ព្រះ​អើយ! អង្គការ NASA «គ្រោង​បញ្ជូន​យាន​ទៅ​ប្រព័ន្ធ​ផ្កាយ Alpha Centauri នៅ​ឆ្នាំ២០៦៩» នឹង​ទៅដល់​ឆ្នាំ២១១៣…

230

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាស NASA កំពុងតែ​គ្រោង​រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ២០៦៩ ដើម្បី​ទៅ​ស្វែង​រុករក​សញ្ញា​នៃ​ជីវិត នៅតាម​ភព​ស្រដៀង​ផែនដី ដែល​ទើប​ត្រូវបាន​រកឃើញ។ ប៉ុន្តែ​កុំ​ទាន់​អាល​រំភើបចិត្ត​ខ្លាំង​អី ព្រោះថា​បេសកកម្ម​នេះ​ពុំទាន់​មានឈ្មោះ​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​បច្ចេកវិទ្យា ដែល​តម្រូវ​ក្នុងការ​អភិវឌ្ឍ​យាន​ឲ្យ​ទៅដល់​ទីនោះ​បាន ក៏​មិនទាន់​ត្រូវបាន​រកឃើញ​ផងដែរ។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី សារព័ត៌មាន Independent នៅ​រសៀល​ថ្ងៃ​ពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។

អង្គការ NASA ត្រូវគេ​រាយការណ៍​ថា កំពុង​រៀបចំ​គម្រោង​បេសកកម្ម​មួយ​ឆ្លង​ប្រព័ន្ធ​ផ្កាយ ដើម្បី​តាម​ស្វែងរក​ជីវិត នៅក្បែរ​ប្រព័ន្ធ​ព្រះអាទិត្យ នៅឯ​ប្រព័ន្ធ Alpha Centauri ដែលមាន​ផ្កាយ​ចំនួន ០៣ដួង។ បេសកកម្ម​ពោ​ពេញ​ដោយ​មហិច្ឆតា​នេះ ពុំទាន់​មានឈ្មោះ​ផ្លូវការ​នោះទេ ហើយ​បច្ចេកវិទ្យា​ដែល​ចាំបាច់ សម្រាប់​ការនាំយក​យានអវកាស ទៅកាន់​ទីនោះ ក៏​ពុំទាន់​ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​ផងដែរ ប៉ុន្តែ​កាលបរិច្ឆេទ​ប៉ាន់ស្មាន​នៃ​បេសកកម្ម​នេះ ត្រូវគេ​ជឿជាក់​ខ្ពស់​ថា នឹង​ចំពេល​គម្រប់​ខួប ១០០ឆ្នាំ នៃ​ដំណើរ​ទៅជា​ន់​លើ​ឋាន​ព្រះ​ច័ន្ទ​របស់​មនុស្សលោក​យើង​ជា​លើកទីមួយ។

បេសកកម្ម​ខាងលើ នឹង​ទាមទារ​យានអវកាស​មួយគ្រឿង ត្រូវធ្វើ​ដំណើរ​ក្នុង​ល្បឿន​អ​ប្បរមា​ស្មើនឹង ១០ភាគរយ​នៃ​ល្បឿ​ពន្លឺ ខណៈ​បណ្តុំ​ផ្កាយ Alpha Centauri ស្ថិតនៅ​ចម្ងាយ ៤.៤ឆ្នាំ​ពន្លឺ​ពី​ផែនដី​យើង ហើយ​ប្រសិនបើ​កំណត់ត្រា​នៃ​ល្បឿន ១០ភាគរយ នៃ​ល្បឿន​ពន្លឺ​អាច​ត្រូវ​សម្រេចបាន​មែន​ក៏ដោយ ការធ្វើដំណើរ​ទៅកាន់​ប្រព័ន្ធ​នេះ​នឹងត្រូវ​ចំណាយពេល៤៤ឆ្នាំ ដែល​នឹងធ្វើ​ឲ្យ​យើង​ទៅកាន់​ទីនោះ​នៅ​ឆ្នាំ២១១៣ ឯណោះ។

គួរ​ជម្រាប​ថា មកទល់ពេលនេះ​មនុស្សលោក​យើង សម្រេចបាន​ត្រឹម​យានអវកាស​តែមួយ​គ្រឿង​ប៉ុណ្ណោះ ដែល​អាច​ចាក​ចេញពី​ប្រព័ន្ធ​ព្រះអាទិត្យ​ដោយ​ជោគជ័យ គឺ​យាន Voyager-1 ដែល​ត្រូវបាន​បាញ់​បង្ហោះ​តាំងតែ​ពី​ឆ្នាំ១៩៧៧ម្ល៉េះ ហើយ​ទោះបីជា​បច្ចេកវិទ្យា​ដែល​បំពាក់​នៅលើ​វា​កាលនោះ នៅមានកម្រិត​យ៉ាងណាក្តី យានអវកាស​នេះ បានផ្តល់​មកវិញ​នូវ​ព័ត៌មាន​គួរ​ឲ្យ​ចាប់អារម្មណ៍ថ្មីៗ ទាក់ទិន​នឹង​ភព​ក៏ដូចជា​ព្រះ​ច័ន្ទ​នានា នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ យ៉ាងណាមិញ យានអវកាស​នេះ ត្រូវបាន​រចនា​បង្កើត​ឡើង​ពុំមែន សម្រាប់​ការធ្វើដំណើរ​ឆ្លង​ប្រព័ន្ធ​ផ្កាយ​នោះឡើយ។

Voyager 1 បច្ចុប្បន្ន​ស្ថិតនៅ​ចម្ងាយ ១៨.៨ពាន់​លាន​គីឡូម៉ែត្រ ពី​ភពផែនដី និង​កំពុងធ្វើដំណើរ​ដោយសន្សឹមៗ ក្នុង​ល្បឿន​ត្រឹមតែ ៦១,០០០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ដែល​មិន​ដល់ ០១ភាគរយ នៃ​ល្បឿន​ពន្លឺ​នោះឡើយ៕

480×240 Banner