មានការសង្ស័យថា «អាចម៍៍ផ្កាយ Oumuamua ជាយានអេលៀន មកពីភពផ្សេង» ពេលនេះតារាវិទូកំពុង.

181

 

(អាមេរិក)៖ អាចម៍ផ្កាយ ឬវត្ថុអវកាសឈ្មោះ Oumuamua ដែលក្រុមអ្នក​វិទ្យាសាស្ត្រ​ធ្វើការតាមដានយ៉ាងសកម្មកាលពីពីរខែមុន នៅពេលដែលដឹងថា «វាជាវត្ថុអវកាស​ដំបូង​មិន​ធ្លាប់មានដែលមកពីប្រព័ន្ធព្រះអាទិត្យផ្សេង» ហើយធ្វើដំណើរមកឆ្វែលប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង ដ៏ចម្លែកបំផុតនោះ ឥឡូវនេះក្រុមតារាវិទូមួយចំនួន បានបំផុសគំនិតថា វាជាយាន​របស់អេលៀន (Aliens Spaceship) ដែលបានអណ្តែតស្រាវជ្រាវតំបន់របស់យើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអវកាស Space នាល្ងាចថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។

ទោះបីជាមានការផ្ទុះ​ពាក្យចចាមអារ៉ាម ដែលបានធ្វើឲ្យមនុស្ស​មួយចំនួនមានការជឿជាក់​ក៏ដោយ ក៏ការស្រាវជ្រាវ និងអង្កេតកន្លងមក​យ៉ាងប្រយ័ត្នប្រយែង ពីសំណាក់តេឡេស្កូបធំៗនៅលើផែនដី​ដូចតេឡេស្កូបនៅ West Virginia សហរដ្ឋអាមេរិកនោះ លទ្ធផលចេញមក គឺទទេតែម្តង។ ទោះបីជាបែបនេះក្តី ក្រុមអ្នករុករកទិន្នន័យ និងអង្កេតទៅលើរឿងនេះ នៅតែចង់បន្តសាច់រឿង​របស់ខ្លួន ហើយលោក Andrew Siemion នាយកនៃទីភ្នាក់ងារស្រាវជ្រាវរកជីវិតអេលៀន របស់មជ្ឈមណ្ឌលស្រាវជ្រាវ SETI ក្នុងរដ្ឋកាលីហ្វរញ៉ា គឺជាអ្នកសកម្មក្នុង​ការដឹកនាំកិច្ចការទាំងឡាយបន្តទៀត។

Oumuamua គឺជាអាចម៍ផ្កាយ​មកពីក្រៅប្រព័ន្ធព្រះអាទិត្យ ដែលបង្កការរំជើបរំជួលខ្លាំង ព្រោះគ្រប់ផ្នែកទាំងអស់ នៃអ្នកស្រាវជ្រាវទីអវកាស និងជីវិតអេលៀន មិនដែលបានជួបរឿងរ៉ាវ​ដ៏អស្ចារ្យនេះឡើយ ក្នុងរយៈពេលរាប់ទសវត្សរ៍ ឬក៏ចាប់តាំងពីយើងចាប់ផ្តើម​ធ្វើការសិក្សា​ស្រាវជ្រាវ រកពិភពផ្សេងដែលនឹងអាចមានជីវិត ដូចផែនដីយើងដែរនោះ។

សម្រាប់ការ​អះអាងដែលថា Oumuamua ជាយានរបស់​អេលៀននោះ គឺជាគំនិតដ៏មាន​តម្លៃមួយ ទោះបីជាមនុស្សមួយចំនួនមានការរិះគន់ថា ការគិត​ខាងលើនេះ​ហួសហេតុពេក​ក៏ដោយ​ ប៉ុន្តែការសិក្សាស្រាវជ្រាវ​ដោយ​សហគមន៍ នៃតារាសាស្ត្រ និង​វិទ្យាសាស្ត្រនានា នៅតែ​ប្រឹងប្រែង​ធ្វើការឲ្យអស់​លទ្ធភាព ដើម្បីស្រង់យកទិន្នន័យ​ដែលអាចទៅរួចណាមួយ​ ចេញពីវត្ថុដ៏ចម្លែក​នោះ ដូចជាវិទ្យាស្ថាន SETI នៅលើភ្នំមួយ នៃរដ្ឋកាលីហ្វរញ៉ា ដែលកំពុងប្រើប្រាស់តេឡេស្កូប Allen ដើម្បីទាញយកទិន្នន័យពី Oumuamua ដូច្នេះឯង។

សមាជិក​ក្រុម SETI បានបង្ហើបថា តាមការរយៈ​ការប្រើប្រាស់ឧបករណ៍​ចានផ្កាយរណប Green Bank មុខកាត់ ១០០ម៉ែត្រ ដោយចំណាយពេល​ជះរលក​សញ្ញាទៅលើ Oumuamua ចំនួន ០៦ម៉ោង ដោយទទួលបាន​ទិន្នន័យ ៩០ terabytes ក្នុងរយៈពេល ០២ម៉ោង ពីអាចម៍ផ្កាយ​ដែលមាន​ប្រវែង ៤០០ម៉ែត្រនោះ។

គួរបញ្ជាក់ថា ទោះបីជាគេទទួល​បានទិន្នន័យមួយ​ចំនួន​ហើយពី Oumuamua ក៏ដោយ ក៏គេត្រូវការពេល​វេលាបន្ថែម​ទៀត ដើម្បីធ្វើការវិភាគ​ទៅលើទិន្នន័យ​ទាំងអស់ ដែលទទួលបាន​ដោយ​ប្រយ័ត្នប្រយែង​បំផុត។ ចុះបងប្អូនវិញ​គិតថា វត្ថុអវកាសមកពីប្រព័ន្ធ​ផ្កាយផ្សេងដែល​មិនធ្លាប់មាន ប្រវែងរហូតដល់ជិត កន្លះគីឡូម៉ែត្រ ខាងលើនេះ គ្រាន់តែជាដុំថ្មអវកាស​​ធម្មតា ឬ? តើវាអាចជា​អ្វីផ្សេង​ក្រៅពីនេះ ឬទេ? ចម្លើយ គឺមានតែចាំការបកស្រាយ​របស់ ក្រុមអ្នក​វិទ្យាសាស្ត្រ ដែល​សង្ឃឹមថា នឹងចេញលទ្ធផល​ក្នុងពេលឆាប់ៗ…៕

480×240 Banner