ពាក់វ៉ែនតាផង! កាឡាក់ស៊ីមួយនេះចែងចាំងណាស់

3

(បរទេស)៖ នេះជារូបភាពថ្មីៗរបស់កាឡាក់ស៊ី M77 (Messier 77) ដែលក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb ទើបបានបញ្ចេញនៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ ហើយគ្រាន់តែឃើញរូបទាំងនេះភ្លាម លោកអ្នកប្រាកដជាឆ្ងល់ភ្លែតថា ម្តេចក៏វាភ្លឺចែងចាំងខ្លាំងម្ល៉េះ? កុំភ្លេចពាក់វ៉ែនតាការពារភ្នែកផង ប្រសិនបើអ្នកទ្រាំមើលវាយូរមិនបាន ហើយមូលហេតុដែលបង្កឲ្យវាភ្លឺចិញ្ច្រាចដាក់ James Webb រហូតប្លែកស្ញាចពន្លឺបែបនេះ មានបកស្រាយក្នុងអត្ថបទ (វីដេអូ) នេះហើយ។

ពិតណាស់! រាល់រូបថតទាំងអស់របស់ James Webb សុទ្ធសឹងតែត្រូវបានថត នៅក្នុងទម្រង់ពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ដែលភ្នែកមនុស្សមិនអាចមើលឃើញ ហេតុដូច្នេះហើយទើបវត្ថុអវកាសខ្លះដែលមានកម្តៅ និងពន្លឺខ្លាំងស្រាប់ទៅហើយ នៅពេលត្រូវតេឡេស្កូបធម្មតាឆ្លុះឃើញក្នុងទម្រង់ Visible Light ដែលភ្នែកមនុស្សអាចមើលឃើញបែបនោះដែរនោះ ពេលត្រូវប្រើកាមេរ៉ាថតក្នុងពន្លឺក្រហមអាំងហ្វ្រាវិញ ពន្លឺរបស់វាបែរជាបែកស្ញាច (Spike) ខ្លាំង ដូចជាករណីកាឡាក់ស៊ី M77 នេះយ៉ាងដូច្នោះឯង។

ពាក់វ៉ែនតាផង! កាឡាក់ស៊ីមួយនេះចែងចាំងណាស់
កាឡាក់ស៊ី M77 ដ៏ចែងចាំងផ្តិតដោយ James Webb (Credit: NASA / ESA / CSA)

គួរបញ្ជាក់ថា កត្តាដែលជម្រុញឲ្យចំណុចកណ្តាល (ស្នូល) របស់កាឡាក់ស៊ី M77 ភ្លឺចែងចាំងបែបនេះ ក៏ព្រោះតែប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ីនោះ មានកម្លាំងទំនាញ (Gravity) ដ៏ខ្លាំងមហិមា ដែលបាននិងកំពុងអូសទាញអ្វីៗគ្រប់យ៉ាងនៅជុំវិញក្នុងល្បឿនយ៉ាងលឿន និងប្រកបដោយភាពហាប់ណែនជាទីបំផុត។ ប្រការនេះហើយ ទើបធ្វើឲ្យឧស្ម័ននានានៅតំបន់ជុំវិញស្នូលនោះត្រូវដុះបញ្ឆេះជាប្រចាំ នាំឲ្យតំបន់ទាំងមូលពោពេញដោយភាពក្តៅគគុក ហើយបញ្ចេញនូវធាតុវិទ្យុសកម្មដ៏កម្រោល។ យោងតាមទិន្នន័យពី NASA កាឡាក់ស៊ី M77 នេះមានចម្ងាយខ្ទង់ ៤៥-៤៧លានឆ្នាំពន្លឺពីយើង និងមានអង្កត់ផ្ចិតខ្ទង់ ១០០,០០០-១៧០,០០០ឆ្នាំពន្លឺ

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA / ESA / CSA (ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦)

480×240 Banner