករកភពផ្សេង» ខ្លាំងដល់ថ្នាក់ហ្នឹង? ស្វែងយល់កត្តាធំៗ…
(អវកាស)៖ នេះមិនមែនជាអត្ថបទថ្មីឡើយដែល Cambo Space យកមកធ្វើការបកស្រាយ ដោយកាលពីរពីរឆ្នាំមុន យើងខ្ញុំធ្លាប់បានបញ្ជាក់ម្តងរួចទៅហើយ ប៉ុន្តែដោយសារតែបងប្អូនជាច្រើន នៅតែសាកសួរជាបន្តបន្ទាប់នោះ ដូច្នេះក្រុមការងារយើងខ្ញុំ នឹងធ្វើការបកស្រាយបន្ថែម ព្រមទាំងបញ្ជាក់សំខាន់ៗមួយចំនួនផងដែរ។

ក្រុមអ្នកវិទ្យាសាស្រ្ត ផ្នែកអវកាស មានតួនាទីសិក្សាស្រាវជ្រាវ និងដោះស្រាយ ចម្ងល់របស់មហាជនទូទៅ អំពីអ្វីដែលបានកើតឡើង នៅក្នុងចក្រវាឡដ៏ធំធេងនេះ។ មិនត្រឹម តែប៉ុណ្ណោះ ពួកគេក៏ត្រូវយល់ដឹង អំពីមនុស្ស និងការវិវត្តន៍របស់អំបូរមនុស្សខ្លួនឯង នៅក្នុងចក្រវាឡ នេះផងដែរ។ ជាក់ស្តែងការស្រាវជ្រាវពីវិទ្យាសាស្រ្ត មិនត្រឹមតែបានធ្វើឲ្យមនុស្សស្វែងយល់ និង យល់ដឹង អំពីភពផែនដី ប៉ុណ្ណោះទេ គឺថែមទាំងអាចឲ្យពួកយើងបានដឹងអំពីការវិវត្តន៍របស់ភពទាំង ០៨ទៀត នៃប្រព័ន្ធព្រះអាទិត្យ ព្រមទាំង វត្ថុអវកាសដទៃទៀតដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។

ជាមួយគ្នានេះដែរ ពួកយើងអាចដឹងថា ភពទាំងអស់ផ្ទុកទៅដោយទឹក និងឧស្ម័នមេតាន ដោយសារតែក្រុមអ្នកវិទ្យាសាស្រ្ត បានបង្កើតមនុស្សយន្តអវកាស និងបច្ចេកវិទ្យាវិទ្យាសាស្រ្ត ទំនើបៗ ដើម្បីទៅសិក្យានៅក្នុងគោចរលំហអាកាស របស់ភពនីមួយៗដែលមានចំងាយ ប្រហែលជាមធ្យម ២២៥លានគីឡូម៉ែត្រពីគ្នា។

មួយវិញទៀត ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យយើងបានស្គាល់នូវទ្រង់ទ្រាយ របស់ ភពនីមួយៗ និង ក្រុមកាឡាក់ស៊ី តាមរយៈរូបភាពជាច្រើន ដែលទទួលបានពីយានអវកាស និងបច្ចេកវិទ្យានៃកែវយឺតអវកាសផងដែរ ដែលនេះគឺជាសមិទ្ធផលដ៏ល្អប្រសើរមួយដែល ក្រុមអ្នកវិទ្យាសាស្រ្តបានខិតខំប្រឹងប្រែងកន្លងមក។

នៅថ្ងៃអនាគតមនុស្សអាចនឹងទៅរស់នៅលើភពអង្គារ និង អាចឈានទៅកាន់កន្លែងឆ្ងាយៗ ជាងនេះទៀត ប្រសិនបើបច្ចេកវិទ្យាអាចវិវឌ្ឍន៍កាន់តែទំនើប និងតាមអ្វីដែលមនុស្សត្រូវការ។ មនុស្សក៏គ្រោងបញ្ជូនយាន ទៅសិក្សានៅប្រព័ន្ធព្រះអាទិត្យផ្សេង ដែលស្ថិតនៅក្នុងកាឡាក់ស៊ី មាលគីវេ ដូចគ្នានឹងព្រះអាទិត្យយើងដែរ ជាពិសេសប្រព័ន្ធផ្កាយដែលនៅជិតបំផុត ដូចជា Alpha Centauri ដែលមានចម្ងាយ ៤.៤ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។

សរុបសេចក្តីមក អ្វីដែលវិទ្យាសាស្ត្របានដឹង គឺផែនដីនេះមិនមែនជាកន្លែងដែលស្ថិតស្ថេររហូតនោះទេ ដោយសារតែវានឹងរលាយ នៅពេលកំណត់ណាមួយ ដែលអាចនឹងបំផ្លាញអ្វីៗគ្រប់យ៉ាង ជាពិសេសជីវិតគ្រប់ទម្រង់ ដែលគ្មានកន្លែងណាមានក្រៅពីភពផែនដីនោះឡើយ បើតាមការស្រាវជ្រាវ មកទល់នឹងពេលបច្ចុប្បន្ន។

ដូច្នេះសំនួរដែលត្រូវចោទសួរនោះគឺ តើមនុស្សអាចបណ្តោយខ្លួនឲ្យរលំរលាយ ដូចជំនាន់ ដាយណូស័រដែរ ឬទេ? តើមនុស្សត្រូវរួមគ្នា ដើម្បីសិក្សាអំពីលំហ ដែលអាចឲ្យយើងរក្សាពូជពង្សរបស់យើងទៅមុខទៀត បើទោះជាផែនដីរលំរលាយ ឬ? តើមនុស្សប្រាកដទេថា អាចរស់នៅលើផែនដីនេះសុខសាន្ត បានរាប់លានឆ្នាំទៀតនោះ? ចម្លើយនោះ គឺបងប្អូនមានសិទ្ធិឆ្លើយគ្រប់ៗគ្នា ប្រកបដោយលក្ខណៈវិនិច្ឆ័យវែងឆ្ងាយ៕
