យល់ដឹងពី «ផ្កាយចម្លែកៗ» និងបាតុភូតអវកាសដ៏ខ្លាំងអស្ចារ្យ (អត្ថបទសំណូមពរ)
(បរទេស)៖ បើគិតពីស្ថានភាពព្រះអាទិត្យអាចចាត់ទុកថា កំពុងស្ថិតនៅវ័យកណ្តាលមួយទៅហើយ ដោយផ្កាយយើងនេះមានអាយុប្រមាណ ៤.៦ពាន់លានឆ្នាំមកហើយ។ បច្ចុប្បន្ននេះ ព្រះអាទិត្យក៏ត្រូវបានចាត់ទុកថាមានភាពនឹងនរផងដែរ ដោយមិនបញ្ចេញសកម្មភាពអ្វីពុះកញ្ជ្រោល ក្រៅតែពីការជះចេញនូវ flares បន្តិចបន្តួចទៅតាមវដ្តជាក់លាក់នោះឡើយ។
តែផ្កាយផ្សេងៗទៀតនៅក្នុងចក្រវាល មិនមែនកំពុងស្ថិតក្នុងស្ថានភាពដូចព្រះអាទិត្យឡើយ ឧទាហរណ៍ផ្កាយលំដាប់តូច (M Dwarf ឬ Red Dwarf) ពេលខ្លះអាចជះ flare ក្នុងកម្រិតខ្លាំង ដែលប្រសិនបើមានភពមានជីវិតនៅជុំវិញផ្កាយប្រភេទនោះ ពួកគេទំនងជាគ្មានឱកាសបានឃើញពន្លឺថ្ងៃតទៀតឡើយ…។
ពិតណាស់! នៅក្នុងអត្ថបទ (វីដេអូ) ថ្មីនេះ យើងមិនមែនមកនិយាយពី Red Dwarf នោះទេ តែជាការធ្វើតាមសំណូមពរពីប្រិយមិត្ត Cambo Space ដែលចង់ឈ្វេងយល់អំពីផ្កាយមានអការៈប្លែកៗមួយចំនួន ដែលយើងនឹងយល់ដឹងជាបន្តបន្ទាប់ដូចតទៅ៖
១៖ ផ្កាយ Pulsar (ផាល់សា)
តារា Pulsar គឺជាប្រភេទមួយស្ថិតនៅក្នុងជំពូកផ្កាយណឺត្រុងពណ៌ស (Neutron Star ឬ White Dwarf) ដែលបាញ់ចេញនូវកាំរស្មីពន្លឺផ្ទុកទៅដោយថាមពលអេឡិចត្រូម៉ាញេទិចទៅកាន់ទីអវកាស ហើយយើងអាចមើលឃើញថាមពលនេះទៅបាន លុះត្រាណាតែវាបាញ់សំដៅមករកផែនដី។ ភាពពិសេស និងគ្រោះថ្នាក់របស់ Pulsar គឺត្រង់ភាពកញ្ជ្រោលរបស់វា ហើយត្រង់ចំណុចនេះយើងចង់សម្តៅទៅលើរង្វិលខ្ញាល់ និងការជះចេញនូវកំសួលថាមពល (jets) ចំនួន ២ខ្សែសងខាងផ្កាយ ប្រៀបបីដូចជាស្លាបកង្ហាររបស់វានោះឯង។
ផ្កាយណឺត្រុងប្រភេទនេះ គឺជាស្នូលរបស់ផ្កាយយក្សធំៗ ដែលជាទូទៅមានម៉ាសចន្លោះពី ១០ដង ទៅ ២៩ដង នៃម៉ាសព្រះអាទិត្យ ហើយវាកកើតឡើងក្រោយឆ្លងកាត់បាតុភូត «បន្ទុះស៊ូភើណូវ៉ា (Supernova)» បន្ទាប់ពីផ្កាយទាំងនោះដល់អាយុកំណត់។ បើផ្កាយធំៗជាងនេះទៅទៀតវិញនោះ ពួកវានឹងផ្តល់កំណើតទៅជាប្រហោងខ្មៅ (Black Hole) ជាមិនខាន។
២៖ ផ្កាយ Magnetar (ម៉ាញេតា)
ម៉ាញេតា (magnetar) គឺជាតារាដែលអស់អាយុហើយផ្ទុះ នៅតែសល់តែស្នូលដ៏ហាប់ណែន និងក្តៅគគុកជាទីបំផុត ដែលយើងគ្រប់គ្នាស្គាល់ថា «តារាណឺត្រុង (neutron star)»។ ខណៈដែលផ្កាយណឺត្រុងប្រភេទនេះត្រូវបានគេដឹងថា មានដែនម៉ាញេទិចខ្លាំង ហើយមួយចំនួននៃពួកវាមានលក្ខណៈពិសេស ដែលធ្វើឲ្យអាកប្បកិរិយារបស់ពួកវាពុះកញ្ជ្រោលខ្លាំងជាងគេជាងឯង។
ស្នូលផ្កាយស្លាប់ Magnetar អាចត្រូវបានបង្កើតពីតារាធំៗ ដែលមានម៉ាសចាប់ពី ១០ដង ទៅ ២០ដងនៃម៉ាសព្រះអាទិត្យយើង។ ភាពខុសប្លែករវាង Pulsar និង Magnetar គឺ Pulsar មានភាពកញ្ច្រោល (វិល) លឿនជាង Magnetar ឬប្រៀបដូច lighthouse នៃលំហអវកាស ខណៈ Magnetar រិលយឺតជាង ប៉ុន្តែបញ្ចេញកម្លាំងម៉ាញេទិចខ្លាំង ដោយពេលវាជះចេញម្តងៗកម្លាំងនោះអាចឆ្លងកាត់ចក្រវាលបាន។
៣៖ តារាណឺត្រុង (Neutron)
យល់ដឹងត្រង់ចំណុចទី១ និងទី២រួច គ្រប់គ្នាអាចស្មានដឹងអំពីថាតើអ្វីទៅជាតារាណឺត្រុង (Neturon Star) នោះ។ វាជាគឺស្នូលដ៏ហាប់ណែនបំផុតនៃតារាមហាយក្ស ដែលមានម៉ាស និងទំហំធេងជាងព្រះអាទិត្យយើងឆ្ងាយ កើតមានបន្ទុះស៊ូពើណូវ៉ា (Supernova) ព្រោះតែវាអស់សមាសធាតុសម្រាប់ទ្រទ្រង់ចំហេះតទៅទៀត។ តារាណឺត្រុងមួយអាចមានអង្កត់ផ្ចិតត្រឹមតែ ១០km ទៅ ២០km ប៉ុណ្ណោះ តែមានភាពហាប់ណែន និងកម្លាំងម៉ាញេទិចដ៏ខ្លាំងក្លាជាងព្រះអាទិត្យយើងឆ្ងាយ (តូចតែខ្លឹម)។
៤៖ ស្នូលកាឡាក់ស៊ី Quasar (ក្វាសា)
Quasar ត្រូវបានក្រុមតារាវិទូឲ្យនិយមន័យថា ជាស្នូលយក្សដ៏សកម្មមួយ (ស្នូលកាឡាក់ស៊ីក្មេង) ដែលបញ្ចេញពន្លឺយ៉ាងភ្លឺចែងចាំង ព្រោះទទួលបានថាមពលពីប្រហោងខ្មៅ (Supermassive Black Hole) ដែលមានទម្ងន់ធ្ងន់ជាងព្រះអាទិត្យ ដល់ទៅរាប់ពាន់លានដងឯណោះ។ បើត្រឹមការប្រើតេឡេស្កូបធម្មតាៗសង្កេតមើល នោះគេអាចឃើញ Quasar ហាក់ដូចជាពពួកផ្កាយមួយចង្កោម (star cluster) ដែរ តែតាមការពិតវាជាស្នូលនៃកាឡាក់ស៊ី ដែលភាគច្រើនស្ថិតនៅឆ្ងាយៗដល់ទៅរាប់ពាន់លានឆ្នាំពន្លឺឡើងទៅ។
៥៖ ផ្កាយ Hypernova (ហាយភើណូវ៉ា)
Hypernova ជាផ្កាយកញ្ជ្រោលមួយប្រភេទដែលមានម៉ាសធ្ងន់ខ្លាំង (ជាង ៣០ដងនៃម៉ាសព្រះអាទិត្យ) និងវិលយ៉ាងលឿន ហើយវាកើតចេញពីការផ្ទុះនៃផ្កាយដែលមានថាមពលខ្លាំងបំផុតមួយក្នុងចក្រវាល នោះគឺលើសពី Supernova ធម្មតាចាប់ពី ១០ដង ទៅ ១០០ដង ឯណោះ។ ស្ថានភាពរបស់ Hypernova នេះក៏អាចជម្រុញទៅជាការកកើតឡើង Black Hole បានផងដែរ ដោយវានឹងមានកន្ទុយ Gamma Rays ចំនួន ២ ប្រៀបដូចស្លាបនៅសងខាង។
៦៖ បាតុភូត Kilonova (គីឡូណូវ៉ា)
Kilonova គឺជាបាតុភូតផ្ទុះជះថាមពលពន្លឺ និងកម្តៅដ៏មហិមា អាចឆ្លងកាត់ចក្រវាលបានរាប់ពាន់លានឆ្នាំពន្លឺ ដែលជាលទ្ធផលបានមកពីការបុកគ្នារវាង តារាណឺតុង (neutron star) ចំនួន ២ ឬក៏ពេលខ្លះរវាងតារាណឺងត្រុងមួយជាមួយនឹង Black Hole មួយទៀត។ ការបុកទង្គិចគ្នាដ៏មហិមានេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ប្រៀបបីដូចជារោងចក្រផលិត សមាសធាតុរឹងនានានៅក្នុងចក្រវាលដូចជា មាស និងផ្លាទីន ជាដើម៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA / SPACE (ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦)
